KCB - កិច្ចការ ៧


កិច្ចការ ៧

លោក​ស្ទេផាន​ និយាយនៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​អ្នក​ដឹកនាំ​យូដា​

ពេលនោះ សម្ដេចសង្ឃ សួរ​ថា​៖ «តើ​ដូច្នេះ​មែន​ឬ​?»លោក​ស្ទេផាន​ក៏​ឆ្លើយ​​ថា​៖ «បងប្អូន និង​ឪពុក​ទាំងឡាយ​អើយ! សូម​ស្តាប់​ចុះ ព្រះជាម្ចាស់​នៃ​សេចក្ដី​រុងរឿង បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័បា្រហាំ ជា​ដូនតា​របស់យើង​មើលឃើញ កាល​នៅ​ស្រុក​មេសូប៉ូតាមា មុន​ពេល​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​ គឺ​ព្រះអង្គ​បាន​មានបន្ទូល​ទៅ​គាត់​ថា ចូរ​ចាក​ចេញ​ពី​ស្រុក និង​សាច់ញាតិ​របស់​អ្នក ហើយ​ទៅ​ស្រុក​មួយ ដែល​យើង​នឹង​បង្ហាញ​ដល់អ្នក​ចុះ​​ដូច្នេះ គាត់​ក៏​ចាកចេញ​ពី​ស្រុក​របស់ជនជាតិ​ខាល់ដេ ​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន លុះ​ក្រោយ​​ពេល ឪពុករបស់​លោក​អ័ប្រាហាំ​​បាន​ស្លាប់​ទៅ ព្រះ​ជាម្ចាស់​​ ក៏​នាំ​​គាត់​មក​រស់នៅ​លើ​ទឹកដី​នេះ ជា​ទឹកដី​ដែល​យើង​កំពុង​រស់នៅ​សព្វ​ថ្ងៃ​ ហើយ​​ព្រះជាម្ចាស់​មិន​បាន​ប្រទានឲ្យ​​គាត់​មាន​​មរតក ​​នៅ​ក្នុងស្រុកនេះ​ទេ សូម្បីតែ​ដី​ប៉ុន​បាត​ជើង ប៉ុន្ដែ​ ព្រះអង្គ​បាន​សន្យា​ថា ​នឹង​ប្រទាន​ស្រុក​នេះ​ដល់​គាត់ ព្រម​ទាំង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​ទុក​ជា​កម្មសិទ្ធិ ទោះបី​ជា​គាត់​មិន​ទាន់​មាន​កូន​ក៏ដោយ។

ព្រះជាម្ចាស់​ មានបន្ទូល​ដូច្នេះ​ថា​ កូនចៅ​របស់​គាត់​នឹង​ត្រលប់ជា​អ្នក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ អ្នកស្រុក​នោះ​នឹង​យក​ពួកគេ​​ធ្វើជា​ទាសករ ហើយ​​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំប៉ុន្ដែយើង​នឹង​ដាក់ទោស​ដល់​ជនជាតិ ដែល​ពួកគេ​បាន​បម្រើ​ ក្នុងនាម​ជាទាសករ​នោះ​។ ព្រះជាម្ចាស់​មានបន្ទូល​ទៀត​ថា ក្រោយ​​នោះ​មក ពួកគេ​នឹង​ចាក​ចេញ​មក​បម្រើ​យើង​នៅ​កន្លែង​នេះ​។​ ព្រះជាម្ចាស់​បាន​ប្រទាន​ការ​កាត់ស្បែក ដល់​លោក​អ័ប្រាហាំ​ទុកជា​កិច្ចព្រមព្រៀង ដូច្នេះ​ពេល​លោក​អ័ប្រាហាំ​ បង្កើត​បាន​លោក​អ៊ីសាក គាត់​ក៏​កាត់ស្បែក​ឲ្យ​​នៅ​ថ្ងៃ​ទី​ប្រាំបី ក្រោយមក លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ ​ហើយបុព្វបុរស​ទាំងនោះ​ បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុកអេស៊ីព្ទ​ ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប​ ១០ហើយ​បាន​រំ​ដោះ​គាត់​ ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំងឡាយ​ ព្រមទាំង​បាន​ប្រទានឲ្យ​​គាត់​មាន​​​បា្រជ្ញា​ និងជា​ទីគាប់​ចិត្ដ​​​ នៅ​ចំពោះ​​ស្ដេច​ស្រុក​អេស៊ីព្ទ។ ដូច្នេះស្តេច​ក៏​តែងតាំង​គាត់ ឲ្យ​ធ្វើជាអ្នក​គ្រប់គ្រងលើ​ស្រុក​អេស៊ីព្ទ​​ និង​លើ​ដំណាក់​ទាំងមូល​របស់​ស្ដេច។​

