យ៉ូហាន ១២
ព្រះយេស៊ូទទួលប្រេងតាំងនៅក្រុង បេថានី
១២មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូបានយាងមកក្រុងបេថានី ជាកន្លែងដែលឡាសារនៅ គាត់ជាអ្នកដែលព្រះយេស៊ូបានប្រោសឲ្យរស់ពីស្លាប់។ ២នៅទីនោះគេរៀបចំអាហារពេលល្ងាចសម្រាប់ព្រះអង្គ ហើយនាងម៉ាថាកំពុងបម្រើភ្ញៀវ ឯឡាសារវិញ គាត់ក៏ជាម្នាក់នៅក្នុងចំណោមពួកអ្នកដែលអង្គុយរួមតុអាហារជាមួយព្រះអង្គដែរ។ ៣នៅពេលនោះ នាងម៉ារាយកប្រេងក្រអូបទេពិ្វរូ សុទ្ធដ៏មានតម្លៃ ចំណុះប្រហែលកន្លះលីត្រ មកចាក់លាបបាទារបស់ព្រះយេស៊ូ រួចជូតបាទារបស់ព្រះអង្គ ដោយសក់របស់នាង ក្លិនប្រេងក្រអូបនោះបានសាយភាយពេញក្នុងផ្ទះ ៤ប៉ុន្ដែមានសិស្សម្នាក់របស់ព្រះអង្គឈ្មោះ យូដាសអ៊ីស្ការីយ៉ុត ជាអ្នកបម្រុងក្បត់ព្រះអង្គ បាននិយាយថា៖ ៥«តើហេតុអ្វីមិនលក់ប្រេងក្រអូបនេះឲ្យបានបីរយឌេណារី ហើយចែកទានអ្នកក្រទៅ?» ៦គាត់និយាយដូច្នេះ មិនមែន ដោយព្រោះគាត់យកចិត្តទុកដាក់ចំពោះអ្នកក្រទេ គឺគាត់ជាចោរ ជាអ្នកកាន់ថង់ប្រាក់ ហើយបានកេងយករបស់ដែលដាក់នៅក្នុងនោះ។ ៧ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «ទុកឲ្យនាងធ្វើចុះ! ដ្បិតនាងទុកប្រេងក្រអូបនេះ សម្រាប់ថ្ងៃបញ្ចុះសពរបស់ខ្ញុំ។ ៨អ្នករាល់គ្នា មានអ្នកក្រនៅជាមួយអ្នករាល់គ្នាជានិច្ច ប៉ុន្ដែខ្ញុំមិននៅជាមួយអ្នករាល់គ្នាជានិច្ចទេ»។ ៩មានពួកជនជាតិយូដាច្រើនកុះករបានដឹងថា ព្រះអង្គគង់នៅទីនោះ ដូច្នេះពួកគេនាំគ្នាមក ប៉ុន្ដែមិនមែនដោយព្រោះព្រះយេស៊ូប៉ុណ្ណោះទេ គឺពួកគេចង់ឃើញឡាសារ ដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញនោះដែរ។ ១០ពួកសម្តេចសង្ឃក៏ពិគ្រោះគ្នា ដើម្បីសម្លាប់ឡាសារដែរ ១១ហើយដោយសារតែគាត់ ជនជាតិយូដាជាច្រើនដកខ្លួនចេញពីពួកគេទៅជឿលើព្រះយេស៊ូវិញ។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡិម
១២នៅថ្ងៃបន្ទាប់ កាលបណ្តាជនច្រើនកុះករ ដែលមកចូលរួមពិធីបុណ្យ បានឮថា ព្រះយេស៊ូកំពុងយាងមកក្រុងយេរូសាឡិម ១៣នោះពួកគេក៏យកធាងចាក ចេញទៅទទួលព្រះអង្គ ទាំងស្រែកថា៖ «ហូសាណា សូមថ្វាយព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ជាស្តេចរបស់ជនជាតិអ៊ីស្រាអែល!»១៤កាលព្រះយេស៊ូរកបានកូនលាមួយក្បាល នោះព្រះអង្គក៏គង់លើខ្នងវា ស្របតាមសេចក្ដីដែលបានចែងទុកមកថា ១៥កុំខ្លាចអី កូនស្រីក្រុងស៊ីយ៉ូនអើយ! មើល៍ ស្តេចរបស់អ្នកយាងមកហើយ ព្រះអង្គគង់លើខ្នងកូនលា។ ១៦មុនដំបូង ពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្ដែកាលព្រះយេស៊ូបានតម្កើងឡើង នោះទើបពួកគេនឹកឃើញថា សេចក្ដីទាំងនេះបានចែងទុកអំពីព្រះអង្គ ហើយពួកគេក៏បានធ្វើកិច្ចការទាំងនោះសម្រាប់ព្រះអង្គដែរ។ ១៧រីឯបណ្តាជនដែលនៅជាមួយព្រះអង្គ ពួកគេបានធ្វើបន្ទាល់អំពីការ ដែលព្រះអង្គបានហៅឡាសារឲ្យចេញពីផ្នូរ និងបានប្រោសគាត់ឲ្យរស់ពីស្លាប់ឡើងវិញ ១៨ដូច្នេះហើយ បានជាមានបណ្តាជនទៅទទួលព្រះអង្គ ព្រោះពួកគេឮថា ព្រះអង្គបានធ្វើទីសំគាល់អស្ចារ្យនោះ។ ១៩ពេលនោះ ពួកអ្នកខាងគណៈផារិស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនឈ្នះទេ មើល៍ មនុស្សទៅតាមអ្នកនោះអស់ហើយ!»
