អេភេសូរ ១
អេភេសូរ
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំ ប៉ូល ជាសាវករបស់ព្រះយេស៊ូគ្រិស្ដ តាមបំណងរបស់ព្រះជាម្ចាស់ ជូនចំពោះពួកបរិសុទ្ធ និងពួកអ្នកស្មោះត្រង់ទាំងឡាយ នៅក្នុងព្រះគ្រិស្ដយេស៊ូ ដែលនៅក្រុងអេភេសូរ ២សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
ព្រះពរខាងវិញ្ញាណ
៣គួរសរសើរព្រះជាម្ចាស់ជាព្រះវរបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ជាព្រះដែលបានប្រទានព្រះពរដល់យើងនៅក្នុងព្រះគ្រិស្ដ ឲ្យ មានព្រះពរខាងវិញ្ញាណ គ្រប់បែបយ៉ាងពីស្ថានសួគ៌ ៤តាមដែលព្រះអង្គបានជ្រើសរើសយើងនៅក្នុងព្រះគ្រិស្ដតាំងពីមុនដើមកំណើតពិភពលោកមក ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្ដីស្រឡាញ់ ៥ព្រះអង្គបានតម្រូវយើងទុកជាស្រេច ឲ្យធ្វើជាកូនសម្រាប់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ស្របតាមបំណង ដែលព្រះអង្គសព្វព្រះហឫទ័យ ៦សម្រាប់ការសរសើរសិរីរុងរឿង នៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានសព្វព្រះហឫទ័យចំពោះយើង នៅក្នុងព្រះមួយអង្គដ៏ជាទីស្រឡាញ់ ៧ហើយនៅក្នុងព្រះអង្គ យើងមានការប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ គឺការលើកលែង ទោសកំហុសទាំងឡាយស្របតាមព្រះគុណ ដ៏បរិបូររបស់ព្រះអង្គ ៨ដែលព្រះអង្គធ្វើឲ្យចម្រើនឡើងនៅក្នុងយើង ទាំងខាងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង ៩ទាំងបង្ហាញឲ្យយើងស្គាល់សេចក្តីអាថ៌កំបាំង នៃបំណងរបស់ព្រះអង្គ ស្របតាមការសព្វព្រះហឫទ័យរបស់ព្រះអង្គដែលបានគ្រោងទុកនៅក្នុងព្រះមួយអង្គនោះ ១០ហើយឲ្យគម្រោងនោះ បានសម្រេចនៅពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់ឲ្យរួមគ្នាតែមួយនៅក្នុងព្រះគ្រិស្ដ គឺទាំងអ្វីៗនៅស្ថានសួគ៌ និងនៅផែនដី ១១ហើយនៅក្នុងព្រះអង្គដែរ យើងបានត្រលប់ជាអ្នកស្នងមរតក ដែលបានកំណត់ទុកជាមុនស្របតាមគម្រោងការរបស់ព្រះអង្គដែលធ្វើការទាំងអស់ ស្របតាមការសម្រេចព្រះហឫទ័យរបស់ព្រះអង្គ ១២ដើម្បីឲ្យយើង ដែលជាអ្នកមានសង្ឃឹមនៅក្នុងព្រះគ្រិស្ដមុនគេ បានសរសើរសិរីរុងរឿងរបស់ព្រះអង្គ។១៣នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្ដីពិតដែរ គឺជាដំណឹងល្អអំពីសេចក្ដីសង្គ្រោះសម្រាប់អ្នករាល់គ្នា ហើយនៅក្នុងព្រះអង្គពេលអ្នករាល់គ្នាជឿ នោះអ្នករាល់គ្នា ក៏ទទួលបានការបោះត្រាដែលជាព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យាដែរ ១៤គឺព្រះវិញ្ញាណនេះហើយជារបស់បញ្ចាំចិត្ត សម្រាប់មរតករបស់យើង រហូតទាល់តែព្រះអង្គប្រោសលោះអ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គ ដើម្បីជាការសរសើរដល់ សិរីរុងរឿងរបស់ ព្រះអង្គ។
សេចក្តីអធិស្ឋានរបស់លោកប៉ូល
១៥ហេតុនេះហើយ នៅពេលខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាលើព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់ចំពោះពួកបរិសុទ្ធទាំងអស់ ១៦ខ្ញុំមិនបានឈប់អរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ១៧ដើម្បីសូមឲ្យព្រះរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង គឺព្រះវរបិតានៃសិរីរុងរឿងប្រទានដល់អ្នករាល់គ្នានូវព្រះវិញ្ញាណនៃប្រាជ្ញា និងការបើកសំដែងឲ្យស្គាល់ព្រះអង្គ ១៨ហើយឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា សេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាយ៉ាងណា មរតករបស់ព្រះអង្គនៅក្នុងពួកបរិសុទ្ធ មានសិរីរុងរឿងដ៏បរិបូរជាយ៉ាងណា ១៩ហើយអំណាចរបស់ព្រះអង្គ មានភាពអស្ចារ្យលើសលប់ជាយ៉ាងណា សម្រាប់យើង ជាអ្នកជឿ ដែលស្របតាមអានុភាពនៃព្រះចេស្ដា ដ៏ខ្លាំងពូកែរបស់ព្រះអង្គ ២០អំណាចនេះព្រះជាម្ចាស់ បានធ្វើការនៅក្នុងព្រះគ្រិស្ដ ដោយបានប្រោសព្រះគ្រិស្ដ ឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រមទាំងឲ្យគង់នៅខាងស្តាំព្រះអង្គនៅឯស្ថានសួគ៌ ២១ខ្ពស់លើអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច អំណាច អំណាចគ្រប់គ្រង និងអស់ទាំងឈ្មោះដែលហៅ មិនត្រឹមតែនៅជំនាន់នេះប៉ុណ្ណោះទេ គឺនៅជំនាន់ដែលនឹងមកដល់ទៀតផង ២២ហើយព្រះជាម្ចាស់ បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទារបស់ព្រះគ្រិស្ដ ព្រមទាំងបានតែងតាំងព្រះអង្គ ជាព្រះសិរលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ ២៣ដែលជារូបកាយរបស់ព្រះអង្គ និងជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញទាំងអស់ក្នុងគ្រប់ការទាំងអស់។