KCB - កិច្ចការ ១៧


កិច្ចការ ១៧

លោក​ប៉ូលប្រកាស​ព្រះបន្ទូល​​នៅក្រុង​ ថែស្សាឡូនីច​

១៧ក្រោយមក​ ពេល​ពួក​គាត់​ ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​អាំភីប៉ូលី និង​ក្រុង​អ័ប៉ុឡូនា ពួកគាត់​ក៏​មក​ដល់​ក្រុងថែស្សាឡូនីច​ ដែល​មាន​សាលាប្រជុំ​មួយ ​របស់​ជនជាតិ​យូដា​នៅទីនោះ។ លោក​ប៉ូល​ក៏​បាន​ទៅជួប​ពួក​ជនជាតិ​យូដា​តាមទម្លាប់​របស់​គាត់ ហើយ​​អស់​រយៈពេល​បី​ថ្ងៃ​សប្ប័ទ​​ គាត់​បានជជែកវែកញែក​បទគម្ពីរជាមួយ​ពួកគេ ​ដោយ​ពន្យល់ និង​បញ្ជាក់​ថា ​ព្រះគ្រិស្ដ​​ត្រូវ​តែ​រងទុក្ខ ហើយ​រស់​ពី​ការ​សោយ​ទិវង្គត​​ឡើងវិញ រួច​គាត់​និយាយ​ទៀត​ថា​៖ «ព្រះ​យេស៊ូ​ដែល​ខ្ញុំ​កំពុង​ប្រកាស​បា្រប់​អ្នក​រាល់គ្នា​នេះ​ហើយ​ ជា​ព្រះគ្រិស្ដ»។​ ពួកគេ​ខ្លះ​ព្រម​ជឿ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស ហើយក៏​មានពួកជនជាតិក្រេក ដែលកោត​ខ្លាច​ព្រះជាម្ចាស់ជាច្រើន និង​ពួកស្ដ្រី​ដែល​មាន​មុខមាត់​ ក៏​មិន​តិច​ដែរ​ ប៉ុន្ដែ​ ពួក​ជនជាតិ​យូដា​បែរជា​ច្រណែន ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​​ ទៅ​បង្ក​ចលាចល​នៅក្នុង​ក្រុង ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន តាម​ចាប់​លោក​ប៉ូល និង​លោកស៊ីឡាស ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​​មហាជន។ ​ប៉ុន្ដែ​ពេល​គេ​រក​អ្នក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​អូស​លោក​យ៉ាសុន និង​បងប្អូន​ខ្លះ​ទៀត​យក​ទៅ​ប្រគល់​ឲ្យ​​ពួក​អាជ្ញាធរ​ក្រុងដោយ​ស្រែក​ថា​៖ «ពួក​អ្នក​ធ្វើ​ឲ្យ​​​ផែនដី​ច្របូកច្របល់​បាន​មក​ដល់​ទីនេះ​ហើយ​យ៉ាសុន​បាន​ទទួល​ពួកវា គឺ​ពួកវា​ទាំង​នេះ ​កំពុង​ធ្វើអំពើ​ប្រឆាំង​នឹង​បទ​បញ្ជា​​របស់​ព្រះចៅ​អធិរាជ​ ដោយ​ប្រកាស​ថាមាន​ស្ដេច​មួយ​អង្គ​ទៀត ឈ្មោះ​យេស៊ូ‍!» ពួកជនជាតិ​​យូដា​ទាំងនោះ​ បាន​ធ្វើឲ្យ​​បណ្ដាជន និង​ពួក​អាជ្ញាធរ​ក្រុង​ដែល‍បាន​ស្ដាប់​សេចក្ដី​ទាំងនេះ​ជ្រួលច្របល់។​ ពេល​ពួកគេ ​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន និង​អ្នក​ផ្សេងទៀត​រួច​ហើយ ពួក​គេ​​ក៏​ដោះលែង​អ្នក​ទាំង​នោះ។​

លោក​ប៉ូល​ និង​លោក​ស៊ីឡាស​នៅ​ក្រុង​បេរា​

១០រីឯ​​ពួក​បងប្អូន​ ក៏​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​​ភ្លាម ហើយ​ពេល​ទៅ​ដល់​ក្រុងនោះ អ្នក​ទាំងពីរ​ក៏​ចូល​ទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិ​យូដា​ ១១ប៉ុន្ដែ​ជនជាតិ​យូដា​ទាំងនេះ​ មាន​គំនិត​បើក​ចំហ​ជាង​ពួក​ជនជាតិយូដា​នៅ​ក្រុង​ថែស្សាឡូនីច ដ្បិត​ពួកគេ​បានទទួល​ព្រះបន្ទូល ដោយចិត្ដ​សង្វាត​ ទាំង​ស្រាវជ្រាវ​បទគម្ពីរ​រាល់​ថ្ងៃដើម្បី​ឲ្យ​​ដឹង​ថា សេចក្ដី​ទាំងនេះ​ត្រឹមត្រូវ ឬ​យ៉ាងណា។​ ១២ដូច្នេះ​ហើយពួកគេ​ជា​ច្រើន​ក៏​ជឿ មាន​ទាំង​​បុរសស្រី្ត​ជនជាតិក្រេក ដែល​មានមុខមាត់ជាច្រើន​ផង​ដែរ​ ១៣ប៉ុន្ដែ​ពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​ បាន​ដឹង​ថា​លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល ​របស់ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ នោះ​ពួកគេ​ក៏​មក​បំបះបំបោរ និង​ញុះញង់​បណ្តាជន​​នៅ​ក្រុង​នោះ​ ឲ្យ​​ជ្រួលច្របល់​ទៀត​ ១៤ដូច្នេះពួក​បងប្អូនក៏​នាំ​លោក​ប៉ូល​ចេញ​ទៅ​សមុទ្រ​ភ្លាម រីឯ​​លោក​ស៊ីឡាស និង​​​លោក​ធីម៉ូថេ​​ស្នាក់​នៅ​ទីនោះ​ដដែល‍។​ ១៥ពួកអ្នក​ជូន​ដំណើរ​លោក​ប៉ូល​ បាន​ទៅ​ជា​មួយ​​លោក​ប៉ូល​ រហូត​ដល់​ក្រុង​អាថែន ហើយ​បាន​ត្រលប់​មក​វិញ ក្រោយពី​ទទួល​ពាក្យ​បណ្ដាំ​ ឲ្យ​​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​ ទៅ​តាម​លោក​ប៉ូល​ជា​ប្រញាប់។​

លោក​ប៉ូល​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​អាថែន​

១៦នៅពេល​លោក​ប៉ូល​កំពុង​រង់ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន វិញ្ញាណ​របស់​គាត់​ពុះ​កញ្ជ្រោល​ជាខ្លាំង ដោយ​គាត់​សង្កេត​ឃើញ​មាន​រូប​ព្រះពាស​ពេញ​ក្រុង​នោះ​ ១៧ដូច្នេះ គាត់​ជជែក​វែកញែក​​​ជាមួយ​ជនជាតិ​យូដា និង​ពួក​អ្នក​មក​ថ្វាយ​បង្គំនៅក្នុង​សាលាប្រជុំ ព្រមទាំង​ពួកអ្នកដែល​គាត់បាន​ជួប នៅក្នុង​ទី​ផ្សារជារៀង​រាល់​ថ្ងៃ​ ១៨ហើយ​ក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​ បាន​ជជែក​ដេញដោល​ជាមួយ​​លោក​ប៉ូល​ដែរ គឺ​មាន​អ្នក‍ខ្លះ​សួរ​ថា​៖ «តើ​អ្នក​និយាយ​ប៉​ប៉ាច់ប៉ប៉ោច​​​នេះ ​ចង់​និយាយ​អំពី​អ្វី​?» អ្នក​ខ្លះ​ទៀត​និយាយ​ថា​៖ «គាត់​ប្រហែល​ជា​អ្នក​ផ្សព្វ​ផ្សាយ ​អំពី​ព្រះ​របស់​ពួក​បរទេសហើយ» ​[ពួកគេ​ពោល​ដូច្នេះ​] ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះ​យេស៊ូ និង​ការ​រស់ឡើងវិញ​របស់​ព្រះអង្គ។

១៩ដូច្នេះ ពួកគេ​ក៏​នាំ​គាត់​ទៅជួប​នឹង​​ក្រុមប្រឹក្សា​នៅ​ទួល​អើរីយ៉ូស ហើយ​សួរ​ថា​៖ «តើ​អ្នក​អាច​បា្រប់​យើង​ឲ្យ​​យល់​អំពី​សេចក្ដី​បង្រៀន​ថ្មី​ដែល​អ្នក​កំពុង​ប្រកាស​នេះ​បាន​ដែរ‍ឬ​ទេ​?​ ២០ដ្បិត​យើង​បាន​ឮ​អ្នក​និយាយ​ពី​សេចក្ដី​ប្លែកៗ ដូច្នេះ​ហើយយើង​ចង់​ដឹង​ថា​ តើ​សេចក្តី​ទាំងនេះ​មាន​ន័យ​ដូចម្តេច»។​ ២១នៅ​សម័យ​នោះ អ្នក​ក្រុង​អាថែន និង​ពួក​ជន​​បរទេសទាំងឡាយ​ដែល​រស់នៅ​ក្រុងនោះ​ មិន​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វី​ ក្រៅពី​និទាន​រឿង ឬ​ស្ដាប់​រឿង​ថ្មីៗ​ឡើយ។​

២២ដូច្នេះ លោក​ប៉ូល​ក៏​ក្រោកឈរ​នៅ​កណ្ដាល​ក្រុមប្រឹក្សា​ នៅ​ទួល​អើរីយ៉ូស ហើយ​និយាយ​ថា​៖ «‍ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ​! ខ្ញុំ​សង្កេត​ឃើញ​ថា អ្នករាល់គ្នា​ជឿ​ស៊ប់​លើ​របស់​សព្វសារពើ ​២៣ដ្បិត​ពេល​ខ្ញុំ​ដើរកាត់ ហើយ​សងេ្កត​មើល​គ្រឿង​ សក្ការបូជា​ទាំងឡាយ​​​របស់​អ្នករាល់គ្នា នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ ​ដែល​មាន​ចារឹកអក្សរ​​ថា ព្រះ​ដែល​មិន​ស្គាល់។​ ដូច្នេះខ្ញុំ​សូម​បា្រប់​អ្នករាល់គ្នា​អំពីព្រះ ដែលអ្នក​រាល់គ្នាកំពុង​ថ្វាយ បង្គំ​ដោយមិន​ស្គាល់​នេះ ​២៤ព្រះជា​ម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​របស់​សព្វសារពើនៅ​ក្នុង​ពិភព​លោក ព្រះអង្គ​​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី ព្រះអង្គមិន​គង់​នៅ​ក្នុង​វិហារ​ ដែល​សង់​ដោយ​ដៃ​របស់​​មនុស្ស​ឡើយ​ ២៥ហើយ​ព្រះអង្គក៏​មិន​ត្រូវការដៃ​របស់មនុស្ស ឲ្យ​​បម្រើ​ព្រះអង្គ​ ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ ព្រោះ​ព្រះអង្គ​ទេតើ​ដែល​ប្រទាន​ឲ្យ​​មនុស្ស​ទាំង​អស់​​ មាន​ជីវិត មាន​ដង្ហើម និង​មាន​របស់​សព្វ​សារពើ​ ២៦ព្រះអង្គ​បាន​បង្កើត​ជន​ជាតិ​​ទាំងឡាយឲ្យ​​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពីមនុស្ស​ម្នាក់ ហើយព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ពំ្រ​ដែន​​ឲ្យ​​ពួកគេ​រស់​នៅ ២៧ដើម្បី​ឲ្យ​​ពួកគេ​ស្វែងរក​ព្រះជាម្ចាស់ ហើយ​​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែននោះ​ ពួក​គេ​​មុខជា​រក​ព្រះអង្គ​ឃើញ​មិនខាន ពីព្រោះ​តាមពិត​ព្រះជាម្ចាស់គង់នៅ​មិនឆ្ងាយពីយើង​រាល់គ្នា​ឡើយ​ ២៨ហើយយើង​រស់នៅមាន​ចលនា និង​មាន​ជីវិត​ជា​មនុស្សដោយ​សារ​ព្រះអង្គ ដូច​ដែល​កវី​ក្នុងចំណោម​អ្នករាល់គ្នា​មួយ​ចំនួន ​បាន​និយាយ​ដែរ​ថា ដ្បិត​យើង​ ក៏​ជា​ពូជ​​របស់​ព្រះអង្គ​ដែរ។​ ២៩ដូច្នេះ បើ​យើង​ជាពូជ​​​របស់​ព្រះជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា ព្រះអង្គ​មាន​សណ្ឋាន​ដូចជា​រូប​សំណាក​ ធ្វើ​ពី​មាស បា្រក់ ឬ​​ថ្មតាម​ជំនាញ​​ និង​គំនិត​របស់​មនុស្ស​ឡើយ ​៣០ដ្បិត​ពីមុន​ព្រះជាម្ចាស់​ បានទតរំលង​ គ្រាដែល​មនុស្សល្ងង់ខ្លៅ​​​​មែន ប៉ុន្ដែឥឡូវ​នេះ ព្រះអង្គ​បង្គាប់​មនុស្សទាំង​អស់នៅ​គ្រប់ទីកន្លែង ឲ្យ​​ប្រែចិត្ដ ​ ៣១ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​​ ដែល​ព្រះអង្គ​នឹងជំនុំ​ជម្រះ​​ ពិភពលោកដោយ​​យុត្តិធម៌​ តាមរយៈ​មនុស្សម្នាក់ ដែល​ព្រះអង្គ​បាន​តែងតាំង ហើយ​ព្រះជាម្ចាស់បាន​ប្រទានភស្ដុតាង​អំពី​ការនេះ​ដល់មនុស្ស​ទាំងអស់ដោយ​ប្រោស​មនុស្ស​នោះ ឲ្យ​​រស់​ពី​ស្លាប់​ឡើងវិញ»​ ៣២នៅពេលពួកគេ​ ឮ​អំពី​ការរស់​ពី​ស្លាប់​ឡើងវិញ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា​៖ «យើង​ចង់​ស្ដាប់​អ្នក​និយាយ​ អំពី​រឿង​នេះ​ម្តង​ទៀត»។ ៣៣ដូច្នេះ​ហើយ លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួកគេ​ទៅ​ ៣៤ប៉ុន្ដែ​មាន​អ្នក​ខ្លះ​បាន​ជឿ ហើយ​ចូលរួម​ជាមួយ​គាត់ នៅក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ទាំង​លោក​ឌេវនីសជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ នៅ​ទួល​អើរីយ៉ូស និង​ស្ដ្រី​ម្នាក់​ឈ្មោះដាម៉ារីស ព្រម​ទាំង​អ្នក​ផ្សេង​ទៀត ​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។

កិច្ចការ ១៧