KCB - យ៉ូហាន ១៣


យ៉ូហាន ១៣

ព្រះយេស៊ូលាង​ជើង​​ពួក​សាវក​

១៣នៅមុន​ថ្ងៃ​បុណ្យរំលង​ ព្រះ​យេស៊ូ​បាន​ជ្រាប​ថា ពេល​កំណត់​​ដែល​ព្រះអង្គ​ត្រូវ​យាង​ចេញ​ពី​ពិភព​លោក​​​​នេះ​ទៅ​ឯ​ព្រះ​វរបិតា ​បាន​មក​ដល់​ហើយ។ ព្រះអង្គ​ស្រឡាញ់​អស់​អ្នក​ដែលនៅ​ជាមួយ​ព្រះ​អង្គ​នៅក្នុង​ពិភព​លោក​នេះ​ណាស់ ហើយ​ព្រះ​អង្គ​ក៏​ស្រឡាញ់​ពួក​គេ​ ដល់​ចុង​បំផុត​ដែរ។​ នៅ​ពេល​​បរិភោគ​អាហារ​ពេល​យប់នោះ ​អារក្ស​សាតាំង​​ បាន​ចូល​ទៅ​ក្នុងចិត្ដ​របស់យូដាស​អ៊ីស្កា​រីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជា​​ស្រេច ដើម្បី​​ឲ្យក្បត់​ព្រះអង្គ ​ព្រះយេស៊ូ​បាន​ដឹង​ថា ព្រះ​វរបិតាបាន​ប្រគល់​អ្វីៗ​ទាំងអស់ មក​ក្នុង​ព្រះហស្ដ​​របស់​ព្រះអង្គ​ហើយ ព្រមទាំង​ដឹង​ទៀត​​ថា ព្រះអង្គ​បាន​មក​ពី​ព្រះជាម្ចាស់ ហើយ​ត្រូវ​ទៅ​ឯ​ព្រះ​ជាម្ចាស់​វិញ​ ដូច្នេះព្រះអង្គ​ក៏​ក្រោក​ចេញ​ពី​តុ​អាហារ ហើយដោះ​អាវ​វែង​​ចេញ រួច​យក​កន្សែង​មួយ​​មក​ក្រវាត់​ខ្លួន បន្ទាប់មកព្រះ​អង្គ​ចាក់​ទឹក​ក្នុងចានក្លាំ​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​របស់ពួក​សិស្ស ហើយយក​កន្សែង​ដែល​ព្រះអង្គក្រវាត់​នោះ​មក​ជូត​ផង។ ​ពេល​ព្រះអង្គមក​ដល់​លោក​ស៊ីម៉ូន​ពេត្រុស នោះ​គាត់​ទូល​ទៅព្រះ​អង្គ​ថា​៖ «ព្រះអម្ចាស់​អើយ! តើ​ព្រះអង្គ​នឹង​​លាង​ជើង​របស់​ខ្ញុំ​ឬ​?» ​ព្រះ​យេស៊ូ​មាន​បន្ទូល​​ឆ្លើយ​ថា​៖ «នៅពេលនេះ អ្នក​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្ដែអ្នកនឹងយល់​នៅ​ពេលក្រោយ» លោក​ពេត្រុស​ទូលទៅ​​ព្រះអង្គ​ថា​៖ «ព្រះអង្គ​មិន​ត្រូវ​លាង​ជើងរបស់​ខ្ញុំ​ទេ​!» ព្រះយេស៊ូ​មានបន្ទូល​ថា​៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យអ្នក នោះ​អ្នក​គ្មាន​ចំណែក​ជាមួយ​ខ្ញុំ​ឡើយ»​ នោះ​លោក​​​ស៊ីម៉ូន​ពេត្រុស​ទូលទៅ​​ព្រះអង្គថា​៖ «ព្រះ​អម្ចាស់​អើយ! សូម​កុំ​លាង​ត្រឹមតែ​ជើង​របស់​ខ្ញុំ​ គឺ​សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»​ ១០ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា​៖ «អ្នក​ដែល​ងូត​ទឹក​រួច​ហើយ​ត្រូវការ​លាង​ជើង​តែប៉ុណ្ណោះ ដ្បិត​ខ្លួន​ទាំងមូល​របស់​អ្នកនោះ​បាន​ស្អាត​ហើយ រីឯ​​​​អ្នក​រាល់​គ្នា​បាន​ស្អាត​ហើយ​ដែរ ប៉ុន្ដែមិន​មែន​ទាំងអស់​គ្នា​ទេ» ១១ដ្បិត​ព្រះអង្គ​បាន​ស្គាល់​អ្នក​ក្បត់​ព្រះអង្គ ហេតុនេះ​ហើយបានជា​ព្រះអង្គ​មានបន្ទូល​ថា៖​ «អ្នក​រាល់​គ្នា​មិន​ស្អាត​ទាំង​អស់​គ្នា​ទេ»

ព្រះយេស៊ូពន្យល់​អំពីអត្ថន័យ​នៃ​ការ​លាង​ជើង​

១២កាល​ព្រះអង្គ​លាង​ជើង​របស់​ពួកគេរួច​ហើយ ព្រះអង្គក៏​ពាក់​អាវ​វែង​វិញ រួច​​យាងទៅ​អង្គុយ​នៅតុអាហារ​វិញ ទាំង​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «តើ​អ្នករាល់គ្នាយល់​អំពីអ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នក រាល់គ្នាឬ​ទេ? ១៣អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា លោក​គ្រូ និង​ព្រះអម្ចាស់ នោះ​អ្នករាល់គ្នា​ហៅ​ត្រូវ​ហើយ ព្រោះ​គឺ​ខ្ញុំ​មែន​! ១៤ដូច្នេះ បើ​ខ្ញុំ​ជា​ព្រះអម្ចាស់ ហើយជា​គ្រូ​បានលាង​ជើង​ឲ្យ​អ្នករាល់គ្នាទៅ​ហើយ នោះអ្នករាល់គ្នា គួរលាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ១៥ដ្បិតខ្ញុំបាន​ទុកគំរូ​មួយ​សម្រាប់​អ្នករាល់គ្នាហើយ ដើម្បី​ឲ្យអ្នករាល់គ្នា​ធ្វើ​តាម ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នករាល់​គ្នា​ដែរ​ ១៦ហើយ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា បាវ​បម្រើ​មិន​ដែល​ធំ​ជាង​ចៅ​ហ្វាយ​របស់​ខ្លួន​ទេ ហើយ​អ្នក​ដែល​គេ​ចាត់ឲ្យ​ទៅ​ ក៏​មិន​ដែល​ធំ​ជាង​​អ្នក​ ដែល​ចាត់​ខ្លួន​ឲ្យ​ទៅដែរ​ ១៧ដូច្នេះ​ បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំងនេះ ហើយ​ធ្វើ​តាម នោះ​អ្នករាល់គ្នា​មាន​ពរ​ហើយ ១៨ខ្ញុំ​មិនមែន​និយាយ​ពី​អ្នក​ទាំងអស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ប៉ុន្ដែ ដើម្បី​ឲ្យសម្រេច​តាមបទ​គម្ពីរ​ដែល​បាន​ចែងថា អ្នក​ដែល​បរិភោគ​នំប៉័ង​របស់​ខ្ញុំ អ្នកនោះ​បាន​លើក​កែង​ជើង​របស់​ខ្លួន​ ទាស់​នឹង​ខ្ញុំ​១៩ពេលនេះ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ឲ្យហើយ មុន​ការនោះ​កើតឡើង ដើម្បី​នៅពេល​ការនោះ​កើត​ឡើង នោះ​អ្នករាល់គ្នា​នឹង​ជឿ​ថា គឺ​ខ្ញុំ​មែន​ ២០ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យទៅ អ្នកនោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ អ្នកនោះ​ក៏​ទទួល​ព្រះអង្គដែល​បាន​ចាត់​ខ្ញុំ​ឲ្យមក​ដែរ»

ព្រះយេស៊ូប្រាប់​ថា ​យូដាស​ក្បត់​ព្រះអង្គ

២១កាល​ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​​រួចហើយ ព្រះអង្គ​ជ្រួល​ច្របល់​ក្នុង​វិញ្ញាណ​ជាខ្លាំង ក៏​ធ្វើបន្ទាល់​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រា​កដ​ថា នៅក្នុង​ចំណោម​អ្នករាល់គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។​ ២២ពេលនោះ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅវិញ​ទៅមក ទាំង​មិនដឹងថា ​ព្រះ​អង្គ​មានបន្ទូល​អំពី​អ្នក​ណា​ទេ។ ២៣មាន​សិស្ស​ម្នាក់​ ដែល​ព្រះ​យេស៊ូ​ស្រឡាញ់ គាត់​កំពុង​អង្គុយ​នៅតុ​អាហារផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​ ២៤ដូច្នេះ ​លោក​ស៊ីម៉ូនពេត្រុសក៏​ធ្វើ​សញ្ញា ឲ្យអ្នកនោះ​ទូល​សួរ​​ព្រះអង្គអំពីអ្នក​ ដែល​ព្រះអង្គ​មានបន្ទូល​នោះ​ ២៥អ្នក​នោះ​ក៏​ទម្រេត​លើព្រះឱរា​​ របស់​ព្រះ​យេស៊ូ ហើយ​សួរ​ថា​៖ «ព្រះអ​ម្ចាស់​អើយ! តើ​អ្នក​នោះ​ជា​នរណា​?» ២៦ព្រះ​យេស៊ូ​ឆ្លើយ​ថា​៖ «អ្នក​​នោះជា​អ្នក​ដែល​ខ្ញុំ​ជ្រលក់​ចំណិត​នំប៉័ង​ហុច​​​ទៅ​ឲ្យ»។​ ដូច្នេះព្រះអង្គ​ក៏​ជ្រលក់​ចំណិតនំប៉័ង ហើយ​​ឲ្យទៅយូដាស ជា​កូន​របស់​លោក​ស៊ីម៉ូនអ៊ីស្ការីយ៉ុត។ ​២៧ក្រោយពី​ទទួល​​ចំណិត​នំប៉័ង​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​គាត់ រួច​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា​៖ «អ្នក​ចង់​ធ្វើ​អ្វី ចូរ​ប្រញាប់​ធ្វើ​ចុះ»​២៨ក្នុងចំណោម​ពួក​អ្នក​ដែល​អង្គុយ​នៅតុ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា ហេតុអ្វី​បានជា​ព្រះអង្គ​មាន​បន្ទូល ​ទៅ​គាត់​ដូច្នេះ​ឡើយ​ ២៩ហើយ​មាន​អ្នក​ខ្លះ​ស្មាន​ថា ដោយ​ព្រោះតែ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ​យេស៊ូ​ប្រាប់​គាត់​ឲ្យទៅ​ទិញ​ឥវ៉ាន់​ ដែល​ត្រូវ​ការ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យគាត់​ទៅ​ចែក​អ្វី​ដល់​ពួក​អ្នកក្រ។​ ៣០កាលយូដាស​បាន​ទទួល​​ចំណិត​នំប៉័ង​នោះ​ហើយ គាត់​ក៏​ចេញទៅ​ភ្លាម ពេលនោះ​យប់​ហើយ។

បញ្ញត្ដិ​ថ្មី​

៣១​ពេល​គាត់​ចេញ​ផុត​ទៅ ព្រះយេស៊ូក៏​មាន​បន្ទូល​​ថា​៖ «ឥឡូវនេះ​ កូនមនុស្ស​ បាន​តម្កើង​ឡើង​​ហើយ ឯ​ព្រះជាម្ចាស់ក៏​បានតម្កើង​ឡើង​ តាមរយៈ​កូនមនុស្ស​ដែរ ៣២ដូច្នេះ​ បើ​ព្រះជា​ម្ចាស់​បាន​តម្កើងឡើង តាមរយៈ​កូន​មនុស្ស នោះ​​ព្រះអង្គ​ ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​តាម​រយៈ​ព្រះអង្គ​ដែរ ហើយ​ព្រះអង្គ​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ឆាប់ៗ​នេះ។​​ ៣៣កូនតូច​ៗ​អើយ! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​​នឹង​រក​ខ្ញុំ ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​​ជនជាតិ​យូដា​រួចហើយ ឥឡូវនេះ ខ្ញុំ​ក៏​ប្រាប់​អ្នករាល់គ្នា​ដែរ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​បាន​ទេ។​ ៣៤ខ្ញុំ​ឲ្យបញ្ញត្តិ​ថ្មី​មួយ​ដល់​អ្នករាល់​គ្នា គឺ​ឲ្យអ្នករាល់គ្នា​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក​ ចូរ​ស្រឡាញ់​​​គ្នា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់អ្នក​រាល់​គ្នា​ដែរ។​ ៣៥​មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អ្នករាល់គ្នាជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​អ្នករាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅមក»​

ព្រះយេស៊ូប្រាប់​ឲ្យ​ដឹងជាមុនថា លោកពេត្រុស​នឹងបដិសេធ​ព្រះអង្គ

៣៦លោក​ស៊ីម៉ូនពេត្រុស​ ទូលសួរ​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ! តើ​ ព្រះអង្គ​នឹង​យាងទៅ​ណា​?» ព្រះ​យេស៊ូ​ឆ្លើយ​ទៅ​គាត់​ថា​៖ «កន្លែង​ដែល​​ខ្ញុំ​ទៅ​នោះ អ្នក​ពុំ​អាច​ទៅតាម​ខ្ញុំ​បាន​ទេ ​នៅ​ពេល​​ឥឡូវនេះ ប៉ុន្ដែ​ នៅពេល​ក្រោយទើប​អ្នក​ទៅ​បាន»។​ ៣៧លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ «ព្រះអម្ចាស់​អើយ! តើ​ហេតុអ្វី​បានជា​ខ្ញុំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​បាន​នៅពេល​ឥឡូវនេះ​? ខ្ញុំ​នឹង​លះបង់​​​ជីវិត​របស់​ខ្ញុំ​ដើម្បី​ព្រះអង្គ»​ ៣៨ព្រះ​យេស៊ូ​មានបន្ទូល​តប​ថា​៖ «តើ​អ្នក​នឹង​លះ​បង់​​​ជីវិត​ដើម្បី​ខ្ញុំ​ឬ​? ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​​ថា មុន​មាន់​​រងាវ​​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង​។​

យ៉ូហាន ១៣