យ៉ាកុប ៥
កុំទុកចិត្ដលើខ្លួនឯង និងកុំអួតបំប៉ោង
៥ចូរមក៍ ឱ ពួកអ្នកមានអើយ! ចូរស្រែកទ្រហោយំ ចំពោះសេចក្ដីវេទនា ដែលនឹងធ្លាក់មកលើអ្នករាល់គ្នាចុះ ២ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុកផុយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវខ្មូតស៊ីអស់ដែរ។ ៣មាសប្រាក់របស់អ្នករាល់គ្នាដុះស្និម ហើយស្និមនេះ ជាទីបន្ទាល់ទាស់នឹងអ្នករាល់គ្នា ហើយស៊ីសាច់អ្នករាល់គ្នា ដូចជាភ្លើង អ្នករាល់គ្នាបានសន្សំទ្រព្យសម្បត្តិទុកនៅគ្រាចុងក្រោយនេះ។ ៤មើល៍ ប្រាក់ឈ្នួលដែលអ្នករាល់គ្នា បានលួចបន្លំកម្មករដែលបានច្រូតកាត់ នៅក្នុងស្រែរបស់អ្នករាល់គ្នាបានស្រែកឡើង ហើយសម្រែករបស់ពួកអ្នកច្រូត បានឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់ នៃពួកពលបរិវាហើយ។
៥អ្នករាល់គ្នា បានរស់នៅលើផែនដីនេះយ៉ាងថ្កុំថ្កើងរុងរឿង តាមបំណងស្រើបស្រាល ហើយអ្នករាល់គ្នាបានចម្អែតចិត្តរបស់ខ្លួន ដូចជានៅថ្ងៃសម្លាប់សត្វ។ ៦អ្នករាល់គ្នាបានកាត់ទោស ហើយសម្លាប់មនុស្សសុចរិត ប៉ុន្ដែពួកគេមិនបានប្រឆាំងនឹងអ្នករាល់គ្នាទេ។
ការអត់ធ្មត់នៅពេលមានទុក្ខលំបាក
៧ដូច្នេះ បងប្អូនអើយ! ចូរអត់ធ្មត់រហូតដល់ថ្ងៃ ដែលព្រះអម្ចាស់យាងមកចុះ មើល៍ កសិករទន្ទឹងរង់ចាំផលផ្លែដ៏មានតម្លៃដែលកើតចេញពីដី ដោយអត់ធ្មត់ដែរ គឺតាំងពីភ្លៀងដើមរដូវរហូតដល់ចុងរដូវ។ ៨រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ ចូរអត់ធ្មត់ ហើយពង្រឹងចិត្តរបស់អ្នកឲ្យមាំមួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។
៩បងប្អូនអើយ! ចូរកុំរអ៊ូរទាំទាស់គ្នាទៅវិញទៅមកឡើយ ក្រែងលោត្រូវជាប់ជំនុំជម្រះ មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។
១០បងប្អូនអើយ! ចូរយកពួកអ្នកនាំព្រះបន្ទូល ដែលបានថ្លែងព្រះបន្ទូលនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ ទុកជាគំរូអំពីសេចក្ដីអត់ធ្មត់ និងការរងទុក្ខលំបាកចុះ។ ១១មើល៍ យើងរាប់ពួកអ្នកដែលបានស៊ូទ្រាំថា ជាអ្នកមានពរ។ អ្នករាល់គ្នាបានឮអំពី ការស៊ូទ្រាំរបស់លោកយ៉ូប ហើយឃើញលទ្ធផលចុងក្រោយរបស់គាត់ ដែលមកពីព្រះអម្ចាស់ដែរ ដ្បិតព្រះអម្ចាស់ពេញដោយព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណា។
១២លើសពីនេះទៅទៀត បងប្អូនរបស់ខ្ញុំអើយ! កុំស្បថឲ្យសោះ មិនថាស្បថនឹងស្ថានសួគ៌ ឬផែនដី ឬសម្បថណាផ្សេងទៀតក្តី ផ្ទុយទៅវិញ ចូរឲ្យពាក្យរបស់អ្នករាល់គ្នា បាទ គឺបាទ ហើយទេ គឺទេចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាជាប់ជំនុំជម្រះឡើយ។
អធិស្ឋានដោយជំនឿ
១៣នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណារងទុក្ខលំបាកដែរឬ ចូរឲ្យអ្នកនោះអធិស្ឋានចុះ មានអ្នកណាអរសប្បាយដែរឬ ចូរឲ្យអ្នកនោះច្រៀងសរសើរចុះ ១៤នៅក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺដែរឬ ចូរឲ្យអ្នកនោះ ហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋាន ទាំងលាបប្រេងនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ចុះ ១៥ការអធិស្ឋានដោយជំនឿនឹងសង្គ្រោះអ្នកឈឺ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យបានជា បើគាត់បានប្រព្រឹត្តបាប គាត់នឹងបានទទួលការលើកលែងទោស។
១៦ដូច្នេះ ចូរអ្នករាល់គ្នាសារភាពបាបដល់គ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាសះស្បើយចុះ ដ្បិតសេចក្ដីទូលអង្វររបស់មនុស្សសុចរិតពូកែ និងមានប្រសិទ្ធភាពខ្លាំងណាស់។ ១៧លោកអេលីយ៉ាជាមនុស្ស ដែលមានលក្ខណៈដូចយើង គាត់បានអធិស្ឋានសុំ កុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់បីឆ្នាំប្រាំមួយខែ។ ១៨បន្ទាប់មក គាត់បានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀង ហើយដីក៏បានបង្កើតផលផ្លែ។
ជួយអ្នកវង្វេងឲ្យត្រលប់មករកព្រះវិញ
១៩បងប្អូនរបស់ខ្ញុំអើយ! បើមានអ្នកណាម្នាក់ នៅក្នុងចំណោមអ្នករាល់គ្នាវង្វេងចេញពីសេចក្ដីពិត ហើយមានអ្នកណាម្នាក់បាននាំគាត់មកវិញ ២០ចូរឲ្យអ្នកនោះដឹងថា អ្នកដែលនាំមនុស្សបាបចេញពីផ្លូវដែលគេបានវង្វេង គឺបានសង្គ្រោះព្រលឹងរបស់គេ ឲ្យរួចពីសេចក្ដីស្លាប់ ព្រមទាំងគ្របបាំងបាបដ៏ច្រើនលើសលុបទៀតផង៕