KCB - កិច្ចការ ៩


កិច្ចការ ៩

លោក​សុល​បែរ​មក​ជឿ​​លើ​ព្រះយេស៊ូ​

នៅពេលនោះ លោក​សុល​ នៅ​តែ​ក្ដៅគគុក​ ក្នុង​ការ​គំរាម​កំហែង និង​ការ​សម្លាប់ពួក​សិស្ស​របស់​ព្រះអម្ចាស់ដូច្នេះ​ គាត់​ក៏​ទៅ​ជួប​សម្តេច​សង្ឃ ហើយ​សុំ​សំបុត្រ​ពី​សម្ដេចសង្ឃ​ ​ទៅ​ឯ​សាលាប្រជុំនានា​នៅ​ក្រុង​ដាម៉ាស់ដើម្បី​បើគាត់​រក​ឃើញ​អ្នកណា​ម្នាក់​ ដែល​​ជា​អ្នកនៅខាង​មាគ៌ា​​នេះ មិន​ថា​ប្រុស​ ឬ​សី្រ គាត់​នឹង​ចាប់ចង នាំ​យក​មក​ក្រុង​យេរូសាឡិម។​

ពេល​គាត់​កំពុង​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់ ស្រាប់​តែ​មាន​ពនឺ្ល​មួយ​ពី​លើ​មេឃ​ចាំង​ជុំវិញ​គាត់​ ហើយ​គាត់​ក៏​ដួល​លើ​ដី ពេលនោះ​ គាត់​ឮ​សំឡេង​មួយ​និយាយ​មក​គាត់​ថា​៖ «សុល​អើយ! សុល​!​ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ​?»

គាត់​ក៏​សួរ​ថា​៖ «ព្រះអម្ចាស់​អើយ! តើ​ព្រះអង្គ​ជា​នរណា​?» ព្រះអង្គ​មានបន្ទូល​ថា​៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន [ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់»។​ គាត់​ក៏​សួរទាំង​នឹកអស្ចារ្យ និងភ័យរន្ធត់​ថា​៖ «ព្រះអម្ចាស់​អើយ! តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្តេច​?» ព្រះអម្ចាស់​ក៏​មានបន្ទូល​ទៅ​គាត់​ថា​៖​] «ចូរ​ក្រោកឡើង ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ ដ្បិត​នៅទីនោះ​នឹង​មាន​គេ​បា្រប់​អ្នក​ ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​

រីឯ​ពួក​អ្នក ធ្វើ​ដំណើរ​ជាមួយគាត់បានឈរភាំង ព្រោះ​ពួកគេ​ឮ​សំឡេងនោះ ប៉ុន្ដែ​មិន​ឃើញមានអ្នកណា​សោះ​ ​គេ​​​ក៏​លើក​លោកសុល ក្រោក​ឡើង​ពី​ដី ហើយពេល​គាត់​​បើក​ភ្នែក​ ​​គាត់​​​​មើល​​មិន​ឃើញ​អ្វី​សោះ ដូច្នេះពួក​គេ​ក៏​ដឹកដៃ​គាត់នាំ​ចូល​ទៅ​ក្នុង​ក្រុង​​ដាម៉ាស់។​ ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មើល​មិន​​ឃើញ ហើយ​ក៏​មិន​បាន​បរិភោគ ឬ​ផឹក​អ្វី​សោះ ១០នៅក្នុង​ក្រុង​ដាម៉ាស់​ មាន​សិស្ស​ម្នាក់​​ឈ្មោះ​អាណានាស ព្រះអម្ចាស់​​មាន​បន្ទូល​មក​គាត់​នៅ​ក្នុង​សុបិន​និមិត្ដ​ថា​៖ «អាណានាស​​!» គាត់​ក៏​ឆ្លើយ​ថា​៖ «ព្រះអម្ចាស់​អើយ! ខ្ញុំ​នៅ​ទីនេះ»​ ១១ព្រះអម្ចាស់​មានបន្ទូល​ទៅ​គាត់​ទៀត​ថា​៖ «ចូរ​ក្រោកឡើង ហើយទៅ​ឯ​ផ្លូវ​មួយដែល​ហៅ​​ថា​ ផ្លូវ​ត្រង់ ហើយ​រក​មនុស្ស​ម្នាក់​ឈ្មោះ​សុល ជា​អ្នកក្រុង​តើសុស ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​យូដាស ដ្បិត​មើល៍ គាត់​កំពុង​អធិស្ឋាន១២ហើយ​គាត់​ក៏​ឃើញ​បុរស​ម្នាក់​ដែរ ឈ្មោះ​អាណានាស​នៅ​ក្នុង​សុបិន​និមិត្ដ​ បាន​ចូល​មក​ដាក់​ដៃ​លើគាត់ ​ដើម្បី​ឲ្យ​​គាត់​មើល​ឃើញ​វិញ»​ ១៣​ពេល​នោះ លោក​អាណានាស​​ឆ្លើយ​ថា​៖ «ឱ ព្រះអម្ចាស់​អើយ​! ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន​ និយាយ​អំពី​ម្នាក់​នេះ​ថា គាត់​បាន​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់​ដល់​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ១៤ហើយ​ម្នាក់​នេះ​មក​ទីនេះ ដោយ​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ពួក​សម្ដេច​សង្ឃ ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​កំពុង​អំពាវនាវដល់​ព្រះនាមរបស់​ព្រះអង្គ​ទាំងអស់» ១៥ប៉ុន្ដែ​ ព្រះអម្ចាស់​មានបន្ទូល​ទៅ​គាត់​ថា​៖ «ចូរ​ទៅ​ចុះ ព្រោះ​គាត់​ជា​ភាជនៈ​​ ដែល​ខ្ញុំបាន​ជ្រើសរើស ដើម្បី​នាំ​យក​ឈ្មោះ​ខ្ញុំ​ ទៅ​ចំពោះមុខសាសន៍ដទៃ ទាំង​ពួក​ស្ដេច និង​កូនចៅ​អ៊ីស្រាអែល​ ១៦ដ្បិត​ខ្ញុំ​នឹង​បង្ហាញ​គាត់​ឲ្យ​​ដឹង​ថា ដោយ​ព្រោះ​ឈ្មោះ​​ខ្ញុំ គាត់​ត្រូវ​រងទុក្ខ​លំបាក​ប៉ុណ្ណា»។​

