រ៉ូម ៩
ព្រះជាម្ចាស់ជ្រើសរើសជនជាតិ អ៊ីស្រាអែល
៩ខ្ញុំនិយាយសេចក្ដីពិតនៅក្នុងព្រះគ្រិស្ដ ខ្ញុំមិនកុហកទេ មនសិការរបស់ខ្ញុំធ្វើបន្ទាល់ជាមួយខ្ញុំ ដោយព្រះវិញ្ញាណបរិសុទ្ធ ២ថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយសោកសង្រេងក្នុងចិត្តមិនស្បើយសោះ ៣ដ្បិតខ្ញុំសុខចិត្ដត្រូវបណ្តាសាឲ្យបែកចេញពីព្រះគ្រិស្ដដើម្បីបងប្អូនជនរួមជាតិ ខាងឯសាច់ឈាមរបស់ខ្ញុំ ៤គឺជាជនជាតិអ៊ីស្រាអែលដែលជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ ហើយមានសិរីរុងរឿង កិច្ចព្រមព្រៀង គម្ពីរវិន័យ ការបម្រើព្រះ និងសេចក្ដីសន្យាផ្សេងៗ ៥ពួកគេមានដូនតា ហើយព្រះគ្រិស្ដបានប្រសូតខាងឯសាច់ឈាមពីពួកគេដែរ គឺព្រះអង្គនេះហើយជាព្រះលើទាំងអស់ ជាព្រះដ៏៎មានពរអស់កល្បជានិច្ច អាម៉ែន!
៦យ៉ាងណាក្ដី ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែន មិនបានសម្រេចទេ ព្រោះជនជាតិ អ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជា ជនជាតិអ៊ីស្រាអែលទេ ៧ហើយក៏មិនមែន ដោយសារពួកគេជាពូជពង្សរបស់លោកអ័ប្រាហាំ ពួកគេសុទ្ធតែជាកូនចៅរបស់គាត់ដែរ ផ្ទុយទៅវិញមានសេចក្ដីចែងទុកថា៖ «ពូជពង្សពីអ៊ីសាក នឹងត្រូវរាប់ជាពូជរបស់អ្នក» ៨គឺកូនខាងសាច់ឈាម មិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ កូនខាងឯសេចក្ដីសន្យាទេតើ ដែលត្រូវរាប់ជាពូជពង្ស។ ៩ដ្បិតព្រះជាម្ចាស់មានបន្ទូលសន្យាថា៖ «យើងនឹងមកវិញតាមពេលកំណត់ ហើយសារ៉ានឹងមានកូនប្រុសម្នាក់»។
១០មិនត្រឹមតែប៉ុណ្ណោះ នៅពេលនាងរេបិកាមានផ្ទៃពោះជាមួយបុរសម្នាក់ គឺលោកអ៊ីសាក ជាដូនតារបស់យើងក៏ដូច្នោះដែរ ១១ទោះបីកូនទាំងពីរនោះមិនទាន់កើត និងមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ ដើម្បីឲ្យគម្រោងការនៃការជ្រើសរើស ដែលស្របតាមបំណង របស់ព្រះជាម្ចាស់នៅស្ថិតស្ថេរ ១២ដ្បិតមិនមែនដោយសារការប្រព្រឹត្តិទេ គឺដោយសារការត្រាស់ហៅរបស់ព្រះអង្គវិញ ព្រះជាម្ចាស់បានមានបន្ទូលមកនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន» ១៣ដូចមានសេចក្ដីចែងទុកថា៖ «យើងស្រឡាញ់យ៉ាកុប ហើយស្អប់អេសាវ»។
១៤ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? តើព្រះជាម្ចាស់មានសេចក្ដីទុច្ចរិតឬ? មិនមែនដូច្នោះទេ! ១៥ដ្បិតព្រះអង្គមានបន្ទូលប្រាប់លោកម៉ូសេថា៖ «យើងនឹងមេត្តាចំពោះអ្នកណា ដែលយើងមេត្តា ហើយយើងនឹងអាណិតអាសូរចំពោះអ្នកណាដែលយើងអាណិតអាសូរ»។ ១៦ដូច្នេះ មិនមែនស្រេចលើអ្នកណាចង់បាន ឬអ្នកណាខំរត់រកនោះទេ គឺស្រេចលើព្រះជាម្ចាស់ដែលជាអ្នកមានសេចក្ដីមេត្ដាវិញ។
១៧ដ្បិតក្នុងបទគម្ពីរ ព្រះជាម្ចាស់មានបន្ទូលទៅស្តេចស្រុកអេស៊ីព្ទថា៖«យើង បានតាំងអ្នកឡើង សម្រាប់ការនេះឯង គឺដើម្បីបង្ហាញ អំណាចរបស់យើងតាមរយៈអ្នក និងដើម្បីឲ្យគេប្រកាសប្រាប់ពីឈ្មោះរបស់យើងពាសពេញផែនដីទាំងមូល» ១៨ដូច្នេះព្រះអង្គមេត្ដាដល់អ្នកណា តាមតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើឲ្យអ្នកណាមានចិត្តរឹងរូស ក៏តាមតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
