កាឡាទី ១
កាឡាទី
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំ ប៉ូល ជាសាវកដែលមិនមែនមកពីមនុស្ស ឬតាមរយៈមនុស្សឡើយ គឺតាមរយៈព្រះយេស៊ូគ្រិស្ដ និងព្រះជាម្ចាស់ជាព្រះវរបិតាដែលបានប្រោសព្រះយេស៊ូ ឲ្យមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញ ២ព្រមទាំងបងប្អូនទាំងអស់ ដែលនៅជាមួយខ្ញុំ ជូនចំពោះក្រុមជំនុំទាំងឡាយ នៅស្រុកកាឡាទី។
៣សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា ៤គឺព្រះយេស៊ូគ្រិស្ដបានប្រគល់អង្គទ្រង់ សម្រាប់បាបរបស់យើង ដើម្បីសង្គ្រោះយើង ឲ្យរួចពីលោកិយដ៏អាក្រក់នាបច្ចុប្បន្ន ស្របតាមបំណងរបស់ព្រះជាម្ចាស់ ដែលជាព្រះវរបិតារបស់យើង ៥សូមឲ្យព្រះអង្គប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច អាម៉ែន។
មានដំណឹងល្អតែមួយគត់
៦ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបែរចេញយ៉ាងឆាប់ពីព្រះអង្គ ដែលបានត្រាស់ហៅអ្នករាល់គ្នា មកក្នុងព្រះគុណរបស់ព្រះគ្រិស្ដដូច្នេះ ហើយទៅឯដំណឹងល្អផ្សេងទៀត ៧ដែលមិនមែនជាដំណឹងល្អមួយទៀតនោះទេ គឺគ្រាន់តែមានមនុស្សមួយចំនួន បានធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ហើយចង់បង្ខូចដំណឹងល្អរបស់ព្រះគ្រិស្ដប៉ុណ្ណោះ។
៨ប៉ុន្ដែទោះបីយើងក៏ដោយ ឬទេវតាមកពីស្ថានសួគ៌ក៏ដោយ ឲ្យតែប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។ ៩ដូចដែលយើងបានប្រាប់ រួចមកហើយ តែឥឡូវនេះខ្ញុំសូមប្រាប់ម្តងទៀតថា បើអ្នកណាប្រកាសដំណឹងល្អ ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល ចូរឲ្យអ្នកនោះត្រូវបណ្តាសាចុះ។
១០ដ្បិតឥឡូវនេះ តើខ្ញុំកំពុងបំពេញចិត្ដមនុស្ស ឬព្រះជាម្ចាស់? តើខ្ញុំខិតខំផ្គាប់ចិត្ដមនុស្សឬ? បើខ្ញុំនៅតែផ្គាប់ចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបម្រើរបស់ព្រះគ្រិស្ដទេ។
លោកប៉ូលទទួលការត្រាស់ហៅពី ព្រះជាម្ចាស់
១១បងប្អូនអើយ! ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹងថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់នេះ មិនមែនស្របតាមមនុស្សទេ ១២ដ្បិតខ្ញុំមិនបានទទួលដំណឹងល្អពីមនុស្សណាម្នាក់ ហើយគ្មានអ្នកណាម្នាក់បង្រៀនខ្ញុំដែរ ផ្ទុយទៅវិញ គឺតាមរយៈការបើកសំដែង ពីព្រះយេស៊ូគ្រិស្ដ។
១៣អ្នករាល់គ្នាបានឮ អំពីកិរិយារបស់ខ្ញុំ កាលនៅក្នុងសាសនាយូដារួចមកហើយ គឺខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះជាម្ចាស់យ៉ាងខ្លាំងបំផុត ទាំងបំផ្លាញក្រុមជំនុំទៀតផង។ ១៤ខ្ញុំបានចម្រើនឡើង ខាងឯសាសនាយូដា លើសជាងពួកអ្នកដែលមានអាយុស្រករខ្ញុំជាច្រើន នៅក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយកាន់តែប្ដូរផ្ដាច់ខ្លាំងបំផុត ចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
១៥ប៉ុន្ដែ ពេលព្រះជាម្ចាស់ដែលបានញែកខ្ញុំទុកតាំងពីក្នុងផ្ទៃម្តាយ បានត្រាស់ហៅខ្ញុំ តាមរយៈព្រះគុណរបស់ព្រះអង្គ និងបានសព្វព្រះហឫទ័យ ១៦បើកសំដែងឲ្យខ្ញុំ បានឃើញព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អ អំពីព្រះរាជបុត្រានោះនៅក្នុងចំណោមសាសន៍ដទៃ ហើយភ្លាមនោះ ខ្ញុំមិនបានប្រឹក្សាជាមួយមនុស្សណាឡើយ ១៧ហើយក៏មិនបានឡើងទៅឯពួកអ្នក ដែលជាសាវកមុនខ្ញុំនៅក្រុងយេរូសាឡិមដែរ គឺខ្ញុំបានចេញទៅស្រុកអារ៉ាប់ ហើយត្រលប់មកក្រុងដាម៉ាស់វិញ។
១៨បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡិម ដើម្បីស្គាល់លោកកេផាស ហើយបានស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ ១៩ប៉ុន្ដែ ខ្ញុំមិនបានជួបពួកសាវកឯទៀតទេ លើកលែងតែលោកយ៉ាកុប ជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។ ២០សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ មើល៍ នៅចំពោះព្រះជាម្ចាស់ ខ្ញុំមិនកុហកទេ។
២១ក្រោយមក ខ្ញុំបានទៅឯតំបន់ទាំងឡាយនៅក្នុងស្រុកស៊ីរី និងស្រុកគីលីគា ២២តែក្រុមជំនុំនៅក្នុងព្រះគ្រិស្ដដែលនៅស្រុកយូដា មិនបានស្គាល់មុខខ្ញុំឡើយ ២៣គេគ្រាន់តែឮថា ម្នាក់ដែលបានបៀតបៀនយើងពីមុន ឥឡូវនេះ កំពុងប្រកាសអំពីជំនឿដែលគាត់បំផ្លាញពីមុននោះវិញ ២៤ហើយពួកគេក៏សរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះខ្ញុំ។