KCB - កិច្ចការ ២៦


កិច្ចការ ២៦

២៦ពេល​នោះ ​ស្ដេច​អ័គ្រីប៉ា​​មាន​បន្ទូល ​ទៅ​លោក​ប៉ូល​ថា​៖«អ្នក​មាន​សិទ្ធិ​និយាយ​អំពី​ខ្លួន​ឯង‍!»​ដូច្នេះ លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ ទាំង​លើក​ដៃ​ថា​៖ «‍ឱ​ស្ដេច​​អ័គ្រីប៉ា​​អើយ! ខ្ញុំ​យល់​ឃើញ​ថា ​ខ្ញុំ​សំណាង​ណាស់​ថ្ងៃនេះ ដែល​ខ្ញុំ​កំពុង​ត្រៀម​ឆ្លើយ​ការពារ​ខ្លួន​​នៅចំពោះ​មុខព្រះអង្គ ​អំពីសេចក្ដី​ទាំង​ឡាយ ដែល​ពួក​ជនជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ​ ជា​ពិសេស ព្រះ​អង្គ‍​​ដឹង​ច្បាស់​ពី​​ទំនៀម​ទម្លាប់ និង​ទំនាស់​ទាំង​ឡាយ ​​ ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា ដូច្នេះ​ហើយ សូម​ព្រះអង្គ​ស្តាប់​ខ្ញុំ​ដោយ​អនុ​គ្រោះ​ផង​ គឺ​យ៉ាង​ដូច្នេះ ជនជាតិ​យូដា​ទាំងអស់បានដឹង​អំពី​របៀបរស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ គឺ​តាំងពី​ដំបូង​ ដែល​ខ្ញុំ​បាន​រស់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​​របស់​ខ្ញុំ ​ នៅ​ក្រុង​យេរូសាឡិម​​​ ហើយ​ដោយព្រោះ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​តាំង​ពី​ដើម​មក ពួកគេ​ធ្វើបន្ទាល់​បាន បើ​ពួកគេ​ចង់​ធ្វើ គឺ​ថា​ខ្ញុំ​បាន​រស់នៅ​ស្រប​ទៅតាម​គណៈ​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​សាសនា​របស់​យើង គឺ​ខាងគណៈផារិស៊ី​​​ ប៉ុន្ដែ​ពេល​នេះ ខ្ញុំ​ឈរ​ទទួល​ការ​ជំនុំ​ជម្រះ​ ដោយសារ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល​សន្យា ដែល​ព្រះជា​ម្ចាស់​បាន​សន្យា ​ជាមួយ​ដូនតា​របស់​យើង‍។​ ព្រះបន្ទូល​សន្យា‍នេះ​ហើយ​ ដែល​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ ​របស់​យើង​សង្ឃឹម​ថានឹង​ទទួល​បាន ​ដោយ​ការខិតខំ​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ។ ឱ​ព្រះរាជា​អើយ! ពួក​ជនជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ​ ដោយ​សារ​សេចក្ដី​សង្ឃឹម​​នេះ​ហើយ​ ហេតុ​អ្វី​បានជា​អ្នករាល់គ្នា​ចាត់ទុក​ការ​ដែលព្រះជាម្ចាស់ ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​​រស់​ឡើង​វិញ ជា​ការ​មិន​គួរ​ឲ្យ​​ជឿ​ដូច្នេះ​? ​ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​គិត​ថា ត្រូវតែ​ធ្វើ​កិច្ចការ​ប្រឆាំង​ជាច្រើន​ ទាស់​នឹង​នាម​​ព្រះ​យេស៊ូ​អ្នកក្រុង​ណាសា​រ៉ែត​ ១០ខ្ញុំ​​បាន​ធ្វើ​ដូច្នេះ​នៅ​ក្រុង​យេរូសាឡិម​ ហើយ​ខ្ញុំ​បាន​ទទួល​សិទ្ធិអំណាច​ពី​សម្ដេច​សង្ឃ​ ​​ឲ្យ​​ចាប់​ពួក​បរិសុទ្ធ​ជា​ច្រើន​ដាក់​គុក ព្រម​ទាំង​យល់ព្រម​ពេល​គេ​សម្លាប់​អ្នក​ទាំងនោះ​ទៀត​ផង​ ១១ខ្ញុំ​ដាក់​ទោស​ពួកគេ​ជា​ញឹកញាប់ ​នៅ​តាម​សាលា​ប្រជុំទាំង​ឡាយ ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​​ប្រមាថ​ព្រះជាម្ចាស់ ហើយ​ដោយ​ខឹង​ពួកគេ​កាន់តែ​ខ្លាំង ខ្ញុំ​ក៏​បៀត​បៀន​ពួកគេរហូតដល់​​ក្រុង​ដទៃ​ទៀត។​ ១២ដូច្នេះ​ហើយ ​​ខ្ញុំ​បាន​ធ្វើដំណើរទៅ​ក្រុង​ដាម៉ាស់​​​ដោយ​មាន​សិទ្ធិអំណាច និង​ការអនុញ្ញាត​ពី​ពួក​សម្ដេច​សង្ឃ‍​​ ១៣ឱ​ព្រះរាជា​អើយ! នៅ​តាម​ផ្លូវ គឺ​ពេល​ថ្ងៃ​ត្រង់ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ ជា​ពន្លឺ​ដែល​ភ្លឺ​ជាង​ដួង​អាទិត្យ​ បាន​ចាំង​ពី​លើ​មេឃ​មក​ព័ទ្ធជុំវិញ​ខ្ញុំ និង​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​ ១៤ហើយ​ពេល​យើង​ទាំងអស់​គ្នា​ដួល​ទៅ​លើ​ដី ខ្ញុំ​បាន​ឮ​សំឡេង​មួយ​និយាយ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេព្រើរ​ថា សុល ​អើយ​ សុល​! ហេតុ​អ្វី​ អ្នក​បៀតបៀន​យើង​ដូច្នេះ​?ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់​​ ១៥ខ្ញុំ​ក៏​សួរ​ថា​​ព្រះអម្ចាស់​អើយ! តើ​ព្រះអង្គជា​នរ​ណា​? រួច​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ យើង​​ជា​យេស៊ូ​ ដែល​អ្នក​កំពុង​បៀតបៀន ១៦ប៉ុន្ដែ​ចូរ​ក្រោក​ឈរ​ឡើង​ ដ្បិត​យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​​អ្នក​ឃើញ​នេះ ដើម្បី​តែង​តាំង​អ្នក​ជា​អ្នកបម្រើ និង​ជា​សាក្សី​អំពី​ហេតុការណ៍ ​ដែល​​អ្នក​បាន​ឃើញយើង​ ព្រមទាំង​ហេតុការណ៍ ​ដែល​យើងនឹង​បង្ហាញ​ដល់​អ្នក​ ១៧​យើង​នឹង​រំដោះ​អ្នក​ ពី​ប្រជារាស្ដ្រ​នេះ ព្រមទាំងពី​សាសន៍​ដទៃ ​ដែល​យើង​​កំពុង​ចាត់​អ្នក​ឲ្យ​​ទៅ​ ១៨បំភ្លឺ​ភ្នែក​របស់​ពួកគេ​ ឲ្យ​​បែរ​ចេញ​ពី​សេចក្ដី​ងងឹត​មក​ឯ​​ពន្លឺ ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​​​ មក‍ឯ​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​​ពួកគេ ទទួល​បាន​ការ​លើក​លែង​ទោស​​បាប និង​​មរតក​ក្នុង​ចំណោម​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ ​ដោយ​ជំនឿ​លើ​​យើង។‍

១៩ឱស្ដេច​អ័គ្រីប៉ា​​អើយ! តាំង​ពី​នោះ​មក ខ្ញុំមិន​ល្មើស​នឹង​សុបិន​និមិត្ត​ពី​ស្ថានសួគ៌​នេះ​ទេ​ ២០គឺ​មុនដំបូង ខ្ញុំ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់​​ និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​​​ដែរ ព្រមទាំង​ក្នុង​ស្រុក​យូដា​​​ទាំង​មូល និង​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​​ពួកគេ​ប្រែចិត្ត ​បែរមក‍ឯ​ព្រះជាម្ចាស់ ​ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​ស័ក្ដិសម​នឹង​ការប្រែចិត្ត។​ ២១ដោយព្រោះ​សេចក្ដី​ទាំងនេះ​ហើយ បានជា​ជនជាតិ​យូដា​ ចាប់​ខ្ញុំ​នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ ទាំង​ព្យាយាម​សម្លាប់​ខ្ញុំ ២២ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ ពី​ព្រះជាម្ចាស់ ទើប​ខ្ញុំ​បាន​ឈរ​ធ្វើ​បន្ទាល់​ប្រាប់​ ទាំង​អ្នក​តូច​ ទាំង​អ្នក​ធំ​ រហូត​ដល់​ថ្ងៃ​នេះ ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នកនាំព្រះបន្ទូល​​ និង​លោកម៉ូសេ​បានថ្លែង​ទុក​ថានឹង​កើត​ឡើង ២៣គឺ​ព្រះ​គ្រិស្ដ​ត្រូវ​រងទុក្ខវេទនា ហើយ​ដោយសារ​ ការ​រស់​ពី​ការ​សោយ​ទិវង្គត​​ឡើងវិញ​មុនគេ​បង្អស់ ព្រះអង្គ​នឹង​​ប្រកាស​ប្រាប់​ប្រជារាស្ដ្រ​នេះ ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺ​នោះ»។​

