កិច្ចការ ៥
អាណានាស និងសាភីរ៉ា កុហកពួកសាវក
៥មានបុរសម្នាក់ ឈ្មោះ អាណានាស និងប្រពន្ធរបស់គាត់ឈ្មោះសាភីរ៉ា បានលក់ទ្រព្យសម្បត្ដិរបស់ខ្លួន ២ប៉ុន្ដែគាត់បានលាក់មួយចំណែកនៃប្រាក់លក់ទ្រព្យនោះ ទុកសម្រាប់ខ្លួនឯង ដោយមានការដឹងឮពីប្រពន្ធដែរ ហើយគាត់បានយកមួយចំណែកទៀតមកដាក់នៅទៀបជើងរបស់ពួកសាវក។
៣ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំង នៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ? ៤កាលអ្នកនៅមានដីនៅឡើយ តើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយ តើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះ នៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ គឺបានកុហកព្រះជាម្ចាស់ទេតើ!» ៥កាលលោកអាណានាសឮពាក្យទាំងនេះហើយ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ ក៏មានសេចក្ដីកោតខ្លាចជាខ្លាំង។ ៦ពេលនោះពួកយុវជនក៏ក្រោកឡើងរុំសពគាត់ ហើយសែងយកទៅបញ្ចុះ។ ៧ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។ ៨លោកពេត្រុសក៏សួរនាងថា៖ «សូមបា្រប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយថា «ចាស! ប៉ុណ្ណឹងមែន»។ ៩ពេលនោះលោកពេត្រុស ក៏និយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នក ព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណ របស់ព្រះអម្ចាស់ដូច្នេះ? មើល៍ ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីរបស់នាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ»។
១០ភ្លាមនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ហើយឃើញនាងស្លាប់ដូច្នេះ ពួកគេក៏សែងនាង យកទៅបញ្ចុះក្បែរប្ដីរបស់នាង។ ១១ក្រុមជំនុំទាំងមូល ព្រមទាំងអស់អ្នកដែលបានឮ អំពីហេតុការណ៍នេះមានសេចក្ដីកោតខ្លាចជាខ្លាំង។
ពួកសាវក ប្រោសមនុស្សជាច្រើនឲ្យបានជា
១២មានទីសំគាល់ និងការអស្ចារ្យជាច្រើន បានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយ នៅក្នុងសាលាសំណាក់សាឡូម៉ូន ១៣រីឯអ្នកផ្សេងទៀត គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រជាជនគោរពពួកគេ ១៤ហើយអស់អ្នក ដែលបានជឿព្រះអម្ចាស់ទាំងប្រុសទាំងសី្រមានចំនួនកើនឡើងជាលំដាប់ ១៥ដូច្នេះហើយ បានជាមានគេសែងពួកអ្នកជំងឺមកដាក់នៅតាមផ្លូវ ហើយផ្ដេកអ្នកជំងឺទាំងនោះនៅលើគ្រែស្នែង និង កន្ទេល ដើម្បីពេលលោកពេត្រុសដើរកាត់ យ៉ាងហោចណាស់ក៏ស្រមោលរបស់គាត់បាំងលើអ្នកខ្លះ ក្នុងចំណោមពួកគេ ១៦ហើយមនុស្សជាច្រើនដែលនៅក្នុងក្រុងទាំងឡាយ ជុំវិញក្រុងយេរូសាឡិម បាននាំគ្នាមកដែរ ដោយនាំយកពួកអ្នកជំងឺ និងអស់អ្នកដែលត្រូវពួកវិញ្ញាណអាក្រក់ ធ្វើទុក្ខមកជាមួយ ហើយអ្នកទាំងនោះក៏ត្រូវបានប្រោសឲ្យជាទាំងអស់គ្នា។
ពួកសាវកជួបនឹងការប្រឆាំង
១៧រីឯសម្ដេចសង្ឃ និងពួកអ្នកដែលនៅជាមួយ ដែលជាពួកអ្នកខាងគណៈសាឌូស៊ីបានរួមគ្នាប្រឆាំង ព្រោះពួកគេពេញដោយសេចក្ដីច្រណែន ១៨ពួកគេបានចាប់ពួកសាវក ហើយយកទៅឃុំទុកនៅក្នុងគុកសាធារណៈ។ ១៩ប៉ុន្ដែនៅពេលយប់ ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុក ហើយនាំពួកគេចេញ ទាំងនិយាយថា៖ ២០«ចូរទៅ ហើយឈរប្រកាសប្រាប់ប្រជាជន នៅក្នុងព្រះវិហារ អំពីអស់ទាំងព្រះបន្ទូលនៃជីវិតនេះចុះ»។ ២១ពេលឮដូច្នេះហើយ ពួកគេ ក៏ចូលទៅក្នុងព្រះវិហារពីព្រលឹមហើយចាប់ផ្ដើមបង្រៀន។ កាលសម្ដេចសង្ឃ និងពួកអ្នកនៅជាមួយ បានមកដល់ហើយ ពួកគេក៏កោះហៅក្រុមបឹ្រក្សា កំពូល រួមទាំងក្រុមប្រឹក្សារបស់ប្រជាជនអ៊ីស្រាអែលទាំងអស់មក និងបានចាត់គេឲ្យទៅគុក ដើម្បីនាំពួកសាវកមក ២២ប៉ុន្ដែកាលពួកឆ្មាំព្រះវិហារបានទៅដល់គុក ពួកគេមិនបានឃើញពួកសាវកនៅក្នុងនោះទេ ដូច្នេះពួកគេក៏ត្រលប់មករាយការណ៍វិញ ២៣ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។
២៤ពេលប្រធានឆ្មាំព្រះវិហារ និងពួកសម្ដេចសង្ឃឮដូច្នោះ ពួកគេគិតមិនយល់ទាល់តែសោះ ចំពោះហេតុការណ៍ដែលបានកើតឡើង ដល់ពួកសាវក។ ២៥ពេលនោះ មានម្នាក់បានមករាយការណ៍បា្រប់ពួកគេថា៖ «មើល៍ ពួកមនុស្ស ដែលពួកលោកបានចាប់ដាក់គុកនោះ ឥឡូវនេះពួកគេកំពុងឈរបង្រៀនប្រជាជន នៅក្នុងព្រះវិហារឯណោះ!» ២៦ដូច្នេះប្រធានឆ្មាំព្រះវិហារ និងពួកឆ្មាំព្រះវិហារ បានចេញទៅនាំពួកសាវកមក ដោយគ្មានអំពើហិង្សាទេ ព្រោះពួកគេខ្លាចប្រជាជនគប់ពួកគេនឹងដុំថ្ម។ ២៧ពេលពួកគេនាំពួកសាវកមកដល់ហើយ ពួកគេក៏ដាក់អ្នកទាំងនោះនៅមុខក្រុមបឹ្រក្សាកំពូល ហើយសម្ដេចសង្ឃក៏សួរពួកគេ ២៨ថា៖ «យើងបានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ មិនឲ្យអ្នករាល់គ្នាបង្រៀន ដោយនូវឈ្មោះរបស់អ្នកនោះទេ ប៉ុន្ដែ មើល៍ អ្នករាល់គ្នាបានបង្រៀនពេញក្រុងយេរូសាឡិម ហើយមានបំណងយកឈាមបុរសនេះ មកទម្លាក់លើយើងទៀតផង»។
២៩ពេលនោះលោកពេត្រុស និងពួកសាវកបានឆ្លើយថា៖ «យើងត្រូវស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមមនុស្ស ៣០ព្រះនៃដូនតារបស់យើងបានប្រោសព្រះយេស៊ូ ដែលពួកលោកបានសម្លាប់ដោយព្យួរនៅលើឈើឆ្កាងឲ្យរស់ឡើងវិញ។ ៣១ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានលើកតម្កើងឲ្យនៅខាងស្ដាំព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះ ដើម្បីប្រទានការប្រែចិត្ដ ព្រមទាំងការលើកលែងទោសបាបដល់ជនជាតិអ៊ីស្រាអែល ៣២រីឯយើងជាសាក្សីអំពីហេតុការណ៍នេះ ហើយព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះជាម្ចាស់បានប្រទានដល់ពួកអ្នកដែលស្ដាប់បង្គាប់តាមព្រះអង្គ ក៏ជាសាក្សីដែរ»។
៣៣ពេលពួកគេឮដូច្នេះ ក៏ខឹងជាខ្លាំង ហើយចង់សម្លាប់ពួកសាវកចោល ៣៤ប៉ុន្ដែ មានអ្នកខាងគណៈផារិស៊ីម្នាក់ឈ្មោះកាម៉ាលាលជាគ្រូវិន័យនិងជាអ្នកដែលប្រជាជនគ្រប់គ្នាគោរព គាត់បានងើបឈរឡើងនៅក្នុងក្រុមបឹ្រក្សាកំពូលនោះ ហើយបានបង្គាប់គេឲ្យយកពួកសាវកទាំងនោះ ទៅខាងក្រៅបន្ដិចសិន។ ៣៥បន្ទាប់មក គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ចូរប្រយ័ត្នខ្លួនពីការដែលបងប្អូនប៉ុនប៉ងធ្វើចំពោះអ្នកទាំងនេះ ៣៦ដ្បិតពេលថ្មីៗកន្លងមកនេះ មានម្នាក់ឈ្មោះធើដាសបានអះអាងធ្វើជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយមនុស្សមួយក្រុម ដែលមានគ្នាប្រហែលបួនរយនាក់បានចូលរួមជាមួយអ្នកនោះ ប៉ុន្ដែអ្នកនោះក៏ត្រូវគេសម្លាប់ ហើយពួកអ្នកទាំងឡាយ ដែលដើរតាមគាត់បានខ្ចាត់ខ្ចាយអស់ ៣៧បន្ទាប់ពីម្នាក់នោះមក មានម្នាក់ទៀតឈ្មោះយូដាសជាអ្នកស្រុកកាលីឡេ បានក្រោកឡើងបះបោរនៅគ្រាធ្វើជំរឿនប្រជាជន គាត់បានអូសទាញមនុស្សមួយចំនួន ឲ្យដើរតាមគាត់។ អ្នកនេះក៏វិនាសដែរ ហើយពួកអ្នកទាំងឡាយដែលដើរតាមគាត់ ក៏ខ្ចាត់ខ្ចាយអស់ដែរ ៣៨ដូច្នេះក្នុងករណីនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរនៅឲ្យឆ្ងាយពីមនុស្សទាំងនេះ ហើយបណ្ដោយតាមពួកគេចុះ ព្រោះបើគម្រោងការ ឬសកម្មភាពនេះជារបស់មនុស្ស នោះនឹងត្រូវវិនាសមិនខាន ៣៩ផ្ទុយទៅវិញ បើការនេះមកពីព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចធ្វើឲ្យពួកគេវិនាសបានឡើយ មិនត្រឹមតែប៉ុណ្ណោះ អ្នករាល់គ្នានឹងត្រលប់ជាអ្នកតតាំងនឹងព្រះជាម្ចាស់ទៀតផង»។ ពួកគេក៏យល់ព្រមតាមសំដីរបស់គាត់ ៤០បន្ទាប់មក ពួកគេក៏ហៅពួកសាវកឲ្យចូលមកវិញ និងបានវាយអ្នកទាំងនោះ ទាំងហាមមិនឲ្យប្រកាសដោយនូវព្រះនាមរបស់ព្រះយេស៊ូទៀតឡើយ រួចពួកគេក៏ដោះលែងពួកសាវក។
៤១ពេលនោះ ពួកសាវកបានចេញពីអង្គប្រជុំរបស់ក្រុមបឹ្រក្សាកំពូល ទាំងអរសប្បាយ ចំពោះការដែលត្រូវបានគេរាប់ថា ជាអ្នកស័ក្ដិសមទទួលសេចក្ដីដំណៀល ដោយព្រោះព្រះនាមរបស់ព្រះអង្គ ៤២ហើយជារៀងរាល់ថ្ងៃពួកសាវកបានបន្ដបង្រៀន ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះយេស៊ូ ជាព្រះគិ្រស្ដឥតឈប់ឈរ ទាំងនៅក្នុងព្រះវិហារ និងនៅតាមផ្ទះ។