កិច្ចការ ១៩
ដំណើរបេសកកម្មលើកទីបីរបស់លោកប៉ូល
១៩កាល លោកអ័ប៉ុឡូស កំពុងនៅក្នុងក្រុងកូរិនថូសនៅឡើយ លោកប៉ូលបានធ្វើដំណើរកាត់តំបន់ខ្ពង់រាប មកដល់ក្រុងអេភេសូរហើយ គាត់ក៏ជួបពួកសិស្សមួយចំនួន ២គាត់បានសួរពួកគេថា៖ «ពេលបងប្អូនជឿ តើបងប្អូនបានទទួលព្រះវិញ្ញាណបរិសុទ្ធដែរឬទេ?» ពួកគេឆើ្លយថា៖ «ទេយើងមិនដែលទាំងឮថា មានព្រះវិញ្ញាណបរិសុទ្ធផង»៣ដូច្នេះ គាត់ក៏សួរទៀតថា៖ «ចុះតើអ្នករាល់គ្នា បានទទួលពិធីជ្រមុជបែបណា?»ពួកគេឆ្លើយថា៖«ដោយនូវពិធីជ្រមុជរបស់លោកយ៉ូហាន»៤លោកប៉ូលនិយាយថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជ ដែលជាភស្ដុតាងបង្ហាញពីការប្រែចិត្ដ ទាំងបា្រប់មនុស្សឲ្យជឿលើព្រះអង្គដែលយាងមកក្រោយគាត់ គឺព្រះយេស៊ូ» ៥ពេលឮដូច្នេះ ពួកគេក៏ទទួលពិធីជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូ ៦ហើយពេលលោកប៉ូលដាក់ដៃលើពួកគេ ព្រះវិញ្ញាណបរិសុទ្ធ បានយាងមកសណ្ឋិតលើពួកគេ រួចពួកគេក៏និយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងថ្លែងព្រះបន្ទូលផង។ ៧អ្នកទាំងនោះមានគ្នាប្រហែលដប់ពីរនាក់។
លោកប៉ូលប្រកាសព្រះបន្ទូល និងប្រោស មនុស្សឲ្យជានៅក្រុងអេភេសូរ
៨បន្ទាប់មក គាត់ក៏ចូលទៅនិយាយនៅក្នុងសាលាប្រជុំ យ៉ាងក្លាហានអស់រយៈពេលបីខែ ទាំងជជែកវែកញែក និងពន្យល់គ្រប់បែបយ៉ាង អំពីនគរព្រះជាម្ចាស់ ៩ប៉ុន្ដែនៅពេលអ្នកខ្លះនៅតែមានចិត្ដរឹងរូស និងមិនព្រមជឿ ទាំងនិយាយបង្អាប់មាគ៌ានោះ នៅមុខបណ្តាជន គាត់ក៏ចាកចេញពីពួកគេ នាំយកពួកសិស្សទៅផង ហើយបង្រៀនពួកគេក្នុងសាលារបស់លោកទីរ៉ានុស ជារៀងរាល់ថ្ងៃ។ ១០គាត់ធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ ដូច្នេះហើយបានជាអស់អ្នកដែលរស់នៅស្រុកអាស៊ី ទាំងជនជាតិយូដា និងជនជាតិក្រេកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ១១ហើយព្រះជាម្ចាស់បានធ្វើការអស្ចារ្យប្លែកៗ តាមរយៈដៃរបស់លោកប៉ូល ១២សូម្បីតែកន្សែងដៃ ឬក្រមាដែលយកចេញពីខ្លួនរបស់គាត់ទៅគ្របលើពួកអ្នកជំងឺ នោះពួកគេក៏បានជាពីជំងឺ ហើយពួកវិញ្ញាណអាក្រក់ក៏ចេញដែរ ១៣ដូច្នេះក៏មានគ្រូមន្តអាគមជនជាតិយូដាខ្លះ ដែលដើរពីកន្លែងមួយ ទៅកន្លែងមួយ បានព្យាយាមប្រើព្រះនាមព្រះអម្ចាស់យេស៊ូបង្គាប់លើពួកអ្នកដែលមានវិញ្ញាណអាក្រក់ចូល ដោយនិយាយថា៖«យើងបង្គាប់ឯងដោយនូវព្រះយេស៊ូដែលលោកប៉ូលប្រកាស» ១៤ហើយកូនប្រុសទាំងប្រាំពីរនាក់របស់សម្ដេចសង្ឃជនជាតិយូដាឈ្មោះស្កេវ៉ា ក៏ធ្វើដូច្នោះដែរ ១៥ប៉ុន្ដែ វិញ្ញាណអាក្រក់ឆ្លើយទៅពួកគេថា៖ «មែន