កិច្ចការ ១៦
ដំណើរបេសកកម្មលើកទីពីររបស់លោកប៉ូល
១៦លោកប៉ូល បានទៅដល់ក្រុងឌើបេ និងក្រុងលីស្រ្តាដែរ ហើយនៅទីនោះ មានសិស្សម្នាក់ឈ្មោះធីម៉ូថេ ជាកូនប្រុសរបស់ស្រ្តីជនជាតិយូដាម្នាក់ជាអ្នកជឿ ប៉ុន្ដែឪពុកជាជនជាតិក្រេក ២សិស្សម្នាក់នោះមានកេរ្ដិ៍ឈ្មោះល្អក្នុងចំណោមពួកបងប្អូននៅក្រុងលីស្រ្តា និងក្រុងអ៊ីកូនាម ៣លោកប៉ូលចង់យកធីម៉ូថេ ទៅជាមួយដែរ ដូច្នេះ ក៏យកគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះតែពួកជនជាតិយូដាដែលនៅកន្លែងទាំងនោះ ដ្បិតពួកគេគ្រប់គ្នាដឹងថា ឪពុកគាត់ជាជនជាតិក្រេក។ ៤នៅពេលពួកគាត់ ធ្វើដំណើរឆ្លងកាត់ក្រុងនានា ពួកគាត់បានប្រគល់សេចក្ដីបង្គាប់ដែលពួកសាវក និងពួកចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេចដើម្បីឲ្យពួកគេធ្វើតាម ៥ដូច្នេះក្រុមជំនុំទាំងនោះក៏មានជំនឿរឹងមាំឡើង ហើយមានគ្នាកាន់តែច្រើនឡើងរាល់ថ្ងៃ។
ការត្រាស់ហៅទៅស្រុកម៉ាសេដូន
៦ដោយសារព្រះវិញ្ញាណបរិសុទ្ធឃាត់ពួកគាត់ មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ដូច្នេះ ពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកព្រីគា និងស្រុកកាឡាទី ៧ពេលមកដល់ស្រុកមីស៊ា ពួកគាត់ព្យាយាមចូលទៅស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូមិនអនុញ្ញាតឲ្យពួកគាត់ចូលទេ ៨ដូច្នេះពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកមីស៊ា ចុះទៅក្រុងទ្រអាស។
៩នៅពេលយប់ លោកប៉ូលបានឃើញសុបិននិមិត្ដមួយ គឺមានអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរគាត់ថា៖«សូមអញ្ជើញមកជួយយើង នៅស្រុកម៉ាសេដូននេះផង!» ១០កាលគាត់បានឃើញសុបិននិមិត្ដនោះហើយ យើងក៏ប្រញាប់ទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ថា ព្រះជាម្ចាស់បានត្រាស់ហៅយើង ឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
នាងលីឌាអ្នកក្រុងភីលីពទទួលជឿព្រះយេស៊ូ
១១ដូច្នេះ យើងក៏ចុះសំពៅពីក្រុងទ្រអាសតម្រង់ទៅឯកោះសាម៉ូត្រាស។នៅថ្ងៃបន្ទាប់ យើងបានទៅដល់ក្រុងនាប៉ូល ១២យើងចេញពីក្រុងនោះទៅក្រុងភីលីព ដែលជាក្រុងដ៏សំខាន់មួយនៅក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់ចក្រភពរ៉ូម រួចយើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។
