KCB - ហេព្រើរ ៧


ហេព្រើរ ៧

លោក​ម៉ិលគីស្សាដែកប្រៀបធៀបទៅនឹងលោកអ័ប្រាហាំ

ដ្បិត ​លោក​ម៉ិលគីស្សាដែក​​ នេះ​ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​ របស់​ព្រះ​ជាម្ចាស់​ដ៏​ខ្ពស់​បំផុត​ គាត់​​បាន​ជួប​លោក​អ័ប្រាហាំ​ ដែល​បាន​វិល​ត្រលប់​ មក​ពី​វាយ​កម្ទេច​ស្តេច​នានា ហើយ​គាត់​បាន​ឲ្យពរ​ដល់​លោក​អ័ប្រាហាំ​ រីឯ​លោក​អ័ប្រាហាំ ក៏​​យក​មួយ​ភាគ​ដប់​ពី​អ្វីៗ​ទាំង​អស់​ មក​ជូន​លោក​ម៉ិលគីស្សាដែកដែរ។​​ ​មុន​ដំបូង​គេ​ហៅ​នាម​ស្តេច​អង្គ​នេះថា ស្តេច​នៃ​សេចក្ដី​សុចរិត ហើយ​​ក្រោយ​មក​គេ​ក៏​ហៅ​ថា​ ស្ដេច​ក្រុង​សាឡិម​ដែរ​ ដែល​មាន​ន័យ​ថា​ ស្តេច​នៃ​​សេចក្ដី​សុខ​សាន្ត។​ គាត់​គ្មាន​ឪពុក​ម្ដាយ គ្មាន​ពង្សាវតារ គ្មាន​ថ្ងៃ​​កើត​ ឬ​ថ្ងៃ​ស្លាប់​​ឡើយ គឺគាត់​មាន​លក្ខណៈ​ ដូចព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ ហើយនៅជា​សង្ឃ​រៀង​រហូត​ទៅ។​

​ពិចារណា​មើល​ចុះ លោក​ម៉ិលគីស្សាដែក​នេះ ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ បាន​ជា​សូម្បីតែ​លោក​អ័ប្រាហាំ​ ជា​បុព្វបុរស​របស់​យើងក៏​យក​មួយ​ភាគ​ដប់​ពីជ័យ​ភណ្ឌ​​មក​ជូន​គាត់​​ដូច្នេះ។ ​រីឯ​ពួក​កូន​ចៅ​របស់​លោក​លេវី​ដែល​បាន​ទទួល​មុខងារ​ជា​សង្ឃ ពួកគេ​ក៏​បាន​ទទួល​សេចក្ដី​បង្គាប់​ស្រប​តាម​គម្ពីរ​​វិន័យ​ ឲ្យ​យក​មួយ​ភាគ​ដប់​ពី​ប្រជាជន​ដែរ គឺ​ពី​បងប្អូន​របស់​ពួកគេ ទោះ​បី​អ្នក​ទាំង​នោះ​កើត​ពី​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ ក៏​ដោយ។ ​​លោក​ម៉ិលគីស្សាដែក​ មិន​ជាប់​សាច់​ឈាម​ជាមួយ​ពួកគេ​​ទេ​ ប៉ុន្ដែ​ គាត់​​បាន​ទទួល​យក​​មួយ​ភាគ​ដប់ ​ពី​លោក​អ័ប្រាហាំ ហើយ​​បាន​ឲ្យពរ​លោក​អ័ប្រាហាំ​ ដែល​ជា​អ្នក​ទទួលបាន​​សេចក្ដី​សន្យា។

​អ្នក​ធំ​ឲ្យពរ​​អ្នក​តូច​ នោះគ្មានទាស់​អ្វី​​ឡើយ​ ហើយ​ក្នុង​ករណី​នេះ​មនុស្ស​ដែល​តែងតែ​ស្លាប់​ ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់ ប៉ុន្ដែក្នុង​ករណី​មួយ​ទៀត​ គឺ​អ្នកដែលមាន​សេចក្តីបន្ទាល់​​ថា គាត់​​មាន​ជីវិត​រស់ ជា​អ្នក​ទទួល​​វិញ។ ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា សូម្បី​តែ​លោក​លេវី​ ដែល​ទទួល​យក​តង្វាយ​មួយ​ភាគ​ដប់ ក៏​បាន​ថ្វាយ​មួយ​ភាគ​ដប់​ តាម​រយៈ​លោក​អ័ប្រាហាំ​ដែរ​ ១០ដ្បិត​កាល​លោក​ម៉ិលគីស្សាដែក​ ជួប​លោក​អ័ប្រាហាំ នោះ​​លោក​លេវី​នៅ​ក្នុង​ខ្លួន​ដូន​តា​របស់​គាត់​នៅ​ឡើយ​ទេ។

១១​ដូច្នេះ បើ​មុខ​ងារ​ជា​សង្ឃ​របស់​ពួក​លេវីនាំឲ្យ​​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខ​ងារ​នេះ ប្រជាជន​ទទួល​បាន​គម្ពីរ​​វិន័យ) តើ​ហេតុ​អ្វី​បាន​ជា​នៅតែត្រូវការ​ឲ្យមាន​ការតែង​តាំង​សង្ឃ ​ផ្សេង​​ទៀត​ដូច​​​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​​ដូច្នេះ‍?​ ១២ដ្បិត​ពេល​ណា​មុខ​ងារ​ជា​សង្ឃ​​ប្រែ​ប្រួល នោះ​ក្រឹត្យ​វិន័យ​ត្រូវ​តែ​​ប្រែ​ប្រួល​ដែរ។ ១៣​ដ្បិត​​ព្រះ​​មួយ​អង្គ​ ដែល​សេចក្ដី​ទាំង​ឡាយ​បាន​ប្រាប់​មក​នោះ​ ព្រះអង្គ​មក​ពី​កុលសម្ព័ន្ធ​មួយ​​ដែលគ្មាន​អ្នកណា​ម្នាក់ពី​កុល​សម្ព័ន្ធ​​នោះ ​ធ្លាប់​បម្រើ​នៅ​កន្លែង​ថ្វាយ​តង្វាយ​ឡើយ។​ ១៤ដ្បិត​ជាក់​ស្ដែង​ណាស់​ ព្រះ​អម្ចាស់​របស់​យើង​មក​ពី​កុលសម្ព័ន្ធ​យូដា ប៉ុន្ដែ​ចំពោះកុលសម្ព័ន្ធ​នេះ ​លោក​ម៉ូសេ​មិន​បាន​និយាយអ្វី​ ទាក់ទង​នឹង​​​សង្ឃ​ទេ។​​

១៥សេចក្តី​នេះ​កាន់​តែ​ច្បាស់​​ថែម​ទៀត បើ​មាន​​សង្ឃ​ ម្នាក់​​ទៀត ​ដូច​លោក​​ម៉ិលគីស្សាដែក​ ១៦គឺមិន​មែន​ជា​សង្ឃ​ស្រប​ទៅ​តាម​ក្រឹត្យវិន័យ​ ដែលជា​បញ្ញត្តិ​ខាង​សាច់​ឈាម​ទេ ប៉ុន្តែ​​ស្រប​ទៅ​តាម​អំណាច​នៃជីវិត​ដ៏​មិន​សាប​សូន្យវិញ​​​ ១៧ដ្បិត​មាន​សេចក្តី​​បន្ទាល់​​ថា៖ «ព្រះអង្គ​​ជា​សង្ឃ​ដូច​លោកម៉ិលគីស្សាដែក ​អស់កល្ប​ជានិច្ច»។

១៨រីឯ​​បញ្ញត្តិ​ពី​មុន ​​ត្រលប់​ជា​មិន​បាន​ការ​ ព្រោះ​បញ្ញត្តិ​ទាំង​នោះ​ខ្សោយ ហើយ​គ្មាន​ប្រយោជន៍​​ ១៩(ដ្បិត​គម្ពីរ​​វិន័យ​មិននាំ​ឲ្យ​គ្រប់​លក្ខណ៍​ឡើយ) ដូច្នេះសេចក្ដី​សង្ឃឹម​មួយ​ដែល​ប្រសើរ​ជាង​ត្រូវ​បាន​នាំចូល​​មក ហើយ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​ជាម្ចាស់​បាន​តាមរយៈ​សេចក្ដី​សង្ឃឹម​នោះ‍។ ២០​អ្នក​ទាំង​ឡាយ​ដែល​ធ្វើ​ជា​សង្ឃមិនមាន​សម្បថទេ​ ប៉ុន្ដែ​ព្រះអង្គ​វិញ​ ពិតជាមាន​សម្បថ​ ២១​តាមរយៈ​ព្រះ​មួយ​អង្គ​ ដែល​បាន​មាន​បន្ទូល​អំពី​ព្រះ​អង្គ​ផ្ទាល់​ថា៖​ «ព្រះ​អម្ចាស់​​បាន​ស្បថ ហើយ​ព្រះអង្គ​មិន​ប្រែ​ព្រះ​ហឫទ័យ​ឡើយ ព្រះអង្គ​ជា​សង្ឃ ​​អស់កល្ប​ជានិច្ច‍»។

២២​ដូច្នេះ​ហើយ​ បាន​ជា​ព្រះយេស៊ូ​ត្រលប់​​​ជា​អ្នក​ធានា​កិច្ច​ព្រម​ព្រៀង ​ដ៏​ប្រសើរ​ជាង​ ២៣ម្យ៉ាង​​ទៀត មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ជា​សង្ឃ​ ព្រោះ​​សេចក្តី​ស្លាប់​បាន​រារាំង​ពួក​គេ ​មិន​ឲ្យ​បន្ត​មុខងារ​នោះ​បាន​ទៀត ២៤ប៉ុន្ដែ​ដោយ​ព្រោះ​​ព្រះ​យេស៊ូ​គង់​នៅ​​អស់​កល្ប​ជានិច្ច នោះ​មុខងារ​ជា​សង្ឃ​របស់​ព្រះអង្គមិន​​​ផ្ទេរ​ឲ្យ​អ្នក​ណា​​​​ឡើយ​ ២៥ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​អាច​សង្រ្គោះ​អស់​អ្នក​ ដែល​ចូល​ទៅ​ជិត​ព្រះ​ជាម្ចាស់ ​តាមរយៈ​ព្រះអង្គ​បាន​ជា​ដរាប ព្រោះ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ជានិច្ច ដើម្បី​ជួយ​ទូល​អង្វរ​ជំនួស​ពួកគេ។

២៦​សម្ដេច​សង្ឃ​​បែប​នេះ​ហើយ​ដែល​យើង​ត្រូវ​ការ​ គឺ​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅហ្មង ហើយ​ត្រូវ​បាន​ញែកចេញ​ពី​មនុស្ស​បាប និង​ត្រលប់​​ជា​ខ្ពង់​ខ្ពស់​ជាង​ស្ថាន​សួគ៌​​ទៅ​ទៀត ២៧ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញ​បូជា​រៀង​រាល់​ថ្ងៃ​ដូច​ជា​សម្ដេច​សង្ឃ​ផ្សេងៗ​ ដែល​ថ្វាយ​តង្វាយ​សម្រាប់បាប​របស់​ខ្លួន​ជា​មុន​ រួច​បាន​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​ប្រជាជននោះ​ឡើយ​​​ ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​នេះ​តែ​ម្ដង​ជា​ការ​សម្រេច​ ​នៅ​ពេល​ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់។​ ២៨ដ្បិត​គម្ពីរ​​វិន័យ​តែង​តាំង​មនុស្ស​ ដែល​មាន​ភាព​ទន់​ខ្សោយ​ឲ្យធ្វើ​ជា​សម្ដេច​សង្ឃ ប៉ុន្តែ​​ព្រះ​បន្ទូល​សម្បថ​ ដែល​មក​ក្រោយ​គម្ពីរ​​​វិន័យ​បាន​តែង​តាំង​ព្រះ​រាជបុត្រា​ដ៏​គ្រប់​លក្ខណ៍​អស់​កល្ប​ជានិច្ច‍ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ។

ហេព្រើរ ៧