ហេព្រើរ ៩
ក្បួនតម្រាចាស់សម្រាប់ការថ្វាយបង្គំ
៩នៅក្នុងកិច្ចព្រមព្រៀងមុន មានក្បួនតម្រាសម្រាប់ការបម្រើ ហើយក៏មានទីបរិសុទ្ធ នៅលោកិយ៍នេះដែរ។ ២ដ្បិតពួកគេសង់រោង ហើយនៅផ្នែកខាងមុខដែលគេហៅថា ទីបរិសុទ្ធនោះ មានជើងចង្កៀង តុ និងនំប៉័ងតាំងថ្វាយ។ ៣រីឯនៅខាងក្រោយវាំងននទីពីរ មានផ្នែកមួយទៀត ដែលហៅថា ទីបរិសុទ្ធបំផុត ៤នៅទីនោះមានឧបករណ៍សម្រាប់ដុតគ្រឿងក្រអូបធ្វើអំពីមាស និងហិបនៃកិច្ចព្រមព្រៀង ដែលស្រោបមាសជុំវិញទាំងអស់ ហើយនៅក្នុងហិបនោះមានពានមាសមួយដាក់នំម៉ាណា ព្រមទាំងដំបងរបស់លោកអើរ៉ុន ដែលមានស្លឹកដុះចេញមក និងបន្ទះថ្មនៃកិច្ចព្រមព្រៀង ៥ហើយពីលើហិបនោះ មានរូបចេរ៉ូប៊ីនដ៏មានសិរីរុងរឿងបាំងពីលើទីសណ្តោសប្រោស ប៉ុន្ដែនៅពេលនេះ យើងមិនអាចនិយាយអំពីរឿងទាំងនេះ ឲ្យបានល្អិតល្អន់ទេ។
៦ពេលរបស់ទាំងនេះ បានរៀបចំរួចរាល់ហើយ ពួកសង្ឃក៏ចូលទៅក្នុងរោងផ្នែកខាងមុខដើម្បីធ្វើការបម្រើ ៧ប៉ុន្ដែនៅផ្នែកទីពីរ មានតែសម្ដេចសង្ឃប៉ុណ្ណោះ ដែលអាចចូលបានក្នុងមួយឆ្នាំម្តង ដោយមានឈាម ដែលគាត់ត្រូវថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់បាបរបស់ប្រជាជន។ ៨ព្រះវិញ្ញាណបរិសុទ្ធ បានបង្ហាញឲ្យឃើញអំពីការនេះថា ដរាបណាផ្នែកខាងមុខនៃរោង នៅមាននៅឡើយ នោះផ្លូវចូលទៅក្នុងទីបរិសុទ្ធបំផុតក៏ពុំទាន់បើកចំហដែរ។ ៩នេះគឺជាការប្រៀបប្រដូចអំពីបច្ចុប្បន្នកាល ដែលការថ្វាយតង្វាយ និងយញ្ញបូជាពុំអាចធ្វើឲ្យមនសិការរបស់អ្នកបម្រើគ្រប់លក្ខណ៍បានឡើយ។ ១០ទាំងនោះគ្រាន់តែជាក្បួនតម្រាខាងសាច់ឈាមអំពីម្ហូបអាហារ ភេសជ្ជៈ និងការលាងសំអាតផ្សេងៗប៉ុណ្ណោះ ដែលបានប្រើរហូតដល់ពេលដែលមានការកែប្រែឡើងវិញ។
ព្រះគ្រិស្ដជាយញ្ញបូជាដ៏គ្រប់លក្ខណ៍
១១កាលព្រះគ្រិស្ដ បានយាងមកធ្វើជាសម្ដេចសង្ឃខាងឯសេចក្ដីល្អ ដែលត្រូវមក ព្រះអង្គបានយាងកាត់រោងដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនមែនធ្វើឡើង ដោយដៃមនុស្សទេ ហើយក៏មិនមែនជារបស់ពិភពលោកនេះដែរ។ ១២ព្រះអង្គមិនបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ តែបានយកឈាមរបស់ព្រះអង្គផ្ទាល់ ចូលក្នុងទីបរិសុទ្ធបំផុតតែម្តងជាការស្រេច ទាំងទទួលបានសេចក្ដីប្រោសលោះ ដ៏អស់កល្បជានិច្ច ១៣ដ្បិតបើឈាមគោឈ្មោល ឈាមពពែឈ្មោល និងផេះគោក្រមុំ ដែលគេប្រោះលើពួកអ្នកស្មោកគ្រោកធ្វើឲ្យអ្នកទាំងនោះបរិសុទ្ធ ហើយធ្វើឲ្យសាច់ឈាមជ្រះស្អាតទៅហើយ ១៤នោះឈាមរបស់ព្រះគ្រិស្ដ ដែលបានថ្វាយអង្គទ្រង់ ទុកជាតង្វាយដ៏ឥតសៅហ្មងដល់ព្រះជាម្ចាស់ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ចវិញ កាន់តែធ្វើឲ្យមនសិការរបស់យើង ស្អាតពីកិច្ចការខាងឯសេចក្ដីស្លាប់ទៅទៀត