KCB - កិច្ចការ ២៤


កិច្ចការ ២៤

លោក​ប៉ូល​នៅ​ចំពោះ​មុខ​លោក​អភិបាល​ភេលីច​

២៤ប្រាំ​ថ្ងៃ​ក្រោយ​មកសម្តេច​សង្ឃ​​​អាណានាស និង​ពួក​ចាស់ទុំ​​​ខ្លះ​ បាន​មក​ជាមួយ​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស ដែលបានធ្វើ​ការ​ចោទប្រកាន់​លោក​ប៉ូល នៅ​មុខ​លោក​អភិបាល។​ កាល​បាន​កោះហៅ​លោក​ប៉ូល​មក​ហើយ លោក​ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទ​ប្រកាន់​ថា​៖ «ដោយសារ​ការ​យកចិត្ដ​ទុកដាក់​ និង​​ការ​កែទម្រង់​ផ្សេងៗ​ របស់​លោក​សម្រាប់​ជន​ជាតិ​នេះ ទើប​យើង​មាន​សេចក្ដី​សុខសាន្ដ​បំផុត‍។‍ ឱ​លោក ​ភេលីច​​​ ជាទីគោរព​អើយ‍! យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹងគុណ​បំផុត​នៅ​គ្រប់​វិស័យ​ និង​គ្រប់​ទី​កន្លែង​ ប៉ុន្ដែ​ ដើម្បី​កុំ​ឲ្យ​​រំខាន​លោក​យូរ សូម​លោក​ស្តាប់​យើង​ត្រួសៗ​ ដោយ​ក្ដី​អនុគ្រោះផងចុះ ​ដ្បិត​យើង​បាន​ឃើញ​ថា ​បុរស​នេះ​ជា​មនុស្ស​ចង្រៃ ​ដែល​បានបង្កចលាចល​ដល់ជនជាតិ​យូដា​ទាំង​អស់​ពាស​ពេញ​​ពិភពលោក ហើយ​ជា​មេ​ដឹក​នាំគណៈ​ណាសារ៉ែត គាត់​ថែម​ទាំង​ព្យាយាម ​បង្អាប់​បង្អោន​ព្រះវិហារ​ទៀត​ផង ដូច្នេះ​បានជា​យើង​ចាប់​គាត់ [ហើយ​ផ្ដន្ទាទោស​តាម​គម្ពីរ​វិន័យ​ របស់​យើង​ ប៉ុន្ដែ​មេ​បញ្ជាការ​ ឈ្មោះ​លូស៊ា​ បាន​នាំ​កង​កម្លាំង​ មក​ដណ្ដើម​យក​គាត់​ពី​ដៃ​របស់យើង​ ហើយ​បង្គាប់​ឲ្យ​​ពួក​ដើម​ចោទ​របស់​គាត់​មក​ជួប​លោក]​ សូម​លោក​សាក​សួរ​ពី​គាត់​ ដោយ​ផ្ទាល់​ចុះ នោះ​លោក​អាច​ដឹង​អំពី​សេចក្ដី​ទាំង​ឡាយ​​ ដែល​យើង​ចោទ​ប្រកាន់​គាត់»។​ ពួក​ជន​ជាតិ​យូដា​ ទាំង​អស់​នោះ​បាន​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា សេចក្ដី​ទាំងនេះ​ពិត​ជា​ដូច្នេះ​មែន។​