១៧ដូច្នេះ លោក​អាណានាស​ក៏​ចាកចេញ​ទៅ ហើយ​បាន​ចូលទៅ​ក្នុង​ផ្ទះ​នោះ បន្ទាប់ពី​ដាក់​ដៃ​លើ​លោក​សុល គាត់​ក៏​និយាយ​ថា​៖ «ឱ​បង​សុល​អើយ​! ព្រះអម្ចាស់​យេស៊ូ​ ដែល​បាន​បង្ហាញខ្លួន​ឲ្យ​​បង​ឃើញ​នៅតាម​ផ្លូវ​ដែល​បង​បាន​មក​ទីនេះ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​​មក ដើម្បី​ឲ្យ​​បង​មើលឃើញ​វិញ និង​ឲ្យ​​បង​បាន​ពេញ​ដោយព្រះ​វិញ្ញាណ​បរិសុទ្ធ»​ ១៨រំពេច​នោះ​​ មាន​អ្វី​មួយ​ដូចជា​ស្រកាបាន​ជ្រុះ​ពី​ភ្នែក​របស់​លោកសុល​​មក ហើយ​គាត់​ក៏​មើល​​ឃើញ​វិញ រួច​គាត់​ក៏​ក្រោកឡើង​ទទួលពិធី​ជ្រមុជទឹក​ ១៩​ក្រោយពី​បាន​បរិភោគ​អាហារ​រួច គាត់​ក៏​មាន​កម្លាំងឡើង​វិញ។

