KCB - ហេព្រើរ ២


ហេព្រើរ ២

ការព្រមានឲ្យ​យកចិត្ដទុកដាក់

ហេតុ​នេះ​ហើយ​ បាន​ជា​យើង​ ត្រូវ​យក​ចិត្ដ​ទុក​ដាក់ ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​សេចក្ដី​ ដែល​យើង​បាន​ឮ ក្រែង​លោ​យើង​ត្រូវ​រសាត់​ចេញ។ ដ្បិត​បើ​ព្រះ​បន្ទូល​ ដែល​បាន​ប្រកាស​តាមរយៈ​ពួក​ទេវតា​អាច​យក​ជា​ការ​បាន ហើយ​គ្រប់​ទាំង​ការល្មើស​ និង​ការ​មិន​ស្តាប់​បង្គាប់ បាន​​ទទួល​ទោស​យ៉ាង​យុត្តិធម៌​ទៅ​ហើយ ​តើ​ឲ្យ​យើង​រួច​ខ្លួន​បាន​យ៉ាង​ដូច​ម្តេច នៅ​ពេល​ដែល​យើង​ធ្វេស​ប្រហែស​នឹង​សេចក្ដី​សង្គ្រោះ​ ដ៏​ធំ​នេះ‍? ដ្បិត​ព្រះ​អម្ចាស់​បាន​​ប្រកាស​ជា​លើក​ដំបូង​អំពី​សេចក្ដី​សង្គ្រោះ​នេះហើយ​អស់​អ្នក​ដែល​បាន​ឮ​ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ​ ដោយ​មាន​ព្រះ​ជាម្ចាស់​ធ្វើ​បន្ទាល់​ជាមួយ​ផង តាមរយៈ​​ទី​សំគាល់​ ការ​អស្ចារ្យ និង​កិច្ចការ​ដ៏​មាន​អំណាច​ជា​ច្រើន ព្រមទាំងតាមរយៈ​អំណោយ​ទាន​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ស្រប​តាម​បំណង​របស់​​ព្រះអង្គ​ផង‍។

ព្រះយេស៊ូមាន​លក្ខណៈ​ដូច​ជា​បង​ប្អូន​របស់​ព្រះអង្គ​

​ព្រះ​ជាម្ចាស់​មិន​បាន​ដាក់លោក​ខាង​មុខ​ ដែល​យើង​កំពុង​និយាយ​នេះ​ឲ្យនៅ​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​ទេវតា​ឡើយ​ ប៉ុន្ដែ​ មាន​ម្នាក់​បាន​ធ្វើ​បន្ទាល់​នៅ​កន្លែង​មួយ​ថា៖ «តើ​មនុស្ស​ជា​អ្វី​ បាន​ជា​ព្រះអង្គ​នឹក​ចាំ​ពី​គេ តើ​កូន​មនុស្ស​ជា​អ្វី​ បាន​ជា​ព្រះអង្គ​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ចំពោះ​​គេ​​? ​ព្រះអង្គ​បាន​ធ្វើ​ឲ្យគេ​ទាប​ជាង​ពួក​ទេវតា​តែបន្ដិច​ប៉ុណ្ណោះ ព្រះអង្គ​បាន​ប្រទាន​សិរី​រុងរឿង និង​កិត្តិយស​​ដល់​គេ​ទុក​ជា​មកុដ​ ព្រះអង្គ​បាន​បង្រ្កាប​អ្វីៗ​ទាំង​​អស់ ​ឲ្យនៅ​ក្រោម​ជើង​របស់​គេ‍»។ នៅ​ពេល​ព្រះ​ជាម្ចាស់ ​បាន​បង្រ្កាប​អ្វីៗទាំង​អស់​ឲ្យចុះ​ចូល​នឹង​គេ ព្រះអង្គ​មិន​បាន​ទុក​​​ឲ្យ​អ្វី​មួយ ​មិន​ចុះចូលនឹង​គេ​ឡើយ​​ ប៉ុន្ដែ​ឥឡូវ​នេះ យើង​មិន​ទាន់​ឃើញ​របស់​ទាំង​អស់​ ចុះ​ចូល​នឹង​គេ​នៅ​ឡើយទេ។​ ប៉ុន្ដែ​យើង​ឃើញ​ព្រះ​យេស៊ូ​ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ​ឲ្យទាប​ជាង​ពួក​ទេវតាតែ​​បន្ដិច​​ប៉ុណ្ណោះ​ ​បាន​ទទួល​សិរី​រុងរឿង និង​កិត្តិយស​​ទុក​ជា​មកុដ​ ព្រោះ​ព្រះអង្គ​បាន​រង​ទុក្ខ​ក្នុង​ការ​សោយ​ទិវង្គតដើម្បី​ភ្លក់​សេចក្តី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​តាមរយៈ​ព្រះគុណ​របស់​ព្រះ​ជាម្ចាស់​ ១០ហើយ​ដើម្បី​នាំ​កូន​ជា​ច្រើន​មក‍ទទួល​សិរី​រុងរឿង នោះ​ស័ក្ដិសម​ឲ្យ​ព្រះ​ជាម្ចាស់​ដែល​អ្វីៗ​ទាំង​អស់​បាន​កើត​ តាមរយៈ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ​ ធ្វើ​ឲ្យម្ចាស់​នៃ​សេចក្ដី​សង្រ្គោះ​របស់​ពួកគេ​បាន​គ្រប់​លក្ខណ៍​តាមរយៈ​ការ​រង​ទុក្ខ​លំបាក។

