KCB - យ៉ូហាន ១៥


យ៉ូហាន ១៥

ព្រះយេស៊ូជា​ដើម​ទំពាំង​បាយជូរ​ដ៏​ពិត​

១៥ខ្ញុំជា​ដើម​ទំពាំងបាយជូរ​ ដ៏​ពិត​ ហើយ​ព្រះវរបិតា​របស់​ខ្ញុំ​ ជាអ្នកថែ​ទាំ​ មែកទាំងឡាយ​ណាដែល​នៅ​ជាប់​នឹង​ខ្ញុំ ប៉ុន្ដែមិន​បង្កើត​ផល​ផ្លែ នោះ​ព្រះអង្គ​ក៏​កាត់​ចោល រីឯ​​មែក​ទាំង​ឡាយ​ណា​ ដែល​បង្កើត​ផល​ផ្លែ នោះ​ព្រះអង្គក៏​លួស​វា ដើម្បីឲ្យ​បង្កើត​ផល​កាន់​តែច្រើនឡើង។ ប៉ុន្ដែ​ អ្នក​រាល់​គ្នា​បាន​ស្អាត​រួចហើយ ដោយ​សារតែពាក្យ ដែលខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ ដូច្នេះ ចូរ​នៅ​ជាប់​នឹង​ខ្ញុំចុះ នោះ​​​ខ្ញុំ​ក៏​នៅ​ជាប់​នឹង​អ្នករាល់​គ្នា​ដែរ​ ដ្បិតគ្មាន​មែក​ណា​អាច​បង្កើត​ផល​ដោយ​ខ្លួនឯង​បាន​ទេ លុះត្រាតែ​នៅ​ជាប់​នឹង​ដើម​ រីឯ​អ្នករាល់គ្នាក៏​ដូច្នេះដែរ លុះ​​​ត្រាតែ​នៅ​ជាប់​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​ដើម​ទំពាំង​បាយ​ជូរ ឯ​អ្នករាល់គ្នា​ជា​មែក អ្នក​ណា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ អ្នកនោះ​នឹង​បង្កើត​ផល​បាន​ច្រើន ព្រោះ​បើ​ដាច់​ចេញ​ពី​ខ្ញុំ នោះ​អ្នករាល់គ្នាមិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ដូច្នេះ បើ​អ្នក​ណា​មិននៅ​ជាប់​នឹង​ខ្ញុំ អ្នកនោះ​ប្រៀបដូចជា​មែក ​ដែល​ត្រូវ​កាត់​បោះចោល ហើយ​ក្រៀមស្វិត រួច​គេ​ក៏ប្រមូល​មែកទាំងនោះ​បោះ​ទៅ​ក្នុង​ភ្លើង ហើយ​ឆេះ​អស់ទៅ​ ប៉ុន្ដែ​បើ​អ្នករាល់គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​របស់​ខ្ញុំនៅ​ជាប់​នឹង​អ្នករាល់គ្នា នោះ​ចូរ​សូម​អ្វីៗ​តាម​ប្រាថ្នា​ចុះ​ សេចក្ដីនោះនឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា ដ្បិតព្រះវរបិតារបស់ខ្ញុំ បាន​តម្កើង​ឡើង ដោយសារ​តែ​សេចក្ដី​នេះឯង គឺ​ឲ្យ​​អ្នក​រាល់​គ្នា​បង្កើត​ផល​បាន​ច្រើន យ៉ាង​នោះ​អ្នករាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។

ការ​បង្ហាញ​សេចក្ដីស្រឡាញ់​ដូច​ជា ​ព្រះគ្រិស្ដ

ព្រះវរ​បិតា​ បាន​ស្រឡាញ់ខ្ញុំយ៉ាង​ណា​ ខ្ញុំ​ក៏​ស្រឡាញ់​អ្នករាល់គ្នា​យ៉ាងនោះដែរ ដូច្នេះ ចូរ​នៅ​ជាប់​ក្នុងសេចក្ដីស្រឡាញ់​​របស់ខ្ញុំចុះ​ ១០បើ​អ្នករាល់គ្នា​កាន់តាម​បញ្ញត្តិ​របស់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹងនៅជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ដែល​ខ្ញុំបាន​កាន់តាមបញ្ញត្តិ​ព្រះវរបិតា​របស់​ខ្ញុំ ហើយ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​​​​ដែរ។​ ១១ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ អំពី​សេចក្ដីទាំង​នេះ ​ហើយ ដើម្បី​ឲ្យអំណរ​​របស់​ខ្ញុំ​មាន​ដល់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អំណរ​​​​របស់​អ្នករាល់គ្នា​បាន​ពេញ​បរិបូរ។​