ព្រះយេស៊ូប្រាប់អំពីការសោយទិវង្គតរបស់ព្រះអង្គ
២០ក្នុងចំណោមពួកអ្នក ដែលឡើងទៅថ្វាយបង្គំនៅក្នុងពិធីបុណ្យនោះ ក៏មានជនជាតិក្រេកខ្លះដែរ ២១អ្នកទាំង នោះបានចូលមកជិតលោកភីលីព ជាអ្នកក្រុងបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពួកគេសុំគាត់ថា៖ «លោក! យើងចង់ឃើញព្រះយេស៊ូ» ២២ដូច្នេះ លោកភីលីពបានទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និងលោកភីលីពក៏ទៅទូលព្រះយេស៊ូ។ ២៣ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគាត់ថា៖ «ពេលដែលកូនមនុស្សត្រូវតម្កើងឡើងនោះ បានមកដល់ហើយ ២៤ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា គ្រាប់ស្រូវដែលធ្លាក់ចុះទៅដី បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល ប៉ុន្ដែបើងាប់វិញ នោះទើបបង្កើតផលបានច្រើន ២៥អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ ប៉ុន្ដែ អ្នកណាដែលស្អប់ជីវិតខ្លួននៅក្នុងលោកិយនេះ អ្នកនោះនឹងរក្សាជីវិតបានរហូតអស់កល្បជានិច្ច ២៦បើអ្នកណាបម្រើខ្ញុំ ចូរឲ្យអ្នកនោះមកតាមខ្ញុំចុះ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នៅទីនោះដែរ ហើយបើអ្នកណាបម្រើខ្ញុំ នោះព្រះវរបិតានឹងលើកមុខអ្នកនោះឡើង។
២៧ឥឡូវនេះ ខ្ញុំមានចិត្តជ្រួលច្របល់ណាស់ តើត្រូវឲ្យខ្ញុំនិយាយដូចម្តេច? ឱព្រះវរបិតាអើយ! សូមសង្គ្រោះខ្ញុំពីពេលនេះផង ប៉ុន្ដែដោយព្រោះការនេះហើយ បានជាខ្ញុំមកដល់ពេលកំណត់នេះ ២៨ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមរបស់ព្រះអង្គ!»នោះស្រាប់តែមានសំឡេងមួយពីលើមេឃមកថា៖ «យើងបានតម្កើងឡើងហើយ យើងនឹងតម្កើងឡើងទៀត»។ ២៩ពេលនោះបណ្តាជនដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ «មានផ្គរលាន់!» អ្នកខ្លះទៀតនិយាយថា៖ «មានទេវតានិយាយជាមួយគាត់» ៣០ប៉ុន្ដែ ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «សំឡេងនេះមក មិនមែនដោយព្រោះខ្ញុំទេ គឺដោយព្រោះអ្នករាល់គ្នាវិញ៣១ឥឡូវនេះជាពេលជំនុំជម្រះពិភពលោកនេះ ហើយត្រូវបណ្តេញពួកអ្នកគ្រប់គ្រងពិភពលោកនេះចេញ ៣២រីឯខ្ញុំវិញ បើខ្ញុំត្រូវបានលើកឡើងពីផែនដីនេះ នោះខ្ញុំនឹងនាំមនុស្សទាំងអស់ឲ្យមកឯខ្ញុំ»។ ៣៣ព្រះអង្គមានបន្ទូលដូច្នេះដើម្បីបង្ហាញថា ការដែលព្រះអង្គសោយទិវង្គត ជាការសោយទិវង្គតបែបណា។ ៣៤បណ្តាជនទូលឆ្លើយ ទៅព្រះអង្គថា៖ «យើងបានឮពីគម្ពីរវិន័យ ថា ព្រះគ្រិស្ដត្រូវគង់នៅអស់កល្បជានិច្ច ចុះហេតុដូចម្តេចបានជាអ្នកនិយាយថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើកូនមនុស្សនោះជានរណា?» ៣៥ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពន្លឺនៅក្នុងចំណោមអ្នករាល់គ្នា តែមួយរយៈពេលខ្លីទេ ដូច្នេះចូរដើរ នៅពេលដែលអ្នករាល់គ្នានៅមានពន្លឺចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត គេមិនដឹងថា ខ្លួនឯងកំពុងទៅណាទេ។ ៣៦ចូរជឿលើពន្លឺចុះ ទាន់អ្នករាល់គ្នានៅមានពន្លឺ ដើម្បីឲ្យអ្នករាល់គ្នា ត្រលប់ជាកូននៃពន្លឺ»។ កាលព្រះយេស៊ូមានបន្ទូល អំពីសេចក្ដីទាំងនេះហើយ ព្រះអង្គក៏យាងចេញទៅ ហើយលាក់ខ្លួនពីពួកគេ។
