លូកា ១៣
ការត្រាស់ហៅឲ្យប្រែចិត្ដ
១៣ក្នុងពេល តែមួយនោះ មានអ្នកខ្លះ បានមករៀបរាប់ប្រាប់ព្រះយេស៊ូអំពីពួកអ្នកស្រុកកាលីឡេ ដែលត្រូវលោកពីឡាត់លាយឈាមរបស់ពួកគេជាមួយយញ្ញបូជារបស់ពួកគេ ២ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើអ្នករាល់គ្នាគិតថា អ្នកស្រុកកាលីឡេទាំងនេះ ជាមនុស្សបាបលើសពួកអ្នកស្រុកកាលីឡេ ទាំងអស់ ដោយព្រោះតែពួកគេរងទុក្ខវេទនាយ៉ាងដូច្នេះឬ? ៣មិនមែនទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដទេ នោះអ្នករាល់គ្នានឹងវិនាសដូច្នោះដែរ ៤ឬមួយអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ ដែលប៉មស៊ីឡោមបានរលំសង្កត់ស្លាប់ទាំងនោះ ជាមនុស្សបាបលើសមនុស្សទាំងអស់ ដែលរស់នៅក្រុងយេរូសាឡិមឬ? ៥មិនមែនទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ដរាបណាអ្នករាល់គ្នាមិនប្រែចិត្ដទេ នោះអ្នករាល់គ្នានឹងវិនាសដូច្នោះដែរ»។
រឿងដើមល្វាឥតផ្លែ
៦រួចព្រះអង្គក៏មានបន្ទូលរឿងប្រៀបប្រដូចនេះថា៖ «មានបុរសម្នាក់មានដើមល្វាមួយដើម ដែលបានដាំក្នុងចម្ការរបស់គាត់ ហើយគាត់បានមករកផ្លែនៅលើដើមនោះ ប៉ុន្ដែមិនបានឃើញអ្វីសោះ ៧គាត់ក៏ប្រាប់ទៅអ្នកថែចម្ការថា មើល៍ បីឆ្នាំមកហើយ ដែលខ្ញុំបានមករកផ្លែពីដើមល្វានេះ ប៉ុន្ដែមិនបានឃើញអ្វីសោះ ចូរកាប់ចោលទៅ ហេតុអ្វីទុកឲ្យនៅខាតដីដូច្នេះ? ៨ប៉ុន្ដែអ្នកនោះនិយាយតបទៅគាត់ថា លោកម្ចាស់ទុកវាមួយឆ្នាំនេះសិនទៅ ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជីមើល៍ ៩ក្រែងលោឆ្នាំក្រោយមានផ្លែ ប៉ុន្ដែបើគ្មានទេសឹមកាប់វាចោលចុះ»។
ព្រះយេស៊ូប្រោសមនុស្សនៅថ្ងៃសប្ប័ទ
១០នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គកំពុងបង្រៀនក្នុងសាលាប្រជុំ ១១មើល៍ មានស្រ្តីម្នាក់មានវិញ្ញាណនៃជំងឺបានចូលអស់រយៈពេលដប់ប្រាំបីឆ្នាំ ធ្វើឲ្យគាត់កោងខ្នង មិនអាចងើបត្រង់បានទាល់តែសោះ។ ១២ពេលព្រះយេស៊ូឃើញ ក៏ហៅគាត់ រួចមានបន្ទូលទៅគាត់ថា៖ «នាងអើយ! អ្នកត្រូវបានដោះឲ្យរួចពីជំងឺរបស់អ្នកហើយ» ១៣ព្រះអង្គក៏ដាក់ព្រះហស្ដលើគាត់ ហើយគាត់ក៏បានងើបត្រង់ឡើងភ្លាម ព្រមទាំងសរសើរតម្កើងព្រះជាម្ចាស់។ ១៤ប៉ុន្ដែព្រោះតែព្រះយេស៊ូបានប្រោសគាត់ឲ្យជា នៅថ្ងៃសប្ប័ទ ប្រធានសាលាប្រជុំ បាននិយាយទៅបណ្ដាជនទាំងមិនសប្បាយថា៖ «មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកនៅថ្ងៃទាំងនោះចុះ ដើម្បីឲ្យគេប្រោសឲ្យ ជា កុំមកនៅថ្ងៃសប្ប័ទឡើយ» ១៥ព្រះអម្ចាស់ក៏មានបន្ទូលឆ្លើយ ទៅគាត់ថា៖ «ពួកមនុស្សមានពុតអើយ! តើអ្នករាល់គ្នាម្នាក់ៗមិនស្រាយគោ ឬលាចេញពីក្រោល ហើយដឹកវាទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬ,? ១៦ឯស្រ្ដីនេះវិញជាកូនចៅរបស់លោកអ័បា្រហាំ ដែលអារក្សសាតាំង បានចងអស់រយៈពេលដប់បាំ្របីឆ្នាំមកហើយ តើមិនគួរស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?» ១៧ពេលព្រះអង្គមានបន្ទូលដូច្នេះ ពួកអ្នកប្រឆាំងនឹងព្រះអង្គទាំងអស់ ក៏អាម៉ាស់មុខ ប៉ុន្ដែបណ្តាជនទាំងអស់វិញ មានចិត្ដអរសប្បាយនឹងកិច្ចការដ៏ប្រសើរទាំងឡាយដែលព្រះអង្គបានធ្វើ។
រឿងគ្រាប់មូតា និងមេនំប៉័ង
