ហេព្រើរ ១១
អ្នកដែលជាគំរូដ៏អស្ចារ្យអំពីជំនឿ
១១រីឯជំនឿ គឺជាការជឿ ជាក់លើអ្វី ដែលបានសង្ឃឹម និងជាការប្រាកដអំពីអ្វី ដែលមើលមិនឃើញ។ ២មនុស្សជំនាន់មុនបានទទួលការសរសើរ ដោយសារជំនឿនេះឯង។ ៣ដោយសារជំនឿ យើងយល់ថា ពិភពលោកនេះកើតមកដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះអ្វីៗទាំងឡាយដែលមើលឃើញ កើតមកពីអ្វីៗដែលមើលមិនឃើញ។
៤ដោយសារជំនឿលោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដែលប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន ហើយដោយសារជំនឿ គាត់បានទទួលការសរសើរថា ជាមនុស្សសុចរិត ដ្បិតព្រះជាម្ចាស់ បានសរសើរតង្វាយរបស់គាត់ ហើយដោយសារជំនឿ ទោះបីគាត់ស្លាប់ហើយក៏ដោយ ក៏គាត់នៅតែនិយាយ។ ៥ដោយសារជំនឿ លោកហេណុក ត្រូវបានលើកឡើងទៅស្ថានសួគ៌មិនឲ្យជួបសេចក្ដីស្លាប់ឡើយ គាត់បានបាត់ខ្លួន ពីព្រោះព្រះជាម្ចាស់លើកគាត់ឡើង ប៉ុន្ដែ មុនពេលព្រះជាម្ចាស់លើកគាត់ឡើង គាត់បានទទួលការសរសើរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងគាត់ណាស់ ៦ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នក ដែលស្វែងរកព្រះអង្គ ៧ដោយសារជំនឿ ពេលលោកណូអេបានទទួលការព្រមានពីព្រះជាម្ចាស់អំពីហេតុការណ៍ ដែលមិនទាន់ឃើញនៅឡើយ គាត់ក៏សង់ទូកធំមួយ សម្រាប់សង្គ្រោះក្រុមគ្រួសាររបស់គាត់ដោយចិត្ដកោតខ្លាច ហើយដោយសារជំនឿនេះឯង គាត់បានដាក់ទោសពិភពលោក និងបានត្រលប់ជាអ្នកស្នងមរតកលើសេចក្ដីសុចរិត ស្របតាមជំនឿ។
៨ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ ពេលព្រះជាម្ចាស់ត្រាស់ហៅគាត់ ឲ្យចេញដំណើរទៅកន្លែងមួយ ដែលគាត់ត្រូវទទួលទុកជាមរតក ហើយគាត់បានចេញទៅ ដោយមិនដឹងថាទៅកន្លែងណាផង។ ៩ដោយសារជំនឿ លោកអ័ប្រាហាំបានស្នាក់នៅ ដូចជាជនបរទេសក្នុងទឹកដី ដែលព្រះជាម្ចាស់បានសន្យា គឺរស់នៅក្នុងរោងជាមួយលោកអ៊ីសាក និងលោកយ៉ាកុបជាអ្នករួមស្នងមរតកលើសេចក្ដីសន្យាតែមួយ ១០ដ្បិតគាត់រង់ចាំទីក្រុងមួយដែលមានគ្រឹះ ជាទីក្រុង ដែលព្រះជាម្ចាស់ជាអ្នកគូរប្លង់ ហើយជាអ្នកសាងសង់។
១១ដោយសារជំនឿ សារ៉ាដែលជាស្រ្តីអា ក៏បានទទួលអំណាចឲ្យមានគភ៌ដែរ ទោះបីគាត់ហួសវ័យក៏ដោយ ព្រោះគាត់បានរាប់ព្រះអង្គដែលបានសន្យានោះ ថាស្មោះត្រង់ ១២ដូច្នេះ មានមនុស្សច្រើនឥតគណនាដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅឆ្នេរសមុទ្រ ដែលរាប់មិនអស់ បានកើតពីមនុស្សតែម្នាក់ដែលដូចជាស្លាប់ហើយ។ ១៣អ្នកទាំងអស់នោះបានស្លាប់ទាំងមានជំនឿ ដោយមិនបានទទួលអ្វីៗតាមសេចក្ដីសន្យាផង ប៉ុន្ដែពួកគេបានឃើញ និងបានអបអរចំពោះអ្វីៗទាំងនោះពីចម្ងាយ ទាំងប្រកាសថាខ្លួនជាជនបរទេស ហើយជាអ្នកស្នាក់នៅបណ្ដោះអាសន្នលើផែនដីនេះ។ ១៤អ្នកដែលនិយាយដូច្នេះ បង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកស្រុកមួយ ១៥ហើយបើគេនឹកស្រុក ដែលគេបានចាកចេញមកនោះ គេមានឱកាសវិលត្រលប់ទៅវិញបាន ១៦ប៉ុន្ដែតាមពិត ពួកគេចង់បានស្រុកមួយដ៏ប្រសើរជាងនោះ គឺជាស្រុកដែលនៅស្ថានសួគ៌។ ហេតុនេះហើយបានជាព្រះជាម្ចាស់ មិនខ្មាសនឹងឲ្យពួកគេហៅថាព្រះរបស់ពួកគេឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយ សម្រាប់ពួកគេ។
១៧ដោយសារជំនឿ នៅពេលព្រះជាម្ចាស់ល្បងលលោកអ័ប្រាហាំ គាត់បានថ្វាយអ៊ីសាកជាយញ្ញបូជា គឺគាត់ជាអ្នក ដែលបានទទួលសេចក្ដីសន្យាទាំងអស់ បានថ្វាយកូនប្រុសតែមួយរបស់គាត់ ១៨ទោះបីមានសេចក្ដីថ្លែងទុក អំពីកូននោះក៏ដោយថា៖ «ពូជពង្សរបស់អ្នកនឹងត្រូវរាប់តាមរយៈអ៊ីសាក»។ ១៩គាត់គិតថា ព្រះជាម្ចាស់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន ហើយគាត់ក៏បានទទួលអ៊ីសាកមកវិញមែន ទុកជារឿងប្រៀបប្រដូចមួយ។ ២០ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវអំពីអ្វីដែលនឹងកើតឡើង។ ២១ដោយសារជំនឿ នៅពេលលោកយ៉ាកុបរៀបនឹងស្លាប់ គាត់បានឲ្យពរ ដល់កូនទាំងពីររបស់លោកយ៉ូសែប ហើយបានថ្វាយបង្គំព្រះជាម្ចាស់ដោយច្រត់លើចុងឈើច្រត់។ ២២ដោយសារជំនឿ នៅពេលលោកយ៉ូសែបរៀបនឹងស្លាប់ គាត់បាននិយាយអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែល ហើយបានបង្គាប់គេអំពីឆ្អឹងរបស់គាត់។ ២៣ដោយសារជំនឿ នៅពេលលោកម៉ូសេកើតមក ឪពុកម្តាយរបស់គាត់បានលាក់គាត់ទុកបីខែ ព្រោះឃើញទារកនោះស្អាត ហើយពួកគេមិនខ្លាចរាជក្រឹត្យរបស់ស្តេចឡើយ។
២៤ដោយសារជំនឿ នៅពេលលោកម៉ូសេ ពេញវ័យ គាត់មិនព្រមឲ្យគេហៅថា ជាកូនរបស់បុត្រីស្តេចស្រុកអេស៊ីព្ទទេ ២៥គាត់ជ្រើសរើសយកការរងទុក្ខលំបាក ជាមួយប្រជារាស្រ្តរបស់ព្រះជាម្ចាស់ជាជាងការសប្បាយតែមួយភ្លែតក្នុងបាប។ ២៦គាត់បានរាប់សេចក្ដីត្មះតិះដៀលដោយព្រោះព្រះគ្រិស្ដ ថាជាទ្រព្យសម្បត្តិ ដ៏ប្រសើរជាងទ្រព្យសម្បត្តិទាំងឡាយនៅស្រុកអេស៊ីព្ទ ដ្បិតគាត់បានសម្លឹងទៅឯរង្វាន់។ ២៧ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីព្ទដោយមិនខ្លាចស្តេចខឹងឡើយ ដ្បិតគាត់បានកាន់ចិត្តមាំមួន ប្រៀបដូចជាបានឃើញព្រះជាម្ចាស់ ដែលមនុស្សមិនអាចមើលឃើញ។ ២៨ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងបានប្រោះឈាម ដើម្បីកុំឲ្យមេបំផ្លាញកូនច្បងមកប៉ះពាល់ពួកគេឡើយ។
