កិច្ចការ ៤
លោកពេត្រុស និងលោកយ៉ូហាននៅចំពោះមុខក្រុមប្រឹក្សាអ្នកដឹកនាំរបស់ជនជាតិយូដា
៤កាលលោកពេត្រុស និងលោកយ៉ូហាន កំពុងនិយាយទៅបណ្ដាជននៅឡើយនោះ ពួកសង្ឃ ប្រធានឆ្មាំព្រះវិហារ និងពួកអ្នកខាងគណៈសាឌូស៊ីបានមកដល់ ២ទាំងទាស់ចិត្ដជាខ្លាំង ព្រោះអ្នកទាំងពីរបង្រៀនបណ្ដាជន និងប្រកាសអំពីការរស់ពីស្លាប់ឡើងវិញ តាមរយៈព្រះយេស៊ូ។ ៣ពួកគេក៏ចាប់អ្នកទាំងពីរ ហើយយកទៅឃុំទុកក្នុងគុក រហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ ៤ប៉ុន្ដែក្នុងចំណោមពួកអ្នក ដែលបានឮព្រះបន្ទូលមានមនុស្សជាច្រើនបានជឿ គឺមានគ្នាចំនួនប្រហែលប្រាំពាន់នាក់។
៥លុះថ្ងៃបន្ទាប់ ពួកមេដឹកនាំ ពួកចាស់ទុំ និងពួកគ្រូវិន័យក៏ជួបជុំគ្នានៅក្នុងក្រុងយេរូសាឡិម ៦ជាមួយលោកអាណ ជាសម្ដេចសង្ឃ លោកកៃផា លោកយ៉ូហាន និងលោកអ័លេក្សានត្រុស ព្រមទាំងពូជពង្សរបស់សម្ដេចសង្ឃទាំងអស់។ ៧ពេលគេយកអ្នកទាំងពីរ មកដាក់នៅកណ្តាលចំណោមហើយក៏សួរថា៖ «តើអ្នកទាំងពីរធ្វើការនេះដោយអំណាចអ្វី ឬដោយឈ្មោះរបស់អ្នកណា?» ៨ពេលនោះលោកពេត្រុសបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏និយាយទៅពួកគេថា៖ «ឱពួកអ្នកដឹកនាំ និងពួកចាស់ទុំ របស់ប្រជាជនអើយ! ៩បើអស់លោក សាកសួរយើងនៅថ្ងៃនេះ អំពីការល្អ ដែលបានកើតឡើងចំពោះមនុស្សពិការម្នាក់ថា គាត់បានជាដោយសារអ្វី ១០នោះចូរអស់លោក ព្រមទាំងប្រជាជនអ៊ីស្រាអែលទាំងអស់ ដឹងចុះថា គឺដោយសារព្រះនាមព្រះយេស៊ូគិ្រស្ដ ជាអ្នកក្រុងណាសារ៉ែត ដែលពួកលោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសឲ្យរស់ពីការសោយទិវង្គត ឡើងវិញនោះហើយ ទើបបុរសនេះបានឈរនៅចំពោះមុខពួកលោក ទាំងមានសុខភាពល្អដូច្នេះ។ ១១ព្រះអង្គហ្នឹងហើយជា ថ្មដែលពួកលោកជាជាងសំណង់បោះបង់ចោល ប៉ុន្ដែ ថ្មនេះបានត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង។ ១២ហើយគ្មានសេចក្ដីសង្គ្រោះ តាមរយៈអ្នកណាទៀតឡើយ ដ្បិតនៅក្រោមមេឃ គ្មានឈ្មោះណាទៀត ដែលព្រះជាម្ចាស់បានប្រទានមកក្នុងចំណោមមនុស្ស ដើម្បីឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ»។
១៣ដូច្នេះ ពេលពួកគេសង្កេតឃើញសេចក្ដីក្លាហានរបស់លោកពេត្រុស និងលោកយ៉ូហាន ហើយក្រោយពីបានយល់ថា គាត់ទាំងពីរជាមនុស្សមិនបានរៀនសូត្រ និងមិនសូវចេះដឹង ពួកគេក៏ស្ញប់ស្ញែង ហើយទទួលស្គាល់ថា គាត់ទាំងពីរនេះ ធ្លាប់នៅជាមួយព្រះយេស៊ូ ១៤ព្រមទាំងឃើញបុរសដែលបានជានោះកំពុងឈរជាមួយគាត់ទាំងពីរនាក់ទៀតនោះពួកគេគ្មានអ្វីឆ្លើយតបបានឡើយ។ ១៥ពេលនោះ ពួកគេបានបង្គាប់គាត់ទាំងពីរឲ្យចេញពីក្រុមបឹ្រក្សាកំពូល ទៅក្រៅ ហើយពួកគេក៏ពិគ្រោះគ្នាថា៖ ១៦«តើយើងត្រូវធ្វើដូចម្តេច ចំពោះមនុស្សទាំងនេះ? ដ្បិតតាមរយៈអ្នកទាំងនេះ ទីសំគាល់ជាក់ស្ដែង បានកើតឡើងចំពោះមនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងយេរូសាឡិម ហើយយើងក៏មិនអាចប្រកែកបានដែរ។ ១៧ដូច្នេះដើម្បីកុំឲ្យដំណឹងនេះ លេចឮដល់ប្រជាជនតទៅទៀត យើងត្រូវគំរាមពួកគេកុំឲ្យនិយាយប្រាប់អ្នកណាទៀត ដោយនូវឈ្មោះនេះ»។ ១៨បន្ទាប់មក ពួកគេក៏ហៅគាត់ទាំងពីរនាក់នោះចូលមកវិញ ហើយបានបង្គាប់មិនឲ្យនិយាយ ឬបង្រៀនដោយនូវឈ្មោះព្រះយេស៊ូនេះ ជាដាច់ខាត ១៩ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានឆ្លើយទៅពួកគេថា៖ «ចូរពួកលោកពិចារណាមើលចុះ តើជាការតឹ្រមត្រូវនៅចំពោះព្រះជាម្ចាស់ដែរឬទេ ដែលឲ្យយើងស្ដាប់តាមពួកលោក ជាជាងស្ដាប់តាមព្រះជាម្ចាស់នោះ ២០ដ្បិតយើងមិនអាចឈប់និយាយអំពីអ្វី ដែលយើងបានឃើញ និងបានឮនោះទេ»។
២១ក្រោយពីបានគំរាមអ្នកទាំងពីរនោះថែមទៀតមក ពួកគេក៏ដោះលែងពួកគាត់ឲ្យទៅ ដោយរកហេតុដាក់ទោសពួកគាត់មិនបាន ព្រោះប្រជាជន ដ្បិតប្រជាជនទាំងអស់ កំពុងសរសើរតម្កើងព្រះជាម្ចាស់ចំពោះអ្វីដែលបានកើតឡើង២២រីឯបុរស ដែលបានទទួលការអស្ចារ្យនៃការប្រោសឲ្យជានេះ គាត់មានអាយុសែសិបឆ្នាំជាង។
ពួកអ្នកជឿអធិស្ឋានសុំសេចក្ដីក្លាហាន
២៣ក្រោយពេលគេដោះលែងរួចហើយ គាត់ទាំងពីរនាក់ ក៏ទៅឯគ្នីគ្នារបស់ខ្លួន ហើយរៀបរាប់សព្វគ្រប់អំពីអ្វី ដែលពួកសម្ដេចសង្ឃ និងពួកចាស់ទុំ បាននិយាយមកកាន់ពួកគាត់។ ២៤កាលពួកគេបានឮដូច្នោះ ពួកគេក៏បន្លឺសំឡេងព្រមៗគ្នាទូលទៅព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! គឺព្រះអង្គហើយដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើ ដែលនៅក្នុងនោះផង ២៥ហើយព្រះអង្គបានមានបន្ទូល ដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈមាត់របស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ព្រះអង្គដែលជាដូនតារបស់យើងថា ហេតុអ្វីបានជាជនជាតិទាំងឡាយបង្កចលាចល ហើយប្រជាជន ស្រមៃពីរឿងឥតប្រយោជន៍ដូច្នេះ? ២៦ពួកស្ដេចនៅលើផែនដីបានត្រៀមប្រយុទ្ធ ពួកមេដឹកនាំបានប្រមូលគ្នាទាស់នឹងព្រះអម្ចាស់ ព្រមទាំងព្រះគ្រិស្ដ។ ២៧ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូ ជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានជ្រើសតាំង ២៨ឲ្យធ្វើអ្វីៗដែលព្រះហស្ដ និងបំណងរបស់ព្រះអង្គ បានកំណត់ទុកឲ្យកើតឡើង។ ២៩ដូច្នេះ ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមមើលសេចក្ដីគំរាមរបស់ពួកគេចុះ ហើយសូមប្រទានឲ្យពួកបាវបម្រើរបស់ព្រះអង្គ បានពេញដោយសេចក្ដីក្លាហាន ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ ៣០ដោយព្រះអង្គលូកព្រះហស្ដមកប្រោសឲ្យជា ព្រមទាំងធ្វើឲ្យមានទីសំគាល់ និងការអស្ចារ្យកើតឡើង តាមរយៈព្រះនាមរបស់ព្រះយេស៊ូ ជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គ»។
៣១ពេលពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបប្រជុំគ្នានោះក៏ញ័ររញ្ជួយ រីឯពួកគេក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា ហើយចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយក្លាហាន។
ពួកអ្នកជឿលក់ទ្រព្យសម្បត្ដិរបស់ខ្លួន
៣២ពេលនោះ អស់អ្នកដែលបានជឿមានចិត្ដគំនិតតែមួយ ហើយគ្មានអ្នកណាម្នាក់និយាយថា ទ្រព្យសម្បត្ដិដែលខ្លួនមានជារបស់ខ្លួនឡើយ គឺអ្វីៗទាំងអស់របស់ពួកគេជារបស់រួម។ ៣៣ពួកសាវក បានធ្វើទីបន្ទាល់យ៉ាងមានអំណាចអស្ចារ្យ អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូ ហើយពួកគេទាំងអស់គ្នា ក៏ទទួលបានព្រះគុណដ៏លើសលុប។ ៣៤នៅក្នុងចំណោមពួកគេគ្មានអ្នកណាម្នាក់ខ្វះខាតឡើយ ដ្បិតអស់អ្នកដែលមានដី ឬមានផ្ទះ គេបានលក់ ហើយយកបា្រក់ដែលបានពីការលក់របស់ទាំងនោះ ៣៥មកដាក់នៅទៀបជើងរបស់ពួកសាវក ហើយគេក៏ចែកឲ្យគ្រប់គ្នាតាមដែលម្នាក់ៗត្រូវការ។
៣៦រីឯលោកយ៉ូសែប ដែលពួកសាវកហៅថា បារណាបាស ប្រែថា «កូននៃសេចក្ដីលើកទឹកចិត្ដ» ជាពួកលេវី កើតនៅកោះគីប្រុស ៣៧គាត់មានដីមួយកន្លែង ហើយបានលក់យកបា្រក់មកដាក់នៅទៀបជើងរបស់ពួកសាវក។