១១គ្រានោះ កើតមាន​គ្រោះ​អត់ឃ្លាន​ពាសពេញ​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន បណ្តាល​ឲ្យ​​មាន​សេចក្ដី​វេទនា​ជាខ្លាំង ​រីឯ​ដូនតា​របស់​យើង​រក​អាហារ​មិន​បាន​សោះ​ ១២ពេល​លោក​យ៉ាកុប​បាន​ឮ​ថា នៅ​ស្រុក​អេស៊ីព្ទ​មាន​ស្រូវ គាត់ក៏​ចាត់ដូនតា​របស់យើង ឲ្យ​ទៅ​ជាលើក​ទី​មួយ ១៣នៅ​លើក​ទីពីរ លោក​​យ៉ូសែប​ បាន​បង្ហាញ​ខ្លួន ​ឲ្យ​​បង​ៗ​របស់​គាត់​ស្គាល់ ហើយ​ស្ដេចស្រុក​អេស៊ីព្ទ​​ ក៏បាន​ដឹងអំពីគ្រួសារ​របស់​លោក​យ៉ូសែប​ ១៤លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅអញ្ជើញ​លោក​យ៉ាកុបជាឪពុករបស់​គាត់ និង​សាច់ញាតិទាំង​ចិតសិប​ប្រាំ​នាក់របស់​គាត់​ឲ្យ​មក​ ១៥ដូច្នេះលោក​យ៉ាកុប​បាន​ចុះទៅ‍ឯ​ស្រុក​អេស៊ីព្ទ ហើយ​គាត់ និង​ដូនតា​របស់​យើង​បាន​ស្លាប់​នៅទីនោះ។ ១៦ពួកគេ​បាន​យក​សព​អ្នកទាំងនោះ​ត្រលប់មក​ក្រុង​ស៊ីគែម​វិញ ហើយ​បាន​បញ្ចុះ​នៅក្នុងផ្នូរ ដែលលោក​អ័បា្រហាំ​បាន​យក​បា្រក់​មួយ​ចំនួន​ទិញ​ពី​កូនចៅរបស់​លោក​ហេម័រ​ នៅ​ក្រុង​ស៊ីគែម​ ១៧នៅពេល​ដែល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយលោក​អ័បា្រហាំ​ ជិត​បាន​សម្រេច នោះ​ប្រជាជន​របស់​យើង​ក៏​មាន​ចំនួន​ច្រើនឡើង​ៗ ​នៅក្នុង​ស្រុក​អេស៊ីព្ទ​ ១៨រហូត​ដល់ មាន​ស្ដេច​មួយ​អង្គ​ទៀត​ដែល​មិន​បាន​ស្គាល់​លោក​យ៉ូសែប ឡើងគ្រង​រាជ្យ​លើ​ស្រុក​អេស៊ីព្ទ​។​ ១៩ស្ដេច​នោះ​បាន​ប្រើ​ល្បិច​អាក្រក់មកលើ​ជន​ជាតិរបស់​យើង ព្រមទាំង​បាន​ធ្វើបាប​ដូនតា​របស់​យើង ដោយ​ឲ្យ​​បំបរ​បង់​កូន​ៗ​របស់​ពួកគេ​ចោល ដើម្បី​កុំ​ឲ្យ​​មាន​ជីវិត​រស់​​ ២០គឺ​ពេល​នោះ​ហើយ ដែល​លោក​ម៉ូសេ​បាន​កើត​មក ហើយ​មាន​រូបរាង​ស្រស់​ស្អាត​នៅ​ចំពោះ​ព្រះជា​ម្ចាស់ គាត់​ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​គាត់​ អស់​រយៈ​ពេល​បី​ខែ​ ២១រួច​ក៏​ត្រូវ​​បំបរបង់ចោលប៉ុន្ដែ​ បុតី្រ​របស់​ស្ដេច​ស្រុក​អេស៊ីព្ទ​​ បាន​យក​គាត់​មក​ចិញ្ចឹម ធ្វើ​ជា​បុត្រ​របស់​ព្រះនាង។ ២២លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ​គ្រប់​មុខវិជ្ជា​ទាំងអស់ របស់​ជនជាតិ​អេស៊ីព្ទ ហើយ​គាត់​​ពូកែទាំង​នៅក្នុង​ការ​និយាយ​ស្ដី និង​ការ​ប្រព្រឹត្តិ។​

