KCB - កិច្ចការ ៦


កិច្ចការ ៦

បុរស​ប្រាំពីរ​នាក់​ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​​បម្រើ​

នៅ​គ្រា​នោះ ពេល​ពួក​សិស្ស​កំពុងកើន​ចំនួន​ឡើង នោះ​ពួក​ជនជាតិយូដា​ដែល​និយាយ​ភាសាក្រេក បាន​និយាយ​រអ៊ូរទាំ​ចំពោះ​ជនជាតិយូដា​ដែលនិយាយ​ភាសាហេព្រើ​រថា ការចែក​​អាហារ​ប្រចាំថ្ងៃ​ដល់​ពួក​ស្ត្រី​មេម៉ាយរបស់​ពួកគេ​មិនបាន​ដិតដល់​ទេ។​ ពេលនោះពួក​សាវកទាំង​ដប់ពីរ​បាន​ហៅ​ពួក​សិស្ស​ទាំងអស់​មក ហើយ​និយាយ​ថា​៖ «មិន​ស័ក្ដិសម​ទេ ដែល​ឲ្យ​​​យើង​ឈប់រវីរវល់​នឹង​ព្រះ​បន្ទូល​​របស់​ព្រះជាម្ចាស់​ទៅ​បម្រើ​តុ​នោះ ដូច្នេះបងប្អូន​អើយ! សូមជ្រើសរើស​បុរស​ប្រាំពីរ​នាក់​ ក្នុងចំណោម​អ្នករាល់គ្នាដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ​វិញ្ញាណ និង​បា្រជ្ញា​មក នោះ​​យើង​នឹង​តែងតាំង​អ្នកទាំងនោះ​ឲ្យ​​មើល​ខុស​ត្រូវ​លើ​មុខងារ​នេះ​ រីឯ​​​យើង​វិញ យើង​នឹង​បន្ដ​នៅក្នុង​សេចក្ដី​អធិស្ឋាន និង​ការបម្រើ​ព្រះបន្ទូល​យ៉ាង​ខ្ជាប់ខ្ជួន​!»

អង្គប្រជុំ​ទាំងមូល​ ពេញចិត្ដ​នឹង​សំណើ​នេះ​ណាស់ ដូច្នេះពួកគេ​ក៏​ជ្រើសរើស​លោក​ស្ទេផាន ជា​អ្នក​ដែល​ពេញ​ដោយ​ជំនឿ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ភីលីព លោក​ប្រូខូរ៉ុស លោក​នីកាន័រ លោក​ទីម៉ូន លោក​ប៉ាមេណា និង​លោក​នីកូឡាស ជា​អ្នក​ចូល​សាសនា​យូដា​ មក​ពី​ក្រុង​អាន់​ទីយ៉ូក។​ ពួកគេ​បាននាំ​អ្នក​ទាំងនោះ មក​ឈរនៅ​ចំពោះ​មុខ​ពួក​សាវក ហើយ​ពួក​សាវក​ក៏​អធិស្ឋាន ដោយ​​ដាក់​ដៃ​លើ​​អ្នកទាំងនោះ។​ ដូច្នេះ​ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់​ក៏​កាន់តែ​ចម្រើន​ឡើង ហើយ​ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡិមក៏​កើន​ឡើង​យ៉ាងច្រើន​ ឯ​ពួក​សង្ឃ​ជាច្រើន​ក៏​ប្រតិបត្តិ​តាម​ជំនឿ​នេះ​ដែរ។​

គេ​ចាប់​ខ្លួន​លោក​ស្ទេផាន​

រីឯ​លោក​ស្ទេផាន ជា​មនុស្ស​ម្នាក់​ពេញ​ដោយ​ព្រះគុណ និង​អំណាច​ គាត់​បាន​ធ្វើ​ការ​អស្ចារ្យ និង​ទីសំគាល់​ធំៗ​ក្នុង​ចំណោម​​ប្រជាជន​ នៅ​ពេលនោះ មាន​មនុស្ស​ខ្លះ ​មក​ពី​សាលាប្រជុំមួយ​ដែល​ហៅ​ថាក្រុម​សេរីភាព ដែល​មាន​ពួក​អ្នកក្រុង​គីរេន ពួក​អ្នកក្រុង​អ័លេក្សានទ្រា និង​ អ្នក​ខ្លះ​មកពី​ស្រុក​គីលីគា និង​ស្រុក​អាស៊ី​ បាន​​សួរ​ដេញដោល​​​លោក​ស្ទេផាន ១០ប៉ុន្ដែ ​ពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ ដែល​លោក​ស្ទេផាននិយាយ​ដោយ​បា្រជ្ញា និង​ព្រះ​វិញ្ញាណ​នោះ​បាន​ទេ​ ១១ដូច្នេះពួកគេ​ក៏​អូសទាញ​មនុស្ស​ខ្លះ​ឲ្យ​​និយាយ​ថា៖ «យើង​បាន​ឮ​អ្នកនេះ​និយាយ​ពាក្យប្រមាថ​ដល់​លោក​ម៉ូសេនិង​ព្រះជាម្ចាស់​!»១២ពួកគេ​បាន​ញុះញង់​ប្រជាជន ពួក​ចាស់ទុំ​ និង​ពួក​គ្រូវិន័យ ហើយ​ពួកគេក៏​នាំគ្នា​ មកចាប់​លោក​ស្ទេផាន យកទៅដាក់​នៅ​ចំពោះ​មុខ​ក្រុមបឹ្រក្សាកំពូល។ ១៣ពួកគេ​បាន​រៀបចំ​ពួក​សាក្សី​ក្លែងក្លាយ​ឲ្យ​​និយាយ​ថា​៖«មនុស្ស​នេះ ​ចេះតែ​និយាយ​ពាក្យ​ជំទាស់​នឹង​ទី​បរិសុទ្ធនេះ​ ព្រមទាំង​គម្ពីរ​វិន័យ​ឥត​ឈប់​ឈរ​ឡើយ​ ១៤ដ្បិត​យើង​បាន​ឮ​គាត់​និយាយ​ថា យេស៊ូ​ជា​អ្នកក្រុង​ណាសារ៉ែត​នេះ​នឹងបំផ្លាញ​កន្លែង​​នេះចោល ហើយ​ផ្លាស់​ប្តូរ​ទំនៀម​ទម្លាប់​ ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​​យើង​ទៀត​ផង»។​ ១៥រីឯ​​ពួក​អ្នក ​ដែលអង្គុយនៅ​ក្នុងក្រុមបឹ្រក្សាកំពូល បាន​សម្លឹង​មើល​លោក​ស្ទេផាន​គ្រប់ៗ​​គ្នា ពួកគេ​បាន​ឃើញ​មុខ​របស់​គាត់​ដូច​ជា​មុខ​របស់​ទេវតា។

កិច្ចការ ៦