យើងស្គាល់ព្រះយេស៊ូ ហើយក៏ស្គាល់ប៉ូលដែរ ចុះពួកឯងវិញជានរណា?» ១៦រួចមនុស្សដែលមានវិញ្ញាណអាក្រក់ លោតចូលទៅសង្គ្រប់យកឈ្នះលើពួកគេទាំងអស់គ្នា រហូតធ្វើឲ្យពួកគេមានរបួស ហើយរត់ចេញពីផ្ទះនោះទាំងអាក្រាត ១៧រឿងនេះបានលេចឮដល់មនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងអេភេសូរ ទាំងជនជាតិយូដា និង ជនជាតិក្រេកផង ហើយពួកគេទាំងអស់គ្នាក៏មានចិត្តកោតខ្លាច ទាំងលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ ១៨មានអ្នកជឿជាច្រើន បានចូលមកទទួលសារភាព និងលាតត្រដាងពីអំពើទាំងឡាយរបស់ខ្លួន ១៩ហើយក៏មានពួកអ្នកធ្វើមន្តអាគមជាច្រើន បានប្រមូលក្បួនតម្រារបស់ពួកគេ មកដុតចោលនៅចំពោះមុខមនុស្សគ្រប់គ្នា។ តម្លៃក្បួនតម្រាទាំងនោះគិតជាប្រាក់មានតម្លៃសរុបប្រាំម៉ឺនកាក់ប្រាក់ ២០ដូច្នេះព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏រីកចម្រើនកាន់តែខ្លាំង និងយ៉ាងមានអំណាច។
បណ្ដាជនបង្កចលាចលនៅក្រុង អេភេសូរប្រឆាំងនឹងពួកអ្នកជឿ
២១ក្រោយហេតុការណ៍ទាំងនេះ ព្រះវិញ្ញាណ បាននាំឲ្យលោកប៉ូលសម្រេចចិត្ដទៅក្រុងយេរូសាឡិម ដោយធ្វើដំណើរកាត់តាមស្រុកម៉ាសេដូន និងស្រុកអាខៃ។ គាត់បាននិយាយថា៖ «ក្រោយពេលខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវទៅមើលក្រុងរ៉ូមដែរ» ២២រួចគាត់ក៏ចាត់អ្នកជំនួយការរបស់គាត់ពីរនាក់ឲ្យទៅស្រុកម៉ាសេដូនគឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស រីឯគាត់បានស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈ ២៣ហើយនៅគ្រានោះ កើតមានការជ្រួលច្របល់យ៉ាងខ្លាំងដែលទាក់ទងនឹងមាគ៌ានេះ ២៤ដ្បិតមានបុរសម្នាក់ឈ្មោះដេមេទ្រាសជាជាងបា្រក់ ដែលធ្វើខ្ទមសក្ការព្រះនាងឌីអាន អំពីបា្រក់ គាត់បានផ្ដល់កម្រៃយ៉ាងច្រើនដល់ពួកជាង។ ២៥គាត់បានប្រមូលពួកជាង និងពួកអ្នកដែលប្រកបរបរបែបនេះដែរមកប្រាប់ថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា យើងមានទ្រព្យសម្បត្ដិយ៉ាងច្រើនដោយសារមុខរបរនេះ ២៦ប៉ុន្ដែបងប្អូនបានឃើញ និងបានឮហើយថា ប៉ូលនេះបានបញ្ចុះបញ្ចូល និងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយ មិនតឹ្រមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូលដោយនិយាយថា ព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។ ២៧នេះគឺជាអន្ដរាយ ដែលមិនត្រឹមតែធ្វើឲ្យមុខរបររបស់យើងខូចឈ្មោះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យព្រះវិហាររបស់ព្រះនាងឌីអាន ដ៏ឧត្ដមពុំមានតម្លៃទៀតផង ហើយអំណាចរបស់ព្រះនាង ដែលស្រុកអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំ នឹងត្រូវសាបសូន្យទៅ»។
២៨ពេលឮដូច្នេះ ពួកគេក៏មានកំហឹងពេញខ្លួន ហើយស្រែកឡើងថា៖ «ព្រះនាងឌីអាន របស់អ្នកក្រុងអេភេសូរដ៏ឧត្ដុង្គឧត្ដម!» ២៩ពេលនោះមានការច្របូកច្របល់ពេញក្រុង ហើយពួកគេសម្រុកចូលព្រមគ្នា ទៅក្នុងទីលានមហោស្រព រួចចាប់លោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូនដែលជាគូកនរួមដំណើរ ជាមួយលោកប៉ូល។ ៣០លោកប៉ូល ចង់ចូលទៅក្នុងចំណោមមហាជន ប៉ុន្ដែពួកសិស្សមិនព្រមឲ្យគាត់ចូលទេ ៣១សូម្បីតែមិត្តរបស់គាត់មួយចំនួន ដែលជាមន្រ្តីស្រុកអាស៊ីក៏ចាត់គេមកអង្វរគាត់ដែរ កុំឲ្យគាត់ចូលទៅក្នុងទីលានមហោស្រព ៣២ពេលនោះ មានអ្នកខ្លះស្រែកយ៉ាងនេះ មានអ្នកខ្លះស្រែកយ៉ាងនោះ ព្រោះអង្គប្រជុំបានច្របូកច្របល់អស់ហើយ ឯមនុស្សភាគច្រើន មិនបានដឹងពីមូលហេតុដែលពួកគេមកជួបជុំគ្នានេះទេ។ ៣៣ជនជាតិយូដា បានរុញលោកអ័លេក្សានត្រុសចេញពីបណ្ដាជន ហើយនាំទៅខាងមុខ។ លោកអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះគាត់ចង់ឆ្លើយដោះសានឹងបណ្ដាជន ៣៤ប៉ុន្តែពេលដឹងថាលោកអ័លេក្សានត្រុស ជាជនជាតិយូដា ពួកគេបានស្រែកព្រមគ្នា អស់រយៈពេលប្រហែលពីរម៉ោងថា៖ «ព្រះនាងឌីអាន របស់អ្នកក្រុងអេភេសូរ ដ៏ឧត្ដុង្គឧត្ដម!» ៣៥ក្រោយពីលេខាធិការក្រុង បានឲ្យបណ្តាជននៅស្ងៀមស្ងាត់ គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថា អ្នកក្រុងអេភេសូរ ជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដម និងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ! ៣៦ដូច្នេះ គ្មានអ្នកណា អាចប្រកែកនឹងសេចក្ដីទាំងនេះបានទេ បងប្អូនត្រូវនៅស្ងៀមស្ងាត់ ហើយឈប់ធ្វើអ្វីច្រឡោតទៀតទៅ ៣៧ដ្បិតពួកអ្នកទាំងនេះ ដែលបងប្អូនបាននាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបានប្រមាថព្រះរបស់យើងដែរ ៣៨ប៉ុន្ដែ បើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់ មានបណ្ដឹងនឹងនរណាម្នាក់ នោះសាលាក្តីមានស្រាប់ ហើយអស់លោកអភិបាលក៏មានដែរ ចូរឲ្យគេប្តឹងគ្នាចុះ ៣៩ប៉ុន្ដែបើបងប្អូនចង់បានអ្វីលើសនេះ នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំ តាមច្បាប់ ៤០ដ្បិតយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលនឹងត្រូវគេចោទពីបទបង្កចលាចលនៅក្នុងថ្ងៃនេះ ព្រោះយើងគ្មានមូលហេតុអាចដោះសាអំពីការប្រជុំនេះបានទេ»។ ៤១ពេលនិយាយដូច្នេះរួចហើយ គាត់ក៏រំសាយការប្រជុំ។