KCB - យ៉ាកុប ៣


យ៉ាកុប ៣

ត្រូវចេះទប់អណ្ដាត

បងប្អូន​របស់ខ្ញុំ​​អើយ! កុំ​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ព្រោះ​អ្នករាល់គ្នា​ដឹង​ហើយ​ថា​ យើង​​​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​​ជាង​គេ ដ្បិត​​យើង​ទាំងអស់​គ្នា​តែង​តែ​​ធ្វើ​ខុស​ជា​ច្រើន បើ​អ្នកណា​ម្នាក់​មិន​ធ្វើខុស​​ដោយ​សារ​ពាក្យ​សំដីទេ​ អ្នក​នោះ​ជា​មនុស្ស​គ្រប់​​លក្ខណ៍​ហើយ ក៏​អាច​គ្រប់​គ្រង​ ​រូបកាយ​ទាំងមូល​បាន​ដែរ។

បើ​យើង​ដាក់​បង្ហៀរ ​នៅ​​នឹង​មាត់​​សេះ នោះ​​ធ្វើ​ឲ្យវា​ស្តាប់​បង្គាប់​យើង ហើយ​​អាច​ញាក់​រូបកាយ​ទាំងមូល ​របស់​វា​បាន​​ទៀត​​ផង។ ​ចូរ​​មើល​នាវា​ដែរចុះ​ ទោះបី​សំពៅ​ធំ​សម្បើម ហើយ​មាន​ខ្យល់​បក់​ខ្លាំង​យ៉ាងណា​ក្ដី​ ក៏​អ្នក​បើក​បរ​អាច​បត់បែន​ទៅ​មក​បាន​តាម​ចិត្ត​ ដោយ​សារ​ចង្កូត​តូច​មួយ​ប៉ុណ្ណោះ។ រីឯ​​អណ្តាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​មួយ​តូច​មែន ប៉ុន្ដែ​ពូកែ​អួតអាងសម្បើម​ណាស់។​ សូម​មើល​ ភ្លើង​តែ​បន្តិច​អាច​ឆេះ​ព្រៃ​ដ៏​ធំ​​​បាន ​រីឯ​​អណ្តាត​​ក៏​ជា​ភ្លើង​ម្យ៉ាងដែរ​ វា​ជា​ពិភព​នៃ​សេចក្ដី​ទុច្ចរិត​ ហើយ​អណ្ដាត​ត្រូវ​បាន​ដាក់​​ក្នុង​ចំណោម ​អវយវៈ​របស់​យើង​ ដែល​អាច​ធ្វើ​ឲ្យរូបកាយ​ទាំង​មូល​ស្មោក​គ្រោក ហើយ​បញ្ឆេះ​អស់ទាំង​ដំណើរ​ជីវិត គឺ​​បញ្ឆេះដោយភ្លើងមក​ពី​នរក ​ដ្បិត​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូនវារ និង​សត្វ​ក្នុង​សមុទ្រ នោះ​អាច​ផ្សាំង​បាន ហើយ​ក៏​មាន​មនុស្ស​ដែល​​បាន​ផ្សាំង​ពួកវា​រួច​ហើយ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​អាច​ផ្សាំង​អណ្តាត​បាន​ទេ​ វា​​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​​ឲ្យស្លាប់​បាន។ ​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ ដែល​ជា​ព្រះវរបិតាដោយ​​អណ្ដាតនេះ​ ហើយយើង​​​ដាក់បណ្ដាសា​​មនុស្ស​ ដែល​ព្រះអង្គ​បាន​បង្កើត​មក​ ឲ្យ​មាន​​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាតតែ​មួយ​នេះ​ដែរ។​ ១០ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ និង​​​ពាក្យ​បណ្ដាសាបាន​ចេញ​ពី​មាត់​តែ​មួយ។ បង​ប្អូនរបស់​ខ្ញុំ​​អើយ! មិន​ត្រូវ​ឲ្យមាន​ដូច្នេះ​ឡើយ។ ១១ជា​ការ​ពិត​ណាស់​ មិន​ដែលមានប្រភពទឹកណា បញ្ចេញទឹក​សាប និង​ទឹក​ប្រៃ​​​ពី​​​រន្ធទឹក​តែ​មួយ​​ទេ ១២បង​ប្អូនរបស់​ខ្ញុំ​​អើយ! ដើមល្វា​មិន​អាច​មាន​ផ្លែ​​អូលីវទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​​ផ្លែ​​ល្វា​​ដែរ‍ ដូច្នេះ​រន្ធ​ទឹក​ប្រៃ​ក៏មិន​អាច​បញ្ចេញ​ទឹក​សាប​បានដែរ។

ប្រាជ្ញាដែលមកពីព្រះជាម្ចាស់

១៣​ក្នុង​ចំណោម​អ្នករាល់គ្នា បើ​មាន​អ្នកណា​ម្នាក់​​មាន​ប្រាជ្ញា និង​ចំណេះដឹង ចូរ​ឲ្យអ្នក​នោះ​ បង្ហាញការ​ប្រព្រឹត្តិ​របស់​ខ្លួនតាមរយៈកិរិយា​ល្អ ​​​​ដោយ​ចិត្ត​ស្លូត​បូត​ប្រកប​​ដោយ​ប្រាជ្ញា​ចុះ​ ១៤ប៉ុន្ដែ​បើ​អ្នករាល់គ្នា​មាន​សេចក្ដី​ច្រណែន​ដ៏​ល្វីងជូរចត់​ ហើយ​មាន​ចិត្ដ​អាត្មានិយម នោះចូរ​កុំ​អួត​ខ្លួន ហើយ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឡើយ។ ១៥​ប្រាជ្ញា​បែបនេះ​មិនមែន​មក​ពី​ស្ថាន​លើ​ទេ ផ្ទុយ​ទៅ​វិញ​ ជាប្រាជ្ញា​​របស់​​លោកិយ​ ជា​ប្រាជ្ញា​របស់​មនុស្ស និង​ជាប្រាជ្ញារបស់​អារក្សសាតាំង ១៦ដ្បិត​កន្លែង​ណា​មាន​​សេចក្ដី​ច្រណែន និង​ភាព​អាត្មានិយម​ កន្លែង​​នោះ​មាន​ភាព​វឹកវរ​ និង​អំពើ​​អាក្រក់​គ្រប់​បែបយ៉ាង។

១៧​ប៉ុន្ដែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ​ មុន​ដំបូង​បរិសុទ្ធ បន្ទាប់​មក​ផ្ដល់​សេចក្ដី​សុខសាន្ត ​ ស្លូត​បូត អធ្យាស្រ័យ​ ពេញ​ដោយ​សេចក្ដី​មេត្តាករុណា និង​ផល​ល្អ​គ្រប់​បែបយ៉ាង មិន​លំអៀង ហើយឥត​ពុតត្បុត​ឡើយ។​ ១៨រីឯពួក​អ្នក​ដែល​បង្កើត​​សេចក្ដី​​សុខសាន្ត​ សាប​ព្រោះ​ផល​នៃ​សេចក្តី​សុចរិត​ ដោយ​សេចក្តី​សុខសាន្ត។

យ៉ាកុប ៣