KCB - យ៉ូហាន ២


យ៉ូហាន ២

ការ​អស្ចារ្យ​ដំបូង​នៅ​ភូមិ​កាណា

បី​ថ្ងៃ​ក្រោយ​មក មាន​ពិធី​មង្គលការ​មួយ​នៅ​​ភូមិ​កាណាក្នុង​ស្រុក​កាលីឡេ ហើយម្ដាយ​របស់ព្រះយេស៊ូក៏​នៅ​ក្នុងពិធីនោះ​ដែរ គេ​ក៏​អញ្ជើញ​ព្រះ​យេស៊ូ និង​ពួក​សិស្ស​របស់​ព្រះអង្គឲ្យទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។ នៅ​ពេល​​អស់​ស្រា​ទំពាំង​បាយ​ជូរ​ ម្ដាយ​របស់ព្រះយេស៊ូប្រាប់​ព្រះអង្គថា​៖ «អស់​​ស្រា​ទំពាំង​បាយ​ជូរ​ហើយ» ព្រះយេស៊ូ​ក៏​មានបន្ទូល​ថា​៖ «អ្នកម្តាយ​អើយ​! តើ​រឿង​នេះ​ទាក់ទង​អ្វី​នឹង​ខ្ញុំ ព្រម​ទាំង​អ្នកម្តាយ​ដែរ​? ពេល​កំណត់​របស់​ខ្ញុំមិនទាន់​មក​ ដល់ ​​ទេ»​​ ម្ដាយ​របស់​ ព្រះអង្គ ​ប្រាប់​ពួក​អ្នកបម្រើ​ថា​៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​កូនខ្ញុំ​ប្រាប់​ចុះ»។ នៅ​ទី​នោះគេ​បាន​ដាក់​ពាង​ថ្ម​ប្រាំមួយ ​សម្រាប់ពិធី​ជម្រះ​កាយរបស់ជន​ជាតិយូដា​ ហើយពាង​នីមួយៗ​ មាន​ចំណុះពីរ​​ ឬបី​អម្រែក​ ព្រះ​យេស៊ូ មាន​បន្ទូលទៅ​ពួក​អ្នកបម្រើ​ថា​៖ «ចូរ​​ចាក់ទឹក​បំពេញ​ពាង​ទាំង​អស់​ទៅ!» ពួកគេក៏​ចាក់​ទឹក​បំពេញ​ដល់​មាត់​ពាង។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា​៖ ​«ឥឡូវនេះ ចូរ​ដងទឹក ហើយ​យកទៅ​ឲ្យមេការ​ចុះ» ពួកគេ​ក៏​ដង​ទឹក ហើយ​​យក​ទៅ។ ពេល​​មេការ​បាន​ភ្លក់​ទឹក ​ដែល​​ត្រលប់ជា​ស្រាទំពាំង​បាយ​ជូរនោះ​ហើយ គាត់​ក៏​ហៅ​កូនកំលោះ​មក (​មេ​ការ​នោះមិន​ដឹង​​ថា គេ​បាន​ស្រា​មក​ពី​ណា​ទេ ប៉ុន្ដែ​ពួក​អ្នក​បម្រើ​​ដែល​​​ដង​​ទឹក​នោះ ពួកគេ​ដឹង​)​ ១០ប្រាប់​ថា​៖ «អ្នកផង​ទាំង​ពួង​ តែង​តែ​យកស្រា​ទំពាំង​បាយ​ជូរ​ល្អៗមក​ជូន​ជា​មុន​ លុះ​កាល​ណា​ផឹក​ស្រវឹង​ហើយ ទើប​គេ​យក​ស្រា​ទំពាំង​​បាយ​ជូរ​មិន​សូវ​ល្អ​ មក​ជូន​ជា​ក្រោយ ប៉ុន្ដែអ្នក​វិញ អ្នកទុក​​ស្រា​​ទំពាំងបាយជូរ​ល្អៗ​ រហូតដល់ពេលនេះ»។​

១១នេះ​​ជា​ទីសំគាល់​​​អស្ចារ្យ​ដំបូង​បង្អស់​ ដែល​​ព្រះយេស៊ូបាន​ធ្វើ​ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី​ឡេ​ ទាំង​​​បង្ហាញ​សិរីរុងរឿង​របស់​​ព្រះ​អង្គ ហើយ​​​ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ជឿលើព្រះអង្គ ១២បន្ទាប់ ពី​នេះ​មក ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​កាពើណិម ហើយ​ម្ដាយ និង​ប្អូនៗ ព្រម​ទាំង​ពួក​​សិស្ស​របស់​ព្រះអង្គក៏​ទៅ​ជាមួយ​ព្រះអង្គ​ដែរ ប៉ុន្ដែ​ពួកគេ​មិន​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​ថ្ងៃ​ទេ។

