កិច្ចការ ១៨
លោកប៉ូលជួបនឹងលោកអ័គីឡា និងនាងព្រីស៊ីល នៅក្រុងកូរិនថូស
១៨ក្រោយពី ហេតុការណ៍ទាំងនោះ លោកប៉ូលក៏ចាកចេញពីក្រុងអាថែន ទៅក្រុងកូរិនថូស។ ២នៅក្រុងនោះ លោកប៉ូលបានជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាជាអ្នកស្រុកប៉ុនតុស និងនាងពី្រស៊ីលជាប្រពន្ធរបស់គាត់ដែលទើបមកពីស្រុកអ៊ីតាលី ដ្បិតព្រះចៅអធិរាជក្លូឌាស បានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម លោកប៉ូលក៏ចូលទៅជួបពួកគេ ៣ហើយដោយព្រោះអ្នកទាំងពីរ មានមុខរបរជាអ្នកធ្វើរោងដូចគាត់ គាត់ក៏ស្នាក់នៅធ្វើការជាមួយពួកគេ។
៤រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលបានជជែកវែកញែកនៅក្នុងសាលាប្រជុំ ទាំងពន្យល់ជនជាតិយូដា និងជនជាតិក្រេកឲ្យមានជំនឿ ៥រួចកាលលោកស៊ីឡាស និងលោកធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូល ក៏ជាប់មមាញឹកក្នុងការប្រកាសព្រះបន្ទូល និងធ្វើបន្ទាល់ដល់ជនជាតិយូដាថា ព្រះយេស៊ូជាព្រះគ្រិស្ដ ៦ប៉ុន្តែ ពេលពួកគេចេះតែប្រឆាំង និងជេរប្រមាថគាត់ គាត់ក៏រលាស់សម្លៀកបំពាក់ រួចនិយាយទៅពួកគេថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នា ធ្លាក់លើក្បាលអ្នករាល់គ្នាចុះ! ឯខ្ញុំគ្មានទោសឡើយ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯសាសន៍ដទៃវិញ»។
៧បន្ទាប់មក គាត់ក៏ចាកចេញពីសាលាប្រជុំ រួចចូលទៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ ដែលផ្ទះរបស់គាត់នៅជាប់សាលាប្រជុំ ៨រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំ និងកុ្រមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ ហើយអ្នកក្រុងកូរិនថូសជាច្រើន ដែលបានស្តាប់លោកប៉ូលបានជឿ និងបានទទួលពិធីជ្រមុជទឹកដែរ។
៩នៅយប់មួយ ព្រះអម្ចាស់មានបន្ទូលមកលោកប៉ូល នៅក្នុងសុបិននិមិត្ដថា៖ «កុំខ្លាចអី ចូរនិយាយបន្ដទៀត កុំនៅស្ងៀមឡើយ ១០ ដ្បិតយើងនៅជាមួយអ្នក ហើយគ្មានអ្នកណាម្នាក់អាចតតាំងធ្វើបាបអ្នកបានឡើយ ព្រោះមានប្រជារាស្ដ្ររបស់យើង ជាច្រើននៅក្នុងក្រុងនេះ»។ ១១គាត់ក៏ស្នាក់នៅទីនោះអស់រយៈពេលមួយឆ្នាំកន្លះ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដល់ពួកគេ ១២ប៉ុន្ដែ នៅពេលលោកកាលីយ៉ូ ធ្វើជាអភិបាលនៅស្រុកអាខៃ ជនជាតិយូដាបានបះបោរព្រមគ្នា ប្រឆាំងលោកប៉ូល ហើយនាំគាត់ទៅសាលាក្តី ១៣ដោយចោទថា៖ «អ្នកនេះកំពុងបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះជាម្ចាស់ ផ្ទុយនឹងច្បាប់» ១៤ប៉ុន្ដែពេលលោកប៉ូលបម្រុងនិយាយ លោកកាលីយ៉ូបាននិយាយទៅជនជាតិយូដាថា៖ «ឱ ជនជាតិយូដាអើយ! បើបញ្ហានេះជាបទល្មើស ឬបទឧក្រិដ្ឋនោះ សមឲ្យខ្ញុំស្ដាប់អ្នករាល់គ្នា ១៥ប៉ុន្ដែ បើជាទំនាស់អំពីពាក្យសំដី ឬឈ្មោះ ឬវិន័យរបស់អ្នករាល់គ្នាវិញ ចូរដោះស្រាយដោយខ្លួនឯងទៅ ខ្ញុំមិនចង់ធ្វើជាអ្នកកាត់ក្តីរឿងបែបនេះទេ»។ ១៦បន្ទាប់មក គាត់ក៏បណ្តេញពួកគេចេញពីសាលាក្តី ១៧ដូច្នេះពួកគេគ្រប់គ្នាក៏ចាប់លោកសូស្ថេន ជាប្រធានសាលាប្រជុំ ហើយវាយគាត់នៅមុខសាលាក្តី ប៉ុន្ដែលោកកាលីយ៉ូ មិនខ្វល់នឹងរឿងនេះឡើយ។
លោកប៉ូលត្រលប់ទៅក្រុងអាន់ទីយ៉ូកវិញ
១៨លោកប៉ូល បានស្នាក់នៅទីនោះជាច្រើនថ្ងៃទៀត បន្ទាប់មកគាត់ក៏ជម្រាបលាពួកបងប្អូន ចុះសំពៅទៅស្រុកស៊ីរី ជាមួយលោកអ័គីឡា និងនាងព្រីស៊ីល។ លោកប៉ូល បានកោរសក់នៅក្រុងកេងគ្រា ព្រោះគាត់ត្រូវលាបំណន់។ ១៩លុះមកដល់ក្រុងអេភេសូរ លោកប៉ូលបានទុកអ្នកទាំងពីរឲ្យនៅទីនោះ រួចគាត់ចូលទៅក្នុងសាលាប្រជុំដើម្បីជជែកវែកញែកជាមួយជនជាតិយូដា ២០ហើយពួកគេ ក៏សុំឲ្យគាត់ស្នាក់នៅយូរបន្តិច ប៉ុន្ដែគាត់មិនព្រមនៅទេ ២១ពេលជម្រាបលាពួកគេ គាត់បាននិយាយដូច្នេះថា៖ «បើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងត្រលប់មកឯអ្នករាល់គ្នាវិញ» រួចគាត់ក៏ចុះសំពៅ ចាកចេញពីក្រុងអេភេសូរ។ ២២ពេលមកដល់ក្រុងសេសារា គាត់ក៏ទៅសួរសុខទុក្ខក្រុមជំនុំ បន្ទាប់មកគាត់ក៏ចុះទៅក្រុងអាន់ទីយ៉ូក ២៣ហើយបន្ទាប់ពីបានស្នាក់នៅ ក្រុងអាន់ទីយ៉ូកមួយរយៈពេលគាត់ក៏ចាកចេញ ហើយធ្វើដំណើរកាត់តាមស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងពួកសិស្សទាំងអស់ឲ្យរឹងមាំ។
លោកអ័ប៉ុឡូសបង្រៀននៅក្រុង អេភេសូរ
២៤នៅគ្រានោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ូឡូស ជាអ្នកក្រុងអ័លេក្សានទ្រា បានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះបទគម្ពីរយ៉ាងស្ទាត់ ២៥គាត់បានទទួលការអប់រំតាមមាគ៌ា របស់ព្រះអម្ចាស់ ហើយឆេះឆួលខាងវិញ្ញាណ និងបង្រៀនបានយ៉ាងត្រឹមត្រូវ អំពីសេចកី្តទាំងឡាយ ដែលទាក់ទងនឹងព្រះយេស៊ូ ទោះបីជាគាត់ ស្គាល់ត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ ២៦គាត់ចាប់ផ្តើម ប្រកាសយ៉ាងមោះមុត នៅក្នុងសាលាប្រជុំ ហើយពេលលោកអ័គីឡា និងនាងពី្រស៊ីលបានឮដូច្នេះ ក៏នាំគាត់មក ហើយពន្យល់ប្រាប់គាត់ថែមទៀត យ៉ាងច្បាស់លាស់អំពីមាគ៌ារបស់ព្រះជាម្ចាស់។
២៧កាលលោកអ័ប៉ុឡូស មានបំណងឆ្លងទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្ដគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់ ហើយពេលគាត់ទៅដល់ គាត់ក៏ជួយយ៉ាងច្រើន ដល់អស់អ្នកដែលបានជឿដោយ សារព្រះគុណ ២៨ដ្បិតគាត់ឆ្លើយបំភ្លឺដល់ជនជាតិយូដា យ៉ាងមានអំណាចនៅចំពោះមុខមហាជន ទាំងបង្ហាញតាមបទគម្ពីរថា ព្រះយេស៊ូជាព្រះគ្រិស្ដ។