យ៉ូហាន ៦
ព្រះយេស៊ូឲ្យអាហារមនុស្សប្រាំពាន់នាក់
៦បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូក៏យាងទៅត្រើយម្ខាងនៃបឹងកាលីឡេគឺបឹងទីបេរាស ២ហើយមានបណ្តាជនច្រើនកុះករ មកតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសំគាល់អស្ចារ្យទាំងឡាយ ដែលព្រះអង្គបានប្រោសពួកអ្នកឈឺ។ ៣ដូច្នេះព្រះយេស៊ូក៏យាងឡើងទៅលើភ្នំ ហើយបានគង់នៅទីនោះ ជាមួយពួកសិស្សរបស់ព្រះអង្គ។
៤រីឯបុណ្យរំលង ដែលជាពិធីបុណ្យរបស់ជនជាតិយូដា ក៏កំពុងខិតជិតមកដល់ដែរ។ ៥នៅពេលព្រះយេស៊ូទតទៅ នោះក៏ឃើញបណ្តាជនច្រើនកុះករកំពុងមកឯព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅលោកភីលីពថា៖ «តើឲ្យយើងទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងនេះបរិភោគបាន?» ៦ព្រះអង្គមានបន្ទូលដូច្នេះ ដើម្បីល្បងលគាត់ប៉ុណ្ណោះ ព្រោះព្រះអង្គដឹងអំពីអ្វី ដែលព្រះអង្គបម្រុងធ្វើហើយ។ ៧លោកភីលីពទូលទៅព្រះអង្គថា៖ «ទោះបីទិញនំប៉័ងអស់កាក់ពីររយឌេណារី ហើយចែកម្នាក់បន្ដិចៗក៏ដោយ ក៏នៅតែមិនគ្រាន់សម្រាប់គ្រប់គ្នាដែរ» ៨សិស្សរបស់ព្រះអង្គម្នាក់ ឈ្មោះអនទ្រេជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស បានទូលទៅព្រះអង្គថា៖ ៩«នៅទីនេះមានក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្ដែតើធ្វើដូចម្ដេចគ្រាន់ បើមនុស្សច្រើនម្ល៉េះ?» ១០ព្រះយេស៊ូមានបន្ទូលថា៖ «ចូរឲ្យមនុស្សទាំងឡាយអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើនណាស់ ដូច្នេះពួកគេក៏អង្គុយចុះ គឺមាន គ្នា ប្រហែល ប្រាំ ពា ន់ នា ក់ ១១បន្ទាប់មកព្រះយេស៊ូក៏យកនំប៉័ងមក ហើយអរព្រះគុណ រួចចែកទៅឲ្យពួកអ្នកដែលអង្គុយ តាមដែលពួកគេត្រូវការ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ។ ១២ពេលពួកគេឆ្អែតហើយ ព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ចូរប្រមូលចំណិតនំប៉័ងដែលនៅសល់ កុំខ្ជះខ្ជាយឡើយ»។ ១៣ពួកសិស្សក៏ប្រមូលចំណិតនំប៉័ងនៅសល់ពីនំប៉័ងប្រាំដុំ ដែលបណ្តាជនបានបរិភោគ ហើយពួកគេប្រមូលបានពេញដប់ពីរកន្ត្រក។ ១៤ពេលមនុស្សទាំងឡាយ បានឃើញទីសំគាល់អស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេក៏និយាយថា៖ «លោកនេះពិតជាអ្នកនាំព្រះបន្ទូលដែលត្រូវមកក្នុងពិភពលោកនេះមែន»។ ១៥ពេលព្រះយេស៊ូដឹងថា ពួកគេបម្រុងមកបង្ខំព្រះអង្គ ឲ្យធ្វើជាស្ដេច នោះព្រះអង្គក៏យាងតែម្នាក់ឯងឡើងទៅលើភ្នំវិញ។
ព្រះយេស៊ូយាងដើរលើទឹក
១៦លុះដល់ពេលព្រលប់ពួកសិស្សរបស់ព្រះអង្គ ក៏ចុះទៅមាត់បឹង ១៧ក្រោយពីចុះទូកហើយ ពួកគេក៏ឆ្លងបឹង ឆ្ពោះទៅក្រុងកាពើណិម រីឯព្រះយេស៊ូមិនទាន់យាងមកឯពួកគេទេ ទោះបីជាងងឹតហើយក្ដី។១៨ដោយសារតែខ្យល់បក់ខ្លាំងពេក នោះធ្វើឲ្យបឹងមានរលក ១៩ហើយ ពេលចែវទូកបានឆ្ងាយប្រហែលបួន ឬប្រាំគីឡូម៉ែត្រ ពួកគេក៏ឃើញព្រះយេស៊ូ យាងដើរលើបឹង ហើយពេលមកដល់ជិតទូក នោះពួកគេភ័យខ្លាចជាខ្លាំង ២០ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «កុំខ្លាចអី គឺខ្ញុំទេ!» ២១ពេលនោះពួកគេក៏ទទួលព្រះអង្គមកក្នុងទូក ហើយទូកក៏មកដល់ដីគោកភ្លាម ជាកន្លែងដែលពួកគេបម្រុងទៅ។
ព្រះយេស៊ូជានំប៉័ងជីវិត
២២នៅថ្ងៃបន្ទាប់ បណ្តាជនដែលនៅត្រើយម្ខាងនៃបឹងបានដឹងថា នៅទីនោះគ្មានទូកផ្សេងទេ ក្រៅពីទូកមួយនោះ ហើយមានតែពួកសិស្សប៉ុណ្ណោះ ដែលចេញទៅ រីឯព្រះយេស៊ូវិញ មិនបានទៅជាមួយពួកសិស្សទេ។ ២៣ពេលនោះមានទូកខ្លះទៀត មកពីក្រុងទីបេរាសចូលមកជិតកន្លែង ដែលពួកគេបានបរិភោគនំប៉័ង ក្រោយពេលព្រះអម្ចាស់បានអរព្រះគុណហើយនោះ។ ២៤ពេលបណ្ដាជនបានឃើញថា ព្រះយេស៊ូ និង ពួកសិស្សរបស់ព្រះអង្គ មិននៅទីនោះដូច្នេះ ពួកគេក៏ចុះទូក ទៅក្រុងកាពើណិមតាមរកព្រះអង្គ ២៥ពេលបានជួបព្រះអង្គនៅត្រើយម្ខាងហើយ ពួកគេទូលសួរព្រះអង្គថា៖ «លោកគ្រូ! លោកមកដល់ទីនេះពីកាលណា?» ២៦ព្រះយេស៊ូមានបន្ទូលឆ្លើយ ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នារកខ្ញុំនេះមិនមែន ដោយសារបានឃើញទីសំគាល់អស្ចារ្យទេ គឺដោយសារអ្នករាល់គ្នាបានបរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ ២៧ចូរកុំធ្វើការដើម្បីតែអាហារដែលនឹងខូចរលួយ ប៉ុន្ដែ ចូរធ្វើការដើម្បីអាហារដែលនៅស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្ស នឹងឲ្យអ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះវរបិតា បានដៅព្រះអង្គចំណាំទុក»។ ២៨ពួកគេក៏ទូលសួរព្រះអង្គថា៖ «ដើម្បីធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន តើឲ្យយើងធ្វើអ្វីខ្លះ?» ២៩ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នេះជាកិច្ចការរបស់ព្រះជាម្ចាស់ គឺឲ្យអ្នករាល់គ្នាជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ៣០ពួកគេក៏ទូលសួរព្រះអង្គទៀតថា៖ «បើដូច្នេះ តើលោកនឹងធ្វើទីសំគាល់អស្ចារ្យអ្វី ដើម្បីឲ្យយើងឃើញ ហើយជឿលោក? តើលោកនឹងធ្វើអ្វី? ៣១កាលនៅទីរហោឋាន ដូនតារបស់យើងបានបរិភោគនំម៉ាណា ដូចមានសេចក្តីចែងទុកថា ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌ ឲ្យពួកគេបរិភោគ»។ ៣២ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេវិញថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា មិនមែនលោកម៉ូសេឲ្យនំប៉័ងពីស្ថានសួគ៌ដល់អ្នករាល់គ្នាទេ គឺព្រះវរបិតារបស់ខ្ញុំទេតើដែលបានប្រទាននំប៉័ងដ៏ពិតពីស្ថានសួគ៌ ដល់អ្នករាល់គ្នា ៣៣រីឯនំប៉័ងរបស់ព្រះជាម្ចាស់ គឺជាព្រះមួយអង្គ ដែលយាងចុះពីស្ថានសួគ៌ ហើយប្រទានជីវិត ឲ្យមនុស្សលោក» ៣៤ពួកគេទូលព្រះអង្គទៀតថា៖ «លោកម្ចាស់អើយ! សូមឲ្យនំប៉័ងនោះមកយើងជារៀងរហូតផង»។ ៣៥ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំប៉័ងជីវិត អ្នកណា ដែលមកឯខ្ញុំ មិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿលើខ្ញុំ ក៏មិនស្រេកទៀតដែរ ៣៦ប៉ុន្ដែខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយថា អ្នករាល់គ្នាបានឃើញខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាមិនជឿទេ ៣៧អស់អ្នក ដែលព្រះវរបិតាប្រទានឲ្យខ្ញុំនឹងមកឯខ្ញុំ ហើយអស់អ្នកដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលឡើយ ៣៨ព្រោះខ្ញុំចុះពីស្ថានសួគ៌មក មិនមែនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ៣៩ហើយនេះជាបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមក គឺមិនឲ្យខ្ញុំបាត់បង់នរណាម្នាក់ក្នុងចំណោមអស់អ្នក ដែលព្រះអង្គបានប្រទានឲ្យខ្ញុំទេ ប៉ុន្ដែខ្ញុំនឹងប្រោសពួកគេឲ្យរស់ឡើងវិញ នៅថ្ងៃចុងក្រោយ ៤០ដ្បិតនេះហើយជាបំណងរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច រីឯខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញ នៅថ្ងៃចុងក្រោយ»។
៤១ពួកជនជាតិយូដា ក៏រអ៊ូរទាំដាក់គ្នាអំពីព្រះយេស៊ូ ព្រោះព្រះអង្គមានបន្ទូលថា ខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌។ ៤២ពួកគេនិយាយថា៖ «តើអ្នកនេះមិនមែនជាយេស៊ូ កូនប្រុសរបស់លោកយ៉ូសែប ដែលយើងបានស្គាល់ ទាំងឪពុកទាំងម្តាយទេឬ? ហេតុដូចម្ដេចក៏គាត់និយាយថា ខ្ញុំចុះមកពីស្ថានសួគ៌ដូច្នេះ?» ៤៣ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ឈប់រអ៊ូរទាំដាក់គ្នាទៀតទៅ! ៤៤គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លុះត្រាតែព្រះវរបិតាដែលចាត់ខ្ញុំឲ្យមក នាំពួកគេមកប៉ុណ្ណោះ ហើយខ្ញុំនឹងប្រោសអ្នកនោះ ឲ្យរស់ឡើងវិញ នៅថ្ងៃចុងក្រោយ។ ៤៥មានសេចក្តីចែងទុក នៅក្នុងបទគម្ពីររបស់ពួកអ្នកនាំព្រះបន្ទូលថា ព្រះជាម្ចាស់បង្រៀនគេទាំងអស់គ្នា។ អស់អ្នកដែលបានស្ដាប់ បានរៀនពីព្រះវរបិតា អ្នកនោះនឹងមកឯខ្ញុំ ៤៦ហើយ គ្មានអ្នកណាធ្លាប់ឃើញព្រះវរបិតាឡើយ លើកលែងតែព្រះមួយអង្គដែលយាងមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺព្រះអង្គនេះហើយ បានឃើញព្រះវរបិតា។ ៤៧ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច ៤៨ខ្ញុំនេះហើយជានំប៉័ងជីវិត ៤៩កាលនៅទីរហោឋាន ដូនតារបស់អ្នករាល់គ្នា បានបរិភោគនំម៉ាណា ហើយបានស្លាប់អស់ទៅ ៥០ប៉ុន្ដែ នេះជានំប៉័ង ដែលចុះមកពីស្ថានសួគ៌ អ្នកណាដែលបរិភោគ អ្នកនោះមិនស្លាប់ឡើយ។ ៥១ខ្ញុំជានំប៉័ងជីវិតដែលចុះមកពីស្ថានសួគ៌ បើអ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច ហើយនំប៉័ងដែលខ្ញុំនឹងឲ្យដើម្បីឲ្យមនុស្សលោកមានជីវិតនោះ គឺជារូបសាច់របស់ខ្ញុំ»។
៥២ពេលនោះពួកជនជាតិយូដាជជែកគ្នាថា៖ «តើអ្នកនេះអាចឲ្យសាច់របស់គាត់ មកយើងបរិភោគបានយ៉ាងដូចម្តេច?» ៥៣ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បើអ្នករាល់គ្នាមិនបរិភោគសាច់ និងមិនផឹកឈាមរបស់កូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ ៥៤អ្នកណាបរិភោគសាច់ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ ៥៥ពីព្រោះសាច់របស់ខ្ញុំជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំជាភេសជ្ជៈដ៏ពិត។ ៥៦អ្នកណាបរិភោគសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ អ្នកនោះនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ។ ៥៧ព្រះវរបិតាដែលបានចាត់ ខ្ញុំឲ្យមក ព្រះអង្គមានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះវរបិតាជាយ៉ាងណា នោះអស់អ្នកដែលបរិភោគខ្ញុំ នឹងមានជីវិតដោយសារខ្ញុំជាយ៉ាងនោះដែរ។ ៥៨នេះជានំប៉័ងដែលចុះមកពីស្ថានសួគ៌ មិនមែនដូចជានំបុ័ងដែលដូនតារបស់អ្នករាល់គ្នាបានបរិភោគហើយស្លាប់នោះទេ ផ្ទុយទៅវិញ អ្នកណាបរិភោគនំប៉័ងនេះ អ្នកនោះនឹងមានជីវិតអស់កល្បជានិច្ច»។ ៥៩ព្រះអង្គមានបន្ទូលអំពីសេចក្តីទាំងនេះ នៅពេលកំពុងបង្រៀនក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។
សិស្សជាច្រើនឈប់ជឿព្រះយេស៊ូ
៦០ពេលពួកសិស្សរបស់ព្រះអង្គជាច្រើនបានឮដូច្នេះ ពួកគេក៏និយាយថា៖ «ពាក្យនេះហួសហេតុពេក តើអ្នកណាអាចទទួលយកបាន?» ៦១កាលព្រះយេស៊ូដឹងថា ពួកសិស្សរបស់ព្រះអង្គ កំពុងរអ៊ូរទាំ អំពីពាក្យសំដីទាំងនេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «តើពាក្យសំដីទាំងនេះ ធ្វើឲ្យអ្នករាល់គ្នាទាស់ចិត្តឬ? ៦២ចុះទម្រាំអ្នករាល់គ្នា ឃើញកូនមនុស្សឡើងទៅកន្លែង ដែលលោកនៅពីមុនវិញ នោះយ៉ាងណាទៅ! ៦៣វិញ្ញាណផ្ដល់ជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើ យ ឯពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ ហើយជាជីវិត ៦៤ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា មានអ្នកខ្លះមិនជឿទេ» ព្រះយេស៊ូបានដឹងតាំងពីដំបូងថា អ្នកណាជាអ្នកមិនជឿ ហើយអ្នកណាជាអ្នកក្បត់ព្រះអង្គ។ ៦៥ព្រះអង្គមានបន្ទូលទៀតថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា គ្មានអ្នកណាអាចមកឯខ្ញុំបានទេ លើកលែងតែព្រះវរបិតានាំគេមក»។ ៦៦តាំងពីពេលនោះមក សិស្សរបស់ព្រះអង្គជាច្រើនបានដកខ្លួន លែងដើរជាមួយព្រះអង្គទៀត ៦៧ព្រះយេស៊ូមានបន្ទូលទៅសាវក ទាំងដប់ពីរថា៖ «តើអ្នករាល់គ្នា ចង់ចាកចេញដែរឬ?» ៦៨លោកស៊ីម៉ូនពេត្រុស ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើឲ្យយើងទៅរកអ្នកណាវិញ? ដ្បិតព្រះអង្គមានបន្ទូល ដែលនាំទៅឯជីវិតអស់កល្បជានិច្ច ៦៩យើងបានជឿ ហើយដឹងថា ព្រះអង្គ ជាអង្គបរិសុទ្ធនៃព្រះជាម្ចាស់» ៧០ព្រះយេស៊ូឆ្លើយទៅពួកគេថា៖ «តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នា ទាំងដប់ពីរនាក់ទេឬ?ប៉ុន្ដែមានម្នាក់ក្នុងចំណោមអ្នករាល់គ្នា ជាអារក្សសាតាំង» ៧១គឺព្រះអង្គមានបន្ទូលអំពីយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត និងជាសាវកម្នាក់ ក្នុងចំណោមសាវកទាំងដប់ពីរ ដ្បិតគាត់បម្រុងនឹងក្បត់ព្រះអង្គហើយ។