២៣នៅពេល​គាត់​មាន​អាយុ​សែសិប​ឆ្នាំ គាត់​មាន​ចិត្ដ​ចង់​ទៅ​សួរ​សុខទុក្ខ​ ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បងប្អូន​របស់​គាត់។​ ២៤ពេល​គាត់​ ឃើញ​គេ​ធ្វើបាប​បងប្អូន​របស់​គាត់​ម្នាក់ គាត់​ក៏​ការពារ ហើយ​បាន​សង​សឹក​​ជំនួស​អ្នក ​ដែល​ត្រូវ​គេ​ធ្វើបាប​ ដោយវាយ​សម្លាប់​ជនជាតិ​អេស៊ីព្ទ​នោះ​ ២៥ដ្បិត​គាត់​ស្មាន​ថា បងប្អូន​របស់​គាត់​មុខជា​យល់​ថា ព្រះជាម្ចាស់​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ពួកគេ តាមរយៈ​​ដៃ​របស់​គាត់ ប៉ុន្ដែពួកគេ​មិន​បាន​យល់​ដូច្នោះ​ឡើយ។​

២៦នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​ប្រទះឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា ហើយ​គាត់​បាន​ព្យាយាម​​ផ្សះផ្សាពួកគេ​ ឲ្យ​​ត្រូវគ្នា​វិញ ​ដោយ​និយាយ​ថា​ ​ បងប្អូន​អើយ​! ពួកអ្នក​ជា​បងប្អូន​នឹងគ្នា ហេតុអ្វី​ក៏​បង្ក​របួសស្នាម​ដល់​គ្នា​ដូច្នេះ​?

២៧ប៉ុន្ដែ អ្នក​ដែល​កំពុង​បង្ក​របួសស្នាម​ដល់​ម្នាក់​ទៀតបាន​ច្រាន​គាត់ ទាំង​និយាយ​ថា តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​​ធ្វើជា​មេ​ដឹកនាំ និង​ជា​ចៅក្រម​សម្រាប់​យើង​?​ ២៨តើ​អ្នក​ចង់​សម្លាប់​​ខ្ញុំ ដូចជាអ្នកបាន​សម្លាប់​ជនជាតិ​អេស៊ីព្ទ​ម្នាក់កាលពី​ម្សិលមិញ​ដែរ​ឬ​? ២៩ពេល​ឮ​សំដី​ដូច្នេះ លោក​ម៉ូសេ​ក៏​ភៀស​ខ្លួន​ទៅ​ស្រុក​ម៉ាឌាន ហើយ​រស់នៅ​ជា​ជនបរទេស​នៅ​ស្រុក​នោះ គាត់​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់។​

