កាឡាទី ៤
៤ខ្ញុំចង់និយាយដូច្នេះ កាលណាអ្នកស្នងមរតកនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបីគាត់ជាម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ ២ប៉ុន្ដែគាត់ត្រូវស្ថិតនៅក្រោមមេការ និងអ្នកមើលការខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់ទុក ៣រីឯយើងវិញ ក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ ៤លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតពីស្រ្តីម្នាក់ គឺឲ្យប្រសូតនៅក្រោមគម្ពីរវិន័យ ៥ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមគម្ពីរវិន័យឲ្យរួច និងដើម្បីឲ្យយើងបានទទួលឋានៈជាកូន ៦ហើយដោយព្រោះអ្នករាល់គ្នាជាកូន នោះព្រះជាម្ចាស់បញ្ជូនវិញ្ញាណ នៃព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកគង់នៅក្នុងចិត្តយើង គឺវិញ្ញាណនេះហើយដែលបន្លឺសំឡេងថា អ័ប្បា! ព្រះវរបិតាអើយ! ៧ដូច្នេះ អ្នករាល់គ្នាមិនមែនជា បាវបម្រើទៀតទេ ប៉ុន្តែជាកូនវិញ ហើយបើអ្នករាល់គ្នាជាកូន អ្នករាល់គ្នាក៏ជាអ្នកស្នងមរតកដោយសារព្រះជាម្ចាស់ដែរ។
ការព្រួយបារម្ភរបស់លោកប៉ូល
៨កាលអ្នករាល់គ្នា មិនទាន់ស្គាល់ព្រះជាម្ចាស់នៅឡើយ អ្នករាល់គ្នាបានបម្រើព្រះទាំងឡាយ ដែលមិនមែនជាព្រះដ៏ពិត ៩ប៉ុន្ដែ ឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ហើយ តែស៊ូនិយាយថា ព្រះជាម្ចាស់ បានស្គាល់អ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នករាល់គ្នា ត្រលប់ទៅឯ គោលការណ៍បឋមដ៏ទន់ខ្សោយ និងគ្មានតម្លៃម្តងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀតឬ? ១០អ្នករាល់គ្នាប្រតិបត្តិតាមថ្ងៃ ខែ រដូវ និងឆ្នាំ។ ១១ចំពោះអ្នករាល់គ្នា ខ្ញុំខ្លាចតែខ្ញុំ ធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាឥតប្រយោជន៍។ ១២បងប្អូនអើយ! ខ្ញុំ សូមឲ្យអ្នករាល់គ្នាត្រលប់ដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានត្រលប់ដូចជាអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើខុសនឹងខ្ញុំទេ ១៣អ្នករាល់គ្នាដឹងថា កាលពីមុន ខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ដោយភាពកម្សោយខាងឯសាច់ឈាមរបស់ខ្ញុំ ១៤ហើយទោះ បីមានសេចក្ដីល្បួង ចំពោះអ្នករាល់គ្នាដោយសារសាច់ឈាមរបស់ខ្ញុំក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ អ្នករាល់គ្នាបានទទួលខ្ញុំ ដូចជាទេវតារបស់ព្រះជាម្ចាស់ ឬដូចជាព្រះគ្រិស្ដយេស៊ូ។ ១៥ដូច្នេះ តើអំណរ ដែលអ្នករាល់គ្នាមានពីមុននោះ នៅឯណា? ដ្បិតខ្ញុំធ្វើបន្ទាល់អំពីអ្នករាល់គ្នាថា បើអាចធ្វើបាន អ្នករាល់គ្នានឹងខ្វេះភ្នែកឲ្យខ្ញុំហើយ។ ១៦ដូច្នេះ តើខ្ញុំត្រលប់ជាខ្មាំងសត្រូវ របស់អ្នករាល់គ្នា ដោយព្រោះ ខ្ញុំនិយាយសេចក្ដីពិតឬ?