១៣នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ទន្លេមួយ ជាកន្លែងដែលយើងគិតថានឹងមានកន្លែងអធិស្ឋាន យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្រី្ត ដែលបានមកជួបជុំគ្នា ១៤រួចមានស្រ្តីម្នាក់ ឈ្មោះលីឌា ជាអ្នកលក់ក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា ហើយជាអ្នកថ្វាយបង្គំព្រះជាម្ចាស់។ ពេលគាត់កំពុងស្ដាប់ ព្រះអម្ចាស់បានបើកចិត្តរបស់គាត់ឲ្យយកចិត្ដទុកដាក់នឹងសេចក្ដីទាំងឡាយដែលលោកប៉ូលកំពុងនិយាយ។
១៥បន្ទាប់ពីគាត់ និងក្រុមគ្រួសាររបស់គាត់បានទទួលពិធីជ្រមុជទឹករួច គាត់ក៏ទទូចសុំយើងថា៖ «បើពួកលោកយល់ឃើញថា ខ្ញុំពិតជាស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះរបស់ខ្ញុំ!» ហើយនាងបានទទូចរហូតដល់យើងព្រម។
លោកប៉ូល និងលោកស៊ីឡាសនៅក្នុងគុក
១៦ក្រោយមក ពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានក្មេងស្រីបម្រើម្នាក់ដែលមានវិញ្ញាណអារក្សចេះទាយបានមកឯយើង។ នាងរកកម្រៃឲ្យពួកម្ចាស់នាងបានច្រើនណាស់ ដោយសារការទាយនេះ។ ១៧នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។
១៨នាងបានធ្វើដូច្នេះជាច្រើនថ្ងៃ ធ្វើឲ្យលោកប៉ូលធុញទ្រាន់ជាខ្លាំង ក៏បែរទៅបង្គាប់វិញ្ញាណអាក្រក់នោះថា៖ «យើងបង្គាប់ឯង នៅក្នុងព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!» ពេលនោះវាក៏ចេញពីនាងភ្លាម ១៩ហើយពេលពួកម្ចាស់របស់នាងឃើញថាគ្មានសង្ឃឹមរកកម្រៃបានទៀត ពួកគេក៏ចាប់លោកប៉ូល និងលោកស៊ីឡាសយកទៅដាក់នៅចំពោះមុខពួកអាជ្ញាធរ ក្នុងទីប្រជុំជន។ ២០កាលនាំពួកគាត់ ទៅជួបពួកមន្ដ្រីគ្រប់គ្រងក្រុងហើយ ពួកគេក៏ប្រាប់ថា៖ «អ្នកទាំងនេះជាជនជាតិយូដា ហើយពួកគេ កំពុងបង្កចលាចលនៅក្នុងក្រុងរបស់យើង ២១គឺពួកគេកំពុងប្រកាសអំពីទំនៀមទម្លាប់ដែលច្បាប់មិនអនុញ្ញាតឲ្យយើងជាជនជាតិរ៉ូមទទួលយក ឬធ្វើតាមឡើយ» ២២ដូច្នេះបណ្ដាជនក៏លើកគ្នាទាស់នឹងពួកគាត់ ហើយពួកមន្ដ្រីគ្រប់គ្រងក្រុង បានកន្រ្តាក់ហែកសម្លៀកបំពាក់ពួកគាត់ រួចបញ្ជាឲ្យវាយពួកគាត់នឹងរំពាត់ ២៣ក្រោយពីវាយជាច្រើនរំពាត់មក ពួកគេក៏យកពួកគាត់ទៅដាក់គុក ទាំងបញ្ជាឲ្យឆ្មាំគុក យាមពួកគាត់យ៉ាងប្រុងប្រយ័ត្ន។ ២៤ពេលឆ្មាំគុកទទួលបញ្ជាយ៉ាងដូច្នោះហើយ គេក៏យកពួកគាត់ទៅដាក់ក្នុងគុកដែលនៅជ្រៅ ព្រមទាំងដាក់ខ្នោះជើងជាប់។
២៥នៅប្រហែលពាក់កណ្ដាលអធ្រាត្រកាលលោកប៉ូល និងលោកស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងចម្រៀងសរសើរព្រះជាម្ចាស់ ហើយពួកអ្នកទោសកំពុងតែស្ដាប់ពួកគាត់ដែរនោះ ២៦ស្រាប់តែមានការរញ្ជួយដីជាខ្លាំង បណ្តាលឲ្យគ្រឹះគុករង្គើ ហើយទ្វារគុកទាំងឡាយក៏របើកភ្លាម ឯច្រវាក់ដែលគេដាក់អ្នកទោសគ្រប់គ្នាបានរបើកឡើង។