១៩អ្នកមុខជាសួរខ្ញុំថា ចុះហេតុអ្វីព្រះអង្គនៅតែប្រកាន់ទោសទៀត? ដ្បិត តើអ្នកណា ប្រឆាំងនឹងបំណងរបស់ព្រះអង្គបាន? ២០ប៉ុន្ដែ ឱមនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះ? តើរបស់ដែលជាងស្មូនបានសូនឡើង នឹងនិយាយទៅជាងស្មូនថា ហេតុអ្វីបានជាអ្នកសូនខ្ញុំដូច្នេះដែរឬ? ២១តើជាងស្មូនគ្មានសិទ្ធិសូនពីដីឥដ្ឋតែមួយដុំ ធ្វើរបស់មានតម្លៃមួយ និងមួយទៀតគ្មានតម្លៃទេឬ? ២២ចុះបើព្រះជាម្ចាស់ សព្វព្រះហឫទ័យបង្ហាញកំហឹង និងឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះអង្គ ប៉ុន្ដែព្រះអង្គស៊ូទ្រាំដោយអត់ធ្មត់ ចំពោះរបស់ដែលត្រូវរងកំហឹង ដែលរៀបចំសម្រាប់បំផ្លាញនោះ យ៉ាងដូចម្ដេចដែរ? ២៣ដ្បិតព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ដែលបាន ទទួលសេចក្ដីមេត្ដា ដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿង បានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ ២៤គឺយើង ដែលព្រះជាម្ចាស់បានត្រាស់ហៅ មិនត្រឹមតែពីក្នុង ចំណោមជនជាតិយូដាប៉ុណ្ណោះទេ គឺពីចំណោមសាសន៍ដទៃដែរ។
២៥ដូចដែល ព្រះអង្គមានបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅប្រជារាស្រ្ដ ដែលមិនមែនជារាស្រ្ដរបស់យើងថាជារាស្រ្ដរបស់យើង ហើយហៅអ្នកដែលយើងមិនបានស្រឡាញ់ថា ជាទីស្រឡាញ់របស់យើង ២៦ព្រមទាំងត្រង់កន្លែងដែលបានប្រកាសថា អ្នករាល់គ្នាមិនមែនប្រជារាស្រ្ដរបស់យើងទេ កន្លែងនោះពួកគេនឹងត្រូវបានហៅថា ជាកូនរបស់ព្រះ ដ៏មានព្រះជន្មរស់វិញ»។ ២៧ឯលោកអេសាយវិញ គាត់បានប្រកាសអំពីជនជាតិអ៊ីស្រាអែលថា៖ «ទោះបីកូនចៅរបស់ជនជាតិអ៊ីស្រាអែល មានចំនួនច្រើន ដូចខ្សាច់នៅសមុទ្រក៏ដោយ ក៏មានតែអ្នក ដែលនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ ២៨ដ្បិតព្រះអម្ចាស់នឹងសម្រេចព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់នៅលើផែនដីនេះ ដោយមិនបង្អង់ឡើយ»។ ២៩ដូចដែលលោកអេសាយបានថ្លែងទុកពីមុនថា៖ «បើព្រះអម្ចាស់នៃពួកពលបរិវារ មិនទុកពូជឲ្យយើងទេ នោះយើងបានត្រលប់ដូចជាក្រុងសូដុម និងក្រុងកូម៉ូរ៉ាជាមិនខានហើយ»។
ភាពគ្មានជំនឿរបស់ជនជាតិ អ៊ីស្រាអែល
៣០ដូច្នេះ តើយើងនិយាយយ៉ាងដូចម្តេចអំពីសាសន៍ដទៃ ដែលមិនបានសង្វាតរកសេចក្ដីសុចរិត ទទួលបានសេចក្ដីសុចរិត ជាសេចក្ដីសុចរិតដោយសារជំនឿ ៣១ឯជនជាតិអ៊ីស្រាអែល ដែលសង្វាតធ្វើតាម ក្រឹត្យវិន័យនៃសេចក្ដីសុចរិតវិញ ពួកគេមិនបានសម្រេចតាមក្រឹត្យវិន័យឡើយ ៣២ហេតុអ្វី? ព្រោះពួកគេពឹងលើការប្រព្រឹត្ដិ មិនមែនពឹងលើជំនឿ គឺពួកគេបានជំពប់នឹងថ្មដែលនាំឲ្យគេជំពប់ដួល ៣៣ដូចមានសេចក្ដីចែងទុកថា៖ «យើងបានដាក់ថ្មមួយ ដែលនាំឲ្យជំពប់ដួលនៅឯក្រុងស៊ីយ៉ូន ហើយជាផ្ទាំងថ្មដែលធ្វើឲ្យរវាតចិត្ដ ប៉ុន្ដែអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។