ដើម្បីឲ្យបម្រើព្រះជាម្ចាស់ ដ៏មានព្រះជន្មរស់ ១៥ហេតុនេះហើយបានជាព្រះអង្គ ជាអ្នកសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ដើម្បីឲ្យអស់អ្នក ដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលបានមរតកដ៏អស់កល្បជានិច្ចដែលបានសន្យា ដោយព្រះអង្គសោយទិវង្គត ដើម្បីលោះគេ ឲ្យរួចពីការល្មើសទាំងឡាយដែលបានប្រព្រឹត្ត កាលនៅក្រោមកិច្ចព្រមព្រៀងមុន។
១៦ដ្បិតទីណាមានបណ្តាំមរតក ទីនោះត្រូវតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលសរសេរបណ្តាំ បានស្លាប់ហើយ ១៧ដ្បិត បណ្តាំមរតកអាចយកជាការបាន លុះត្រាតែអ្នកសរសេរ បានស្លាប់ហើយ ប៉ុន្ដែ ពេលអ្នកសរសេរនៅរស់នៅឡើយ បណ្ដាំនោះ មិនអាចយកជាការបានទេ ១៨ដូច្នេះហើយ កិច្ចព្រមព្រៀងមុន ក៏មិនអាចយកជាការបានដែរ បើគ្មានឈាម។ ១៩ដ្បិតពេលលោកម៉ូសេបានប្រកាសប្រាប់ប្រជាជនទាំងអស់ អំពីបញ្ញត្តិទាំងឡាយ ស្របតាមគម្ពីរវិន័យរួចហើយ គាត់ក៏យករោមចៀមពណ៌ក្រហមទុំ និងស្លឹកហ៊ីសុបមកជ្រលក់នៅក្នុងឈាមកូនគោ ឈាមពពែ និងទឹក ហើយប្រោះលើគម្ពីរ និងប្រជាជនទាំងអស់ ២០ទាំងនិយាយថា នេះជាឈាមនៃកិច្ចព្រមព្រៀង ដែលព្រះជាម្ចាស់បានបង្គាប់មកអ្នករាល់គ្នា។ ២១បន្ទាប់មក គាត់ក៏ប្រោះឈាមបែបដូច្នោះដែរ ទៅលើរោង និងទៅលើឧបករណ៍ទាំងអស់សម្រាប់ការបម្រើ។ ២២ស្របតាមគម្ពីរវិន័យ អ្វីៗស្ទើរតែទាំងអស់បានស្អាត ដោយសារឈាម ហើយបើគ្មានការបង្ហូរឈាមទេ នោះក៏គ្មានការលើកលែងទោសដែរ។ ២៣ដូច្នេះចាំបាច់ត្រូវឲ្យគំរូនៃអ្វីៗដែលនៅស្ថានសួគ៌ មានការសំអាតដោយពិធីទាំងនេះ ប៉ុន្ដែអ្វីៗដែលនៅស្ថានសួគ៌នោះត្រូវសំអាត ដោយយញ្ញបូជាដ៏ប្រសើរជាងនេះ ២៤ដ្បិតព្រះគ្រិស្ដ មិនបានយាងចូលក្នុងទីបរិសុទ្ធដែលធ្វើឡើងដោយដៃមនុស្សដែលគ្រាន់តែជារូបតំណាងនៃរបស់ពិតប៉ុណ្ណោះទេ គឺ ព្រះអង្គបានយាងចូលក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញអង្គទ្រង់ជំនួសយើង នៅចំពោះព្រះភក្រ្ត របស់ព្រះជាម្ចាស់ នៅពេលឥឡូវនេះ។
២៥ព្រះអង្គមិនបានថ្វាយអង្គទ្រង់ជាច្រើនលើក ដូចជាសម្ដេចសង្ឃដែលចូលក្នុងទីបរិសុទ្ធបំផុត ជារៀងរាល់ឆ្នាំ ដោយយកឈាម ដែលមិនមែនជារបស់ខ្លួនឯងនោះឡើយ ២៦ដ្បិតបើដូច្នេះមែន នោះព្រះអង្គ មុខជាត្រូវរងទុក្ខជាច្រើនលើក តាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។ ២៧មនុស្សត្រូវកំណត់ឲ្យស្លាប់មួយដង ហើយបន្ទាប់មកត្រូវជាប់ជំនុំជម្រះជាយ៉ាងណា ២៨ព្រះគ្រិស្ដក៏ថ្វាយអង្គទ្រង់តែមួយដង ដើម្បីដកយកបាបចេញពីមនុស្សជាច្រើនជាយ៉ាងនោះដែរ ព្រះអង្គនឹងបង្ហាញខ្លួនជាលើកទីពីរ ប៉ុន្ដែ គ្មានការដកយកបាបទៀតទេ គឺសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ។