ហេព្រើរ ៦
៦ដូច្នេះ ចូរយើងចេញពីសេចក្ដីបង្រៀនបឋមអំពីព្រះគ្រិស្ដ ហើយឆ្ពោះទៅកាន់ភាពគ្រប់លក្ខណ៍ កុំឲ្យយើងចាក់គ្រឹះម្ដងទៀតឡើយ ដូចជាខាងឯការប្រែចិត្ត ចេញពីកិច្ចការរបស់សេចក្ដីស្លាប់ ជំនឿលើព្រះជាម្ចាស់ ២សេចក្តីបង្រៀនអំពីពិធីជ្រមុជទឹក ពិធីដាក់ដៃ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះដ៏អស់កល្បជានិច្ច។ ៣បើព្រះជាម្ចាស់អនុញ្ញាត នោះយើងនឹងធ្វើការនេះ។
៤ដ្បិត អស់អ្នកដែលបានទទួលពន្លឺម្តងហើយ ព្រមទាំងបានភ្លក់អំណោយទានពីស្ថានសួគ៌បានត្រលប់ជាដៃគូនឹងព្រះវិញ្ញាណបរិសុទ្ធ ៥បានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះជាម្ចាស់ និងអំណាចនៃលោកខាងមុខរួចហើយ ៦ប៉ុន្ដែ បានធ្លាក់ចុះវិញ អ្នកទាំងនោះមិនអាចប្រែចិត្តជាថ្មីម្តងទៀតបានឡើយ ព្រោះពួកគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ សាជាថ្មី ទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈទៀតផង។
៧ដ្បិតដីណាស្រូបទឹកភ្លៀង ដែលធ្លាក់មកជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍ដល់អស់អ្នកភ្ជួររាស់ ដីនោះក៏ទទួលបានព្រះពរ មកពីព្រះជាម្ចាស់ដែរ ៨ប៉ុន្ដែ បើដីនោះដុះសុទ្ធតែបន្លា និងកន្ដ្រើយវិញ ដីនោះគ្មានតម្លៃសោះឡើយ បន្ដិចទៀតនឹងត្រូវបណ្តាសា ហើយនៅទីបញ្ចប់ នឹងត្រូវគេដុតចោលតែម្ដង។
៩បងប្អូនជាទីស្រឡាញ់អើយ! ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា មានសេចក្ដីដ៏ប្រសើរជាង ដែលទាក់ទងនឹងសេចក្ដីសង្រ្គោះសម្រាប់អ្នករាល់គ្នា ១០ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ ព្រះអង្គមិនភ្លេចកិច្ចការរបស់អ្នករាល់គ្នា ឬសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានបង្ហាញចំពោះព្រះនាមរបស់ព្រះអង្គឡើយ គឺការដែលអ្នករាល់គ្នាបានបម្រើពួកបរិសុទ្ធ ហើយ នៅតែបម្រើតទៅទៀតនោះ។ ១១យើងចង់ឲ្យអ្នករាល់គ្នាបង្ហាញសេចក្តីឧស្សាហ៍ដដែល ដើម្បីឲ្យបានជឿជាក់ទាំងស្រុងលើសេចក្ដីសង្ឃឹម រហូតដល់ទីបញ្ចប់ ១២ដើម្បីកុំឲ្យអ្នករាល់គ្នាត្រលប់ជាខ្ជិលច្រអូសឡើយ ផ្ទុយទៅវិញ ជាអ្នកយកតម្រាប់តាមអស់អ្នកដែលទទួលបានសេចក្ដីសន្យាទុកជាមរតក ដោយសារជំនឿ និងសេចក្តីអត់ធ្មត់។
ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់នាំមកនូវសេចក្ដីសង្ឃឹម
១៣នៅពេលព្រះជាម្ចាស់សន្យាជាមួយលោកអ័ប្រាហាំ ព្រះអង្គបានស្បថនឹងអង្គទ្រង់ ព្រោះគ្មានអ្នកណាធំជាងព្រះអង្គ ដែលព្រះអង្គត្រូវស្បថនឹងគេឡើយ ១៤ព្រះអង្គមានបន្ទូលថា៖ «យើងប្រាកដជានឹងប្រទានពរជាច្រើនដល់អ្នក ហើយយើងប្រាកដជានឹងធ្វើឲ្យពូជរបស់អ្នកកើនចំនួនច្រើនឡើង»។
១៥ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានអត់ធ្មត់យ៉ាងយូរ គាត់ក៏បានទទួលតាមសេចក្ដីសន្យា ១៦ដ្បិតមនុស្សតែងតែស្បថនឹងអ្នកដែលធំជាងខ្លួន ហើយគេចាត់ទុកសម្បថនោះថាបានការ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។ ១៧ដូច្នេះ ព្រះជាម្ចាស់ ចង់បង្ហាញអស់អ្នកស្នងមរតកតាមសេចក្ដីសន្យា ឲ្យឃើញកាន់តែច្បាស់ពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គធានា ដោយព្រះបន្ទូលសម្បថ ១៨ហើយ ដោយសារសេចក្ដីពីរយ៉ាងដ៏មិនចេះប្រែប្រួល ដែលព្រះជាម្ចាស់មិនអាចកុហកបាននេះ នោះយើងដែលបានរត់មកជ្រកកោន ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹម ដែលបានដាក់នៅចំពោះមុខ អាចទទួលបានការកម្សាន្តចិត្តយ៉ាងខ្លាំង។ ១៩យើងមានសេចក្ដីសង្ឃឹមនេះ ប្រៀបដូចជាយុថ្កាដ៏ជាប់មាំមួនរបស់ព្រលឹង។ សេចក្តីសង្ឃឹមនេះបានចូលទៅខាងក្នុងវាំងនន ២០ជាកន្លែង ដែលព្រះយេស៊ូបានយាងចូលទៅមុនជំនួសយើង រួចព្រះអង្គបានត្រលប់ជាសម្ដេចសង្ឃ ដូចលោកម៉ិលគីស្សាដែករហូតអស់កល្បជានិច្ច។