លោក​សុល​នៅ​ក្រុង​ដាម៉ាស់ និង​ក្រុងយេរូសាឡិម​

បន្ទាប់​មក គាត់​ក៏​នៅ​ជាមួយ​ពួក​សិស្ស​ ក្នុង​ក្រុង​ដាម៉ាស់​ជា​ច្រើន​​ថ្ងៃ​ ២០ហើយ​ភ្លាមនោះ គាត់​ចាប់ផ្ដើម​ប្រកាស​នៅ​តាម​សាលាប្រជុំ​នានា​ អំពី​ព្រះ​យេស៊ូ​ថា ព្រះអង្គ​នេះ​ហើយ​ ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ ២១រីឯ​ពួក​អ្នកទាំងឡាយ​ដែល​កំពុង​ស្តាប់​គាត់​ បាន​ងឿង​ឆ្ងល់ ហើយ​សួរ​គ្នា​ថា​៖ «តើ​មិន​មែន​ម្នាក់​នេះ​ទេ​ឬ ដែល​បាន​បំផ្លាញ​ពួក​អ្នក​ដែល​អំពាវនាវ​ដល់​ឈ្មោះ​នេះ ​នៅក្នុង​ក្រុង​យេរូសាឡិម ហើយ​ដោយសារ​តែ​មូលហេតុ​នេះ​​ បានជា​គាត់​មក​ទីនេះ ដើម្បី​ចាប់ចង​ពួក​អ្នកទាំងនោះ​ នាំ​ទៅ​ឲ្យ​​ពួកសម្ដេចសង្ឃ​​​?»​ ២២ទោះជា​យ៉ាងណាក្ដី លោក​សុល​កាន់តែ​មាន​កម្លាំង​ខ្លាំងឡើង ហើយ​បាន​ផ្ចាញ់ផ្ចាល​ពួក​ជនជាតិ​យូដា​ ដែល​រស់នៅ​ក្នុង​ក្រុង​ដាម៉ាស់​​ដោយ​អះអាង​ថា ព្រះ​យេស៊ូ​នេះ​ហើយ ជា​ព្រះ​គិ្រស្ដ។​ ២៣ដូច្នេះ ច្រើន​ថ្ងៃ​ក្រោយ​មក ពួក​ជនជាតិ​យូដា​បានពិភាក្សា​គ្នាដើម្បី​សម្លាប់​គាត់។ ២៤នៅពេលនោះ គម្រោង​ការ​របស់​ពួកគេ ​បាន​ដឹង​​ដល់​លោក​សុ​ល ហើយ​ពួកគេ​បាន​ឃ្លាំ​មើល​ទាំង​យប់​ទាំង​ថ្ងៃ នៅតាម​ទ្វារ​ទាំងឡាយ​ដើម្បី​សម្លាប់​គាត់។​ ២៥ដូច្នេះពួក​សិស្ស​របស់​គាត់​ បាន​ដាក់​គាត់​ក្នុង​កញ្ជើ​មួយ ហើយ​សម្រូតគាត់​ចុះ​តាម​កំផែង​ក្រុង​ទាំង​យប់។ ២៦ពេល​គាត់​មកដល់​ក្រុងយេរូសាឡិម​វិញ គាត់​ព្យាយាម​ចូល​រួម​​ជាមួយ​ពួក​សិស្ស ប៉ុន្ដែ​ ពួកគេ​ទាំងអស់​គ្នា​ខ្លាច​គាត់ ដោយ​មិន​ជឿ​ថា គាត់​ជា​សិស្សទេ។​ ២៧នៅពេលនោះ លោក​បារណាបាស​​​ បាន​ទទួល​គាត់ ព្រមទាំង​នាំ​គាត់​ទៅ​ជួប​ពួក​សាវក​និង​ រៀបរាប់​ប្រាប់​ពួកគេ ​អំពីហេតុការណ៍ដែល​លោកសុល​បាន​ឃើញព្រះអម្ចាស់​នៅតាម​ផ្លូវ ការ​ដែល​ព្រះអង្គ​មានបន្ទូល​មក​កាន់​គាត់ និង​ការ​ដែល​គាត់​ប្រកាសដោយក្លាហាន ​ក្នុង​ព្រះនាម ​របស់ព្រះ​យេស៊ូ នៅ​ក្នុង​ក្រុង​ដាម៉ាស់។ ២៨លោក​សុល​ក៏​នៅ​ជាមួយ​ពួក​សាវក និង​បាន​ចេញ​ចូល​ក្រុង​យេរូសាឡិម ទាំង​ប្រកាស​ដោយ​ក្លាហាន​ ក្នុង​ព្រះនាម​ព្រះអម្ចាស់​ទៀត​ផង។​ ២៩គាត់​បាន​ប្រកាស និង​ជជែកវែក​ញែក​ជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​​ ប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ង​សម្លាប់​គាត់​ ​៣០ហើយពេល​ពួក​បងប្អូន​បាន​ដឹង​ពីការ​នេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​ក្រុង​សេសារា​ បន្ទាប់​មកឲ្យ​​គាត់ទៅ​​​ក្រុង​តើសុស។​

៣១ដូច្នេះ ក្រុមជំនុំ​ទាំងអស់ដែល​នៅ​​ពាស​ពេញ​ស្រុក​យូដា​ ស្រុក​កាលីឡេ និង​​ ស្រុក​សាម៉ារី ក៏​មាន​សេចក្ដី​សុខសាន្ដ ហើយមាំមួនឡើង ក៏​រស់​នៅ​​ដោយ​​កោតខ្លាច​​ព្រះអម្ចាស់ និង​មានការ​កំសាន្ដ​ចិត្ដ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ​ព្រម​ទាំង​មាន​ចំនួន​កាន់តែ​ច្រើនឡើង។

លោកពេត្រុស​​ប្រោស​លោក​អេនាសឲ្យ​​បាន​ជា និងប្រោស​​​នាង​តេប៊ីថា​ឲ្យ​​បាន​រស់​ឡើង​វិញ​​

