KCB - យ៉ូហាន ៥


យ៉ូហាន ៥

ព្រះយេស៊ូប្រោស​ជំងឺ​នៅ​ស្រះ បេថែសដា

បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ ព្រះ​យេស៊ូ​​បាន​យាង ទៅក្រុងយេរូសាឡិម ព្រោះ​​មាន​ពិធីបុណ្យ​មួយ​របស់​ជនជាតិ​យូដា។​ នៅក្រុង​យេរូសាឡិម មាន​ស្រះ​ទឹក​មួយ​នៅជិត​ទ្វារ​ចៀម ដែល​​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរថា បេថែសដា ហើយ​​​មានសាលា​សំណាក់​​ប្រាំ​​នៅ​ទី​នោះ​ មាន​មនុស្ស​ជា​ច្រើន​​បាន​ដេក​ នៅ​ក្នុង​សាលា​សំណាក់​​​ទាំង​នោះ មាន​ទាំង​​មនុស្ស​ឈឺ មនុស្ស​ខ្វាក់ មនុស្ស​ខ្វិន និង​មនុស្ស​ស្វិត​ដៃជើង [​គឺ​ពួកគេ​កំពុង​រង់ចាំ​ទឹក​កម្រើក​ ដ្បិត​ មាន​ទេវតា​របស់​ព្រះអម្ចាស់​មួយ​រូប យូរៗ​ម្ដង​បាន​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ ពេល​កូរ​ទឹក​រួច​ហើយ អ្នក​ណា​ចុះ​បាន​មុនគេ អ្នកនោះ​នឹង​ជា​ស្អាត ទោះបីអ្នកនោះ​ឈឺ​អ្វី​ក៏​ដោយ​​​​]។ នៅ​ទីនោះមាន​បុរស​ម្នាក់​មាន​ជំងឺ​ សាម​សិប​ប្រាំ​បី​ឆ្នាំ​​មក​ហើយ​ ពេល​ព្រះ​យេស៊ូ​ឃើញ​​គាត់​កំពុង​ដេក​នៅទីនោះ ទាំង​ដឹង​ថា គាត់​​នៅ​បែបនេះ​យូរ​ហើយ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «តើ​អ្នក​ចង់​ជា​ដែរ​ឬទេ​?»អ្នក​ជំងឺ​នោះ​ទូល​ថា​៖ «លោកម្ចាស់​អើយ!​ ពេល​ទឹក​កម្រើកគ្មាន​អ្នកណា​យក​ខ្ញុំ​ ទៅ​ដាក់​ក្នុង​ស្រះ​នោះ​ទេ ហើយ​ពេល​ណា​ខ្ញុំ​កំពុង​ចុះ នោះ​មាន​អ្នក​ផ្សេង​បាន​ចុះ​ទៅ​មុន​ខ្ញុំ»​ ព្រះ​យេស៊ូ​​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «ចូរ​ក្រោកឡើង យក​កន្ទេល​របស់​អ្នក ហើយ​ទៅ​ចុះ» ភ្លាមនោះ គាត់​​ក៏​ជា​សះស្បើយ ហើយយក​កន្ទេលរបស់គាត់​ ចេញ​ទៅ។ ថ្ងៃនោះ​ជាថ្ងៃសប្ប័ទ ១០ដូច្នេះ​ ពួក​ជនជាតិ​យូដា​និយាយ​​ទៅ​អ្នក ​ដែល​បាន​ជា​នោះ​ថា​៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ​ វិន័យ​មិន​​អនុញ្ញាត​ឲ្យអ្នក ​លី​កន្ទេល​របស់​អ្នក​ទេ» ១១ប៉ុន្ដែ​ គាត់​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ «អ្នក​​ប្រោស​​ខ្ញុំ​ឲ្យជាបាន​បង្គាប់​ខ្ញុំ​ថា ចូរ​យក​​កន្ទេល​របស់​អ្នក ហើយ​ទៅ​ចុះ​»។ ​ ១២ពួក​គេ​ក៏​សួរ​គាត់​ថា​៖ «តើ​អ្នកដែល​ប្រាប់​អ្នក​ថា ចូរ​យក​កន្ទេល ហើយ​ទៅ​ចុះ​នោះជា​នរណា​?»​ ១៣ប៉ុន្ដែ​​បុរស​ដែល​បាន​ជា​នោះក៏​មិន​ដឹង​ថា នោះ​ជា​នរណា​​ដែរ ព្រោះ​ព្រះ​យេស៊ូ​បាន​យាងចេញ​ទៅ​បាត់ក្នុងចំណោមបណ្ដាជន​ ដែល​នៅ​កន្លែង​នោះ។​ ១៤បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ ព្រះ​យេស៊ូ​បាន​ឃើញ​គាត់​ក្នុង​ព្រះ​វិហារ ក៏​មាន​បន្ទូល​​​ទៅ​គាត់​ថា​៖ «មើល៍ អ្នក​បាន​ជា​ហើយ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត បើមិន​ដូច្នោះ​ទេ អ្នក​មុខ​ជាកើត​សេចក្តី​វេទនា​ជាងមុន​ទៅ​ទៀត» ១៥បុរស​​នោះ ​ក៏​​ចេញទៅ ​ប្រាប់​ពួក​ជនជាតិ​យូដា​ថា អ្នក​ដែល​បាន​​ប្រោស​គាត់​ឲ្យជា គឺ​ព្រះ​យេស៊ូ។