ព្រះយេស៊ូសំអាត​ព្រះវិហារ​​

១៣ពេលនោះ ថ្ងៃ​បុណ្យរំលង​​របស់​ជនជាតិ​យូដា​​កំពុង​ខិតជិត​មកដល់ ព្រះ​យេស៊ូ​ក៏​យាង​ឡើង​ទៅក្រុង​យេរូសាឡិម​ ១៤ហើយ​ពេល​ព្រះ​អង្គ​​ឃើញ​ពួក​អ្នក​លក់​គោ​ ចៀម និង​ព្រាប ព្រម​ទាំង​​ពួក​អ្នកប្ដូរប្រាក់ កំពុង​អង្គុយ​លក់​ដូរ​​នៅក្នុង​ព្រះ​វិហារ ១៥ព្រះអង្គ​ក៏​​យក​​ខ្សែ​ធ្វើ​ជា​រំពាត់ដេញ​ពួក​គេ​​ទាំងអស់​គ្នា​ចេញពី​ព្រះ​វិហារ ទាំង​ចៀម ទាំង​គោ ​រួច​ព្រះអង្គ​ចាក់​ប្រាក់​របស់​ពួក​អ្នក​ប្ដូរ​ប្រាក់​​ចោល ព្រមទាំង​ផ្កាប់​តុ​ទាំងនោះ​ទៀត​ផង​ ១៦បន្ទាប់មក ព្រះអង្គ​ក៏​មាន​បន្ទូល ​ទៅ​អ្នក​លក់​ព្រាប​​ថា​៖ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះ​វរបិតា​របស់​ខ្ញុំ​ ធ្វើ​ជា​កន្លែង​លក់​ដូរ​ឲ្យ​សោះ» ១៧ពួក​សិស្ស​របស់​ព្រះអង្គ​ក៏នឹក​​ចាំ​ពី​សេចក្តី​ ដែល​បាន​ចែង​ទុក​​មក​ថា​ ​ការ​ខ្វល់​ខ្វាយ​​ចំពោះ​ដំណាក់​របស់​​ព្រះ​អង្គ​នឹង​បំផ្លាញ​​​ខ្ញុំ​​​។​

១៨ពេលនោះ ពួក​ជនជាតិ​យូដា​បាន​ទូល​សួរ​ព្រះអង្គ​ថា​៖ «លោក​ធ្វើ​បែប​នេះ តើ​លោក​បង្ហាញ​​ទីសំគាល់​​​អ្វី​ដល់​យើង​?» ១៩ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖ «ចូរ​បំផ្លាញ​ព្រះ​វិហារ​នេះ​ចុះ នោះ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»​ ២០ដូច្នេះ ពួក​ជនជាតិ​យូដា​ឆ្លើយ​វិញ​ថា​៖ «គេ​ចំណាយ​ពេល​សែសិប​ប្រាំមួយ​ឆ្នាំ ដើម្បី​​សង់​ព្រះ​វិហារ​នេះ រីឯ​អ្នកវិញ តើ​អ្នក​នឹង​សង់ឡើងវិញ​​ក្នុងរយៈពេល​តែ​បី​ថ្ងៃ​ឬ​?» ២១គឺ​​​ព្រះអង្គ​កំពុង​មានបន្ទូលអំពី​ព្រះ​វិហារ ដែល​​ជា​រូបកាយ​របស់​ព្រះអង្គ​ ២២ដូច្នេះ​ហើយ ពេល​ព្រះ​អង្គ​​រស់ ​​ពីការ​សោយទិវង្គតឡើង​​វិញ នោះ​ពួក​សិស្ស​របស់​ព្រះអង្គ​ ក៏​នឹកចាំ​អំពី​អ្វី ​ដែលព្រះអង្គ​បានមានបន្ទូល​​​នេះ ហើយ​ពួកគេ​ក៏ជឿ​លើ​បទគម្ពីរ និង​ពាក្យ ​ដែល​ព្រះ​យេស៊ូបានមានបន្ទូល។ ២៣កាល​ព្រះ​អង្គ​​គង់​ក្នុង​ក្រុង​យេរូសាឡិមនា​ពេល​​បុណ្យ​រំលង នោះ​មាន​មនុស្ស​ជាច្រើន​ ជឿ​លើ​ព្រះ​នាម​របស់​ព្រះ​អង្គ​ដោយ​បាន​ឃើញ​ទីសំគាល់​​​អស្ចារ្យ​​ដែល​ព្រះ​អង្គ​​បាន​ធ្វើ។​ ២៤រីឯ​​ព្រះ​យេស៊ូ​​វិញ មិន​ទុក​ចិត្ត​ពួកគេ​ទេ ដ្បិត​ព្រះអង្គ​ស្គាល់​មនុស្ស​ទាំង​អស់​ ២៥ហេតុនេះហើយ បាន​ជា​ព្រះអង្គមិន​ត្រូវ​ការឲ្យ​អ្នក​ណា​ធ្វើបន្ទាល់​អំពី​​មនុស្ស​ទេ ព្រោះ​​​​ព្រះអង្គជ្រាប​អំពី​អ្វី​ដែល​មាន​​នៅក្នុងចិត្ត​របស់​ពួកគេ។

យ៉ូហាន ២