លោកអេសាយថ្លែងទុកអំពីភាពគ្មានជំនឿ
៣៧ទោះបីព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើន នៅចំពោះមុខពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គដែរ ៣៨ដូច្នេះក៏សម្រេចតាមពាក្យរបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល ដែលបានថ្លែងទុកមកថា ព្រះអម្ចាស់អើយ! តើអ្នកណាជឿលើសេចក្ដីដែលយើងបានប្រាប់? តើព្រះហស្តរបស់ព្រះអម្ចាស់បើកសំដែងឲ្យអ្នកណាឃើញវិញ? ៣៩ដូច្នេះហើយពួកគេមិនអាចជឿបានឡើយ ព្រោះលោកអេសាយបានថ្លែងទុកទៀត ថា ៤០ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយឲ្យចិត្តរបស់ពួកគេរឹង ដើម្បីកុំឲ្យពួកគេមើលឃើញដោយភ្នែក ហើយយល់នៅក្នុងចិត្ដ រួចប្រែចិត្ត នោះយើងនឹងប្រោសពួកគេឲ្យជា។៤១លោកអេសាយនិយាយអំពីសេចក្ដីទាំងនេះ ព្រោះគាត់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយគាត់ក៏ថ្លែងទុកអំពីព្រះអង្គ។ ៤២ទោះជាយ៉ាងណាក្ដី ក៏មានច្រើននាក់ក្នុងចំណោមពួកមេដឹកនាំជឿលើព្រះអង្គដែរ ប៉ុន្ដែ ដោយសារតែពួកអ្នកខាងគណៈផារិស៊ី ពួកគេមិនប្រកាសជំនឿរបស់ខ្លួនទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ ៤៣ព្រោះពួកគេចូលចិត្តការសរសើររបស់មនុស្ស ជាងការសរសើររបស់ព្រះជាម្ចាស់។
សេចក្ដីសង្ខេបអំពីបេសកកម្មរបស់ ព្រះយេស៊ូ
៤៤ព្រះយេស៊ូបន្លឺសំឡេងឡើងថា៖ «អ្នកណាដែលជឿលើខ្ញុំ អ្នកនោះមិនមែនជឿលើខ្ញុំទេ គឺជឿលើព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក ៤៥ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ៤៦ខ្ញុំជាពន្លឺមួយ ដែលមកក្នុងពិភពលោកនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើខ្ញុំ មិននៅក្នុងសេចក្ដីងងឹតទៀតឡើយ ៤៧បើអ្នកណាឮពាក្យរបស់ខ្ញុំ ប៉ុន្ដែមិនធ្វើតាមនោះខ្ញុំក៏មិនដាក់ទោសគេដែរ ដ្បិតខ្ញុំមិនមែនមកដាក់ទោសមនុស្សលោកឡើយ គឺមកសង្គ្រោះមនុស្សលោកវិញ ៤៨អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលពាក្យរបស់ខ្ញុំ អ្នកនោះមានចៅក្រមដាក់ទោសគេហើយ គឺជាពាក្យដែលខ្ញុំបាននិយាយនោះឯង ដែលនឹងដាក់ទោសគេនៅថ្ងៃចុងក្រោយ ៤៩ព្រោះខ្ញុំមិនបាននិយាយដោយខ្លួនខ្ញុំទេ ផ្ទុយទៅវិញ ព្រះវរបិតាដែលបានចាត់ខ្ញុំឲ្យមក បានបង្គាប់ខ្ញុំអំពីអ្វីដែលខ្ញុំត្រូវនិយាយ និងអ្វីដែលខ្ញុំត្រូវប្រាប់ ៥០ហើយខ្ញុំដឹងថា សេចក្ដីបង្គាប់របស់ព្រះអង្គ ជាជីវិតអស់កល្បជានិច្ច ដូច្នេះអ្វីដែលខ្ញុំប្រាប់ គឺខ្ញុំប្រាប់តាមតែព្រះវរបិតាបានប្រាប់ខ្ញុំប៉ុណ្ណោះ»។