១២នេះ​​ជា​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ឲ្យអ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ​ដូច​ជាខ្ញុំ​ស្រឡាញ់​អ្នក​​រាល់គ្នា​ដែរ​ ១៣ដ្បិត​មនុស្ស​ម្នាក់​លះ​បង់​​​ជីវិតដើម្បី​មិត្ដ​សម្លាញ់​របស់​ខ្លួន នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​ណា​ធំ​ជាង​សេចក្ដី​ស្រឡាញ់​នេះ​ទៀត​ឡើយ។​​១៤ដូច្នេះ​ បើ​អ្នក​រាល់​គ្នា​​ធ្វើ​តាម​សេចក្ដីដែល​ខ្ញុំបង្គាប់​​អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​ជា​មិត្ដ​សម្លាញ់​​​របស់​ខ្ញុំ។ ១៥ខ្ញុំ​មិន​ហៅ​អ្នករាល់គ្នា​ថា ​បាវបម្រើទៀត​ទេ ព្រោះ​បាវ​បម្រើ​មិន​ដឹង​ថា​ ចៅហ្វាយ​របស់​ខ្លួន​ធ្វើ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​​ថា មិត្ដសម្លាញ់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នាដឹងអំពីអ្វីៗ​ ដែល​ខ្ញុំបាន​ឮ​ពី​ព្រះវរបិតា​របស់ខ្ញុំ ​១៦ដ្បិត​មិនមែន​អ្នក​រាល់​គ្នា​ជ្រើស​រើស​​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នក​រាល់គ្នា ព្រមទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ទៅ​បង្កើត​​ផល ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ស្ថិតស្ថេរ ដូច្នេះ​ហើយ អ្វី​ក៏ដោយ ​ ដែល​អ្នករាល់គ្នា​សុំ​ព្រះវរ​បិតា ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន​ ១៧ដូច្នេះ​ នេះ​ជា​សេចក្ដី ​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា គឺ ឲ្យអ្នករាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក។

លោកិយ​ស្អប់​ព្រះយេស៊ូ

១៨បើ​លោកិយ​ស្អប់​អ្នករាល់គ្នា នោះ​ចូរ​ដឹង​ថា មុន​អ្នករាល់គ្នា គេ​បាន​ស្អប់​ខ្ញុំ​រួចហើយ​ ១៩បើ​អ្នករាល់គ្នា​ជា​របស់​លោកិយ នោះ​លោកិយ​នឹង​ស្រឡាញ់​អ្នករាល់គ្នា ប៉ុន្ដែ​ព្រោះ​តែ​ខ្ញុំ​បាន​ជ្រើស​រើស​អ្នករាល់គ្នា​ចេញពី​លោកិយ នោះ​អ្នករាល់គ្នា ​មិនមែន​ជា​របស់​លោកិយ​ទៀតទេ ហេតុនេះ​ហើយបានជា​លោកិយ​ស្អប់​អ្នករាល់គ្នា​ ២០ប៉ុន្ដែ​ចូរ​នឹកចាំ​ពី​ពាក្យ​ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ថា បាវបម្រើ​មិន​ដែល​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ បើ​គេ​បាន​បៀត​បៀន​ខ្ញុំ​ទៅ​ហើយ នោះ​គេ​មុខជា​បៀតបៀន​អ្នករាល់គ្នា​ដែរ បើ​គេ​កាន់តាម​ពាក្យ​របស់​ខ្ញុំ នោះ​គេ​មុខជា​កាន់តាម​ពាក្យ​របស់អ្នក​រាល់គ្នា​ដែរ​ ២១ប៉ុន្ដែដោយ​ព្រោះ​ឈ្មោះ​របស់​ខ្ញុំ គេ​មុខ​ជា​ធ្វើ​ការ​ទាំង​នេះ​ដាក់​អ្នករាល់គ្នា ព្រោះ​គេ​មិន​ស្គាល់​ព្រះអង្គដែល​ចាត់​ខ្ញុំឲ្យ​មក​ទេ។​ ​​២២បើ​ខ្ញុំ​មិន​បាន​មក ហើយ​ប្រាប់​ពួកគេ​ នោះ​ពួកគេ​គ្មាន​បាប​ទេ​ ប៉ុន្ដែឥឡូវនេះពួកគេ​គ្មាន​សេចក្ដីដោះសា ឲ្យ​រួចពី​បាប​របស់​ពួកគេ​​ឡើយ​ ២៣អ្នក​ណា​ស្អប់ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​ព្រះវរបិតា​របស់​ខ្ញុំ​ដែរ​ ២៤បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ ដែល​គ្មាន​អ្នកណា​ម្នាក់​ផ្សេង​ទៀត​ធ្លាប់​ធ្វើ​ក្នុងចំណោម​ពួកគេ​ទេ នោះ​ពួកគេ​គ្មាន​បាប​ឡើយ ប៉ុន្ដែ​ឥឡូវនេះ ពួកគេ​បាន​ឃើញ​ហើយ ហើយ​ពួក​គេ​ស្អប់​ទាំង​ខ្ញុំ និង​ព្រះវរបិតា​របស់​ខ្ញុំ​ទៀត។​​ ២៥នេះ​ដើម្បីឲ្យសម្រេច​តាម​សេចក្តី ដែល​បាន​​​ចែង​ទុក​ក្នុងគម្ពីរវិន័យ​​​របស់​ពួកគេ​ថា គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​ហេតុផល ២៦ប៉ុន្ដែ​នៅ​ពេល​​អ្នកជំនួយ​មក​ដល់ ជាអ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះវរ​បិតា​ឲ្យ​មក​ឯ​អ្នករាល់គ្នា គឺជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​ចេញ​ពី​ព្រះវរ​បិតា​​មក ព្រះអង្គនឹង​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ ២៧ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើបន្ទាល់​ដែរ ព្រោះ​អ្នករាល់គ្នា​បាន​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក។

យ៉ូហាន ១៥