KCB - យ៉ូហាន ១៦


យ៉ូហាន ១៦

១៦ខ្ញុំបាន​ប្រាប់​ សេចក្ដី​ទាំង នេះ​ដល់​អ្នករាល់គ្នា ដើម្បី​កុំ​ឲ្យអ្នក​រាល់​គ្នា​ជំពប់ដួល​ ប៉ុន្ដែនឹង​មាន​ពេលមួយ​មកដល់ ដែល​ពួកគេនឹង​បណ្ដេញ​អ្នករាល់គ្នាចេញ​ពីសាលា​ប្រជុំ​​ រួច​ពួក​អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​ នឹក​ស្មាន​ថា គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ អ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា គឺ​មកពី​ពួកគេ​មិន​ស្គាល់​ព្រះវរបិតា ហើយក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។​ ដូច្នេះខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ទាំងនេះ ដើម្បី​កាល​ណា​ពេល​​វេលា​​នោះ​មកដល់ នោះ​អ្នក​រាល់គ្នា​អាច​ចាំ​ថា ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួចហើយ។ ​ពី​ដំបូង​​ ខ្ញុំ​មិន​បាន​​ប្រាប់​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងនេះទេ​ ព្រោះ​ខ្ញុំ​នៅ​ជាមួយ​​អ្នករាល់គ្នា។​

កិច្ចការ​​របស់ព្រះវិញ្ញាណបរិសុទ្ធ

ប៉ុន្ដែ ​ឥឡូវនេះ​ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​​​ខ្ញុំ​ឲ្យមក ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​ សួរ​ខ្ញុំ​ថាតើ​ព្រះអង្គ​​ទៅ​ណា​ដែរ​​?​ ដ្បិត​ចិត្ដ​របស់​អ្នករាល់គ្នា​ពេញ​ដោយ​សេចក្ដី​ព្រួយដោយសារ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ។​ ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​អំពី​សេចក្ដី​ពិត​ថា ការ​​ដែល​ខ្ញុំ​ទៅ នោះ​វា​ល្អ​ប្រសើរ​សម្រាប់ ​អ្នករាល់គ្នា​វិញ ដ្បិត​បើ​ខ្ញុំមិន​ទៅ​ទេ នោះ​​​​អ្នក​ជំនួយក៏​មិន​មក​ឯ​អ្នករាល់គ្នា​ដែរ ប៉ុន្ដែ បើ​ខ្ញុំ​ទៅ​វិញ ខ្ញុំ​នឹង​ចាត់​អ្នក​ជំនួយ​នោះ​ឲ្យមក​ឯ​អ្នករាល់គ្នា ហើយ​នៅពេល​អ្នក​ជំនួយ​នោះ​មក ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​មនុស្សលោកយល់​អំពីបាប​ សេចក្ដី​សុចរិត និង​ការ​ជំនុំជម្រះ។ ​អំពី​​បាប គឺ​ដោយ​ព្រោះពួកគេមិន​ជឿ​ខ្ញុំ ១០អំពី​សេចក្ដី​​សុចរិត គឺ​ដោយ​​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​វិញ ហើយ​អ្នក​រាល់​គ្នា​​មិន​ឃើញ​ខ្ញុំ​ទៀតទេ​ ១១អំពី​ការ​ជំនុំ​ជម្រះ​​គឺ​ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកិយ​នេះ​ត្រូវ​ជាប់​ជំនុំជម្រះ​ហើយ។​

១២ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ទៀត​ ដែល​​ត្រូវ​ប្រាប់​អ្នករាល់គ្នា ​ ប៉ុន្ដែ ឥឡូវ​នេះអ្នក​រាល់​គ្នា​ពុំអាចទទួលបានទេ។ ១៣នៅពេល​ព្រះអង្គ​ ដែល​​​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត​មក​ដល់ ​ព្រះ​អង្គនឹង​នាំ​​អ្នករាល់​គ្នាទៅ​ក្នុងគ្រប់​ទាំង​សេចក្ដីពិត​ ដ្បិតព្រះអង្គនឹង​មិន​មាន​បន្ទូល តាម​តែ​ព្រះអង្គផ្ទាល់​ទេ ផ្ទុយទៅវិញ ព្រះអង្គ​នឹង​មាន​បន្ទូល​​អំពី​អ្វី​ ដែល​ព្រះអង្គ​បាន​ឮ ហើយ​ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យអ្នករាល់គ្នាដឹង​អំពីហេតុការណ៍ ដែល​​ត្រូវ​មកដល់​ ​១៤ព្រះអង្គនឹង​តម្កើង​ខ្ញុំឡើង ព្រោះព្រះអង្គនឹង​ទទួល​យក​អ្វី​ៗ​ជា​របស់​ខ្ញុំមក​​ប្រាប់​​ឲ្យអ្នករាល់គ្នាដឹង​ ១៥អ្វីៗ​ដែល​ព្រះវរ​បិតា​មាន​ គឺ​ជា​របស់​ខ្ញុំ​ ហេតុ​នេះ​​បាន​ជា​ខ្ញុំ​ប្រាប់​ថា ព្រះអង្គ​នឹង​ទទួល​យក​អ្វី​ៗ​ជា​របស់​ខ្ញុំ មក​​ប្រាប់​ឲ្យអ្នក​រាល់​គ្នា​ដឹង។

