KCB - ហេព្រើរ ៨


ហេព្រើរ ៨

ព្រះគ្រិស្ដជាសម្ដេចសង្ឃដ៏ធំបំផុតរបស់យើង

រី‍ឯ​ចំណុច​ដ៏​សំខាន់​ក្នុង​សេចក្ដី​ ដែល​បាន​រៀបរាប់​មក​នេះ គឺ​យើង​មាន​សម្ដេច​សង្ឃ​ ដែលគង់​នៅ​ខាង​ស្តាំ​​បល្ល័ង្ក​នៃ​ព្រះ​ដ៏​ឧត្តុង្គឧត្តម​​​ នៅ​ស្ថាន​សួគ៌​ ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ និង​នៅ​ក្នុង​រោង​ដ៏​ពិត​ដែល​ព្រះ​អម្ចាស់​ជា​អ្នកសង់​ មិន​មែន​មនុស្ស​ទេ។​

ដ្បិត​សម្ដេច​សង្ឃ​គ្រប់​រូប​ ត្រូវបាន​​តែង​តាំង​ឲ្យ​ថ្វាយ​ទាំង​តង្វាយ និង​យញ្ញបូជា ដូច្នេះ​សម្ដេច​សង្ឃ​ម្នាក់​នេះ​ក៏​ត្រូវ​មាន​អ្វី​ថ្វាយ​ដែរ។​ បើ​ព្រះអង្គ​គង់​នៅ​ផែនដី នោះ​ព្រះអង្គ​​មិន​មែន​ជា​សង្ឃ​ទេ ព្រោះ​មាន​ពួក​សង្ឃ​ ដែល​ថ្វាយ​តង្វាយ​តាម​គម្ពីរ​វិន័យ​រួច​ទៅ​ហើយ ​គឺ​ពួកគេ​បម្រើ​ទៅ​តាម​​គំរូ និង​លំនាំ​នៅ​ស្ថាន​សួគ៌ ស្រប​តាម​ព្រះ​បន្ទូល ​ដែល​លោក​ម៉ូសេ​បាន​ទទួល​ នៅ​ពេល​គាត់​កំពុង​រៀប​នឹង​សង់​រោង​ គឺ​ព្រះ​ជាម្ចាស់​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទៅ​តាម​គំរូ​ ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅ​លើ​ភ្នំ» ប៉ុន្ដែ​ ឥឡូវ​នេះ​ ព្រះអង្គ​បាន​ទទួល​កិច្ចការប្រសើរ​ជាង​នោះ ដូច្នេះ​ព្រះអង្គ ​ ក៏ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រម​ព្រៀង​​ដ៏​ប្រសើរ​ជាងដែរ គឺជា​កិច្ច​ព្រម​ព្រៀង​ដែល​បាន​តាំង​នៅលើ​សេចក្ដី​សន្យា​​ដ៏​ប្រសើរ​ជាង។

​ដ្បិត​បើ​កិច្ច​ព្រម​ព្រៀង​មុន​ គ្មាន​កំហុស​មែន នោះមិន​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​ថ្មី​មក​ជំនួស​ទេ‍។ ​ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​​ឃើញ​​ប្រជារាស្ត្ររបស់ព្រះអង្គមាន​កំហុស ព្រះអង្គ​ក៏​មាន​បន្ទូល​​ថា៖​ «មើល៍ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ថា ​នឹងមាន​ថ្ងៃ​មួយ​​មក​ដល់​ ដែល​​យើង​នឹង​តាំង​កិច្ច​ព្រម​ព្រៀង​ថ្មី​ជាមួយ​​ពូជពង្ស​របស់​អ៊ីស្រាអែល និង​ពូជពង្ស​របស់​យូដា មិន​មែន​ជា​កិច្ច​ព្រម​ព្រៀង​ ដែល​យើង​បាន​តាំង​ ជាមួយ​ពួក​ដូនតា​របស់​ពួកគេ​នៅ​ថ្ងៃ ​ដែល​យើង​បាន​ដឹក​ដៃ​ដូនតា​ទាំង​នោះនាំ​ចេញ​​ពី​ទឹកដី​អេស៊ីព្ទ​ទេ ព្រោះ​ពួកគេ​មិន​បាន​កាន់​តាម​កិច្ច​ព្រម​ព្រៀង​របស់​យើង ហើយ​យើង​ក៏​មិន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួកគេ​ដែរ‍។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់​។​ ១០ព្រះអម្ចាស់​មាន​បន្ទូល​ថា ប៉ុន្ដែ​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​យើង​នឹង​តាំង​ជា​មួយ​ពូជពង្ស​អ៊ីស្រាអែល​នៅក្រោយ​ថ្ងៃ​ទាំង​នោះ គឺ​យើង​នឹង​ដាក់​ក្រឹត្យ​វិន័យ​របស់​យើង​​ ក្នុង​ចិត្ដ​របស់​ពួកគេ ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង ហើយ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ ហើយ​ ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ត​របស់​យើង‍១១​ពេល​នោះ​មិន​ចាំ​បាច់​ឲ្យពួកគេ​ម្នាក់ៗ​បង្រៀន​ជន​រួម​ជាតិ និង​បង​ប្អូន​របស់​ខ្លួន​ទៀត​ឡើយថា ចូរ​ស្គាល់​ព្រះ​អម្ចាស់ ព្រោះ​ពួកគេ​ទាំង​អស់​គ្នា ទាំងតូច ទាំងធំ នឹងស្គាល់​យើង​​ ១២​ដ្បិត​យើង​នឹង​មេត្តា ​ចំពោះ​​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ ហើយ​យើង​មិន​នឹក​ចាំ​ពី​បាប​របស់​ពួកគេ‍ទៀត​ឡើយ»។​ ១៣ដោយ​ព្រោះព្រះអង្គមាន​បន្ទូល​ថា នេះ​ជា​កិច្ច​ព្រមព្រៀង​​​ថ្មី​ នោះព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​មុន​ទៅ​ជា​ចាស់​វិញ។ ដូច្នេះ​អ្វីៗ​ដែលចាស់​​​ នឹង​កាន់​តែ​​ចាស់​ទៅៗ​ ហើយ​​ក៏​ជិត​​សាបសូន្យ​ដែរ។

ហេព្រើរ ៨