១៧ពួកគេសង្វាតចង់បានអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ ផ្ទុយទៅវិញ ពួកគេចង់បំបែកអ្នករាល់គ្នាចេញពីយើង ដើម្បីឲ្យអ្នករាល់គ្នា សង្វាតចង់បានពួកគេវិញ។ ១៨ល្អហើយ ដែលសង្វាតចង់បានការល្អជានិច្ច មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយ អ្នករាល់គ្នាប៉ុណ្ណោះទេ។ ១៩កូនរាល់គ្នាអើយ! ដើម្បីអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀតដូចគេសម្រាលកូន ទម្រាំព្រះគ្រិស្ដមានរូបរាងនៅក្នុងអ្នករាល់គ្នា។ ២០ខ្ញុំចង់នៅជាមួយអ្នករាល់គ្នានាពេលឥឡូវនេះ និងផ្លាស់ប្ដូរសំដីរបស់ខ្ញុំ ព្រោះខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។
កូនទាំងពីររបស់លោកអ័ប្រាហាំ
២១ឱពួកអ្នកចង់នៅក្រោមក្រឹត្យវិន័យអើយ! សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្តី ដែលក្រឹត្យវិន័យចែងទេឬ? ២២ដ្បិតមានសេចក្ដីចែងទុកថា លោកអ័ប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់កើតពីស្ត្រីជាអ្នកបម្រើ ហើយម្នាក់ទៀត កើតពីស្ត្រីជាអ្នកមានសេរីភាព ២៣ប៉ុន្ដែកូនដែលកើតពីស្ត្រីជាអ្នកបម្រើ បានកើតតាមសាច់ឈាម រីឯកូនដែលកើតពីស្ត្រី ជាអ្នកមានសេរីភាព បានកើតតាមសេចក្ដីសន្យា។
២៤នេះជាការប្រៀបធៀប គឺស្រ្តីទាំងពីរនាក់នេះជាកិច្ចព្រមព្រៀងពីរ មួយមកពីភ្នំស៊ីណាយ ដែលបានបង្កើតកូនសម្រាប់ភាពជាបាវបម្រើ នោះជានាងហាការ។ ២៥នាងហាការជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ក៏ដូចជាក្រុងយេរូសាឡិមនាសព្វថ្ងៃនេះដែរ ព្រោះនាងត្រូវនៅជាបាវបម្រើ ជាមួយកូនចៅរបស់នាង ២៦តែក្រុងយេរូសាឡិម ដែលនៅស្ថានលើវិញ គឺជាស្ត្រីជាអ្នកមានសេរីភាព ដែលជាម្តាយរបស់យើង។ ២៧ដ្បិតមានសេចក្ដីចែងទុកថា ឱ ស្រ្តីអារដែលមិនបង្កើតកូនអើយ! ចូរអរសប្បាយឡើង ឱស្ត្រីដែលមិនស្គាល់ការឈឺចាប់នៅពេលសម្រាលកូនអើយ! ចូរបន្លឺសំឡេង ហើយស្រែកចុះ ព្រោះកូនរបស់ស្ត្រីឯកោ មានច្រើនជាងកូនរបស់ស្ត្រីដែលមានប្តីទៅទៀត។
២៨បងប្អូនអើយ! អ្នករាល់គ្នាជាកូនតាមសេចក្ដីសន្យា ដូចលោកអ៊ីសាកដែរ ២៩ប៉ុន្តែ ពេលនោះ កូនដែលកើតតាមសាច់ឈាម បានបៀតបៀនកូនដែលកើតតាមព្រះវិញ្ញាណ ជាយ៉ាងណា ឥឡូវនេះក៏យ៉ាងនោះដែរ ៣០តើបទគម្ពីរចែងយ៉ាងដូចម្តេច គឺចែងថា៖ «ចូរដេញស្ត្រីជាអ្នកបម្រើ និងកូនប្រុសរបស់នាងចេញទៅ ដ្បិតកូនប្រុសរបស់ស្ត្រីជាអ្នកបម្រើ មិនត្រូវទទួលមរតកជាមួយកូនប្រុសរបស់ស្ត្រី ជាអ្នកមានសេរីភាពឡើយ» ៣១ដូច្នេះ បងប្អូនអើយ! យើងមិនមែនជាកូនរបស់ស្ត្រីជាអ្នកបម្រើទេ គឺជាកូនរបស់ស្ត្រី ជាអ្នកមានសេរីភាពវិញ។