២៩ដោយសារជំនឿ ពួកគេបានដើរឆ្លងសមុទ្រក្រហម ប្រៀបដូចជាដើរលើដីគោក ប៉ុន្ដែពេលពួកអេស៊ីព្ទសាកល្បងបែរជាត្រូវទឹកសមុទ្រ លេបត្របាក់។ ៣០ដោយសារជំនឿ កំផែងក្រុងយេរីខូរបានដួលរលំ បន្ទាប់ពីពួកអ៊ីស្រាអែលបានដើរព័ទ្ធជុំវិញប្រាំពីរថ្ងៃ។ ៣១ដោយសារជំនឿ នាងរ៉ាហាបជាស្រ្តីពេស្យាមិនបានវិនាសជាមួយពួកអ្នក ដែលមិនស្តាប់បង្គាប់ទេ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
៣២តើឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់ អំពីលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ស្តេចដាវីឌ លោកសាំយ៉ូអែល និងពួកអ្នកនាំព្រះបន្ទូលទាំងឡាយនោះទេ ៣៣ដ្បិតដោយសារជំនឿ អ្នកទាំងនោះ បានយកឈ្នះលើនគរទាំងឡាយ ពួកគេបានប្រព្រឹត្ដអំពើសុចរិត បានទទួលតាមសេចក្ដីសន្យា បានបិទមាត់តោ ៣៤បានពន្លត់អំណាចភ្លើង បានគេចផុតពីមុខដាវ បានមានកម្លាំងឡើងវិញក្នុងកាលដែលទន់ខ្សោយ ហើយបានត្រលប់ជាអ្នកពូកែច្បាំង ទាំងធ្វើឲ្យកងទ័ពរបស់ជនជាតិដទៃបាក់ទ័ពទៀតផង។ ៣៥រីឯពួកស្រីៗវិញ បានទទួលយកមនុស្សស្លាប់របស់ខ្លួន ដែលបានរស់ឡើងវិញ ហើយអ្នកខ្លះទៀតបានរងទារុណកម្ម ដោយមិនព្រមឲ្យគេដោះលែងឡើយដើម្បីទទួលបានការរស់ឡើងវិញដ៏ប្រសើរជាង ៣៦ហើយអ្នកខ្លះទៀតធ្លាប់ត្រូវគេចំអក ត្រូវគេវាយនឹងរំពាត់ ថែមទាំងត្រូវជាប់គុកជាប់ច្រវាក់ ៣៧ត្រូវគេគប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាកំណាត់ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើរពនេចរ ដោយស្លៀកពាក់ស្បែកចៀម និងស្បែកពពែ មានសេចក្ដីខ្វះខាត ត្រូវរងទុក្ខវេទនា ព្រមទាំងត្រូវគេធ្វើបាប ៣៨ហើយពិភពលោកនេះមិនស័ក្តិសមនឹងពួកគេទេ។ ពួកគេរសាត់អណ្ដែតតាមទីរហោឋាន តាមភ្នំ តាមរអាង និងតាមរូងដី។
៣៩អ្នកទាំងអស់នោះ ទទួលបានការសរសើរដោយសារជំនឿមែន ប៉ុន្តែពួកគេមិនបានទទួលអ្វីៗ តាមសេចក្ដីសន្យាឡើយ ៤០ដ្បិតព្រះជាម្ចាស់បានផ្គត់ផ្គង់អ្វីប្រសើរជាងនោះដល់យើង ដើម្បីកុំឲ្យអ្នកទាំងនោះគ្រប់លក្ខណ៍ ដោយគ្មានយើង។