កាឡាទី ២
ពួកសាវកព្រមទទួលលោកប៉ូល
២លុះដប់បួនឆ្នាំក្រោយមកខ្ញុំបានឡើង ទៅឯក្រុងយេរូសាឡិមម្តងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ ២គឺខ្ញុំបានឡើងទៅទីនោះ តាមការបើកសំដែង ហើយខ្ញុំបានប្រាប់ពួកគេអំពីដំណឹងល្អ ដែលខ្ញុំប្រកាសនៅក្នុងចំណោមសាសន៍ដទៃ រីឯពួកអ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក ក្រែងលោការដែលខ្ញុំបានរត់ និងកំពុងរត់ត្រលប់ជាឥតប្រយោជន៍ ៣រីឯលោកទីតុសដែលនៅជាមួយខ្ញុំ ទោះបីគាត់ជាជនជាតិក្រេកក្ដី ក៏មិនត្រូវបានបង្ខំឲ្យកាត់ស្បែកដែរ ៤ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើល សេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ ៥ប៉ុន្ដែយើងមិនព្រមចុះចូលនឹងពួកគេទេ សូម្បីតែបន្ដិចដើម្បីឲ្យសេចក្ដីពិតនៃដំណឹងល្អ បាននៅស្ថិតស្ថេរជាមួយអ្នករាល់គ្នា។
៦រីឯពួកអ្នក ដែលទំនងជាពួកអ្នកមុខអ្នកការវិញ ទោះបីគេធ្លាប់ជាអ្វីក៏ដោយក៏មិនអំពល់អ្វីដល់ខ្ញុំដែរ ព្រោះព្រះជាម្ចាស់មិនរើសមុខ មនុស្សណាឡើយ ហើយពួកអ្នក ដែលទំនងជាអ្នកមុខអ្នកការ ក៏មិនបានបន្ថែមអ្វីឲ្យខ្ញុំដែរ ៧ផ្ទុយទៅវិញ ពួកគេបានដឹងថា ដំណឹងល្អសម្រាប់ពួកមិនកាត់ស្បែក ត្រូវបានផ្ទុកផ្ដាក់ដល់ខ្ញុំ ដូចដែលដំណឹងល្អសម្រាប់ពួកកាត់ស្បែកត្រូវបានផ្ទុកផ្ដាក់ដល់លោកពេត្រុសដែរ ៨ដ្បិតព្រះអង្គដែលធ្វើការ តាមរយៈលោកពេត្រុសនៅក្នុងតួនាទីជាសាវក សម្រាប់ពួកកាត់ស្បែក ក៏បានធ្វើការតាមរយៈខ្ញុំសម្រាប់ពួកសាសន៍ដទៃដែរ ៩ហើយពេលបានទទួលស្គាល់ព្រះគុណ ដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថា ជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។ ១០ពួកគេគ្រាន់តែសុំឲ្យយើងនឹកចាំពីអ្នកក្រ នោះហើយជាកិច្ចការដែលខ្ញុំព្យាយាមធ្វើដែរ។
លោកប៉ូលប្រឈមមុខនឹង លោកពេត្រុស
១១ប៉ុន្ដែ កាលលោកកេផាសបានមកដល់ក្រុងអាន់ទីយ៉ូក ខ្ញុំបន្ទោសគាត់នៅចំពោះមុខ ព្រោះគាត់សមនឹងបន្ទោស ១២ដ្បិតមុនពេលពួកអ្នកខ្លះ ដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ ១៣រីឯជនជាតិយូដាផ្សេងទៀត ក៏បានធ្វើពុតជាមួយគាត់ដែរ សូម្បីតែលោកបារណាបាស ក៏ត្រូវអូសទាញដោយពុតត្បុតរបស់ពួកគេដែរ។
១៤ដូច្នេះ ពេលខ្ញុំឃើញថា ពួកគេដើរមិនត្រឹមត្រូវតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅចំពោះមុខពួកគេទាំងអស់គ្នាថា បើលោកដែលជាជនជាតិយូដា មិនរស់នៅដូចជនជាតិយូដាផង បែរជារស់នៅដូចសាសន៍ដទៃ តើលោកបង្ខំសាសន៍ដទៃ ឲ្យរស់នៅដូចជនជាតិយូដាយ៉ាងដូចម្ដេចបាន?
១៥យើងជាជនជាតិយូដា ពីកំណើត យើងមិនមែនជាមនុស្សបាប នៅក្នុងចំណោមសាសន៍ដទៃទេ ១៦យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិត ដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យ បានរាប់ជាសុចរិត ដោយសារជំនឿលើព្រះគ្រិស្ដមិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិ តាមគម្ពីរវិន័យឡើយ ១៧ប៉ុន្ដែ បើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថា ខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្ត ជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។
១៨បើខ្ញុំសង់អ្វី ដែលខ្ញុំបានបំផ្លាញចោលឡើងវិញ នោះបង្ហាញឲ្យឃើញថា ខ្លួនខ្ញុំ ជាអ្នកល្មើសក្រឹត្យវិន័យហើយ ១៩ដ្បិតខ្ញុំបានស្លាប់ ខាងឯគម្ពីរវិន័យ ដោយសារគម្ពីរវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះជាម្ចាស់វិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ដហើយ ២០ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿ លើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ ២១ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍!