KCB - ទីតុស ២


ទីតុស ២

សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ

រីឯ​អ្នក​វិញ ចូរ​និយាយ​សេចក្ដី​ណា​ ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ត្រឹម​ត្រូវ។​ ត្រូវ​ឲ្យ​បុរស​ចាស់ៗ​ចេះ​ទប់​ចិត្ត ហើយ​ដឹង​ខុស​ត្រូវ គួរ​ឲ្យ​គោរព​ និង​​​រឹងមាំ​ក្នុង​ជំនឿ សេចក្ដី​ស្រឡាញ់ និងសេចក្តី​អត់ធ្មត់​ផង។

​រីឯ​ស្រ្តី​ចាស់ៗ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​កិរិយា​មារយាទ​សម​ជា​​អ្នក​បរិសុទ្ធ មិន​និយាយមូលបង្កាច់​ ឬ​ញៀន​​​ស្រា​ឡើយ​​ ប៉ុន្តែ ​​ជាគ្រូបង្រៀន​​សេចក្ដី​ត្រឹម​ត្រូវវិញ​​ ដើម្បី​អប់រំ​ស្រ្តី​ក្មេងៗ​ឲ្យស្រឡាញ់​ប្តី និង​កូន​របស់​ខ្លួន ​ឲ្យ​ដឹង​ខុស​ត្រូវ បរិសុទ្ធ ធ្វើ​ជា​​មេ​ផ្ទះ​​ដ៏​ល្អ ចុះ​ចូល​នឹង​​​ប្តី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ ប្រមាថ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​ឡើយ។

​រីឯ​បុរស​​ក្មេងៗ​វិញ​ ក៏​ដូច្នោះ​ដែរ ចូរ​ដាស់​តឿន​​គេ​ឲ្យមាន​​គំនិត​ត្រឹមត្រូវ។​ ក្នុង​ការ​អ្វី​ក៏​ដោយ ចូរ​​បង្ហាញ​​ខ្លួនអ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ ហើយនៅក្នុង​ការ​បង្រៀនវិញ​ ​​ ចូរ​បង្ហាញ​ភាព​ស្អាតស្អំ សេចក្តី​​ថ្លៃ​ថ្នូរ ​និង​​ពាក្យ​សំដី​ត្រឹម​ត្រូវ​ ដែល​រក​បន្ទោស​មិន​បាន ដើម្បី​ឲ្យអ្នក​ប្រឆាំង​អាម៉ាស់​មុខ​ ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។​

​ចូរ​ឲ្យពួក​បាវបម្រើ​ ចុះ​ចូល​នឹង​ចៅ​ហ្វាយ​របស់​ខ្លួន​ក្នុង​គ្រប់​ការ​ទាំង​អស់ ទាំង​​ផ្គាប់​ចិត្ត​ចៅហ្វាយ ហើយ​​ឥត​ប្រកែក​ ១០ឥត​លួច​បន្លំ​ឡើយ ផ្ទុយ​ទៅ​វិញ​ ត្រូវ​សំដែង​​ភាព​ស្មោះត្រង់​​​ទាំង​ស្រុង​ ដើម្បី​តុបតែង​​ ​សេចក្ដី​បង្រៀន​របស់​ព្រះ​ជាម្ចាស់ ​ជា​ព្រះអង្គ​សង្គ្រោះ​​របស់​​យើង​​ក្នុង​គ្រប់​ការ​ទាំង​អស់ ១១​ដ្បិត​ព្រះគុណ​របស់​ព្រះ​ជាម្ចាស់​ ដែល​នាំ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំងអស់ ​បាន​លេច​មក​ហើយ ១២​ព្រម​ទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យលះបង់​ ការ​មិន​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​លោកិយ​ចោល​ ហើយ​ឲ្យយើង​រស់​នៅ​ក្នុង​លោកិយ​​នេះ ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​ដោយ​គោរព‍កោត​ខ្លាច​ព្រះ​ជាម្ចាស់​ ១៣ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មានពរ និង​ការ​យាង​មក​ប្រកប​ដោយ​សិរី​រុងរឿងរបស់ព្រះ​ជាម្ចាស់​ដ៏​ឧត្ដម គឺ​​​​​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​​ព្រះអង្គ​សង្គ្រោះ​របស់​​យើង‍​ ១៤ដែល​ព្រះ​អង្គ​​បាន​ប្រគល់​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យរួច​ពី​សេចក្ដី​ទុច្ចរិត​គ្រប់​បែប​យ៉ាង ហើយ​សំអាត​ប្រជារាស្ត្រ​មួយ ​ធ្វើ​ជា​ប្រជារាស្ដ្រ​ដ៏វិសេស​សម្រាប់​ព្រះអង្គ​ផ្ទាល់ ដែល​​ខ្នះខ្នែង​ប្រព្រឹត្ត​ការ​ល្អ។​

១៥ចូរ​ប្រាប់អំពី​សេចក្ដី​ទាំងនេះ ទាំង​​ដាស់​តឿន​​ និង​ស្ដីបន្ទោស​​ពួកគេ​ដោយ​​សិទ្ធិ​អំណាច​គ្រប់​បែប​យ៉ាង‍។ កុំ​ឲ្យអ្នក​ណា​ម្នាក់​មើល​​ងាយ​អ្នក​ឡើយ។

ទីតុស ២