៣០សែសិប​ឆ្នាំ​ក្រោយ​មក មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​​គាត់​ឃើញ​នៅ​ទី​រហោឋានភ្នំ​ស៊ីណាយ គឺ​នៅក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ពបន្លា។​ ៣១ពេល​លោក​ម៉ូសេ​ បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ គាត់​ក៏​ឆ្ងល់ ហើយ​នៅពេល​គាត់​ចូលទៅជិត ដើម្បី​ពិនិត្យ​មើល​ឲ្យ​​ច្បាស់ ស្រាប់តែ មានសំឡេងរបស់​ព្រះអម្ចាស់មាន​បន្ទូល​ថា​ ៣២យើង​ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក ជា​ព្រះ​របស់​អ័បា្រហាំ អ៊ីសាក និង​យ៉ាកុប ពេលនោះ​លោក​ម៉ូសេ​ភ័យញ័រមិន​ហ៊ាន​មើល​ទេ៣៣ព្រះអម្ចាស់​មាន​បន្ទូល​មក​គាត់​ទៀត​ថា ចូរ​ដោះ​ស្បែក​ជើងរបស់​អ្នក​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​ដី​បរិសុទ្ធ​ ៣៤យើង​បាន​ឃើញ​ បានយល់​ពី​ទុក្ខ​វេទនា​របស់​ប្រជារាស្ដ្រ​យើង​នៅ​ស្រុក​អេស៊ីព្ទ​ និងបាន​ឮ​ពី​ការ​ស្រែកថ្ងូរ ​របស់​ពួកគេ​ហើយ ដូច្នេះ​ហើយបានជា​យើង​ចុះ​មក ដើម្បី​រំដោះ​ពួកគេ ចូរ​មកឥឡូវនេះយើង​នឹង​ចាត់​អ្នក​ឲ្យ​​ទៅស្រុកអេស៊ីព្ទ៣៥លោក​ម៉ូសេ​នេះ​ហើយ ដែល​គេ​បាន​បដិសេធ​គាត់ដោយ​និយាយ​ថា តើ​អ្នកណា​តែង តាំង​អ្នក​ឲ្យ​​ធ្វើជា​មេ​ដឹកនាំ និង​ជា​ចៅ​ក្រម​? ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ចាត់​លោកម៉ូសេ​ដដែលនេះ ​ ឲ្យ​​ទៅ​ធ្វើជា​មេ​ដឹកនាំ និង​ជា​អ្នក​ជួយ​រំដោះតាមរយៈ​ដៃ​របស់​ទេវតាដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​​គាត់​ឃើញ​នៅក្នុង​គុម្ព​បន្លា​នោះ។​ ៣៦លោកម្នាក់​នេះ​ហើយ ដែល​បាន​នាំ​ពួកគេ​ចេញ​ដោយ​បាន​ធ្វើ​ការ​អស្ចារ្យ និង​ទី​សំគាល់​នានា​ នៅ​ស្រុក​អេស៊ីព្ទ នៅ​សមុទ្រ​ក្រហម និង​នៅ​ទី​រហោឋាន​អស់រយៈ​ពេល​សែសិប​ឆ្នាំ។​ ៣៧លោក​ម៉ូសេ​នេះ​ហើយ ដែល​បាន​និយាយ​ទៅ​កូន​ចៅ​អ៊ីស្រាអែល​ថា ព្រះជាម្ចាស់នឹង​តាំង​អ្នកនាំ​ព្រះបន្ទូល​​​​ម្នាក់ ដូច​ជា​ខ្ញុំ​ដែរ ពី​ក្នុង​ចំណោម​បងប្អូន​របស់​អ្នករាល់គ្នា​សម្រាប់​អ្នក​រាល់​គ្នា៣៨​លោក​ម៉ូសេ​នេះ​​ហើយ ដែល​បាន​នៅ​ក្នុង​ចំណោម​ពួកអ្នក​ នៅ​ទី​រហោឋាន​ជាមួយ​ដូនតា​របស់​យើង និង​ទេវតា​ដែល​បាន​ថ្លែងព្រះបន្ទូល​ដល់​គាត់​នៅ​លើ​ភ្នំ​ស៊ីណាយ ហើយ​គាត់​បានទទួល​ព្រះបន្ទូល​ដ៏មានជីវិត​ មក​ប្រគល់​ឲ្យយើង។​

៣៩ដូនតា​របស់​យើង​ មិនព្រមស្តាប់​បង្គាប់​គាត់​ទេ ផ្ទុយទៅវិញ ពួកគេ​បាន​ច្រាន​គាត់​ចោល ហើយ​ក្នុងចិត្ដ​របស់ពួកគេ​នឹកចង់​ត្រលប់​ទៅ​ស្រុក ​អេស៊ីព្ទ​វិញ​ ៤០ដោយ​និយាយ​ទៅ​លោក​អើរ៉ុន​ថា ចូរ​ឆ្លាក់​រូប​ព្រះ​ឲ្យយើង ជាព្រះ​ដែល​នាំមុខ​យើង ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​មិន​ដឹង​ថា​ មាន​អ្វី​កើត​ឡើង​ដល់​គាត់​ទេ៤១នៅ​ពេល​នោះ គេ​ក៏​ធ្វើ​រូប​កូនគោមួយ ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ​ ទាំង​នាំគ្នា​អរ​សប្បាយនឹង​ស្នា​ដៃ​របស់​ពួកគេ​ ៤២ដូច្នេះ ព្រះជាម្ចាស់​ក៏​បែរ​ព្រះ​ភក្រ្ត​​​ចេញ​ពីពួកគេ ហើយ​បាន​ប្រគល់​ពួកគេឲ្យ​​ទៅ​បម្រើ​ពលបរិវារ​នៅ​លើ​មេឃ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​អ្នកនាំ​ព្រះបន្ទូលថា ឱ ​ពូជពង្ស​អ៊ីស្រាអែល​អើយ! រយៈ​ពេល​សែសិប​ឆ្នាំ​ នៅ​ទី​រហោឋាន​នោះ តើ​អ្នករាល់គ្នា​បាន​យក​សត្វ​តង្វាយ​ និង​យញ្ញបូជា​ មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ​?​ ៤៣អ្នករាល់គ្នា​បែរជា​សែន​រោង​ម៉ូឡុក និង​ផ្កាយ​រេមផាន់ជា​ព្រះ​របស់​អ្នករាល់គ្នា គឺ​ជា​រូបព្រះ​ដែល​អ្នករាល់គ្នា​បាន​ធ្វើ​សម្រាប់​ថ្វាយបង្គំ ដូច្នេះយើង​នឹង​បញ្ជូន​​អ្នករាល់គ្នា ទៅ​ឯនាយស្រុក​បាប៊ីឡូន​​​​។​

៤៤ដូនតា​របស់យើង​ មានរោង​នៃសេចក្ដី​បន្ទាល់​នៅ​ទី​រហោឋាន គឺ​ដូច​ដែល​ព្រះអង្គ​ បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​​ធ្វើតាម​គំរូ​ដែលគាត់​បាន​ឃើញ​ ៤៥ដូនតា​របស់​យើង​ក៏​ទទួល​រោងនោះ​តៗ​គ្នា​តាមជំនាន់ ព្រមទាំង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​យ៉ូស្វេ​ នៅ​គ្រា​កាន់កាប់​ទឹកដី​របស់​សាសន៍​ដទៃ​ដែល​ព្រះជាម្ចាស់​បាន​បណ្ដេញ​ ពួកគេ​ចេញ​ពី​មុខ​ដូនតា​របស់​យើង​រហូត​ដល់​ជំនាន់​ស្ដេច​ដាវីឌ​ ៤៦ដែល​បាន​ជាទី​គាប់​ព្រះ​ហឫទ័យនៅ​ចំពោះ​ព្រះភក្ដ្រ​របស់ព្រះជាម្ចាស់ ហើយ​ស្ដេច​បានសុំ​សង់​ដំណាក់ សម្រាប់​ព្រះ​នៃ​ពូជពង្ស​របស់​លោក​យ៉ាកុប​ ​ ៤៧ប៉ុន្ដែ​ជា​ស្ដេច​សាឡូម៉ូន​ទេតើ ដែល​បាន​សង់​ដំណាក់​ថ្វាយ​ព្រះជាម្ចាស់​ ៤៨ទោះជា​យ៉ាងណា​ក៏ដោយ ព្រះ​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​កន្លែង​ដែល​សង់​ឡើង​​ដោយ​ដៃ​មនុស្ស​ទេដូច​ដែល​អ្នកនាំ​ព្រះបន្ទូល​​បាន​ថ្លែង​ទុក​ថា​ ៤៩ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​យើង ឯ​ផែនដី​ ជា​កំណល់​ជើង​របស់​យើងព្រះ​អម្ចាស់​បាន​មានបន្ទូល​ថា តើ​អ្នករាល់គ្នា​នឹង​សង់​ដំណាក់​បែប​ណា​សម្រាប់​យើង​? តើ​កន្លែង​សម្រាក​របស់​យើងជា​កន្លែងយ៉ាងដូចម្ដេច​?​៥០តើ​​មិន​មែន​ដៃ​របស់​យើង​ទេ​ឬ ដែល​បាន​បង្កើត​របស់​ទាំង​អស់​នេះ​?

៥១ឱ​ អ្នករាល់គ្នា​ជា​មនុស្ស​ចចេស និង​ជាអ្នក​មាន​ចិត្ដ មាន​ត្រចៀក​ ហើយ​មិន​កាត់ស្បែក​អើយ​! អ្នករាល់គ្នា​ប្រឆាំង​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជានិច្ច ដូច​ជា​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ។​ ៥២តើ​មាន​អ្នកនាំ​ព្រះបន្ទូល​​​​ណា​ម្នាក់​ ដែល​ដូនតា​របស់​អ្នករាល់គ្នា​មិន​បាន​បៀតបៀន​ដែរ‍ឬ​ទេ​?ពួកគេ​បាន​សម្លាប់​អស់​អ្នក​ ដែល​បាន​ប្រកាស​ទុកមុន ​អំពី​ការ​យាង​មក​របស់ព្រះដ៏​សុចរិត​​​ ហើយ​ឥឡូវនេះអ្នករាល់គ្នា​ក្លាយ​ទៅ​ជា​អ្នក​ក្បត់ និង​ជា​អ្នក​សម្លាប់​ព្រះអង្គ​ទៀត​ ៥៣គឺ​អ្នករាល់គ្នា​ហើយជាអ្នកដែលបាន​ទទួល​ក្រឹត្យ​វិន័យ​តាម​ការ​រៀបចំ​របស់​ពួក​ទេវតា​​​ ប៉ុន្ដែ​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​តាម​សោះ»។​

គេ​សម្លាប់​លោក​ស្ទេផាន​ដោយ​គប់​នឹងដុំ​​ថ្ម​

៥៤ពេល​ពួកគេ​ឮ​សេចក្ដី​ទាំងនេះហើយក៏​ខឹង​ជាខ្លាំង​នៅក្នុង​ចិត្ដ ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ ​៥៥ពេលនោះលោក​ស្ទេផាន​ បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​សម្លឹងមើលទៅ​លើ​មេឃ ហើយ​បានឃើញសិរីរុងរឿង​របស់ព្រះ​ជាម្ចាស់​​ និង​​ព្រះ​យេស៊ូដែល​កំពុងឈរ​នៅខាង​ស្ដាំ​​ព្រះជាម្ចាស់ ​៥៦ដូច្នេះគាត់​ក៏​និយាយ​ថា​៖ «មើល៍ ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ ហើយ​កូន​មនុស្ស​​​​​​​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​!» ៥៧ពួកគេ​ក៏​សម្រុកមក​ឯ​គាត់​ ព្រមៗ​គ្នា​ទាំង​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ និង​ខ្ទប់​ត្រចៀក​របស់​ពួកគេ​ផង ​៥៨ពេល​ពួកគេអូស​គាត់​ចេញទៅដល់ក្រៅ​ក្រុង​ហើយ ពួកគេ​ក៏​គប់​គាត់​នឹងដុំថ្ម រីឯ​​ពួក​សាក្សីវិញបាន​ទុក​សម្លៀក​បំពាក់របស់​ពួកគេ នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សុល។​

៥៩នៅពេលពួកគេ​ កំពុង​គប់​លោកស្ទេផាននឹង​ដុំ​ថ្ម​ គាត់​ទូល​អង្វរ​ព្រះជាម្ចាស់​ថា​៖ «ឱព្រះអម្ចាស់​យេស៊ូ​អើយ! សូម​ទទួល​យក​វិញ្ញាណ​របស់​ខ្ញុំ​ចុះ»​ ៦០រួច​គាត់​ក៏​លុត​ជង្គង់​ចុះ ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖ «ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​នឹង​ពួកគេ​ ចំពោះ​​បាប​នេះ​អី​!» កាល​បាន​និយាយ​ដូច្នេះ​ហើយ គាត់​ក៏​ស្លាប់​ទៅ។

កិច្ចការ ៧