KCB - យ៉ាកុប ៤


យ៉ាកុប ៤

ចូរចុះចូលចំពោះព្រះជាម្ចាស់

តើ​ការ​ទាស់ទែង និង​ជម្លោះ​​ក្នុង​​ចំណោម​​អ្នករាល់គ្នា​ កើត​មក​ពី​ណា‍? តើ​​មិន​មែន​មក​ពី​ចិត្ដ​ស្រើប​ស្រាល ដែល​ច្បាំង​​ ក្នុង​អវយវៈ​របស់​អ្នករាល់គ្នា​ទេ​ឬ?​ អ្នក​រាល់​គ្នា​​លោភ​ចង់​បាន ប៉ុន្ដែ​មិន​​បាន​អ្វីឡើយ។​ អ្នក​រាល់​​គ្នា​សម្លាប់​គេ​ ហើយ​​ច្រណែនគេ​ ប៉ុន្ដែ​មិនអាច​ទទួល​បាន​​​អ្វីឡើយ។​ អ្នករាល់គ្នា​ឈ្លោះ​ ហើយទាស់ទែង​គ្នា។​ អ្នក​រាល់គ្នា​មិន​​បាន​អ្វី​សោះ​ ព្រោះ​​អ្នករាល់គ្នា​មិន​បាន​​សុំ។​​ អ្នករាល់គ្នា​សុំ​ដែរ ប៉ុន្តែ​​មិន​បាន​ទទួល​អ្វី​ឡើយ ពី​ព្រោះ​អ្នក​រាល់​គ្នា​សុំ​ដោយ​បំណង​អាក្រក់ គឺ​អ្នករាល់គ្នា​ចង់​បាន សម្រាប់​​តែ​ចាយ​បំពេញ​ចិត្ដ​ស្រើប​ស្រាល​របស់​ខ្លួន​​ប៉ុណ្ណោះ។‍

ឱ​ ពួក​ផិតក្បត់​អើយ! តើ​មិន​ដឹង​ទេ‍​ឬ​​ថា ការ​ស្រឡាញ់​​លោកិយ​ជា​សត្រូវ​​ព្រះ​ជា​ម្ចាស់​? ដូច្នេះ អ្នកណា​ចង់​ធ្វើ​មិត្តរបស់​លោកិយ​ អ្នក​នោះ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះជា​ម្ចាស់​​​ហើយ។ តើ​អ្នករាល់គ្នា​ស្មាន​ថា​ បទ​គម្ពីរ​​គ្មាន​ប្រយោជន៍‍​ឬដែល​បាន​ចែង​ទុក​​ថា ព្រះវិញ្ញាណ​ដែល​​ព្រះជាម្ចាស់​ ឲ្យ​សណ្ឋិត​នៅ​ក្នុង​យើង​​នោះ ​​​​ព្រះអង្គ​ស្រឡាញ់​​ដោយ​​ចិត្ដ​​ប្រចណ្ឌ​ ប៉ុន្ដែ​ ព្រះអង្គ​ផ្ដល់​ព្រះ​គុណ​​​កាន់​តែ​ខ្លាំង​ឡើង‍ៗ ហេតុ​នេះ​ហើយ​ បាន​ជា​​ មាន​សេចក្ដី​ចែង​ទុក​ថា៖ «ព្រះអង្គ​ប្រឆាំង​​នឹង ​មនុស្ស​​អួតអាង​ ប៉ុន្ដែ​ ផ្ដល់​ព្រះគុណ​ដល់​មនុស្ស​បន្ទាប​​ខ្លួន​វិញ»។​