៣២រីឯ​​លោក​ពេត្រុស​វិញ នៅពេល​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំងអស់​នោះ គាត់​ក៏​ចុះ​ទៅ​ជួប​ពួក​បរិសុទ្ធ ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​​ដែរ។​ ៣៣នៅ​ទីនោះគាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​អេនាស ដែល​ស្លាប់ដៃជើង​ ដេក​តែ​នៅ​លើ​គ្រែ​ប្រាំបី​ឆ្នាំ​មក​ហើយ។​ ៣៤លោក​ពេត្រុស​ក៏​និយាយ​ទៅ​គាត់​ថា​៖ «ឱ អេនាស​អើយ​! ព្រះ​យេស៊ូ​គ្រិស្ដ​បាន​ប្រោស​អ្នក​ហើយ ចូរ​ក្រោកឡើង ហើយ​រៀបចំ​គ្រែ​របស់អ្នក​ចុះ» ពេលនោះ គាត់​ក៏​ក្រោក​ឡើង​ភ្លាម។​ ៣៥មនុស្ស​ទាំងអស់​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ និង​ស្រុក​សារ៉ូនបាន​ឃើញ​គាត់​ដូច្នេះ ក៏​ប្រែចិត្ត​មក​ឯ​ព្រះអម្ចាស់។ ​

៣៦នៅ​ក្នុង​ក្រុង​យ៉ុបប៉េ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មានន័យ​ថា​ក្ដាន់។ ស្រ្តី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ និង​បាន​ដាក់ទាន​ជា​ច្រើន​ ៣៧ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​នោះ នាង​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ស្លាប់​ទៅ។ ពេល​ពួកគេ​ចំអាស​សព​របស់​នាង​រួច​ហើយ ពួកគេ ​​ក៏​តម្កល់ទុក​នៅ​បន្ទប់​ខាងលើ។​ ៣៨ពេល​ពួក​សិស្ស​បាន​ឮ​ថា លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា ហើយ​ដោយសារ​ក្រុង​លីដា​​នៅ​ជិត​ក្រុង​យ៉ុបប៉េ ដូច្នេះពួកគេក៏​ចាត់មនុស្ស​ពីរនាក់ឲ្យ​ទៅ​អង្វរគាត់​ថា​៖​«សូម​ មក​កន្លែង​របស់​យើង កុំ​បង្អង់​ឡើយ» ៣៩ដូច្នេះ លោក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ទៅ​ជាមួយ​ពួកគេ។ ពេល​គាត់​ទៅដល់ ពួកគេ​ក៏​នាំ​គាត់​ទៅ​បន្ទប់​ខាង​លើ ហើយ​ពួក​ស្ត្រី​មេម៉ាយ​ទាំងឡាយ​ក៏​មក​ឈរ​យំ​ក្បែរ​គាត់​ ទាំង​បង្ហាញ​អាវ និង​សម្លៀក​បំពាក់​ទាំងឡាយ​ ដែល​នាង​ឌ័រកាស​បាន​ដេរ​ កាល​នាង​នៅ​ជាមួយ​ពួកគេ​នៅឡើយ។​ ៤០ពេលនោះលោក​ពេត្រុស​បាន​ឲ្យ​​​ពួកគេ​ចេញ​ទៅ​ក្រៅ​ទាំងអស់​គ្នា ហើយ​គាត់​ក៏​លុត​ជង្គង់អធិស្ឋាន រួច​គាត់​ក៏​បែរ​ទៅ​ឯ​សព ហើយ​និយាយ​ថា​៖«តេប៊ីថា​អើយ! ចូរ​ក្រោកឡើង​ចុះ​!»​ពេលនោះនាង​ក៏​បើក​ភ្នែក​ឡើង។​ ពេល​ឃើញ​លោក​ពេត្រុស នាង​ក៏​ក្រោក​អង្គុយ។​ ៤១គាត់​ក៏​ហុច​ដៃ​ទៅ​នាង ព្រមទាំង​បាន​លើក​នាង​ឡើង ហើយ​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​​មក រួច​គាត់​ក៏​បង្ហាញ​ថា នាង​មាន​ជីវិត​ឡើងវិញ​ហើយ។​

៤២ដំណឹង​នេះ ​បាន​ឮ​សុសសាយ​ពាស​ពេញ​ក្រុង​យ៉ុបប៉េ ហើយ​មនុស្ស​ជា​ច្រើន​បាន​ជឿលើ​​ព្រះអម្ចាស់។​ ៤៣លោក​ពេត្រុស​ បាន​ស្នាក់​នៅ​ជា​ច្រើន​ថ្ងៃ​ក្នុង​ក្រុង​យ៉ុបប៉េ​​ ជាមួយ​បុរសម្នាក់ឈ្មោះ​ស៊ីម៉ូន​ជា​អ្នកសម្លាប់ស្បែក។

កិច្ចការ ៩