រ៉ូម ៥
ជំនឿនាំឲ្យមានអំណរ
៥ដូច្នេះ ដែលយើងបានរាប់ជា សុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ ២តាមរយៈព្រះអង្គ ដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយមានអំណរ ចំពោះសេចក្ដីសង្ឃឹមនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។
៣មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានអំណរ នៅពេលយើងមានទុក្ខលំបាកដែរ ព្រោះដឹងថាទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីអត់ធ្មត់ ៤សេចក្ដីអត់ធ្មត់បង្កើតសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតសេចក្ដីសង្ឃឹម ៥ហើយសេចក្ដីសង្ឃឹមមិនធ្វើឲ្យខកចិត្ដឡើយ ព្រោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គបានប្រទានដល់យើង។
៦ពេល យើងនៅខ្សោយនៅឡើយ លុះដល់ពេលកំណត់ ព្រះគ្រិស្ដបានសោយទិវង្គត សម្រាប់មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ ៧កម្រមានមនុស្សណាម្នាក់សុខចិត្ដស្លាប់ ដើម្បីមនុស្សសុចរិតណាស់ ឬក៏ប្រហែលជាមានមនុស្សម្នាក់ហ៊ានស្លាប់ ដើម្បីមនុស្សល្អមែន ៨តែព្រះជាម្ចាស់បង្ហាញសេចក្ដីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយឲ្យព្រះគ្រិស្ដសោយទិវង្គត ដើម្បីយើង កាលយើងនៅជា មនុស្សបាបនៅឡើយ ៩លើសពីនេះទៅទៀត យើងត្រូវបានរាប់ជាសុចរិត ដោយសារឈាមរបស់ព្រះអង្គ ហើយយើងក៏នឹងទទួលសេចក្ដីសង្គ្រោះ រួចពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ តាមរយៈព្រះអង្គទៀតផង ១០បើព្រះជាម្ចាស់ឲ្យយើងផ្សះផ្សាជាមួយព្រះអង្គ តាមរយៈការសោយទិវង្គតនៃព្រះរាជបុត្រារបស់ព្រះអង្គ កាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ចុះឥឡូវនេះ ពេលដែលយើងបានផ្សះផ្សារួចហើយ យើងនឹងទទួលបានសេចក្ដីសង្គ្រោះលើសនេះ យ៉ាងណាទៅទៀតដោយសារជីវិតរបស់ព្រះយេស៊ូ ១១ហើយមិនត្រឹមតែប៉ុណ្ណោះ យើងក៏មានអំណរដែរនៅក្នុងព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គរួចហើយ។
អ័ដាម និងព្រះគ្រិស្ដ
១២ដូច្នេះ ដូចដែលបាបបានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្ដីស្លាប់ ក៏មកតាមរយៈបាបជាយ៉ាងណា នោះសេចក្ដីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នា ជាយ៉ាងនោះដែរ ព្រោះមនុស្សគ្រប់គ្នាបានធ្វើបាប ១៣ដ្បិតបាបបានមាននៅក្នុងពិភពលោកនេះរួចទៅហើយ មុនមានគម្ពីរវិន័យ តែកាលណាមិនទាន់មានក្រឹត្យវិន័យ បាបក៏មិនបានរាប់ជាទោសដែរ ១៤យ៉ាងណាក្ដីចាប់តាំងពីជំនាន់លោកអ័ដាម ដល់ជំនាន់លោកម៉ូសេ សេចក្ដីស្លាប់ បានសោយរាជ្យលើមនុស្សទាំងអស់ ទោះជាពួកគេមិនបានធ្វើបាប ដូចការល្មើសរបស់លោកអ័ដាម ក៏ដោយ ហើយលោកអ័ដាមនេះ ជាគំរូនៃព្រះមួយអង្គដែលត្រូវយាងមក។ ១៥ប៉ុន្ដែ អំណោយទានមិនដូចកំហុសឡើយ បើមនុស្សជាច្រើនស្លាប់ ដោយសារកំហុសរបស់មនុស្សម្នាក់ នោះព្រះគុណរបស់ព្រះជាម្ចាស់ និងអំណោយទានតាមរយៈព្រះគុណរបស់មនុស្សម្នាក់ ដែលជាព្រះយេស៊ូគ្រិស្ដ បានប្រទានយ៉ាងហូរហៀរដល់មនុស្សជាច្រើន លើសជាងនោះទៅទៀត ១៦ហើយអំណោយទានក៏មិនដូចជាបាប ដែលមនុស្សម្នាក់បានធ្វើដែរ ព្រោះការជំនុំជម្រះកំហុស របស់មនុស្សម្នាក់នាំឲ្យមានការដាក់ទោស ប៉ុន្ដែអំណោយទានវិញ បានរាប់មនុស្សជាសុចរិត ទោះជាមានកំហុសជាច្រើនក៏ដោយ ១៧រួចបើដោយសារកំហុសរបស់មនុស្សម្នាក់ សេចក្ដីស្លាប់បានសោយរាជ្យតាមរយៈម្នាក់នោះទៅហើយ នោះពួកអ្នក ដែលទទួលបានព្រះគុណដ៏ហូរហៀរ និងអំណោយទាននៃសេចក្ដីសុចរិត នឹងសោយរាជ្យនៅក្នុងជីវិតលើសជាងនោះទៅទៀត ដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូគ្រិស្ដ។
១៨ដូច្នេះហើយ ដោយសារកំហុសតែមួយរបស់មនុស្សម្នាក់ ធ្វើឲ្យមនុស្សគ្រប់គ្នាមានទោសជាយ៉ាងណា នោះដោយសារ អំពើសុចរិតតែមួយរបស់មនុស្សម្នាក់ ក៏ធ្វើឲ្យមនុស្សទាំងអស់បានរាប់ជាសុចរិត និងមានជីវិតជាយ៉ាងនោះដែរ ១៩ហើយដោយសារការមិនស្ដាប់បង្គាប់របស់មនុស្សម្នាក់ ធ្វើឲ្យមនុស្សជាច្រើនត្រលប់ជាមនុស្សបាបជាយ៉ាងណា នោះដោយសារការស្ដាប់បង្គាប់របស់មនុស្សម្នាក់ ក៏ធ្វើឲ្យមនុស្សជាច្រើន ត្រលប់ជាមនុស្សសុចរិតជាយ៉ាងនោះដែរ។
២០គម្ពីរវិន័យចូលមកដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត ២១ដូច ដែលបាបបានសោយរាជ្យ បណ្ដាលឲ្យមានសេចក្ដីស្លាប់ជាយ៉ាងណា នោះព្រះគុណ ក៏សោយរាជ្យដោយសារសេចក្ដីសុចរិត ដែលនាំទៅឯជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងជាយ៉ាងនោះដែរ។