ទុក្ខព្រួយ​ត្រលប់​ជា​អំណរ​

១៦នៅបន្តិចទៀត អ្នករាល់គ្នានឹង​លែង​ឃើញ​ខ្ញុំ​ទៀតហើយ ប៉ុន្ដែ ​បន្តិច​ក្រោយមក អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។​​ ១៧ដូច្នេះ ​ពួក​សិស្ស​របស់​ព្រះអង្គ​ខ្លះ​បាន​និយាយ​គ្នា​ថា​៖ «តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច ដែល​ព្រះអង្គ​មាន​បន្ទូលមក​យើង​ថា នៅ​បន្តិចទៀតអ្នករាល់គ្នានឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្ដែ​ បន្តិច​ក្រោយមក​ អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​មាន​បន្ទូល​ទៀត​ថា ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា​?» ១៨ពេលនោះ ពួក​គេ​និយាយ​​​ថា​៖ «តើ​ព្រះអង្គ​ប្រាប់​ថា បន្តិច​ទៀតនេះ​ មាន​ន័យយ៉ាង​ដូចម្តេច​? យើងមិន​យល់​អ្វី​ដែល​​ព្រះ​អង្គ​​មាន​បន្ទូល​នោះ​​ទេ»។​

១៩ប៉ុន្ដែ​ពេល​ព្រះ​យេស៊ូ​ជ្រាប​ថា ពួកគេ​ចង់​​សួរ​​ព្រះអង្គ ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «តើ​អ្នករាល់គ្នា​កំពុង​សួរ​គ្នា​អំពី​ពាក្យ​នេះ‍ឬ ដែល​ខ្ញុំ​ប្រាប់​ថា បន្តិច​ទៀត​នេះ អ្នករាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ ប៉ុន្ដែ​បន្តិច​ក្រោយមក អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ​?​​ ២០ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នករាល់គ្នានឹង​យំ​ ហើយកាន់​ទុក្ខ​ ប៉ុន្ដែលោកិយ​នេះ​នឹង​អរសប្បាយ។ អ្នក​រាល់គ្នា​នឹង​ព្រួយ​ចិត្ដ ប៉ុន្ដែសេចក្ដីទុក្ខ​ព្រួយ​របស់​អ្នករាល់គ្នា​ នឹង​ត្រលប់ជា​អំណរ​​​​វិញ​ ២១ដ្បិតពេល​ស្រ្ដី​សម្រាល​កូន​ នាង​ព្រួយ​ចិត្ដ​​ ព្រោះ​​ពេលកំណត់​របស់​នាង ​មកដល់​ ប៉ុន្ដែពេល​សម្រាល​កូន​ហើយ នាង​ក៏​លែង​នឹក​ចាំ​ ពី​សេចក្ដី​វេទនា​ទាំងនោះ​ ទៀតហើយ ព្រោះ​មានអំណរ​ ដែល​មនុស្សម្នាក់​បាន​កើត​មក​ក្នុងពិភព​លោក​នេះ។​ ២២ឥឡូវនេះ​ អ្នក​រាល់គ្នា​ព្រួយចិត្ដ​មែន ប៉ុន្ដែខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្តង​ទៀត ហើយ​ចិត្ត​របស់អ្នករាល់គ្នា នឹង​អរ​សប្បាយ​វិញ រួច​គ្មាន​អ្នក​ណា​ដក​យក​អំណរ​នេះ​ពី​អ្នករាល់គ្នាបាន​ឡើយ ​២៣ហើយ​នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​លែង​សួរ​អ្វី​ខ្ញុំ​ ទៀតហើយ។​​ ដូច្នេះខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដថា អ្វី​ៗ​ដែល​អ្នករាល់គ្នា សុំ​ពី​ព្រះវរបិតា ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ព្រះអង្គនឹង​ប្រទាន​ដល់​អ្នករាល់គ្នា។ ២៤​រហូតមកដល់​ពេល​នេះ​ អ្នករាល់គ្នា​មិន​ដែល​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំទេ​! ចូរ​សូម​ចុះ​ នោះអ្នករាល់គ្នា​នឹង​បាន ហើយអំណរ​​​របស់​អ្នករាល់គ្នា​នឹង​បាន​ពេញបរិបូរ។