ព្រះយេស៊ូអះអាង​ថា ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់ព្រះជាម្ចាស់​

១៦ហេតុ​នេះ​ហើយពួក​ជនជាតិ​យូដា​បាន​បៀត​បៀន​ព្រះ​យេស៊ូ ដោយ​សារ​តែ​ព្រះអង្គ​ធ្វើ​ការ​នោះ ​នៅ​ថ្ងៃ​សប្ប័ទ។ ១៧ព្រះ​យេស៊ូ​មាន​បន្ទូល ​ទៅ​ពួក​គេ​ថា​៖ «ព្រះ​វរបិតា​របស់​ខ្ញុំ​ធ្វើការ រហូត​ដល់​​សព្វថ្ងៃនេះ ដូច្នេះ ខ្ញុំ​ក៏​ធ្វើការ​ដែរ»។​​ ១៨ហេតុ​​​នេះ​ហើយ ពួក​ជនជាតិ​យូដា​ចង់​សម្លាប់​ព្រះអង្គ​កាន់តែ​ខ្លាំង​ឡើង ព្រោះ​ព្រះអង្គ​មិន​គ្រាន់តែ ​ល្មើសវិន័យថ្ងៃ​សប្ប័ទ​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ហៅ​ព្រះជាម្ចាស់​ថាជា ​ព្រះវរបិតា​របស់​ព្រះ​អង្គ​ ​ទៀត គឺ​ព្រះអង្គលើកខ្លួនឯងស្មើនឹង​ព្រះជា​ម្ចាស់។​

១៩ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា ព្រះរាជបុត្រា​មិន​អាច​ធ្វើការ​អ្វី​មួយ​ដោយ​ខ្លួនឯង​បាន​ទេ លុះ​ត្រាតែ​ព្រះអង្គ​ឃើញ​ព្រះ​វរបិតា​ធ្វើ​ការ​នោះ ដ្បិត​ការ​អ្វី​ដែល​ព្រះ​វរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ការ​ដូច្នោះ​ដែរ​ ២០ព្រោះ​ព្រះ​​វរបិតា​ស្រឡាញ់​ព្រះរាជ​បុត្រា ហើយ​បាន​បង្ហាញ​ព្រះ​រាជ​បុត្រា​ ពី​កិច្ចការ​ទាំងអស់​ ដែល​ព្រះអង្គ​ធ្វើ រួច​ព្រះអង្គ​នឹង​បង្ហាញ​ព្រះ​រាជ​បុត្រា​ពី​កិច្ចការ​ ដែល​ធំ​ជាង​នេះ​ទៅ​​ទៀត ដើម្បី​ឲ្យអ្នករាល់គ្នា​ស្ងើច​សរសើរ​ ២១ដ្បិត​​ព្រះ​វរបិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យរស់​ឡើង​​វិញ ហើយ​ប្រទាន​ជីវិត​ដល់​គេ​ជា​យ៉ាង​ណា នោះ​ព្រះ​រាជ​បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អស់​អ្នក​ ​ដែលព្រះអង្គ​សព្វ​ព្រះហឫទ័យ​ ជា​យ៉ាង​នោះ​ដែរ ​២២ហើយព្រះ​វរបិតា​មិន​ជំនុំជម្រះ​អ្នក​ណា​ទេ ប៉ុន្ដែ​ព្រះអង្គ​ប្រគល់​ឲ្យព្រះរាជបុត្រា​ជំនុំជម្រះ​ទាំងអស់​ ២៣ដើម្បី​ឲ្យមនុស្ស​គ្រប់គ្នា​ គោរព​ព្រះ​រាជ​បុត្រា ដូច​ជា​គោរព​ព្រះ​វរបិតា​ដែរ។​ អ្នក​ណា​ដែល​មិន​​គោរព​ព្រះ​រាជ​បុត្រា នោះ​ក៏​មិន​គោរព​ព្រះ​វរបិតា​ដែល​ចាត់​ព្រះរាជ​បុត្រា​ឲ្យមក​ដែរ។​ ២៤ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ពិត​ប្រាកដ​ថា អ្នក​ណា​ស្តាប់​ពាក្យ​របស់​ខ្ញុំ ហើយ​ជឿ​ព្រះ​មួយ​អង្គ​ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច មិន​ជាប់​សេចក្ដី​ជំនុំជម្រះទេ គឺ​ត្រូវបាន​ចម្លង​ឲ្យផុតពី​សេចក្តី​ស្លាប់ទៅឯ​ជីវិត​វិញ។​ ២៥ខ្ញុំ​ប្រាប់​អ្នករាល់គ្នាជា​ពិត​ប្រាកដ​ថា នឹង​មាន​​ពេលមួយមកដល់ គឺ​ពេលនេះ​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេងព្រះរាជ​បុត្រា​របស់ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ឮ​ នឹង​មាន​​ជីវិត។​ ២៦​ព្រះ​វរបិតា​មាន​ជីវិត​ នៅ​ក្នុង​ព្រះអង្គ​ផ្ទាល់​​យ៉ាងណា នោះ​ព្រះអង្គ​ក៏​ប្រទាន​ឲ្យព្រះរាជបុត្រា​​មានជីវិត​នៅក្នុងព្រះអង្គ​ផ្ទាល់​យ៉ាងនោះដែរ ​២៧ហើយ​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​​អំណាច​ឲ្យព្រះរាជបុត្រា​ជំនុំជម្រះ ព្រោះ​ព្រះ​រាជ​​បុត្រា​ជា​កូន​មនុស្ស​ ២៨ចូរ​កុំ​ឆ្ងល់​ពី​សេចក្តី​​នេះ​ឡើយ ដ្បិតនឹង​មាន​ពេល​មួយ​​មក​ដល់ គឺ​ពួក​​មនុស្សស្លាប់ទាំងអស់ដែល​​នៅ​ក្នុងផ្នូរនឹង​ឮ​សំឡេងរបស់​ព្រះរាជបុត្រា​ ២៩ហើយ​ចេញមក ​អស់​អ្នក​ប្រព្រឹត្ត​ល្អ​នឹង​រស់ឡើងវិញ ដើម្បី​មាន​ជីវិត រីឯអស់​អ្នក​ប្រព្រឹត្ត​អាក្រក់​នឹងរស់​ឡើង​​វិញ ដើម្បី​ទទួល​ការ​ជំនុំជម្រះ​ ៣០ដូច្នេះ ខ្ញុំ​មិន​​​អាច​ធ្វើការ​អ្វី​មួយ ​ដោយ​ខ្លួនឯង​​បាន​ទេ ខ្ញុំ​ជំនុំ​​ជម្រះ​តាមតែ​ខ្ញុំ​​ឮ ហើយ​ការ​ជំនុំជម្រះ​របស់​ខ្ញុំ​​ក៏​សុចរិត ព្រោះ​ខ្ញុំ​មិន​ធ្វើ​​តាម​បំណង​របស់​​ខ្លួន​ឯង​ទេ គឺតាម​បំណង​របស់ព្រះជាម្ចាស់ ដែល​ចាត់ខ្ញុំ​ឲ្យ​មក​នោះ​វិញ។