ដូច្នេះត្រូវ​​ចុះចូល​ជាមួយ​ព្រះជា​ម្ចាស់ ហើយ​ប្រឆាំង​នឹង​​អារក្ស នោះ​វា​នឹង​រត់​ចេញ​ពី​អ្នករាល់គ្នា‍។ ​ចូរ​ចូល​ទៅ​ជិត​ព្រះជា​ម្ចាស់ នោះ​ព្រះអង្គ​នឹង​ចូល​មក​ជិត​អ្នករាល់គ្នា​វិញ ឱ​មនុស្ស​បាប​អើយ! ចូរ​លាង​ដៃ​ឲ្យបាន​ស្អាត​ចុះ ឱ ​មនុស្ស​មាន​ចិត្ត​ពីរ​អើយ! ចូរ​ជម្រះ​ចិត្ត​ឲ្យ​បាន​បរិសុទ្ធ​​ចុះ។ ចូរ​មានទុក្ខវេទនា​ ហើយ​កាន់​ទុក្ខ​ ព្រមទាំង​យំសោក ចូរ​​ឲ្យ​សំណើច​របស់​អ្នករាល់គ្នា ត្រលប់​ជា​ទុក្ខ​ព្រួយ​ចុះ ហើយ​ឲ្យ​អំណរ​​របស់​អ្នក​រាល់គ្នា​ត្រលប់​ជា ​ភាព​សោកសង្រេង​​វិញ។​ ១០ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​​ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​លើក​តម្កើង​​អ្នករាល់​គ្នា​ឡើង។

កុំថ្កោលទោសអ្នកផ្សេង

១១​បងប្អូន​អើយ! មិន​ត្រូវ​និយាយ​មួល​បង្កាច់​គ្នា​​ឡើយ អ្នកណា​ដែល​និយាយ​មួល​បង្កាច់​ ឬ​ថ្កោល​ទោស​បងប្អូន​របស់​ខ្លួន អ្នកនោះ​និយាយ​មួល​បង្កាច់ និង​ថ្កោល​ទោស​ក្រឹត្យ​វិន័យ​ហើយ។​ បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ​វិន័យ នោះ​អ្នក​មិន​មែន​ជា ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​ទេ​ គឺជា​អ្នក​ថ្កោលទោស​វិញ។​ ១២មានតែ​ព្រះមួយអង្គ​​​ប៉ុណ្ណោះ ដែល​ជា​​អ្នក​ផ្ដល់​ក្រឹត្យ​វិន័យ ហើយ​ជា​ចៅក្រម​​ដែល​អាច​សង្គ្រោះ និង​បំផ្លាញ​បាន‍។ រីឯ​​អ្នក​វិញ តើ​អ្នក​ជា​អ្នកណា បានជា​ហ៊ាន ​ថ្កោល​ទោស​អ្នក​ជិតខាង​របស់​ខ្លួន​ដូច្នេះ​?​ ១៣ចូរមក៍ ឱ ពួកអ្នក​ដែល​និយាយ​ថាថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក យើង​​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មួយ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​ឆ្នាំ រួចរក​ស៊ី​ឲ្យបាន​ចំណេញ‍អើយ! ១៤​អ្នក​រាល់គ្នា​មិន​ដឹង​ថា ថ្ងៃ​ស្អែក​មាន​អ្វី​កើត​ឡើង​ទេ​ ហើយក៏​មិន​ដឹង​ថា​​ ជីវិត​របស់​អ្នករាល់គ្នា​នឹង​ទៅជា​យ៉ាង​ណា​​ដែរ‍! ដ្បិត​អ្នករាល់គ្នា​គ្រាន់​តែ​ជា​ចំហាយ​ទឹក ​ដែល​មាន​តែ​មួយ​ភ្លែត ហើយ​ហួត​អស់​ទៅ​វិញ​ប៉ុណ្ណោះ។

១៥​ផ្ទុយ​ទៅ​វិញ អ្នករាល់គ្នា​គួរតែ​និយាយ​ថា បើ​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ យើង​​នឹង​មាន​ជីវិត​រស់ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ​ ១៦​ប៉ុន្ដែ​ឥឡូវ​នេះ អ្នករាល់គ្នា​អួតអាង​អំពី​អំនួត​របស់​ខ្លួន​វិញ ដែល​ការ​អួត​អាង​បែប​នេះ​សុទ្ធតែ​អាក្រក់​ទាំងអស់។ ១៧​ដូច្នេះ អ្នកណា​ដែលដឹង​អំពើ​ល្អដែលគួរធ្វើ ប៉ុន្ដែ​មិនព្រម​ធ្វើ អ្នក​នោះ​មាន​បាប​​​​​ហើយ។

យ៉ាកុប ៤