KCB - លូកា ១៨


លូកា ១៨

រឿង​ស្ត្រី​មាន​ចិត្ដតស៊ូ​

១៨ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ជា​រឿង​ប្រៀប​ប្រដូច​​មួយ​អំពី​ភាព​ចាំ​បាច់​ ដែល​ត្រូវ​អធិស្ឋាន​ជានិច្ច ទាំង​មិន​​ត្រូវ​រសាយ​ចិត្ដ​ ថា៖ «នៅ​ក្នុង​ក្រុង​មួយ ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ក៏​មិន​កោត​​ក្រែង​មនុស្ស​ណា​ដែរ។​ ​នៅ​ក្នុង​ក្រុង​នោះ​ ក៏​មានស្រ្ដី​មេម៉ាយ​ម្នាក់ ចេះតែ​មក​រក​គាត់​ទាំង​និយាយ​ថា​ សូម​​លោក​រក​យុត្តិធម៌​ពី​គូ​វិវាទ​របស់​ខ្ញុំ ឲ្យខ្ញុំ​ផង។​ ក្នុង​មួយ​រយៈ​ពេល​នោះ ចៅក្រម​មិន​ព្រម​ទេ ប៉ុន្ដែ​ក្រោយ​មក គាត់​បាន​គិត​នៅ​ក្នុង​ចិត្ដ​ថា ទោះបី​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះជាម្ចាស់ ឬមិន​កោត​ក្រែង​មនុស្ស​ណា​មែន​ក៏​ដោយ​ ប៉ុន្ដែ​ដោយ​ព្រោះ ស្រ្ដី​មេម៉ាយ​នេះ​ចេះ​តែ​មក​រំខាន​ខ្ញុំ ខ្ញុំ​នឹង​រក​យុត្ដិធម៌​ឲ្យនាង​​ម្ដង​ចុះ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មុខជា​ធុញ​ទ្រាន់​នឹង​ការ​ដែល​នាង​​ចេះតែ​មក​មិនខាន»។​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៀត​ថា៖ «ចូរ​ស្ដាប់​អ្វី​ដែល​ចៅក្រម​ទុច្ចរិត​នេះ​និយាយ​ចុះ​ ដូច្នេះតើ​ព្រះជាម្ចាស់​ មិន​រក​យុត្ដិធម៌​ទាល់តែ​សោះ​ឲ្យពួកអ្នក​​ព្រះអង្គ​ជ្រើស​តាំង​ដែល​​អំពាវ​នាវ​​ទៅ​ព្រះអង្គ​ទាំង​យប់ ​ទាំង​ថ្ងៃ​ទេ​ឬ​? តើ​ព្រះអង្គ​ពន្យា​ពេល​ជាមួយ​ពួកគេ​ឬ​? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះអង្គ​មុខជា​រក​យុត្ដិធម៌​សម្រាប់​ពួកគេ​ ដោយ​រួស​រាន់ ប៉ុន្ដែ​កាល​ណា​កូន​មនុស្ស​​មក​ដល់ តើ​លោក​នឹង​ឃើញ​ជំនឿ​​នៅ​លើ​ផែនដី​ឬ​ទេ?»

រឿង​អ្នកខាង​គណៈ​ផារិស៊ី​ និងអ្នកទារពន្ធ​ដារ​

ព្រះអង្គ​ក៏​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​​មួយ​ទៀត​នេះ​ទៅ​អ្នក​ខ្លះ​ ដែល​​គិត​ថា ​ខ្លួន​ឯង​​​សុចរិត ហើយ​មើល​ងាយ​​អ្នក​ដទៃ​ថា​៖​ ១០«មាន​បុរស​ពីរ​នាក់​បាន​ឡើង​ទៅ​​ព្រះវិហារ​ដើម្បី​អធិស្ឋាន ម្នាក់​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​ ឯ​ម្នាក់​​ទៀត​ជា​អ្នក​ទារ​ពន្ធដារ។ ១១អ្នក​ខាង​គណៈ​ផារិស៊ី​ ​បាន​ឈរ​អធិស្ឋានសម្រាប់​​ខ្លួន​​ឯងយ៉ាង​ដូច្នេះ​ថា ឱ ព្រះជាម្ចាស់​អើយ! ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ ដែល​ខ្ញុំ​មិន​ដូច​​ជា​មនុស្ស​ដទៃ​ទៀត​ ដែល​ជា​មនុស្ស​បោក​ប្រាស់ ទុច្ចរិត និង​ផិតក្បត់ ហើ យ ក៏​មិន​ដូច​ជា​អ្នក​ទារពន្ធដារ​​នេះ​ដែរ។​ ១២ខ្ញុំ​បាន​តម​អាហារ​ពីរដង ​ក្នុង​មួយ​សប្តាហ៍ ខ្ញុំ​​ថ្វាយ​មួយ​ភាគដប់​គ្រប់​របស់​ទាំង​ឡាយ​ដែល​ខ្ញុំ​រក​​បាន។ ១៣ឯអ្នក​ទារ​ពន្ធដារ​​វិញ​បាន​ឈរ​ពី​ចម្ងាយ សូម្បី​តែ​ភ្នែក​ក៏​មិន​ហ៊ាន ​ងើយ​ទៅ​ឯ​ស្ថានសួគ៌​ដែរ គាត់​និយាយ​ ទាំង​គក់​ទ្រូង​ថា ព្រះជាម្ចាស់​អើយ! សូម​មេត្ដា​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​​បាប​​ផង។​ ១៤ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពេល​ម្នាក់​នេះ​ទៅ​ដល់​ផ្ទះ​វិញ គាត់​ត្រូវ​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ ​មិន​មែន​អ្នក​ខាង​គណៈ​ផារិស៊ី​​ម្នាក់​នោះទេ​ ដ្បិត​អ្នក​ណា​លើក​តម្កើង​ខ្លួននឹង​ត្រូវ​បន្ទាប​ចុះ ឯ​អ្នក​ណា​បន្ទាប​ខ្លួន នឹង​ត្រូវ​លើក​តម្កើង​វិញ»

