យ៉ូហាន ១៤
ព្រះយេស៊ូជាផ្លូវទៅឯព្រះវរបិតា
១៤កុំឲ្យចិត្តរបស់អ្នករាល់គ្នាជ្រួលច្របល់ឡើយ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ ចូរជឿខ្ញុំដែរ ២នៅក្នុងដំណាក់ព្រះវរបិតារបស់ខ្ញុំ មានលំនៅច្រើន ប៉ុន្ដែបើគ្មានទេ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាដែរ ដ្បិតខ្ញុំទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។៣ដូច្នេះបើខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា នោះខ្ញុំនឹងត្រលប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែង ដែលខ្ញុំនៅនោះដែរ ៤ហើយកន្លែងដែលខ្ញុំទៅអ្នករាល់គ្នាក៏ស្គាល់ផ្លូវនោះដែរ»។ ៥លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! យើងមិនដឹងថាព្រះអង្គយាងទៅណាទេ ដូច្នេះ តើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវនោះបាន?» ៦ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ ៧ដូច្នេះបើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាបានស្គាល់ និងបានឃើញព្រះអង្គហើយ»។
៨លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផង នោះយើងស្កប់ចិត្តហើយ»។ ៩ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ភីលីពអើយ! ខ្ញុំបាននៅជាមួយអ្នករាល់គ្នាយូរហើយ តើអ្នកនៅតែមិនទាន់ស្គាល់ខ្ញុំទៀតឬ? អ្នកណាឃើញខ្ញុំ ក៏ឃើញព្រះវរបិតាដែរ ហេតុដូចម្តេចបានជាអ្នកនិយាយថា សូមបង្ហាញឲ្យយើង ឃើញព្រះវរបិតាផងដូច្នេះ? ១០តើអ្នកមិនជឿថាខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំទេឬ ? ពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានោះ មិនមែនមកពីខ្លួនខ្ញុំទេ គឺព្រះវរបិតាដែលនៅក្នុងខ្ញុំ ព្រះអង្គបានធ្វើកិច្ចការរបស់ព្រះអង្គ។ ១១ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ប៉ុន្ដែបើមិនជឿទេ ចូរជឿ ដោយព្រោះតែកិច្ចការទាំងនោះចុះ។
ការអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូ
១២ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតា វិញ ១៣ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា ១៤ដូច្នេះ បើអ្នករាល់គ្នាសុំអ្វីមួយដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។
ព្រះយេស៊ូសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធ
១៥បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាកាន់តាមបញ្ញត្តិរបស់ខ្ញុំ ១៦ខ្ញុំនឹងសុំព្រះវរបិតា ឲ្យព្រះអង្គប្រទានអ្នកជំនួយម្នាក់ទៀតដល់អ្នករាល់គ្នា ដើម្បីឲ្យនៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច ១៧ហើយ នោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ប៉ុន្ដែពិភពលោកមិនអាចទទួលយកព្រះវិញ្ញាណនោះបានទេ ព្រោះមើលមិនឃើញ ហើយមិនស្គាល់ផង ប៉ុន្ដែអ្នករាល់គ្នាស្គាល់ហើយ ដ្បិតព្រះវិញ្ញាណនោះបានគង់ជាមួយអ្នករាល់គ្នា ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។ ១៨រីឯខ្ញុំមិនទុកឲ្យអ្នករាល់គ្នានៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ ១៩បន្តិចទៀតនេះ មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នាក៏រស់ដែរ ២០រួចនៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ ២១ដូច្នេះអ្នកណាមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាម អ្នកនោះហើយជាអ្នកស្រឡាញ់ខ្ញុំ រួចអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះវរបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ព្រមទាំងបង្ហាញខ្លួនខ្ញុំឲ្យ អ្នកនោះស្គាល់ផង»។ ២២លោកយូដាស (មិនមែនអ៊ីស្ការីយ៉ុត) បានទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាព្រះអង្គនឹងបង្ហាញខ្លួនឲ្យយើងស្គាល់ ប៉ុន្ដែមិនឲ្យមនុស្សលោកស្គាល់ដូច្នេះ?» ២៣ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ ហើយព្រះវរបិតារបស់ខ្ញុំ នឹងស្រឡាញ់អ្នកនោះ រួចយើងនឹងមកឯអ្នកនោះ ហើយតាំងទីលំនៅនៅជាមួយអ្នកនោះ។ ២៤ឯអ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាម ពាក្យរបស់ខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមក ២៥ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះឲ្យហើយ នៅពេលដែលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ២៦រីឯអ្នកជំនួយ ជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតានឹងចាត់ឲ្យមក ដោយនូវឈ្មោះរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ ហើយរំឭកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
ព្រះយេស៊ូប្រទានសេចក្ដីសុខសាន្ដ
២៧ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា គឺមិនមែនដូចជាមនុស្សលោកឲ្យអ្នករាល់គ្នាទេ ដូច្នេះកុំឲ្យចិត្តអ្នករាល់គ្នាជ្រួលច្របល់ ឬភ័យខ្លាចឡើយ។ ២៨អ្នករាល់គ្នាបានឮខ្ញុំប្រាប់អ្នករាល់គ្នារួចហើយថា ខ្ញុំទៅ ប៉ុន្ដែខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាអរសប្បាយ ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាវិសេសជាងខ្ញុំ។ ២៩ដូច្នេះខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ មុនការនោះកើតឡើង ដើម្បីពេលការនោះកើតឡើង អ្នករាល់គ្នានឹងជឿ ៣០ហើយខ្ញុំនិយាយជាមួយ អ្នករាល់គ្នាមិនបានច្រើនទៀតទេ ដ្បិតមេដឹកនាំលោកិយនេះ កំពុងមកហើយ គេធ្វើអ្វីខ្ញុំមិនបានទេ ៣១ប៉ុន្ដែដើម្បីឲ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះវរបិតា ហើយខ្ញុំធ្វើតាមដូចដែលព្រះវរបិតាបានបង្គាប់ខ្ញុំ។ ចូរក្រោកឡើង យើងចេញពីទីនេះទៅ។