យ៉ូហាន ១៧
សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ
១៧កាលព្រះយេស៊ូ មានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ក៏ងើយព្រះនេត្រ ទៅលើមេឃទាំងមានបន្ទូលថា៖ «ឱ ព្រះវរបិតាអើយ! ពេលកំណត់បានមកដល់ហើយ សូមលើកតម្កើងព្រះរាជបុត្រារបស់ព្រះអង្គឡើងដើម្បីឲ្យព្រះរាជបុត្រាបានតម្កើងព្រះអង្គដែរ ២ដ្បិតព្រះអង្គបានប្រទានសិទ្ធិអំណាច ដល់ព្រះរាជបុត្រាលើមនុស្សទាំងអស់ ដើម្បីឲ្យព្រះរាជបុត្រា ប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះវរបិតាបានប្រទានដល់ព្រះរាជបុត្រា៣ហើយជីវិតអស់កល្បជានិច្ចនោះ គឺឲ្យពួកគេស្គាល់ព្រះអង្គ ដែលជាព្រះដ៏ពិតតែមួយ និងព្រះយេស៊ូគ្រិស្ដដែលព្រះអង្គបានចាត់ឲ្យមក ៤ខ្ញុំបានតម្កើងព្រះអង្គនៅផែនដីនេះ ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបានប្រគល់ឲ្យខ្ញុំធ្វើដែរ ៥ដូច្នេះ ឱព្រះវរបិតាអើយ! សូមតម្កើងខ្ញុំជាមួយព្រះអង្គដោយសិរីរុងរឿងដែលខ្ញុំធ្លាប់មានជាមួយព្រះអង្គតាំងពីមុនកំណើតពិភពលោក។
៦ខ្ញុំបានបង្ហាញឲ្យពួកអ្នកដែលព្រះអង្គបានជ្រើសរើសពីលោកិយ ប្រទានឲ្យខ្ញុំនោះ បានស្គាល់ព្រះនាមរបស់ព្រះអង្គហើយ។ ពួកអ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានពួកគេឲ្យខ្ញុំ រួចពួកគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។ ៧ឥឡូវនេះ ពួកគេដឹងហើយថា អ្វីៗទាំងអស់ដែលព្រះអង្គបានប្រទានឲ្យខ្ញុំ គឺមកពីព្រះអង្គ ៨ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានឲ្យខ្ញុំនោះ ខ្ញុំបានឲ្យពួកគេ ហើយពួកគេក៏ទទួលយក ទាំងដឹងច្បាស់ថា ខ្ញុំបានមកពីព្រះអង្គ និងជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។
៩ហើយខ្ញុំសុំសម្រាប់ពួកគេ មិនមែនសម្រាប់លោកិយនេះទេ គឺសម្រាប់អស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ព្រោះពួកគេជារបស់ព្រះអង្គ ១០រីឯអ្វីៗទាំងអស់ដែលជារបស់ខ្ញុំ គឺជារបស់ព្រះអង្គ ហើយអ្វីៗដែលជារបស់ព្រះអង្គ ក៏ជារបស់ខ្ញុំដែរ ដូច្នេះខ្ញុំត្រូវបានតម្កើងឡើងក្នុងចំណោមពួកគេ។ ១១ពួកគេនៅក្នុងលោកិយនេះ រីឯខ្ញុំមិននៅក្នុងលោកិយនេះទៀតទេ ដ្បិតខ្ញុំនឹងទៅឯព្រះអង្គ។ ឱ ព្រះវរបិតាដ៏បរិសុទ្ធអើយ! សូមរក្សាអស់អ្នក ដែលព្រះអង្គបានប្រទានឲ្យខ្ញុំនៅក្នុងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យពួកគេត្រលប់ជាតែមួយដូចយើង ១២ដ្បិតពេលខ្ញុំនៅជាមួយពួកគេ ខ្ញុំបានរក្សាពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានឲ្យខ្ញុំ។ ខ្ញុំបានរក្សាពួកគេ ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេវិនាសឡើយ លើកលែងតែម្នាក់ប៉ុណ្ណោះដែលត្រូវវិនាស