កាឡាទី ៦
យើងច្រូតបានអ្វីដែលយើងព្រោះ
៦បងប្អូនអើយ! បើអ្នកណាម្នាក់ធ្វើបាប ចូរឲ្យអ្នករាល់គ្នាដែលដើរតាមព្រះវិញ្ញាណ កែតម្រង់អ្នកនោះដោយចិត្តស្លូតបូត ហើយត្រូវប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវល្បួងដែរ ២ចូរជួយរំលែកបន្ទុកគ្នាទៅវិញទៅមក ធ្វើដូច្នេះ ទើបអ្នករាល់គ្នាសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ ៣ដ្បិតបើអ្នកណាគិតថាខ្លួនជាអ្វីមួយ ប៉ុន្ដែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។
៤ផ្ទុយទៅវិញ ចូរឲ្យម្នាក់ៗពិសោធការប្រព្រឹត្តិរបស់ខ្លួនចុះ ពេលនោះគេនឹងមានអំនួត ចំពោះតែខ្លួនឯងប៉ុណ្ណោះ មិនមែនចំពោះអ្នកដទៃទេ ៥ដ្បិតម្នាក់ៗត្រូវលីបន្ទុករបស់ខ្លួន។
៦ចូរឲ្យអ្នក ដែលរៀនព្រះបន្ទូលចែករំលែករបស់ល្អៗទាំងអស់ដល់អ្នក ដែលបង្រៀន។
៧កុំឲ្យចាញ់បញ្ឆោតឡើយ គ្មានអ្នកណាចំអកឲ្យព្រះជាម្ចាស់បានទេ ដ្បិតអ្នកណាព្រោះអ្វី អ្នកនោះនឹងច្រូតបានផលនោះឯង។ ៨ដ្បិតអ្នកដែលព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានសេចក្ដីពុករលួយ ពីសាច់ឈាម រីឯអ្នកដែលព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ ៩ចូរយើងកុំនឿយណាយនឹងប្រព្រឹត្តល្អឡើយ ព្រោះបើយើងមិនល្វើយទេ ដល់វេលាកំណត់ យើងនឹងច្រូតបានផល។ ១០ហេតុនេះ កាលណាយើងមានឱកាស យើងត្រូវប្រព្រឹត្ដល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ។
មិនមែនការកាត់ស្បែកទេ ប៉ុន្ដែជាមនុស្សថ្មី
១១មើល៍ ខ្ញុំសរសេរអក្សរធំៗមកអ្នករាល់គ្នាដោយដៃខ្ញុំផ្ទាល់ថា ១២អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម អ្នកទាំងនោះ បានបង្ខំឲ្យអ្នករាល់គ្នាកាត់ស្បែកដើម្បីកុំឲ្យពួកគេ ត្រូវបៀតបៀនដោយឈើឆ្កាង របស់ព្រះគ្រិស្ដប៉ុណ្ណោះ ១៣ដ្បិតពួកអ្នកកាត់ស្បែក ខ្លួនគេផ្ទាល់មិនកាន់តាមគម្ពីរវិន័យ ប៉ុន្តែពួកគេចង់ឲ្យអ្នករាល់គ្នាកាត់ស្បែកដើម្បីឲ្យពួកគេបានអួតខ្លួន ដោយសារសាច់ឈាមរបស់អ្នករាល់គ្នា។
១៤រីឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតអំពីអ្វីឡើយ ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង ហើយដោយសារឈើឆ្កាង សម្រាប់ខ្ញុំ លោកិយត្រូវបានឆ្កាងហើយ រួចសម្រាប់លោកិយ ខ្ញុំក៏ដូច្នោះដែរ ១៥ដ្បិតការកាត់ស្បែក ឬមិនកាត់ស្បែក មិនមែនជាអ្វីឡើយ សំខាន់គឺការកើតជាថ្មី។
១៦សូមឲ្យសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណា មានដល់អស់អ្នក ដែលរស់នៅតាមគោលការណ៍នេះ ព្រមទាំង ជនជាតិអ៊ីស្រាអែលរបស់ព្រះជាម្ចាស់។
១៧ចាប់ពីពេលនេះតទៅ កុំឲ្យអ្នកណាម្នាក់បង្កបញ្ហាឲ្យខ្ញុំទៀត ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូលើរូបកាយរបស់ខ្ញុំស្រាប់ហើយ។
១៨បងប្អូនអើយ! សូមឲ្យព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ស្ថិតនៅជាមួយវិញ្ញាណរបស់អ្នករាល់គ្នាចុះ អាម៉ែន៕