KCB - កាឡាទី ៥


កាឡាទី ៥

សេរីភាព​នៅ​ក្នុង​ព្រះគ្រិស្ដ​

ព្រះគ្រិស្ដ​ បាន​ដោះ​យើង​ឲ្យ រួច​ ដើម្បី​ឲ្យ​យើង​មាន​​​សេរី​ភាព​ ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរឲ្យ​មាំមួន​ចុះ ហើយ​កុំ​ឲ្យជាប់​នឹមនៃ​ភាព​ជាបាវ​បម្រើ​ទៀតឡើយ។​

មើល៍ ខ្ញុំ​ប៉ូល​សូម​ប្រាប់​អ្នករាល់គ្នា​ថា បើ​អ្នករាល់គ្នា​​កាត់​ស្បែក នោះ​ព្រះ​គ្រិស្ដ​​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​ទេ​​​ ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ម្តង​ទៀត​ដល់​អ្នក​ទាំងអស់ ​ដែល​ទទួល​ពិធី​កាត់​​ស្បែក​ថា អ្នក​នោះ​មាន​កាតព្វ​កិច្ច​​​​ប្រព្រឹត្ដ​តាម​គម្ពីរ​វិន័យ ​គ្រប់​ជំពូក‍។​ អ្នក​រាល់​គ្នា​​ ដែល​ចង់​ឲ្យបាន​រាប់​ជា​សុចរិត​ដោយ​សារ​ក្រឹត្យ​វិន័យ នោះ​ត្រូវ​បែក​​ចេញ​​​ពី​ព្រះគ្រិស្ដ និង​បាន​​បាត់​​​​​បង់​ព្រះគុណ​ហើយ។

ដ្បិត​​យើង​ទន្ទឹង​រង់​ចាំ​សេចក្ដី​សង្ឃឹម​នៃ​​សេចក្ដី​សុចរិត​ តាមរយៈ​​​ព្រះ​វិញ្ញាណ និង​ដោយសារ​ជំនឿ ព្រោះ​ក្នុង​ព្រះគ្រិស្ដ​​យេស៊ូ​ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​គ្មានអ្វី​សំខាន់​​ឡើយ​ ប៉ុន្តែ​អ្វី​ដែលសំខាន់​ គឺជា​​​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​

អ្នករាល់គ្នា​រត់​បាន​ល្អ​ហើយ តើ​អ្នក​ណា​រារាំង​​​អ្នករាល់គ្នា ​មិន​ឲ្យស្តាប់​​បង្គាប់​​សេចក្ដី​ពិត? ​ការ​បញ្ចុះ​បញ្ចូល​បែប​នេះ មិន​មែន​មក​ពី​ព្រះមួយអង្គ ​ដែល​បាន​ត្រាស់​ហៅ​អ្នករាល់គ្នា​ទេ។ មេ​នំប៉័ង​​បន្តិច​បន្តួច ​​ធ្វើ​ឲ្យម្សៅ​ទាំងអស់​ដោរ​ឡើង។​ ១០នៅ​​ក្នុង​ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ជាក់​ថា អ្នក​រាល់គ្នា​​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ ប៉ុន្ដែ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នករាល់គ្នាជ្រួល​​ច្របល់​ ទោះបី​​អ្នកនោះ​ជា​នរណា​ក៏​ដោយ​​ គេ​​នឹង​ទទួល​ទោស។​

១១​បងប្អូន​អើយ!​ បើ​ខ្ញុំ​នៅ​តែ​ប្រកាស​អំពី​ការ​កាត់​ស្បែក តើ​ហេតុ​អ្វី​បាន​ជាខ្ញុំ​នៅ​តែត្រូវ​គេ​​បៀត​បៀន​ដូច្នេះ? បើ​ខ្ញុំ​​ប្រកាស​ដូច្នោះ​មែន នោះ​ឈើ​ឆ្កាង​លែង​ធ្វើ​ឲ្យ​មាន​ ការ​ជំពប់​ដួល​ទៀត​ហើយ។​ ១២​ខ្ញុំ​ចង់​ឲ្យពួក​អ្នក​ដែល​ធ្វើ​ឲ្យអ្នក​រាល់គ្នា​ជ្រួល​ច្របល់​ក្រៀវ​​​ខ្លួន​ឯង​​ទៅ។​

