យ៉ាកុប ១
យ៉ាកុប
ពាក្យជម្រាបសួរពីលោកយ៉ាកុប
១ខ្ញុំ យ៉ាកុប ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបែកខ្ញែកគ្នា។
ការល្បងល និងសេចក្ដីល្បួង
២បងប្អូនរបស់ខ្ញុំអើយ! កាលណាអ្នករាល់គ្នាជួបសេចក្ដីល្បួងផ្សេងៗ នោះត្រូវចាត់ទុកថាជាអំណរដ៏ក្រៃលែង ៣ទាំងដឹងថា ការល្បងលជំនឿរបស់អ្នករាល់គ្នាបង្កើតសេចក្ដីអត់ធ្មត់ ៤ហើយចូរទុកឲ្យសេចក្ដីអត់ធ្មត់នោះ បង្កើតផលគ្រប់លក្ខណ៍ចុះ ដើម្បីឲ្យអ្នករាល់គ្នាបានពេញវ័យ ហើយគ្រប់លក្ខណ៍ឥតខ្វះអ្វីឡើយ ៥ប៉ុន្ដែនៅក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំព្រះជាម្ចាស់ ដែលប្រទានឲ្យ មនុស្សទាំងអស់ដោយសប្បុរស និងមិនបន្ទោសចុះ នោះព្រះអង្គនឹងប្រទានឲ្យ មិនខាន ៦ប៉ុន្ដែអ្នកនោះត្រូវទូលសុំដោយជំនឿឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកណាដែលសង្ស័យ អ្នកនោះប្រៀបដូចជារលកសមុទ្រ ដែលត្រូវខ្យល់បោកបក់កម្រើកចុះឡើង។ ៧ចូរកុំឲ្យអ្នកនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឲ្យ សោះ ៨ព្រោះគេជាមនុស្សមានចិត្តពីរ មិននឹងនក្នុងការប្រព្រឹត្ដិ ទាំងស្រុងរបស់ខ្លួនទេ។
៩ចូរបងប្អូន ដែលក្រីក្រមានមោទនភាពឡើង ដោយព្រោះបានថ្កើងឡើង ១០ហើយអ្នកមាន ក៏មានមោទនភាពដែរ ដោយព្រោះបានបន្ទាបចុះ ព្រោះគេនឹងវិនាសទៅដូចជាផ្កាស្មៅ។ ១១ពេលថ្ងៃរះឡើងពេញកំដៅ ស្មៅក៏ក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់របស់វាក៏បាត់បង់ដែរ ដូច្នេះអ្នកមាននឹងវិនាសទៅជាយ៉ាងនោះដែរ នៅក្នុងដំណើរជីវិតរបស់ខ្លួន។
១២មានពរហើយអ្នកណា ដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ព្រោះក្រោយពីបានឃើញថា ខ្ជាប់ខ្ជួន អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នក ដែលស្រឡាញ់ព្រះអង្គ។ ១៣កាលណាជួបសេចក្ដីល្បួង កុំឲ្យអ្នកណាម្នាក់និយាយថា ព្រះជាម្ចាស់ល្បួងខ្ញុំឡើយ ដ្បិតការអាក្រក់មិនអាចល្បួងព្រះជាម្ចាស់បានទេ ហើយព្រះអង្គក៏មិនល្បួងអ្នកណាដែរ ១៤ព្រោះការដែលម្នាក់ៗជួបសេចក្ដីល្បួង គឺដោយសារត្រូវសេចក្តីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញ និងលួងលោមប៉ុណ្ណោះ។ ១៥ពេលសេចក្តីប៉ងប្រាថ្នាចាប់កំណើត នោះសម្រាលមកបានបាប ហើយពេលបាបពេញវ័យឡើង នោះក៏បង្កើតបានសេចក្ដីស្លាប់។
១៦បងប្អូន ជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរកុំឲ្យចាញ់បញ្ឆោតឡើយ ១៧ដ្បិតគ្រប់ទាំងរបស់ល្អ និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែ ក៏គ្មានដែរ។ ១៨ព្រះអង្គបានបង្កើតយើង ទៅតាមបំណងរបស់ព្រះអង្គ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងត្រលប់ជាផលដំបូងមួយនៅក្នុងចំណោមអ្វីៗដែលព្រះអង្គបានបង្កើតមក។
ការស្ដាប់ និងការប្រព្រឹត្ដិតាម
១៩បងប្អូន ជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្តាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ ២០ដ្បិតកំហឹងរបស់មនុស្ស មិនអាចសម្រេចបាន សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ទេ។
២១ដូច្នេះ ចូរបោះបង់សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង និងសេចក្ដីអាក្រក់ទាំងឡាយចោល ហើយទទួលយកព្រះបន្ទូល ដែលបានដាំនៅក្នុងចិត្តរបស់អ្នករាល់គ្នាដោយចិត្តស្លូតបូត ដ្បិតព្រះបន្ទូលអាចជួយសង្គ្រោះព្រលឹងរបស់អ្នករាល់គ្នាបាន។
២២ចូរធ្វើជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល កុំឲ្យគ្រាន់តែស្តាប់ ដោយបញ្ឆោតខ្លួនឯងនោះឡើយ ២៣ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ ប៉ុន្ដែមិនប្រព្រឹត្តតាម អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ ដែលឆ្លុះកញ្ចក់មើលមុខខ្លួនឯង ២៤ពេលមើលរួចហើយ ក៏ចេញទៅ ភ្លាមនោះក៏ភ្លេចថា ខ្លួនមានមុខយ៉ាងណា ២៥ប៉ុន្ដែអ្នកណាដែលពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ ជាក្រឹត្យវិន័យនៃសេរីភាព ហើយនៅខ្ជាប់ខ្ជួន ទាំងមិនភ្លេចសេចក្ដីដែលខ្លួនបានឮ ផ្ទុយទៅវិញ ប្រព្រឹត្ដតាម អ្នកនោះនឹងមានពរនៅក្នុងកិច្ចការដែលខ្លួនធ្វើ។
២៦បើអ្នកណាគិតថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្តាតរបស់ខ្លួន អ្នកនោះបញ្ឆោតចិត្តខ្លួនឯងហើយ រីឯសាសនាដែលអ្នកនោះកាន់ ក៏គ្មានប្រយោជន៍ដែរ។ ២៧រីឯសាសនាបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះជាម្ចាស់ដ៏ជាព្រះវរបិតានោះ គឺថា ត្រូវសួរសុខទុក្ខក្មេងកំព្រា និងស្រ្តីមេម៉ាយដែលមានសេចក្តីវេទនា ហើយរក្សាខ្លួនមិនឲ្យសៅហ្មង ដោយសារលោកិយនេះឡើយ។