រ៉ូម ៨
ជីវិតនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ
៨ដូច្នេះ ឥឡូវនេះ អស់អ្នកនៅ ក្នុងព្រះគ្រិស្ដយេស៊ូ គ្មានទោសទៀតឡើយ ២ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិត ក្នុងព្រះគ្រិស្ដយេស៊ូបានដោះខ្ញុំ ឲ្យរួចពីគោលការណ៍របស់បាប និងគោលការណ៍របស់សេចក្ដីស្លាប់ ៣ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបាន ដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើរួចហើយ គឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ហើយព្រះអង្គបានដាក់ទោសបាប ដែលមាននៅក្នុងសាច់ឈាមនោះ ៤ដើម្បីឲ្យបញ្ញត្ដិរបស់ក្រឹត្យវិន័យបានសម្រេចនៅក្នុងយើង ដែលមិនបានរស់នៅតាមសាច់ឈាម ហើយរស់នៅតាមព្រះវិញ្ញាណ។
៥ដ្បិតអ្នកណារស់នៅតាមសាច់ឈាម អ្នកនោះគិតតែអំពីខាងសាច់ឈាមទេ ឯអ្នកណារស់នៅតាមព្រះវិញ្ញាណ អ្នកនោះ ក៏គិតតែអំពីខាងព្រះវិញ្ញាណដែរ ៦ព្រោះគំនិតខាងសាច់ឈាម នាំទៅរកសេចក្ដីស្លាប់ ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិត និងសេចក្ដីសុខសាន្ត។ ៧ដ្បិតគំនិតខាងសាច់ឈាម ប្រឆាំងនឹងព្រះជាម្ចាស់ ព្រោះមិនចុះចូលជាមួយក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គឺមិនអាចចុះចូលបានផង។ ៨ឯអស់អ្នកនៅខាងសាច់ឈាម ក៏មិនអាចឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។
៩អ្នករាល់គ្នា មិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា ផ្ទុយទៅវិញ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជារបស់ព្រះគ្រិស្ដទេ ១០ហើយបើព្រះគ្រិស្ដ គង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយ របស់អ្នករាល់គ្នាស្លាប់ដោយសារបាបក៏ដោយ ក៏វិញ្ញាណនៅមានជីវិត ដោយសារសេចក្ដីសុចរិតដែរ ១១ហើយបើព្រះវិញ្ញាណ របស់ព្រះជាម្ចាស់ដែលបាន ប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញគង់នៅក្នុងអ្នករាល់គ្នា នោះព្រះជាម្ចាស់ ដែលបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ នឹងប្រោសរូបកាយ ដែលតែងតែស្លាប់ របស់អ្នករាល់គ្នាឲ្យរស់ឡើងវិញមិនខានដែរ តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលគង់នៅក្នុងអ្នករាល់គ្នា។
១២ដូច្នេះ បងប្អូនអើយ! យើងជំពាក់ ប៉ុន្ដែ មិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់នៅតាម សាច់ឈាមនោះទេ ១៣ព្រោះបើអ្នករាល់គ្នា រស់នៅតាមសាច់ឈាម នោះអ្នករាល់គ្នានឹងត្រូវស្លាប់ ផ្ទុយទៅវិញ បើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយដោយព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងមានជីវិត។ ១៤ដ្បិតអស់អ្នក ដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដឹកនាំ អ្នកទាំងនោះជាកូនរបស់ ព្រះជាម្ចាស់។
១៥អ្នករាល់គ្នាក៏មិនបានទទួលវិញ្ញាណ ដែលធ្វើឲ្យអ្នករាល់គ្នា ត្រលប់ជាបាវបម្រើ ដែលនាំឲ្យមានការភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណ ដែលធ្វើឲ្យអ្នករាល់គ្នា ត្រលប់ជាកូនចិញ្ចឹមរបស់ព្រះជាម្ចាស់ រួចដោយសារវិញ្ញាណនេះហើយបានជាយើងស្រែកថា អ័ប្បា ព្រះវរបិតាអើយ! ១៦ឯព្រះវិញ្ញាណផ្ទាល់ ក៏បានធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងដែរថា យើងជាកូនរបស់ព្រះជាម្ចាស់។ ១៧បើយើងជាកូន យើងជាអ្នកស្នងមរតក គឺជាអ្នកស្នងមរតករបស់ព្រះជាម្ចាស់ ហើយជាអ្នកស្នងមរតក រួមជាមួយព្រះគ្រិស្ដដែរ។ បើយើងរងទុក្ខវេទនា ជាមួយព្រះគ្រិស្ដយើងក៏ទទួល សិរីរុងរឿងរួមជាមួយ ព្រះអង្គដែរ។
សិរីរុងរឿងនៅថ្ងៃអនាគត
១៨ខ្ញុំយល់ឃើញថា ទុក្ខលំបាកពេលបច្ចុប្បន្ននេះជាសេចក្ដីដែលមិនស័ក្តិសមយកទៅប្រៀបផ្ទឹមជាមួយសិរីរុងរឿងនៅពេលខាងមុខ ដែលព្រះជាម្ចាស់នឹងបើកសំដែងឲ្យយើងឃើញនោះទេ ១៩ដ្បិតអ្វីៗ ដែលព្រះជាម្ចាស់បានបង្កើតមកកំពុងទន្ទឹងរង់ចាំ ការបង្ហាញខ្លួននៃកូនរបស់ព្រះជាម្ចាស់ ដោយអន្ទះសា ២០ព្រោះអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក បានប្រគល់ទៅក្នុងភាពឥតប្រយោជន៍ តែមិនមែនដោយស្ម័គ្រចិត្ដទេ គឺព្រះជាម្ចាស់បានតម្រូវដូច្នេះ ដោយសង្ឃឹមថា ២១អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមក នឹងបានដោះឲ្យរួចពីភាពជាបាវបម្រើរបស់សេចក្ដីពុករលួយទៅឯសេរីភាព នៃសេចក្ដីរុងរឿងរបស់កូនព្រះជាម្ចាស់ ២២ដ្បិតយើងដឹងថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ក៏ស្រែកថ្ងូរ ទាំងឈឺចាប់ជាមួយគ្នារហូតដល់ពេលនេះ ២៣ហើយមិនត្រឹមតែប៉ុណ្ណោះទេ យើងផ្ទាល់ដែលមានផលដំបូងរបស់ព្រះវិញ្ញាណ ក៏ស្រែកថ្ងូរនៅក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំការទទួលធ្វើជាកូនចិញ្ចឹម គឺជាសេចក្ដីប្រោសលោះដល់រូបកាយរបស់យើងដែរ ២៤ដ្បិតយើងសង្ឃឹមថា បានសង្គ្រោះ ប៉ុន្ដែសេចក្ដីសង្ឃឹមនេះ មិនមែនជាសេចក្ដីសង្ឃឹមដែលអាចមើលឃើញទេ តើមានអ្នកណាសង្ឃឹមចង់បានអ្វី ដែលខ្លួនកំពុងមើលឃើញនោះ? ២៥ប៉ុន្ដែ បើយើងសង្ឃឹមលើអ្វី ដែលមិនអាចមើលឃើញ នោះ យើងមុខជាទន្ទឹងរង់ចាំដោយអំណត់។
២៦ព្រះវិញ្ញាណ ក៏ជួយដល់ភាពទន់ខ្សោយរបស់យើងដូច្នោះដែរ ដ្បិតយើងមិនដឹងថា គួរអធិស្ឋានយ៉ាងដូចម្តេចទេ ប៉ុន្ដែ ព្រះវិញ្ញាណផ្ទាល់បានទូលអង្វរជំនួសយើងដោយសំឡេងថ្ងូរ ដែលរកថ្លែងមិនបាន ២៧ឯព្រះអង្គដែលឈ្វេង យល់ចិត្តរបស់មនុស្ស ព្រះអង្គដឹងពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណ ទូលអង្វរជំនួសពួកបរិសុទ្ធត្រូវនឹងបំណងរបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់ធ្វើគ្រប់យ៉ាងដើម្បីឲ្យយើងបានល្អ
២៨យើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នាឡើង សម្រាប់ជាសេចក្ដីល្អដល់អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ គឺដល់អស់អ្នក ដែលព្រះអង្គបានត្រាស់ហៅស្របតាមបំណងរបស់ព្រះអង្គ ២៩ដ្បិតអស់អ្នក ដែលព្រះអង្គបានស្គាល់ជាមុន ព្រះអង្គបានតម្រូវពួកគេទុកជាស្រេច ឲ្យមានលក្ខណៈដូច ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះរាជបុត្រាត្រលប់ជាកូនច្បងនៅក្នុងចំណោមបងប្អូនជាច្រើន ៣០ហើយអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាស្រេចទាំងនេះ ព្រះអង្គក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ព្រះអង្គក៏រាប់ជាសុចរិត ហើយអស់អ្នក ដែលព្រះអង្គបានរាប់ជាសុចរិត ព្រះអង្គក៏លើកតម្កើងឡើង។
គ្មានអ្វីអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ
៣១ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចចំពោះសេចក្ដីទាំងនេះ? បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន? ៣២ព្រះអង្គដែលមិនបានសំចៃទុក សូម្បីតែព្រះរាជបុត្រារបស់ព្រះអង្គ ដែលព្រះអង្គបានបញ្ជូនមក សម្រាប់យើងទាំងអស់គ្នា តើព្រះអង្គ នឹងមិនប្រោសប្រទានអ្វីៗទាំងអស់ដល់យើង ជាមួយព្រះរាជបុត្រាដែរទេឬ?
៣៣តើអ្នកណា នឹងចោទប្រកាន់ពួកអ្នក ដែលព្រះជាម្ចាស់ជ្រើសរើសបាន? ដ្បិតព្រះជាម្ចាស់ គឺជាអ្នកដែលរាប់ពួកគេជាសុចរិត។ ៣៤តើអ្នកណាជាអ្នកដាក់ទោសគេ? ដ្បិតព្រះគ្រិស្ដយេស៊ូបានសោយទិវង្គត ហើយលើសពីនេះ បានរស់ឡើងវិញទៀត ព្រមទាំងគង់នៅខាងស្តាំព្រះហស្ត របស់ព្រះជាម្ចាស់ដែរ ព្រះអង្គជាអ្នកទូលអង្វរជំនួសយើងទៀតផង។
៣៥តើអ្នកណានឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់ របស់ព្រះគ្រិស្ដបាន? តើជាសេចក្ដីវេទនា សេចក្ដីលំបាក ការបៀតបៀន សេចក្ដីអត់ឃ្លាន សេចក្ដីអាក្រាត សេចក្ដីអន្ដរាយ ឬក៏ដាវ? ៣៦ដូចមានសេចក្ដីចែងទុកថា៖ «ដោយព្រោះព្រះអង្គ យើងបានប្រឈមមុខចំពោះសេចក្ដីស្លាប់ វាល់ព្រឹក វាល់ល្ងាច ដូចជាចៀមដែលត្រូវយកទៅសម្លាប់»។ ៣៧ប៉ុន្ដែទោះបីនៅក្នុងសេចក្ដីទាំងនេះក៏ដោយ ក៏យើងមានជ័យជម្នះលើសពី អ្នកមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលស្រឡាញ់យើង។
៣៨ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកអ្នកគ្រប់គ្រងក្ដី អ្វីៗនៅពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ៣៩កម្ពស់ក្ដី ជម្រៅក្ដី ឬអ្វីណាមួយផ្សេងទៀត ដែលព្រះជាម្ចាស់បានបង្កើតមកក្ដី ក៏មិនអាចបំបែកយើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ នៅក្នុងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងបានដែរ។