KCB - កិច្ចការ ២៥


កិច្ចការ ២៥

លោក​ប៉ូល​នៅ​ចំពោះ​មុខ​លោក​អភិបាល​ភេស្ទុស​

២៥ដូច្នេះ ពេល​លោក​ភេស្ទុស​ មក​ដល់​ស្រុក​នោះ​​បាន​បី​ថ្ងៃ គាត់​ក៏​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា​ទៅ​ក្រុង​យេរូសាឡិម​​​​​​​ ពេលនោះ ពួក​សម្ដេចសង្ឃ​​ និង​ពួក​អ្នកដឹកនាំ​របស់​ជនជាតិ​យូដា​ បាន​ប្ដឹង​គាត់ទាស់​នឹង​​លោក​ប៉ូល​ ទាំង​ទទូច​អង្វរ​ សុំ​ការ​យល់ព្រម​ពី​គាត់ ​ឲ្យ​​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡិម​​​វិញ ព្រោះ​ ពួកគេ​បាន​ឃុប​ឃិត​គ្នា​ ដើម្បី​សម្លាប់​លោក​ប៉ូល​តាម​ផ្លូវ ​ប៉ុន្ដែលោក​ភេស្ទុស​ឆ្លើយ​ថា​ លោក​ប៉ូល​កំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសារា​​​​​នៅ​ឡើយ រីឯ​គាត់ផ្ទាល់​ក៏​ចង់​ទៅ​ពេល​ឆាប់ៗ​នេះ​ដែរ​ ដូច្នេះគាត់​ក៏​និយាយ​ថា បើសិនជា​​បុរស​នោះមាន​កំហុស​អ្វី សូម​ឲ្យ​​ពួក​អ្នក​មាន​ឥទ្ធិពល​​ក្នុង​ចំណោម​អ្នករាល់គ្នា​ ទៅ​ជាមួយខ្ញុំ​​ ដើម្បី​ឲ្យ​​ពួកគេ​ចោទ​ប្រកាន់​គាត់​ចុះ»។​

ពេល​​បាន​ស្នាក់​នៅ ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី ឬ​ដប់​ថ្ងៃ លោក​ភេស្ទុស​​ ក៏​ចុះ​ទៅ‍ឯ​ក្រុង​សេសារា​​​ហើយ​នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​អង្គុយ​ក្នុង​សាលា​ក្ដី​ បង្គាប់​ឲ្យ​​គេ​នាំ​លោក​ប៉ូល​មក​ ពេល​លោក​ប៉ូល​មក​ដល់ ពួក​ជនជាតិ​យូដា​ដែល​​មក​ពី​ក្រុង​យេរូសាឡិម​​​ ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ ទាំង​ធ្វើ​ការចោទ​ប្រកាន់​ធ្ងន់ៗ​ ច្រើន​ករណី​ទាស់​នឹង​គាត់ ​​ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្តុតាង​បាន​ឡើយ ​ប៉ុន្ដែ ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា​៖ «ខ្ញុំ​មិន​បាន​ធ្វើ​​អ្វី​ខុស​នឹង​​គម្ពីរ​វិន័យ​ របស់​ពួក​ជន​ជាតិ​យូដា ឬ​ព្រះវិហារ ឬ​ព្រះចៅអធិរាជ​​ឡើយ»។

ប៉ុន្ដែ​ដោយ​លោក​ភេស្ទុស​​ចង់​ផ្គាប់​ចិត្ដ​​ពួក​ជនជាតិយូដា ក៏​សួរ​ចម្លើយ​ទៅ​លោក​ប៉ូល​ថា​៖ «តើ​អ្នក​សុខចិត្ត​ឡើង​ទៅ‍ឯ​ក្រុង​យេរូសាឡិម​​ ដើម្បី​ឲ្យ​​ខ្ញុំ​ជំនុំជម្រះ​ អំពី​រឿង​ក្ដី​ទាំង​នេះ​​នៅ​ទី​នោះ​ដែរ‍ឬ​ទេ​?​

១០ពេលនោះ លោក​ប៉ូល​ឆ្លើយ​ថា​៖ «ដូច​ដែល​លោក​ដឹង​ច្បាស់​ហើយ​​​ថា ខ្ញុំ​បាន​ឈរ​ នៅ​ចំពោះ​មុខ​សាលា​ក្ដី​របស់​ព្រះចៅអធិរាជ​​ ហើយជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​ជំនុំជម្រះ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិ​យូដា​ឡើយ​ ១១​បើ​សិន​ខ្ញុំ​ធ្វើ​ខុស ឬ​ធ្វើ​អ្វី​មួយ​សម​ស្លាប់​មែន​នោះ ខ្ញុំ​មិន​រួញរា​នឹង​ស្លាប់​ឡើយ ប៉ុន្ដែ ​បើ​សេចក្ដី​ដែល​អ្នក​ទាំងនេះ​ចោទ​ប្រកាន់​ខ្ញុំ​គ្មាន​ហេតុផល​ទេនោះ គ្មាន​អ្នកណា​ម្នាក់ អាច​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​​ពួកគេ​បាន​ឡើយ ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​​ទៅ​ព្រះចៅអធិរាជ»។

១២ពេល​លោក​ភេស្ទុស​ ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​រួច​ហើយ ក៏​និយាយ​ថា​៖ «អ្នកបាន​សូមប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ​​ដូច្នេះអ្នក​នឹងទៅ​ជួប​ព្រះចៅអធិរាជ​​​មិនខាន​!»​ ១៣លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មកស្ដេច​អ័គ្រីប៉ា និង​ព្រះនាង​បេរេនីស​ បាន​មក​ដល់​ក្រុង​សេសារា​ដើម្បី​សំដែង​​ការគួរសម​ ចំពោះ​លោក​ភេស្ទុស។​ ១៤កាល​ស្ដេច​ស្នាក់នៅ​ទីនោះ​ជា​ច្រើន​ថ្ងៃ លោកភេស្ទុសក៏​ប្រាប់​ស្តេច​អំពី​រឿង​ក្ដី​របស់​លោក​ប៉ូល​ថា​៖ «មាន​បុរស​ម្នាក់​ ជា​អ្នក​ទោស​ដែល​លោក​ភេលីច​ទុក​ឲ្យ​​នៅ​ជាប់​ឃុំ ១៥ហើយ​ពេល​​ខ្ញុំ​ឡើង​ទៅ‍ឯ​ក្រុង​យេរូសាឡិម ពួក​សម្ដេចសង្ឃ​​ និង​ពួកចាស់ទុំ​​​របស់ពួក​ជនជាតិ​យូដា​ បាន​ប្រាប់​ខ្ញុំ​អំពី​បុរស​នេះ​ ទាំង​ទទូច​សុំ​ការ​ផ្ដន្ទា​ទោស​ដល់​គាត់ ១៦ប៉ុន្ដែ​ ខ្ញុំ​បាន​ប្រាប់​អ្នក​ទាំងនោះ​ថា ជនជាតិ​រ៉ូម​ គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​ មុន​ពេល​ដែលអ្នក​ចុង​ចោទ​មានឱកាស​ទទួល​បាន​ការការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ​ ១៧ដូច្នេះ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​នៅ​ទីនេះ ខ្ញុំ​មិន​បង្អង់​ឡើយ ក៏​បញ្ជា​ឲ្យ​​គេ​នាំ​បុរស​នោះ​មក ហើយ​ធ្វើ​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​បន្ទាប់​ ១៨ប៉ុន្ដែ​ពេល​ពួក​ដើម​ចោទ​ក្រោក​ឈរ​ចោទ​ប្រកាន់​អំពី​ករណី​របស់​គាត់ នោះ​មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​ស្មាន​ឡើយ​ ១៩ដ្បិត​ពួកគេ​មានជម្លោះ​ជាមួយគាត់ អំពីសាសនា​របស់​ពួកគេ​ផ្ទាល់ និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់ គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា ​នៅ​មាន​ជីវិត​ ២០ហើយដោយ​ខ្ញុំមិន​ច្បាស់ក្នុងការស៊ើបអង្កេតអំពី​បញ្ហា​ទាំងនេះ ខ្ញុំ​ក៏​សួរ​គាត់ក្រែងលោ​គាត់​សុខចិត្ត​ទៅ‍ឯ​ក្រុង​យេរូសាឡិម​​ ហើយ​ទទួល​យកការ​ជំនុំ​ជម្រះ​ ចំពោះបញ្ហា​ទាំងនោះ​ នៅ​ទីនោះ​ ២១ប៉ុន្ដែ​ ពេល​ប៉ូល​សុំ​ឲ្យ​​ឃុំ​គាត់​ទុក ដើម្បី​ប្ដឹងឧទ្ធរណ៍​សុំ​សេចក្ដី​សម្រេច​ពីព្រះចៅអធិរាជ​​ ខ្ញុំ​ក៏​បញ្ជា​ឲ្យ​​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ខ្ញុំ​អាច​បញ្ជូន​គាត់​ទៅ​ព្រះចៅអធិរាជ​​​បាន»។​ ២២ពេល​នោះ ស្ដេច​អ័គ្រីប៉ា​​មាន​បន្ទូល​ទៅ​លោក​ភេស្ទុសថា​៖ «ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្តាប់​បុរស​នោះ​ដែរ» លោក​ភេស្ទុស​ទូល​ថា​៖ «នៅ​ថ្ងៃ​ស្អៃក ព្រះអង្គ​នឹង​បាន​ស្តាប់​គាត់​ហើយ‍»។​

លោក​ប៉ូល​និយាយ​ទៅ​កាន់​ស្ដេច​ អ័គ្រីប៉ា​

២៣ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​ បាន​យាង​មក​ជាមួយ​ក្បួន​អធិកអធម​ដ៏​អស្ចារ្យ ហើយ​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ ​ព្រម​ជាមួយ​ពួក​មេ​បញ្ជាការ និង​ពួក​អ្នកមុខ​អ្នកការ​ក្នុង​ក្រុង​នោះ។ បន្ទាប់​មកលោក​ភេស្ទុស​​ ក៏​បញ្ជា​ឲ្យ​​នាំ​លោក​ប៉ូល​មក​ ២៤ដោយ​​និយាយ​ថា​៖ «‍ឱស្ដេច​អ័គ្រីប៉ា​ និង​អស់​លោក ​ដែល​មាន​វត្ដ​មាននៅ​ទីនេះ​​ជាមួយ​យើង បុរស​ដែល​អស់លោក​ឃើញ​នេះ​ហើយ​ ដែល​បណ្ដាជន​នៃ​ពួក​ជនជាតិ​យូដា​ទាំងអស់​ ទាំង​នៅ​ក្រុង​យេរូសាឡិម​​និង​នៅ​ទីនេះ​ បាន​ប្តឹង​ឧទ្ធរណ៍​មក​ខ្ញុំ ​ដោយ​ស្រែក​ថា ​គាត់​មិន​សម​រស់​នៅ​​ទៀត​​ទេ​ ២៥រីឯ​ខ្ញុំ​ឃើញ​ថា​គាត់​មិន​បាន​ធ្វើ​អ្វី​ សម​នឹង​ស្លាប់​ឡើយ ប៉ុន្ដែ​ដោយ​គាត់​ផ្ទាល់​ បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ​ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​ ២៦ប៉ុន្ដែខ្ញុំ​គ្មាន​សំណុំ​រឿង​ច្បាស់លាស់​ អំពី​គាត់​សរសេរ​ថ្វាយ​ទៅ​ព្រះចៅអធិរាជ​​​ទេ​ ដូច្នេះ​ហើយបានជា​ខ្ញុំ​ នាំ​គាត់​មក​នៅ​ចំពោះ​មុខ​អស់​លោក ជា​ពិសេស ឱ​ស្ដេចអ័គ្រីប៉ា​​អើយ! គឺ​នៅ​ចំពោះ​មុខ​ព្រះអង្គដើម្បី​បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេត ខ្ញុំ​អាច​មាន​សំណុំ​រឿង​សរសេរ​បាន​ ២៧ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា ការ​បញ្ជូន​អ្នកទោស​ទៅ​ ដោយ​មិន​បញ្ជាក់​ពី​ទោស​របស់​គេ នោះ​មិន​សម​ហេតុ​ផល​ទេ»‍។

កិច្ចការ ២៥