សាក្សី​​ទាំង​បួន​របស់​​​ព្រះយេស៊ូ

៣១បើ​ខ្ញុំ​ធ្វើបន្ទាល់​ពី​ខ្លួនខ្ញុំ នោះ​សេចក្តី​បន្ទាល់​​របស់​ខ្ញុំ​មិន​ពិត​ទេ​ ៣២ផ្ទុយ​ទៅវិញ ​មាន​ម្នាក់​​ទៀត​​ដែល​ធ្វើបន្ទាល់​អំពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា សេចក្តី​​​បន្ទាល់​​ដែល​អ្នក​នោះ​​បាន​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ គឺ​ពិតប្រាកដ។​ ៣៣​​អ្នករាល់គ្នា​បាន​ចាត់​មនុស្ស​ឲ្យទៅ​ឯ​លោក​យ៉ូហាន ហើយ​គាត់​បា​ន​ធ្វើ​បន្ទាល់​​អំពី​សេចក្តីពិត​ ៣៤ប៉ុន្ដែ​សេចក្ដី​​​​បន្ទាល់​ដែល​ខ្ញុំ​បាន​ទទួល​នោះ​ មិនមែន​មក​​ពី​មនុស្ស​ទេ ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យអ្នករាល់​គ្នា​​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ ៣៥រីឯ​​លោក​យ៉ូហាន​វិញ គាត់​ជា​ចង្កៀង​​កំពុង​ឆេះ និង​កំពុង​បញ្ចេញពន្លឺ ហើយ​​​អ្នករាល់គ្នា​ចង់​រីករាយ​​ជាមួយ​ពន្លឺ​របស់​គាត់ ​​​មួយ​រយៈពេល​ ៣៦ប៉ុន្ដែ​ សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​មាននោះ​​ វិសេស​ជាង ​សេចក្ដី​បន្ទាល់​របស់​លោក​យ៉ូហាន រីឯ​កិច្ចការ​ទាំង​ឡាយ​​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​បាន​ធ្វើបន្ទាល់​ថា ព្រះ​វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន ដ្បិត​ព្រះ​វរបិតា​បាន​ប្រគល់​​កិច្ចការ​ទាំង​ឡាយ​ ឲ្យខ្ញុំ​ធ្វើ​បង្ហើយ​ ៣៧ហើយ​ព្រះ​វរបិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ ព្រះអង្គ​ក៏​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ ប៉ុន្ដែ​អ្នករាល់គ្នា​មិន​ធ្លាប់​ឮ​សំឡេង​របស់​ព្រះអង្គ​ឡើយ ហើយក៏​មិនធ្លាប់​ឃើញ​រូបរាង​របស់​ព្រះអង្គ​ដែរ។​ ៣៨អ្នករាល់គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​ នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ ព្រោះ​អ្នករាល់គ្នា​មិន​ជឿ​ព្រះ​មួយ​អង្គ​នេះ​ដែល​ព្រះ​វរបិតា​បាន​ចាត់​ឲ្យមក​ ៣៩រួច​អ្នក​រាល់​​គ្នា​ខំ​ស្រាវជ្រាវ​បទគម្ពីរ ព្រោះ​អ្នករាល់គ្នា​ស្មាន​ថា អាច​មាន​ជីវិត​អស់កល្ប​ជានិច្ច​ដោយ​សារ​​​​បទគម្ពីរ​ទាំងនោះ ប៉ុន្ដែ​បទគម្ពីរ​ទាំងនោះ​បាន​​ធ្វើបន្ទាល់​អំពី​ខ្ញុំ។​ ៤០ទោះបី​យ៉ាងនេះក្ដី អ្នក​រាល់គ្នា​មិន​ចង់​មក​ឯ​ខ្ញុំ ដើម្បី​ឲ្យមាន​ជីវិត​ទេ‍ ៤១ហើយខ្ញុំក៏​មិន​ទទួល​ការសរសើរ​ពី​មនុស្ស​ដែរ​ ៤២ខ្ញុំ​ស្គាល់​អ្នករាល់គ្នា ​ហើយ​ដឹង​ថា អ្នករាល់គ្នា​គ្មាន​សេចក្ដីស្រឡាញ់​ របស់ព្រះជាម្ចាស់នៅ​ក្នុងខ្លួន​ទេ។​ ៤៣ខ្ញុំ​មក​នៅ​ក្នុង​​ព្រះនាម​ព្រះ​វរបិតា​របស់​ខ្ញុំ នោះ​អ្នករាល់គ្នា​មិន​ព្រម​ទទួល​ខ្ញុំ​ទេ ប៉ុន្ដែ​​បើ​មាន​អ្នក​ផ្សេង​ទៀត​មក​នៅក្នុង​ឈ្មោះ​របស់​​គេ​ផ្ទាល់ នោះ​អ្នករាល់គ្នា​មុខជា​ព្រម​ទទួល​គេ​មិនខាន​ ៤៤ដូច្នេះ​បើ​អ្នករាល់គ្នា​ទទួល​យក​តែ​ការសរសើរ​ពី​គ្នា​ ទៅវិញទៅមក ​ហើយ​មិន​ព្រម​ស្វែង​រក​ការ​សរសើរ​ដែល​មកពី​ព្រះ​ជាម្ចាស់ ដែល​​ជាព្រះ​តែ​មួយ​អង្គ​នោះ តើ​អាច​ឲ្យអ្នក​រាល់​គ្នា​ជឿ​​យ៉ាងដូចម្តេច​បាន​?​ ៤៥ហើយ​កុំ​គិត​ថា ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នករាល់គ្នា ​ដល់​​ព្រះ​វរបិតាឲ្យ​សោះ អ្នក​ដែល​ចោទ​ប្រ​កាន់​​​អ្នករាល់គ្នា​នោះ គឺលោក​ម៉ូសេដែល​អ្នក​រាល់​គ្នា​បាន​សង្ឃឹម​លើ​គាត់ ​៤៦ព្រោះ​បើ​អ្នករាល់​គ្នា​ជឿ​លោក​ម៉ូសេ នោះ​អ្នករាល់គ្នា​ក៏​ជឿ​ខ្ញុំ​ដែរ ដ្បិត​គាត់​បាន​ចែង​អំពី​ខ្ញុំ​ ៤៧ផ្ទុយ​ទៅវិញ​ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្ដី​ដែល​គាត់​បាន​ចែង​ទុក​នោះ​ផង តើ​ធ្វើ​ដូច​ម្ដេច​ឲ្យអ្នករាល់គ្នា​នឹង​ជឿ​ពាក្យ​​របស់​ខ្ញុំ​បាន​?»

យ៉ូហាន ៥