១៣​បងប្អូន​អើយ!​ ដ្បិត​​អ្នករាល់គ្នា​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យមាន​សេរីភាព ប៉ុន្ដែ​កុំ​ប្រើ​សេរីភាព​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ ផ្ទុយទៅវិញ​ ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដីស្រឡាញ់​​ចុះ​ ១៤ដ្បិត​គម្ពីរ​​វិន័យ​​ទាំង​មូល​បាន​សម្រេចនៅក្នុងមួយ​ឃ្លា​នេះថា៖ «ចូរស្រឡាញ់​​អ្នក​ជិត​ខាង ​របស់​អ្នក​ឲ្យដូច​ខ្លួន​ឯង»​​ ១៥​ប៉ុន្ដែ​បើ​អ្នករាល់គ្នា​ប្រខាំ​គ្នា ហើយ​បំផ្លាញ​គ្នា​ដូច្នេះ ចូរ​ប្រយ័ត្ន ក្រែង​លោ​អ្នករាល់គ្នា​ត្រូវ​វិនាស ​ដោយ​សារ​គ្នា​ឯង។​

ការ​រស់​នៅ​ដោយ​អំណាច​នៃ​ ព្រះវិញ្ញាណ​

១៦​ដូច្នេះ ខ្ញុំ​សូម​ប្រាប់​ថា ចូរ​ដើរ​តាម​ព្រះ​វិញ្ញាណ​ចុះ នោះ​អ្នក​​មិន​​ធ្វើ​​តាម​ចំណង់​តណ្ហា​​ ខាង​សាច់​ឈាម​​ឡើយ​​ ១៧ដ្បិត​​សាច់​ឈាម ប៉ងប្រាថ្នា​ទាស់​នឹង​​​​​​ព្រះ​វិញ្ញាណ រីឯ​​ព្រះវិញ្ញាណ​ក៏​ទាស់​នឹង​​សាច់​ឈាម​ដែរ ​ព្រោះ​​ទាំង​ពីរ​នេះ​ប្រឆាំង​គ្នា ដូច្នេះ​​ អ្នក​រាល់​គ្នា​មិន​ធ្វើ​អ្វី​ដែល​អ្នករាល់គ្នា​ចង់​​​ទេ ១៨​ប៉ុន្ដែ​បើ​ព្រះ​វិញ្ញាណ​ដឹកនាំ​អ្នករាល់គ្នា នោះ​​អ្នករាល់គ្នា​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ទេ។​

១៩រីឯ​កិច្ចការ​ របស់​​សាច់​ឈាម​វិញ ច្បាស់​​ណាស់​គឺ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ សេចក្តី​​ស្មោក​គ្រោក ល្មោភ​កាម​ ២០ការ​ថ្វាយបង្គំ​រូប​ព្រះ មន្ត​អាគម សេចក្តី​សំអប់ ការឈ្លោះ​ប្រកែក​​ សេចក្ដី​ច្រណែន​ កំហឹង ការប្រជែង​​ ការ​បែកបាក់ បក្សពួក​និយម​ ២១​សេចក្ដី​ឈ្នានីស​ ការ​ប្រមឹក​ ​ស៊ី​ផឹក​អ៊ូអែ​ និង​អ្វីៗ​ផ្សេង​ទៀត ​ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ ដូច​ដែល​ខ្ញុំ​ធ្លាប់​​ប្រាប់​រួច​មក​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នករាល់គ្នា​​ជា​មុន​ថា អស់អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ​ នឹង​មិន​បាន​ទទួល​​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ។​

២២រី​ឯ​​ផល​ផ្លែ​របស់​​ព្រះវិញ្ញាណ​វិញ​ គឺ​​សេចក្ដីស្រឡាញ់​ អំណរ សេចក្ដី​សុខសាន្ដ សេចក្ដី​អត់ធ្មត់ សេចក្ដី​សប្បុរស សេចក្តី​ល្អ​ ភាពស្មោះ​ត្រង់​​ ២៣​ចិត្ត​​ស្លូតបូត និង​ការ​គ្រប់គ្រង​ចិត្ដ ហើយ​គ្មាន​ក្រឹត្យវិន័យ​ណា ​ទាស់​​​សេចក្ដី​ទាំងនេះ​ឡើយ។

២៤​អស់​អ្នក ​ដែល​ជា​របស់​​ព្រះគ្រិស្ដ​យេស៊ូ​ ពួកគេ​​បាន​ឆ្កាង​សាច់​ឈាម​​ជាមួយសេចក្តី​ប៉ង​ប្រាថ្នា​ ​ព្រមទាំង​​ចំណង់​តណ្ហា​ទាំងឡាយ​រួច​ហើយ​ ២៥បើ​យើង​រស់​នៅ​តាម​ព្រះ​វិញ្ញាណ នោះ​ត្រូវ​ដើរ​តាម​​ព្រះ​វិញ្ញាណ​ដែរ ២៦​ចូរ​យើងកុំចង់​​បាន​កេរ្តិ៍​ឈ្មោះ​ឥត​ប្រយោជន៍​ ទាំង​រក​​​រឿង ឬ​ឈ្នានីស​គ្នា​ទៅវិញ​ទៅ​មក​ឡើយ។

កាឡាទី ៥