ដើម្បីឲ្យសម្រេចតាមបទគម្ពីរ។ ១៣ឥឡូវនេះ ខ្ញុំត្រូវទៅឯព្រះអង្គ ហើយខ្ញុំប្រកាសនៅក្នុងលោកិយនេះអំពីសេចក្ដីទាំងនេះដើម្បីឲ្យពួកគេមានអំណររបស់ខ្ញុំ ពេញបរិបូរនៅក្នុងពួកគេ។ ១៤ខ្ញុំបានឲ្យព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេ ហើយលោកិយនេះបានស្អប់ពួកគេ ព្រោះពួកគេមិនមែនជារបស់លោកិយនេះ ដូចដែលខ្ញុំមិនមែនជារបស់លោកិយនេះដែរ ១៥ហើយខ្ញុំមិនសុំព្រះអង្គឲ្យដកយកពួកគេចេញពីលោកិយនេះទេ គឺសុំព្រះអង្គរក្សាពួកគេ ឲ្យរួចផុតពីអារក្សសាតាំង ១៦ដូច្នេះពួកគេមិនមែនជារបស់លោកិយនេះ ដូចដែលខ្ញុំមិនមែនជារបស់លោកិយនេះដែរ ១៧សូមញែកពួកគេជាបរិសុទ្ធ ដោយសេចក្ដីពិត ដ្បិតព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត។ ១៨ខ្ញុំចាត់ពួកគេឲ្យទៅក្នុងលោកិយនេះ ដូចដែលព្រះអង្គបានចាត់ខ្ញុំឲ្យមកក្នុងលោកិយនេះដែរ។១៩រីឯខ្ញុំវិញ បានញែកខ្លួនជាបរិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាបរិសុទ្ធដោយសេចក្ដីពិតដែរ។
២០ខ្ញុំមិនសុំសម្រាប់តែអ្នកទាំងនេះប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលបានជឿខ្ញុំ ដោយសារពាក្យរបស់ពួកគេដែរ ២១ដើម្បីឲ្យទាំងអស់គ្នាត្រលប់ជាតែមួយ ឱ ព្រះវរបិតាអើយ! ព្រះអង្គនៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងព្រះអង្គជាយ៉ាងណា សូមឲ្យពួកគេនៅក្នុងយើងយ៉ាងនោះដែរដើម្បីឲ្យលោកិយនេះជឿថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកមែន។ ២២សិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ខ្ញុំបានឲ្យពួកគេ ដើម្បីឲ្យពួកគេបានត្រលប់ជាតែមួយដូចយើងជាតែមួយដែរ ២៣គឺខ្ញុំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងខ្ញុំដើម្បីឲ្យពួកគេបានគ្រប់លក្ខណ៍ រហូតត្រលប់ជាតែមួយ ដូច្នេះលោកិយនេះអាចដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមក ហើយព្រះអង្គស្រឡាញ់ពួកគេ ដូចដែលព្រះអង្គស្រឡាញ់ខ្ញុំដែរ។ ២៤ព្រះវរបិតាអើយ! ខ្ញុំចង់ឲ្យអស់អ្នកដែលព្រះអង្គបានប្រទានឲ្យខ្ញុំ នៅជាមួយខ្ញុំក្នុងកន្លែងដែលខ្ញុំនៅ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿង ដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ដ្បិតព្រះអង្គបានស្រឡាញ់ខ្ញុំ តាំងពីមុនកំណើតលោកិយ។ ២៥ឱ ព្រះវរបិតាដ៏សុចរិតអើយ! លោកិយមិនស្គាល់ព្រះអង្គទេ ប៉ុន្ដែ ខ្ញុំស្គាល់ព្រះអង្គ រីឯអ្នកទាំងនេះក៏ដឹងថា ព្រះអង្គបានចាត់ខ្ញុំឲ្យមកដែរ ២៦ដ្បិតខ្ញុំបានធ្វើឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេដឹងថា សេចក្ដីស្រឡាញ់ដែលព្រះអង្គបានស្រឡាញ់ខ្ញុំ មាននៅក្នុងពួកគេ ហើយខ្ញុំក៏នៅក្នុងពួកគេដែរ»។