២៧ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកទាំងឡាយចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងសម្លាប់ខ្លួន ដោយស្មានថា អ្នកទោសរត់អស់ហើយ ២៨ប៉ុន្ដែលោកប៉ូលបានស្រែកខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ» ២៩ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក ហើយរត់ចូលទៅខាងក្នុង រួចក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាសទាំងភ័យញ័រ។ ៣០ក្រោយពីនាំពួកគាត់ចេញមកដល់ខាងក្រៅហើយ ឆ្មាំគុកនោះបានសួរថា៖ «លោកម្ចាស់! តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីបានទទួលសេចក្ដីសង្គ្រោះ?» ៣១ពួកគាត់ក៏ឆ្លើយថា៖ «ចូរជឿព្រះអម្ចាស់យេស៊ូចុះ នោះអ្នក ព្រមទាំងគ្រួសាររបស់អ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ»។ ៣២បន្ទាប់មក ពួកគាត់ក៏ប្រកាសព្រះបន្ទូល របស់ព្រះអម្ចាស់បា្រប់ឆ្មាំគុកនោះ ព្រមទាំងអ្នកទាំងឡាយ នៅក្នុងផ្ទះរបស់គាត់ផង។ ៣៣នៅវេលាយប់ដដែលនោះ ក្រោយពេលយកពួកគាត់ ទៅលាងរបួសរួចហើយ ឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូល ក៏ទទួលពិធីជ្រមុជទឹកភ្លាម។ ៣៤បន្ទាប់មក ឆ្មាំគុកបាននាំពួកគាត់ចូលទៅក្នុងផ្ទះ និងបានរៀបចំអាហារឲ្យពួកគាត់ ហើយឆ្មាំគុក និងគ្រួសាររបស់គាត់ទាំងមូលអរសប្បាយណាស់ ដោយបានជឿព្រះជាម្ចាស់។
៣៥លុះភ្លឺឡើង ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់នគរបាលឲ្យទៅបា្រប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ» ៣៦ដូច្នេះឆ្មាំគុកក៏ប្រាប់លោកប៉ូលអំពីសេចក្ដីទាំងនោះថា៖ «ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់គេឲ្យមក ដើម្បីដោះលែងពួកលោកហើយ ដូច្នេះឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។
៣៧ពេលនោះ លោកប៉ូលក៏និយាយប្រាប់ពួកគេថា៖ «ពួកគេបានវាយយើងជាជនជាតិរ៉ូមនៅទីប្រជុំជន ហើយយកទៅដាក់គុក ដោយមិនបានកាត់ទោសឡើយ ឥឡូវនេះតើពួកគេកំពុងបណ្ដេញយើងចេញ ដោយសម្ងាត់ទៀតឬ? ទេ មិនបានទេ! គឺអ្នកទាំងនោះត្រូវមកនាំយើងចេញទៅដោយផ្ទាល់»។
៣៨ដូច្នេះពួកនគរបាលទាំងនោះបានប្រាប់ពួកមន្ដ្រីគ្រប់គ្រងក្រុង អំពីពាក្យសំដីទាំងនេះ ហើយពេលឮថា ពួកគាត់ជាជនជាតិរ៉ូម ពួកគេភ័យខ្លាំងណាស់ ៣៩ដូច្នេះ ពួកគេក៏មកសុំទោសពួកគាត់ ហើយនាំពួកគាត់ចេញពីគុក ទាំងអង្វរពួកគាត់ឲ្យចេញពីក្រុងនោះ។ ៤០ពេលចេញពីគុកមក ពួកគាត់ក៏ទៅផ្ទះរបស់នាងលីឌា ហើយពេលបានជួបពួកបងប្អូន ពួកគាត់ក៏លើកទឹកចិត្ដពួកគេ រួចចាកចេញទៅ។