១០លោក​អភិបាល​ ក៏​ងក់​ក្បាល​ដាក់​លោក​ប៉ូល​ឲ្យ​​និយាយ លោក​ប៉ូល​ក៏​និយាយ​ថា​៖ «ដោយ​ដឹង​ថា​ លោក​ជា​ចៅ​ក្រម​សម្រាប់​ជនជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះខ្ញុំ​សូម​ឆ្លើយការពារចំពោះ​ការចោទប្រកាន់​ខ្ញុំនេះ​ យ៉ាង​រីករាយ។​​ ១១​លោក​អាច​ដឹង​បាន​ថា តាំងពី​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​​​មក នោះ​មាន​រយៈពេល​មិន​លើស​ពី​ដប់ពីរ​ថ្ងៃ​ទេ​​ ១២ហើយ​ពួកគេ​មិន​បាន​ឃើញ​ខ្ញុំ​ ឈ្លោះ​ប្រកែកជា​មួយ​អ្នកណា​ម្នាក់​នៅ​ក្នុង​ព្រះ​វិហារ ឬ​បង្ក​ចលាចល​ដល់​បណ្ដាជន​ឡើយ ទាំង​នៅក្នុង​​សាលាប្រជុំ​​ ឬ​នៅ​ក្នុង​ក្រុង​ក្ដី​ ១៣​ពួកគេ​ក៏​មិន​អាចបង្ហាញ​ភស្តុតាងដល់​លោក​អំពី​ករណី ​ដែលពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​នៅ​ពេលនេះ​បាន​ដែរ​ ​ ១៤ប៉ុន្ដែខ្ញុំ​សូម​ប្រាប់​លោក​ អំពី​ការ​នេះ​តាមត្រង់​ថា យោង​តាម​មាគ៌ា​​ ដែល​ពួកគេ​ហៅ​ថា​គណៈ​ខុសឆ្គង​នោះ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់​យើងព្រមទាំង​ជឿ​សេចក្ដី​ទាំង​ឡាយ​​ ដែល​ស្រប​តាម​គម្ពីរ​វិន័យ​​និង​សេចក្ដី​ ដែលបាន​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំព្រះបន្ទូល ១៥ដោយ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ទាំង​នេះ​ផ្ទាល់ ក៏​ទន្ទឹង​រង់ចាំ​ដែរ គឺនឹងមានការ​រស់ឡើងវិញ របស់មនុស្សសុចរិត​ និង​មនុស្ស​ទុច្ចរិត។ ​១៦ដោយ​ហេតុ​នេះ​ហើយ​ បាន​ជាខ្ញុំផ្ទាល់​តែងតែ​ខំប្រឹង ​ឲ្យ​​មាន​មនសិការ​ឥត​បន្ទោស​បាន ទាំង​នៅ​ចំពោះ​​​ព្រះ​ជាម្ចាស់​​ និង​មនុស្ស​ទាំង​ឡាយ​ជានិច្ច​ ១៧ប៉ុន្ដែច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​នាំ​តង្វាយ ព្រមទាំង​ជំនួយ​មក​ឲ្យ​​ជនជាតិ​​របស់​ខ្ញុំ ​១៨នៅ​ពេលនោះ​ ពួកគេ​ក៏​ឃើញ​ខ្ញុំ​ធ្វើ​ពិធី​ជម្រះ​កាយ ​នៅ​ក្នុង​ព្រះវិហារ ដោយ​គ្មាន​បណ្ដាជន ឬ​ចលាចល​ឡើយ​ ១៩គឺ​មានតែ​ពួក​ជនជាតិ​យូដា​ខ្លះ ដែល​មក​ពី​ស្រុក​អាស៊ី​​​ប៉ុណ្ណោះ ហើយ​បើ​ពួកគេ​មាន​បញ្ហា​អ្វី​មួយ​ទាស់​នឹង​ខ្ញុំ ពួកគេ​គួរតែ​​មក​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​លោក‍ ២០ឬ​ក៏​ឲ្យ​​អ្នក​ទាំងនេះ ​និយាយ​ដោយ​ផ្ទាល់​អំពី​​បទ​ល្មើស​ណា​មួយ ​ដែល​ពួកគេ​បាន​ឃើញ​ នៅពេល​ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​ក្រុមបឹ្រក្សាកំពូល​ចុះ​ ២១លើកលែង​តែ​ពាក្យ​សំដី​មួយ​នេះ​ប៉ុណ្ណោះ​ ដែល​ខ្ញុំបានប្រកាស ​ពេល​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ​ថា ​អ្នករាល់​គ្នា​ជំនុំជម្រះ​ខ្ញុំ​នៅថ្ងៃនេះ​ ទាក់ទង​នឹង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់‍»។​

២២ដោយ​លោក​ភេលីច​យល់​កាន់តែ​ច្បាស់​អំពី​មាគ៌ានេះ គាត់​ក៏​ផ្អាក​រឿងក្ដី​របស់​ពួកគេ​ដោយ​និយាយ​ថា​៖ «ពេល​មេ​បញ្ជាការ​លូស៊ា​មក​ដល់​ ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​ដល់​អ្នករាល់គ្នា»​ ២៣រួចលោក​អភិបាល​ ក៏​បញ្ជា​ទៅ​នាយ​ទាហាន​ឲ្យ​​យាម​លោក​ប៉ូល ប៉ុន្ដែ​ឲ្យ​​គាត់​មាន​សេរីភាព​ខ្លះ គឺ​មិន​ឲ្យ​​រារាំង​មនុស្ស​របស់​គាត់​ផ្ទាល់​មក​បម្រើ​គាត់​ទេ។​

២៤ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ពេល​លោក​ភេលីច​ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ទ្រូស៊ីល​ ​ដែល​ជា​ជនជាតិ​យូដា​បាន​មក​ដល់ លោក​ភេលីច​​ក៏​កោះ​ហៅ​លោក​ប៉ូល​ឲ្យ​​មក រួច​បាន​ស្ដាប់​លោក​ប៉ូល​អំពី​ជំនឿ​នៅ​ក្នុង​ព្រះគ្រិស្ដយេស៊ូ ​២៥ប៉ុន្ដែ​នៅ​ពេល​លោក​ប៉ូល​ កំពុងអធិប្បាយ​អំពី​សេចក្ដី​សុចរិត និង​ការ​គ្រប់គ្រង​ចិត្ត ព្រមទាំង​អំពី​ការ​ជំនុំជម្រះដែល​នឹង​កើត​ឡើង លោក​ភេលីច​ក៏​មាន​ការ​ភ័យខ្លាច ហើយ​ប្រាប់​ថា​៖ «ឥឡូវ​នេះ ត្រលប់​ទៅ​សិន​ចុះ ពេល​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​កោះ​ហៅ​អ្នក​មកម្ដង​​ទៀត»។ ២៦នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ គាត់​សង្ឃឹម​ថា​គាត់​នឹង​ទទួល​បាន​ប្រាក់​ពី​លោក​ប៉ូល ដូច្នេះ ​ក៏ចាត់​គេ ឲ្យ​​ហៅ​លោក​ប៉ូល​មក​និយាយ​​គ្នា​ជាមួយ​គាត់​ជា​ញឹកញាប់។​ ២៧លុះ​ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ កាល​លោក​ព័រគាស​ភេស្ទុស​ បាន​មក​ទទួល​មុខ​តំណែង​ជំនួស​លោក​ភេលីច ហើយ​លោក​ភេលីច​ចង់​យក​ចិត្ដ​​ពួក​ជនជាតិ​យូដា ក៏​ទុក​លោក​ប៉ូល​ឲ្យ​​ជាប់​គុក‍ត​ទៅ​ទៀត‍។

កិច្ចការ ២៤