ព្រះយេស៊ូ​ប្រទានពរ​ដល់​ក្មេង​ៗ​

១៥ពួកគេ​នាំ​ក្មេង​​ៗ​ មក​ឯ​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​ព្រះអង្គ​ពាល់​ពួកវា ប៉ុន្ដែ​ពេល​ឃើញ​ដូច្នេះ ពួក​សិស្ស​ក៏​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ​ ១៦ប៉ុន្ដែ​ព្រះ​យេស៊ូ​ហៅ​ពួកគេ​ដោយ​មាន​បន្ទូល​ថា៖ «កុំ​ឃាត់​​ពួកគេអី​! ចូរ​​ឲ្យក្មេង​ៗ​ទាំងនេះ​មក​ឯ​ខ្ញុំ​ចុះ ដ្បិត​​នគរ​ស្ថានសួគ៌​ ជា​របស់​មនុស្ស​​ដូច​ក្មេង​តូច​ៗ​ទាំង​នេះ​​ ១៧ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះជាម្ចាស់​​ដូច​ជា​កូន​ក្មេង​ អ្នក​​នោះ​មិន​អាច​ចូល ​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​​​បាន​ឡើយ»

បុរស​អ្នកមាន​ជួប​ព្រះយេស៊ូ

១៨មាន​អ្នក​គ្រប់គ្រង​ម្នាក់​ ​បាន​សួរ​ព្រះអង្គ​ថា៖ «លោក​គ្រូ​ល្អអើយ​! តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្ដេច​ ដើម្បី​ទទួល​បាន​ជីវិត​​អស់កល្ប​ជានិច្ច​ទុកជា​មរតក?»​ ១៩ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «ហេតុ​អ្វី​អ្នក​ហៅ​ខ្ញុំ​ថា​​ ល្អ​ដូច្នេះ​? គ្មាន​នរណា​ម្នាក់​ល្អ​ទេ​ លើកលែងតែ​ព្រះជាម្ចាស់​មួយ​​អង្គ​គត់។២០អ្នក​ស្គាល់​បញ្ញត្ដិ​ហើយ​ថា កុំ​ផិតក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ហើយ​ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក»​ ២១ប៉ុន្ដែ​គាត់​ទូល​ព្រះអង្គថា​៖ «ខ្ញុំ​បាន​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​អស់​នេះ​ តាំង​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​ម៉្លេះ»​ ២២ពេល​ឮ​ដូច្នេះ ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​នៅ​ខ្វះ​សេចក្ដី​មួយ ចូរ​ទៅ​លក់​ទ្រព្យសម្បត្ដិ​ទាំង​អស់​​ ដែល​អ្នក​មាន ចែក​ឲ្យអ្នក​ក្រ​ចុះ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្ដិ​នៅ​ស្ថានសួគ៌ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ»​ ២៣ពេល​បាន​ឮ​សេចក្ដី​ទាំង​នេះ គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​