១៨ព្រះអង្គ ក៏មានបន្ទូលដូច្នេះថា៖ «តើនគរព្រះជាម្ចាស់ ប្រៀបដូចជាអ្វី ហើយខ្ញុំគួរប្រៀបធៀបនគរនោះ ទៅនឹងអ្វី?១៩គឺប្រៀបដូចជាគ្រាប់មូតាមួយគ្រាប់ ដែលមនុស្សម្នាក់យកទៅដាំក្នុងសួនដំណាំរបស់គាត់ ពេលវាដុះធំឡើង ក៏ត្រលប់ជាដើមឈើមួយដើម ហើយសត្វស្លាបហើរលើអាកាស បានរស់នៅតាមមែករបស់វា» ២០រួចព្រះអង្គក៏មានបន្ទូលទៀតថា៖ «តើខ្ញុំគួរប្រៀបធៀបនគរព្រះជាម្ចាស់ទៅនឹងអ្វី?២១គឺប្រៀបដូចជាមេនំប៉័ង ដែលស្ដ្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់រហូតដល់មេនំប៉័ងនោះ ធ្វើឲ្យម្សៅទាំងអស់ដោរឡើង»។
ផ្លូវតូចចង្អៀត
២២ព្រះអង្គក៏ធ្វើដំណើរទាំងបង្រៀនពីក្រុងមួយទៅក្រុងមួយ ពីភូមិមួយទៅភូមិមួយ ហើយក៏បន្ដដំណើរទៅក្រុងយេរូសាឡិម ២៣រួចមានម្នាក់ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើអ្នកដែលបានសង្គ្រោះ មានតិចណាស់ឬ?» ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ ២៤«ចូរប្រឹងប្រែងចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនចង់ចូល ប៉ុន្ដែពួកគេមិនអាចចូលបានឡើយ ២៥ព្រោះក្រោយពេលម្ចាស់ដំណាក់ ក្រោកឡើងបិទទ្វារហើយ ទោះជាអ្នករាល់គ្នាឈរនៅខាងក្រៅ និងចាប់ផ្ដើមគោះទ្វារទាំងនិយាយថា លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង នោះគាត់នឹងឆ្លើយតបវិញថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ ២៦ហើយអ្នករាល់គ្នាក៏ចាប់ផ្ដើមនិយាយថា យើងធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គធ្លាប់បង្រៀននៅតាមផ្លូវរបស់យើង។ ២៧គាត់ក៏ឆ្លើយប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ ឱ ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតទាំងឡាយអើយ ចូរទៅឲ្យឆ្ងាយពីខ្ញុំ ២៨នៅទីនោះមានការទ្រហោយំ និងការសង្កៀតធ្មេញ ហើយនៅពេលនោះ អ្នករាល់គ្នានឹងឃើញលោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងអ្នកនាំព្រះបន្ទូលទាំងអស់នៅក្នុងនគរព្រះជាម្ចាស់ ឯអ្នករាល់គ្នាវិញ ត្រូវគេបោះទៅខាងក្រៅ ២៩ដ្បិតអ្នកទាំងនោះ នឹងមកពីទិសខាងកើត ខាងលិច ខាងជើង និងខាងត្បូង ហើយអង្គុយនៅតុអាហារក្នុងនគរព្រះជាម្ចាស់ ៣០ហើយមើល៍ ពួកអ្នកនៅក្រោយនឹងត្រលប់ជានៅមុខ ហើយពួកអ្នកនៅមុខ នឹងត្រលប់ជានៅក្រោយវិញ» ៣១នៅពេលជាមួយគ្នានោះ អ្នកខាងគណៈផារិស៊ីខ្លះ បានចូលមកជិត ទូលព្រះអង្គថា៖ «សូមលោកចាកចេញពីទីនេះទៅ ដ្បិតស្តេចហេរ៉ូឌចង់សម្លាប់លោក»។ ៣២ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរទៅប្រាប់កញ្ជ្រោងនោះថា មើល៍ ខ្ញុំបណ្ដេញអារក្ស ទាំងប្រោសមនុស្សឲ្យជានៅថ្ងៃនេះ និងថ្ងៃស្អែក ហើយខ្ញុំនឹងបានសម្រេចនៅថ្ងៃទីបី ៣៣ដូច្នេះហើយសម្រាប់ខ្ញុំ ខ្ញុំត្រូវបន្ដធ្វើដំណើរនៅថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខានស្អែក ពីព្រោះមិនអាចឲ្យអ្នកនាំព្រះបន្ទូលណាម្នាក់ ស្លាប់នៅក្រៅក្រុងយេរូសាឡិមទេ។
ព្រះយេស៊ូសោកសៅនឹងក្រុង យេរូសាឡិម
៣៤ឱ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិម ដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ហើយបានគប់ដុំថ្មទៅលើពួកអ្នក ដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វា មកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ ៣៥មើល៍ ផ្ទះរបស់អ្នករាល់គ្នាត្រូវបានទុកចោល ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ រហូតដល់ពេលមួយ ដែលអ្នករាល់គ្នានិយាយថា សូមថ្វាយព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងនាមព្រះអម្ចាស់»។