KCB - ហេព្រើរ ៤


ហេព្រើរ ៤

សេចក្ដីសន្យាអំពីការសម្រាកសម្រាប់ រាស្រ្ដរបស់ព្រះជាម្ចាស់

ដូច្នេះ កាល​ដែល​សេចក្ដី​សន្យា​អំពី​ការ​ចូល​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ​នៅមាន​នៅ​ឡើយ ចូរ​យើង​ខ្លាចចុះ​​ ដើម្បី​កុំ​ឲ្យ​​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​ មិន​បាន​ចូលនោះ​ឡើយ​ ដ្បិត​ដំណឹង​ល្អ​ដែល​យើង​បាន‍ឮ​នោះ​ក៏ជា​ដំណឹង​ល្អ​ ដែល​ពួកគេ​បាន‍ឮ​ដែរ ប៉ុន្ដែ​ព្រះ​បន្ទូល​ដែល​ពួកគេ​ឮ​ គ្មាន​ប្រយោជន៍​សម្រាប់​​ពួកគេ​ទេ ព្រោះ​​ព្រះបន្ទូល​ដែល​ពួកគេ​បាន​ឮ​នោះ​ មិន​បាន​ជ្រួតជ្រាប​ទៅក្នុង​ពួកគេ​ដោយ​ជំនឿ​ទេ។​​ រីឯ​យើង​ដែល​ជា​អ្នក​ជឿ​នឹង​បាន​ចូល​ក្នុង​ការសម្រាក​នោះ ដូច​ដែល​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖ «យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា ពួកគេ​នឹង​មិន​បាន​ចូល​ទៅ​​ក្នុង​ការសម្រាក​របស់​យើង​ឡើយ»។ ទោះ​​ជា​យ៉ាង​ណា ​កិច្ចការ​ទាំង​ឡាយ​បាន​សម្រេច​ តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​ហើយ។​ ដ្បិត​មាន​កន្លែង​មួយ ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​ទី​ប្រាំពីរ​ដូច្នេះ​ថា៖ «ព្រះ​ជាម្ចាស់​បាន​សម្រាក​ពី​កិច្ចការ​ទាំង​ឡាយ​​របស់​ព្រះអង្គ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ»​ ហើយ​មាន​បន្ទូល​នៅ​កន្លែង​នេះ​ទៀត​ថា៖ «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​ ក្នុង​ការសម្រាក​របស់​យើង​ឡើយ​»។​

ដូច្នេះ​ហើយ​ នៅ​តែ​ឲ្យ​​​អ្នក​ខ្លះ​​ចូល​ទៅ​​ក្នុង​ការសម្រាក​នោះបាន​ ប៉ុន្ដែ​ពួកអ្នក​ដែល​​ឮ​ដំណឹង​ល្អ​កាល​ពី​មុន​ មិន​បាន​ចូលដោយ​ព្រោះ​ការ​មិន​ស្ដាប់​បង្គាប់​ នោះព្រះអង្គ​ក៏​កំណត់​ថ្ងៃ​មួយ​ទៀត​ទុក គឺថ្ងៃ​នេះ ​ដោយបាន​មាន​បន្ទូល​តាមរយៈ​ស្តេច​ដាវីឌ​ជា​យូរ​ក្រោយ​មក​ទៀត​ ដូច​ដែល​បាន​មាន​បន្ទូល ​កាល​ពី​មុន​ថា​៖​ «នៅថ្ងៃ​នេះ បើ​អ្នករាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ ចូរ​កុំ​មាន​ចិត្ត​រឹងរូស»។ ​ដ្បិត ​បើ​លោក​យ៉ូស្វេ​ឲ្យពួកគេ​បាន​សម្រាក​មែន នោះ​ព្រះអង្គ​​មិន​មាន​បន្ទូល​អំពី​ថ្ងៃ​​ផ្សេង​ទៀត​នៅ​ពេល​ក្រោយ​ឡើយ​ ដូច្នេះ​ហើយ​ នៅ​តែមាន​ការ​សម្រាក​ទុក​សម្រាប់​រាស្រ្ត​របស់​ព្រះអង្គ។​ ១០ដ្បិត​អ្នកណា​ដែល​បាន​ចូល ​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ អ្នក​នោះ​ក៏​បាន​សម្រាក ​ពី​កិច្ចការ​ទាំង​ឡាយ​​របស់​ខ្លួន​ ដូច​ដែល​ព្រះ​ជាម្ចាស់​​បាន​សម្រាកពី​កិច្ចការ​របស់​ព្រះអង្គ​ដែរ។​ ១១ដូច្នេះ ចូរ​យើង​ខិតខំ​ព្យាយាម ​ឲ្យបាន​ចូល​ទៅ​ក្នុង​ការសម្រាក​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ដួល​ចុះ​ តាម​​​គំរូ​មិន​ស្តាប់​បង្គាប់​​ដដែល​នោះ​ឡើយ។​

១២ដ្បិត​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​មាន​ជីវិត​ ​មាន​អំណាច​ ហើយ​មុត​ជាង​ដាវ​មុខ​ពីរដែល​ចាក់​ទម្លុះ​រហូត​ដល់​​កាត់​​​ព្រលឹង​ និង​វិញ្ញាណ​ ព្រមទាំង​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ឲ្យដាច់​ចេញ​ពី​គ្នា រួច​វិនិច្ឆ័យ​ទាំង​គំនិត និង​បំណង​ចិត្ត​ទៀត​ផង‍។​ ១៣​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​ បាន​បង្កើត​មក គ្មាន​អ្វី​អាច​លាក់បាំង​ ពី​ព្រះ​ភក្ដ្រ​ព្រះអង្គ​បាន​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធតែ​នៅ​ទទេ ឥត​បិទបាំងសោះឡើយ ​នៅ​ចំពោះ​ព្រះ​នេត្រ​ របស់​ព្រះអង្គ​ ដែល​យើង​ត្រូវ​រាយ​រាប់​ប្រាប់។

ព្រះគ្រិស្ដជាសម្ដេចសង្ឃដ៏ធំបំផុតរបស់យើង

១៤ដូច្នេះ ដោយ​ព្រោះ​យើង​មាន​សម្ដេច​សង្ឃ​​ដ៏​ធំ​បំផុត ​ដែល​បានយាង​កាត់ស្ថានសួគ៌ គឺ​ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់​ ចូរ​​យើង​​កាន់​តាម​​ជំនឿ​ ដែល​យើង​បាន​ប្រកាស​នោះ​ឲ្យ​​​បាន​ខ្ជាប់ខ្ជួន​ចុះ​ ១៥ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​​របស់​យើង​ទេ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​ ១៦ដូច្នេះ ចូរ​យើង​ចូល​ជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ចិត្ដ​ក្លាហាន ដើម្បី​ទទួល​សេចក្ដី​មេត្តា​ករុណា និង​ទទួល​បាន​ព្រះ​គុណ ​សម្រាប់​ជា​ជំនួយ​នៅ​ពេល​ត្រូវ​ការ‍។

ហេព្រើរ ៤