១១​​ព្រះអង្គ​ដែល​ញែក​មនុស្ស​ជា​បរិសុទ្ធ និង ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ញែក​ជា​បរិសុទ្ធ​​​មាន​​ព្រះ​វរបិតា​តែ​មួយទេ​ ហេតុ​នេះ​ហើយ​ បាន​ជា​ព្រះ​អង្គ​មិន​ខ្មាស​នឹង​ហៅ​ពួកគេ​ថា​បង​ប្អូន​ឡើយ​ ១២គឺ​ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​នឹង​ប្រកាស​ពី​ព្រះនាម​របស់​ព្រះអង្គ​​ ដល់​បង​ប្អូន​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះអង្គ​​ នៅ​កណ្តាល​ចំណោម​ក្រុម​ជំនុំ»។

១៣ព្រះអង្គ​មាន​បន្ទូល​ទៀតថា៖ «ខ្ញុំ​នឹង​ទុក​ចិត្ត​​លើ​ព្រះអង្គ» ហើយ​មាន​បន្ទូល​ទៀត​ថា៖ «មើល៍​ ខ្ញុំនិង​កូនៗ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​មកខ្ញុំ​»។​ ១៤ដូច្នេះ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​ នៅក្នុង​សាច់ និង​​ឈាម ​​នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​​ដូច្នោះ​​ដែរ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ ជា​អ្នក​ដែល​មាន​អំណាច​​លើ​សេចក្ដី​ស្លាប់​ តាម​រយៈ​ការ​​សោយ​ទិវង្គតរបស់​ព្រះអង្គ​ ១៥​និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជាទាសករ​អស់​មួយ​ជីវិត​ដោយ​ព្រោះ​​​ខ្លាច​សេចក្ដី​ស្លាប់។ ១៦ព្រះអង្គ​ពិតជា​មិន​​បាន​ផ្ដល់ជំនួយដល់​ទេវតា​ទេ គឺ​ព្រះអង្គ​បាន​ផ្ដល់ជំនួយ ដល់​​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ ១៧ហេតុ​​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ ដូច​ជា​បង​ប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​​ជា​សម្ដេច​សង្ឃ​ ដ៏​មាន​ចិត្ដ​មេត្តា​ករុណា និង​​ស្មោះ​ត្រង់​ក្នុង​កិច្ច​ការ​ដែល​ទាក់ទង​នឹង​ព្រះ​ជាម្ចាស់ ហើយថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​ ១៨ព្រោះ​ព្រះអង្គ​ធ្លាប់​​រង​ទុក្ខ ទាំង​ត្រូវ​​ល្បួងផង​ ដូច្នេះ​ព្រះអង្គ​ក៏​អាច​ជួយ​ពួក​អ្នក​ ដែល​ត្រូវ​ល្បួង​​បាន​ដែរ។

ហេព្រើរ ២