ព្រះយេស៊ូនឹង​មាន​ជ័យ​ជម្នះ

២៥ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ ជា​រឿង​ប្រៀបប្រដូច​​អំពី​សេចក្ដី​ទាំងនេះ ប៉ុន្ដែ​ កាលណា​ពេល​កំណត់មកដល់ ខ្ញុំ​លែង​និយាយ​នឹង​អ្នករាល់គ្នា ​ជា​រឿង​ប្រៀប​​ ប្រដូច​​ទៀតហើយ ផ្ទុយទៅវិញ ខ្ញុំ​នឹង​ប្រាប់​អ្នករាល់គ្នា​យ៉ាងច្បាស់​ អំពី​ព្រះវរបិតា​ ២៦ហើយ​នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​សុំ​ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ ហើយ​​ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​សុំ​ព្រះវរបិតា​ជំនួស​អ្នករាល់គ្នា​​ទេ ២៧ដ្បិត​ព្រះវរបិតា​ផ្ទាល់ ​ស្រឡាញ់​អ្នករាល់គ្នា ព្រោះអ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​​ជឿ​ថា ខ្ញុំ​បាន​មក​ពីព្រះជាម្ចាស់។ ២៨ខ្ញុំបាន​មក​ពីព្រះវរបិតា​ ហើយ​ចូល​មក​ក្នុង​លោកិយ​នេះ ដូច្នេះ​ ខ្ញុំ​នឹង​ចេញ​ពី​លោកិយ​នេះ ហើយ​ទៅ​ឯ​ព្រះវរបិតាវិញ»។​ ២៩ពួក​សិស្ស​របស់​ព្រះអង្គ​ទូលថា​៖ «មើល៍​ឥឡូវ​នេះ​ ព្រះអង្គ​មានបន្ទូល​ដោយ​ច្បាស់​លាស់ មិន​​បាន​មានបន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​​​ទៀត​ទេ​ ៣០ហើយ​ឥឡូវនេះ យើង​ដឹង​ថា ព្រះអង្គ​ជ្រាប​អំពី​​អ្វីៗ​ទាំងអស់ ដោយ​មិន​ចាំបាច់​មាន​អ្នក​ណា​ម្នាក់​សួរ​ព្រះអង្គ​ឡើយ ដូច្នេះហើយយើងជឿ​ថា ព្រះអង្គ​បានមក​ពី​ព្រះជាម្ចាស់មែន»។​​ ៣១ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេថា​៖ «ឥឡូវ​នេះ តើអ្នករាល់គ្នា​ជឿ​ហើយ​ឬ​?៣២មើល៍​ ពេល​កំណត់​​ដែល​ត្រូវ​មកដល់ នោះ​បាន​មកដល់​ហើយ គេ​នឹង​ធ្វើឲ្យអ្នករាល់គ្នា​ខ្ចាត់​ខ្ចាយ​ទៅ​រៀងៗ​ខ្លួន ហើយ​ទុក​ឲ្យខ្ញុំ​នៅ​តែឯង ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ ព្រោះ​ព្រះវរបិតា​គង់​នៅ​ជាមួយ​ខ្ញុំ។​ ៣៣ខ្ញុំប្រាប់​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ ​ដើម្បីឲ្យអ្នករាល់គ្នាមាន​សេចក្ដី​សុខសាន្ត​ដោយ​សារ​​ខ្ញុំ។ អ្នករាល់​គ្នា​មាន​សេចក្ដី​វេទនា ​នៅ​ក្នុង​លោកិយនេះ​មែន ប៉ុន្ដែចូរ​អរសប្បាយ​ឡើង ដ្បិត​​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»​

យ៉ូហាន ១៦