យ៉ូហាន ៣
លោកនីកូដេមជួបព្រះយេស៊ូដោយសម្ងាត់
៣នៅពេលនោះ មានបុរសម្នាក់មកពីខាងគណៈផារិស៊ី ឈ្មោះនីកូដេមដែលជាអ្នកដឹកនាំរបស់ជនជាតិយូដា ២គាត់បានមកជួបព្រះយេស៊ូទាំងយប់ ទូលថា៖ «លោកគ្រូ យើងដឹងថា លោកជាគ្រូមកពីព្រះជាម្ចាស់មែន ដ្បិតទីសំគាល់អស្ចារ្យ ដែលលោកកំពុងធ្វើទាំងនេះ គ្មានអ្នកណាអាចធ្វើបានទេ លើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ» ៣ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតជាថ្មី អ្នកនោះមិនអាចឃើញនគរព្រះជាម្ចាស់ បានទេ»។ ៤លោកនីកូដេមក៏សួរព្រះអង្គថា៖ «តើមនុស្សដែលចាស់ទៅហើយ គេអាចកើតម្ដងទៀតយ៉ាងដូចម្តេចបាន? គេមិនអាចចូលទៅក្នុងផ្ទៃម្ដាយ រួចកើតមកម្តងទៀតបានទេ»។ ៥ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា បើអ្នកណាមិនកើតពីទឹក និងព្រះវិញ្ញាណទេ អ្នកនោះមិនអាចចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ ៦ដ្បិតអ្វីដែលកើតពីសាច់ឈាម នោះជាសាច់ឈាម ប៉ុន្ដែអ្វីដែលកើតពីវិញ្ញាណ នោះជាវិញ្ញាណ ៧ដូច្នេះកុំឆ្ងល់ឡើយដែលខ្ញុំប្រាប់អ្នកថាអ្នកត្រូវកើតជាថ្មី ៨ខ្យល់បក់ទៅទីណាតាមតែវាចង់ទៅ ហើយអ្នកឮស្នូររបស់វា ប៉ុន្ដែអ្នកមិនដឹងថា វាមកពីណា ឬទៅណាទេ រីឯអស់អ្នកដែលកើតពីព្រះវិញ្ញាណក៏ដូច្នេះដែរ»។ ៩លោកនីកូដេមសួរព្រះអង្គទៀតថា៖ «តើការទាំងនេះអាចកើតឡើងយ៉ាងដូចម្តេច?» ១០ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ហើយអ្នកមិនយល់ការនេះទេឬ? ១១ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា យើងប្រាប់ពីការដែលយើងបានដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ ប៉ុន្ដែអ្នករាល់គ្នា មិនទទួលយកសេចក្ដីបន្ទាល់របស់យើងទេ ១២ដូច្នេះ បើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុលោកិយ អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿ យ៉ាងដូចម្ដេចបាន? ១៣មិនដែលមានអ្នកណា ធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គ ដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ ១៤លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្ស នឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ១៥ដើម្បីឲ្យអស់អ្នកដែលជឿលើកូនមនុស្ស មានជីវិតអស់កល្បជានិច្ច ១៦ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គ ប្រទានព្រះរាជបុត្រាតែមួយដើម្បីឲ្យអស់អ្នក ដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ ១៧ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះ ដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះ តាមរយៈព្រះរាជបុត្រាវិញ ១៨ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ១៩នេះជាការដាក់ទោស ដ្បិតពន្លឺបានមកក្នុងពិភពលោកនេះ ប៉ុន្ដែមនុស្សស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ព្រោះការប្រព្រឹត្ដិរបស់គេសុទ្ធតែអាក្រក់ ២០ហើយអស់អ្នកដែលប្រព្រឹត្ដអាក្រក់ គេស្អប់ពន្លឺ មិនមកឯពន្លឺទេ ក្រែងការប្រព្រឹត្តិរបស់គេត្រូវលាតត្រដាង ២១ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺដើម្បីឲ្យការប្រព្រឹត្តិរបស់គេ ត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។
ព្រះយេស៊ូសរសើរលោកយ៉ូហាន
២២បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានមកក្នុងស្រុកយូដា ហើយព្រះអង្គក៏ស្នាក់នៅទីនោះជាមួយពួកគេ និងធ្វើពិធីជ្រមុជទឹកឲ្យពួកគេដែរ ២៣រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។
២៤លោកយ៉ូហាន មិនទាន់ជាប់គុកទេ។ ២៥ពេលនោះកើតមានការជជែកដេញដោលគ្នារវាងពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះកាយ ២៦ដូច្នេះ ពួកគេក៏មកជួបលោកយ៉ូហាន ប្រាប់ថា៖ «លោកគ្រូអ្នកដែលបាននៅជាមួយលោក កាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។២៧លោកយ៉ូហានតបវិញថា៖ «គ្មានមនុស្សណាម្នាក់អាចទទួលបានអ្វីទេ លុះត្រាតែព្រះជាម្ចាស់ ប្រទានពីស្ថានសួគ៌មក ២៨ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សី អំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះ ជា ម្ចា ស់ បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ ២៩អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះ ដែលឈរស្តាប់កូនកំលោះនោះក៏ត្រេកអរជាខ្លាំង ចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះអំណររបស់ខ្ញុំបរិបូរហើយ ៣០ដ្បិតព្រះអង្គត្រូវតម្កើងឡើង ឯខ្ញុំត្រូវបន្ទាបចុះវិញ ៣១ហើយព្រះមួយអង្គដែលយាងមកពីស្ថានលើ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ រីឯអ្នកដែលនៅក្នុងលោកិយនេះ គេកើតពីលោកិយមក និងនិយាយតាមរបៀបលោកិយដែរ ប៉ុន្ដែព្រះមួយអង្គដែលយាងមកពីស្ថានសួគ៌ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ ៣២ព្រះអង្គធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្ដែគ្មានអ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ ៣៣ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់ ៣៤ដ្បិតព្រះមួយអង្គ ដែលព្រះជាម្ចាស់បានចាត់ឲ្យមកនោះ ព្រះអង្គថ្លែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមក ដោយគ្មានកម្រិត ៣៥គឺព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា និងបានប្រគល់អ្វីៗទាំងអស់ មកក្នុងព្រះហស្ដរបស់ព្រះរាជបុត្រា ៣៦ដូច្នេះ អ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែ អ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដី ក្រោធរបស់ព្រះជាម្ចាស់ នៅ ជាប់ នឹង អ្នកនោះ»។