ហេព្រើរ ១
ហេព្រើរ
ព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់
១កាលពីដើម ព្រះជាម្ចាស់មានបន្ទូលមកកាន់ដូនតារបស់យើងតាមរយៈពួកអ្នកនាំព្រះបន្ទូល ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន ២ប៉ុន្ដែ នៅគ្រាចុងក្រោយនេះព្រះជាម្ចាស់ មានបន្ទូលមកកាន់យើងតាមរយៈព្រះរាជបុត្រាដែលព្រះអង្គបានតែងតាំង ជាអ្នកស្នងមរតកលើរបស់សព្វសារពើ ហើយព្រះអង្គក៏បានបង្កើតពិភពលោកតាមរយៈព្រះរាជបុត្រាដែរ។ ៣ព្រះរាជបុត្រាជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះជាម្ចាស់ ទាំងទ្រទ្រង់របស់សព្វសារពើ ដោយព្រះបន្ទូល ដ៏មានអំណាចរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានសំអាតមនុស្ស ឲ្យបានបរិសុទ្ធពីបាបហើយ ព្រះអង្គគង់នៅខាងស្តាំព្រះដ៏ឧត្តុង្គឧត្តមនៅស្ថានដ៏ខ្ពស់។
ព្រះគ្រិស្ដប្រសើរជាងពួកទេវតា
៤ព្រះរាជបុត្រាបានទទួលនាមមួយដ៏ប្រសើរលើសជាងអស់ទាំងនាមរបស់ពួកទេវតា ដែលទុកជាមរតកជាយ៉ាងណា ព្រះអង្គក៏ត្រលប់ជាវិសេស លើសជាងពួកទេវតាជាយ៉ាងនោះដែរ។
៥ដ្បិតតើព្រះជាម្ចាស់ធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេថា៖«ព្រះអង្គជាបុត្ររបស់យើង យើងបានបង្កើតព្រះអង្គនៅថ្ងៃនេះ» ឬ «យើងនឹងធ្វើជាបិតារបស់គេ ហើយគេនឹងធ្វើជាបុត្ររបស់យើង»?
៦ម្យ៉ាងទៀត ពេលព្រះអង្គបានចាត់បុត្រច្បង ឲ្យមកក្នុងពិភពលោកនេះ ព្រះអង្គមានបន្ទូលថា៖ «ចូរឲ្យទេវតាទាំងអស់របស់ព្រះជាម្ចាស់ថ្វាយបង្គំព្រះរាជបុត្រ»។
៧ដោយឡែក ព្រះជាម្ចាស់មានបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គធ្វើជាខ្យល់ ហើយយកពួកអ្នកបម្រើរបស់ព្រះអង្គ ធ្វើជាអណ្ដាតភ្លើង»
៨ប៉ុន្ដែ ព្រះអង្គមានបន្ទូលអំពីព្រះរាជបុត្រាថា៖ «ឱ ព្រះជាម្ចាស់អើយ! បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយដំបងរាជ្យនៃនគររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីសុចរិត។ ៩ព្រះអង្គស្រឡាញ់សេចក្តីសុចរិត ហើយស្អប់សេចក្តីទុច្ចរិត ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ បានចាក់ប្រេងតាំង ជាប្រេងនៃសេចក្ដីអំណរលើព្រះអង្គលើសជាងគូកនរបស់ព្រះអង្គទៅទៀត»
១០ហើយថា៖ «ឱ ព្រះអម្ចាស់អើយ! កាលដើមដំបូង ព្រះអង្គបានបង្កើតផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្តរបស់ព្រះអង្គដែរ ១១របស់ទាំងនោះនឹងសាបសូន្យទៅ ប៉ុន្ដែព្រះអង្គនៅស្ថិតស្ថេរជានិច្ច។ របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់ ១២ហើយព្រះអង្គនឹងឆ្មូលរបស់ទាំងនោះ ដូចជាឆ្មូលសម្លៀកបំពាក់ របស់ទាំងនោះនឹងប្រែប្រួលទៅដូចជាសម្លៀកបំពាក់ដែរ ប៉ុន្ដែព្រះអង្គនៅដដែល ព្រះជន្មរបស់ព្រះអង្គមិនផុតឡើយ»។ ១៣តើព្រះអង្គធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ចូរអង្គុយនៅខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក»? ១៤តើពួកទេវតាទាំងអស់នោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់មក សម្រាប់បម្រើអស់អ្នក ដែលត្រូវទទួលបានសេចក្ដីសង្រ្គោះទុកជាមរតកទេឬ?