ទ្រព្យសម្បត្ដិ​ និងនគរ​ព្រះជាម្ចាស់

២៤កាល​ព្រះ​យេស៊ូ​ ឃើញ​គាត់​ប្រែ​ជា​ព្រួយ​ចិត្ដ​​ដូច្នេះ ក៏​មាន​បន្ទូល​ថា៖ «អ្នក​មាន ​​ ពិបាក​នឹង​ចូល​​ទៅ​ក្នុង​នគរ​ព្រះជា​ម្ចាស់​​​ណាស់២៥ដ្បិត​​​សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​​ក្នុង ​នគរ​ព្រះជាម្ចាស់​​ទៅ​ទៀត» ​​២៦ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា៖ «បើ​ដូច្នោះ​ តើ​នរណា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន​?» ២៧ព្រះអង្គ​ក៏​មាន​បន្ទូល​ថា៖ «អ្វី​ៗ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន ព្រះជាម្ចាស់​អាច​​ធ្វើ​បាន»។​ ២៨លោក​ពេត្រុស​​បាន​ទូល​ថា៖ «មើល៍ យើង​បាន​លះ​បង់​ទ្រព្យសម្បត្ដិ​​របស់​យើង ហើយ​ដើរ​តាម​លោក»​ ​២៩ព្រះអង្គ​ក៏​មាន​​បន្ទូល​ទៅ​ពួកគេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​បា្រកដ​ថា គ្មាន​អ្នក​ណា​ដែល​លះ​បង់​ផ្ទះ​សំបែង ប្រពន្ធ​កូន ឪពុក​ម្ដាយ បងប្អូន​ព្រោះ​យល់​ដល់​នគរ​ព្រះជាម្ចាស់​៣០មិន​បាន​ទទួល​ច្រើន​លើសលប់​​នៅ​ពេល​នេះ​ទេ ហើយ​នៅ​គ្រា​មក​ដល់​នឹង​ទទួល​បាន​ជីវិត​​អស់​កល្ប​​ជានិច្ច​ទៀតផង»

ព្រះយេស៊ូ​ប្រាប់​ឲ្យ​ដឹង​ជា​មុន​​ជា​លើកទី​បី​​​​អំពី​ការ​សោយទិវង្គត​របស់​ព្រះអង្គ​

៣១កាល​ព្រះអង្គ ​នាំ​សាវកទាំងដប់ពីរ​ទៅ​ជាមួយ ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម ​ហើយគ្រប់​​សេចក្ដី​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​អំពី​កូនមនុស្ស​ នឹង​បាន​សម្រេច។​ ៣២ដ្បិតពួកគេ​នឹង​ប្រគល់​លោក​ ​ឲ្យពួក​សាសន៍​ដទៃដើម្បីឲ្យពួកគេ​ចំអក ធ្វើ​បាប ស្ដោះ​ទឹក​មាត់​ដាក់​ ៣៣វាយ​នឹង​ខ្សែតី ហើយ​សម្លាប់​ ប៉ុន្ដែ​នៅ​ថ្ងៃ​ទីបី​លោក​នឹង​រស់​ឡើង​វិញ»។​ ៣៤ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ទាំង​នេះ​ឡើយ​​ ដ្បិត​ព្រះបន្ទូល​នេះ​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ ហើយ​ពួក​គេ​​មិន​យល់​ពីសេចក្ដី ​ដែល​ព្រះអង្គ ​បាន ​មាន​បន្ទូល​ទេ។

ព្រះយេស៊ូប្រោស​មនុស្សខ្វាក់

៣៥កាល​ព្រះអង្គ​យាង​​ ជិត​ដល់​ក្រុង​យេរីខូរ នោះ​មាន​មនុស្សខ្វាក់​ម្នាក់​កំពុង​អង្គុយ​សុំ​ទាន​នៅ​​ចិញ្ចើម​​ផ្លូវ​ ៣៦ពេល​ឮ​បណ្ដាជន ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ គាត់​ក៏​សួរ​អំពី​អ្វី ​ដែល​កើត​ឡើង​នេះ​ ៣៧ពួកគេ​បា្រប់​គាត់​ថា​៖ «ព្រះ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​​យាង​កាត់​នេះ» ៣៨គាត់​ក៏​ស្រែក​ថា៖ «ព្រះ​យេស៊ូជា​ពូជ​ពង្ស​ដាវីឌ​អើយ​! សូម​មេត្ដា​ខ្ញុំ​ផង»​ ៣៩ពួក​អ្នក​ដើរ​នៅ​ខាង​មុខ ​បាន​បន្ទោស​គាត់​ឲ្យ នៅ​ស្ងៀម ប៉ុន្ដែ​គាត់​ស្រែក​ថែម​ទៀត​ថា៖ «ពូជ​ពង្ស​ដាវីឌ​អើយ សូម​មេត្តា​ដល់​ខ្ញុំ​ផង!»។​ ៤០ព្រះ​យេស៊ូ​ក៏​ឈប់​ ហើយ​បង្គាប់​​ឲ្យគេ​នាំ ​មនុស្ស​ខ្វាក់​នោះ​ មក​ឯ​ព្រះអង្គ ពេល​គេ​នាំ​គាត់​មក​ជិត ព្រះអង្គ​ក៏​សួរ​គាត់​ថា៖​ ៤១«តើ​អ្នក​​ចង់​ឲ្យខ្ញុំ​ធ្វើ​អ្វី​ឲ្យអ្នក?» គាត់​ទូល​វិញថា៖ «ព្រះអម្ចាស់​អើយ! សូម​ធ្វើ​ឲ្យភ្នែក​ខ្ញុំ​មើល​ឃើញ​ផង!» ៤២ព្រះ​យេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មើល​ឃើញ​វិញ​ចុះ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យអ្នក​​ជា​សះស្បើយ​ហើយ»​។​ ៤៣ភ្លាម​នោះគាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់ ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ឃើញ​ ក៏​ថ្វាយ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់។

លូកា ១៨