២៤កាល​លោក​ប៉ូល​កំពុងនិយាយដើម្បី​​ការពារ​ខ្លួន​ពី​សេចក្ដី​ទាំងនេះ លោក​ភេស្ទុស​​ក៏​និយាយ​ដោយ​សំឡេង​ខ្លាំងៗ​​ថា​៖ ​«ប៉ូល​អើយ! ឯង​ឆ្កួត​ហើយ ឯង​រៀន​ច្រើន​ពេក​ បានជា​ឆ្កួត​ដូច្នេះ​!»​ ២៥ប៉ុន្ដែ​លោក​ប៉ូល​ឆ្លើយ​ថា​៖ «លោក​ភេស្ទុស​​ជាទីគោរព​អើយ! ខ្ញុំ​មិន​ឆ្កួត​ទេ ដ្បិត​ពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយ​ ពិត ហើយ​ត្រឹមត្រូវ​​ ២៦ដ្បិត​ព្រះរាជា​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​ស្រាប់​ហើយ បានជា​ខ្ញុំ​​​ទូល​ដល់​ព្រះអង្គ គឺ​ទូល​ដោយ​ក្លាហាន​​ទៀត​ផង ហើយ​ខ្ញុំ​ជឿ​ថា​ គ្មាន​ហេតុការណ៍​ណា​មួយ ​ក្នុង​ចំណោម​ហេតុការណ៍​​ទាំងនេះ​លាក់បាំង​ ពី​ព្រះរាជា​បាន​ឡើយ ព្រោះ​ហេតុការណ៍​នេះ​មិន​បាន​កើតឡើង​ នៅ​កន្លៀត​ណា​ទេ​ ២៧ឱ​ស្ដេច​អ័គ្រីប៉ា​​អើយ​! តើ​ព្រះអង្គ​ជឿ​អ្នកនាំ​ព្រះបន្ទូល​​ដែរ​ឬ​ទេ​? ខ្ញុំ​ដឹង​ថាព្រះអង្គ​ជឿ»​ ២៨ស្ដេច​អ័គ្រីប៉ា​ មាន​បន្ទូល​ទៅ​លោកប៉ូល​ថា​៖ «ឯង​កំពុង​​បញ្ចុះបញ្ចូល​យើង​ ឲ្យ​ត្រលប់​ជា​​គ្រិស្ដ​បរិស័ទ ​ក្នុង​ពេល​តែ​មួយ​ភ្លែត‍ឬ‍!» ២៩លោក​ប៉ូល​ក៏​ទូល​ថា​៖ «ទោះបី​ក្នុង​ពេល​តែ​មួយ​​ភ្លែត ឬ​ក្នុង​ពេល​យូរ​ក៏ដោយក៏​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់ មិន​​មែន​ត្រឹមតែ​សម្រាប់​ព្រះ​រាជា​​​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​អ្នក​ទាំងអស់ ដែល​កំពុង​ស្តាប់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដែរ ដើម្បី​ឲ្យ​​បាន​ដូច​ជា​ខ្ញុំ​ដែរ លើក​លែង​តែ​ការ​ជាប់​ច្រវាក់​ទាំងនេះ»។​

៣០ពេល​នោះ ទាំង​សេ្តច ទាំង​ព្រះនាង​បេរេនីស និង​លោក​​អភិបាល ព្រមទាំង​ពួក​អ្នក​​ដែលអង្គុយ​ជាមួយ​ពួកគេ​ បាន​ក្រោកឡើង ​៣១ហើយ​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា​៖ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់ ឬ​ការ​ជាប់​ច្រវាក់​ឡើយ»។​៣២ស្ដេច​អ័គ្រីប៉ា​​ មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​​ថា​៖ «បើ​បុរស​នេះ​មិន​បាន​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅអធិរាជ​ទេ​ យើង​អាច​ដោះ​លែង​បាន»។

កិច្ចការ ២៦