KCB - រ៉ូម ៤


រ៉ូម ៤

ជំនឿរបស់លោកអ័ប្រាហាំ

តើ​យើង​នឹង​និយាយ​យ៉ាង​ដូច ម្ដេច​អំពី​លោក​អ័ប្រាហាំ​ ដែល​ជា​ដូនតា​របស់​យើង‍ខាង​ឯ​​សាច់​ឈាម​?​ ព្រោះ​បើ​លោក​អ័ប្រាហាំ​ត្រូវ​បាន​​​រាប់​ជា​សុចរិត​ ដោយសារ​ការ​ប្រព្រឹត្តិ​របស់​គាត់ នោះ​គាត់​មុខជា​មាន​ហេតុផល ​ដើម្បី​អួត​អាង ប៉ុន្ដែ​ មិនមែន​នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់​ទេ​ តើ​បទ​គម្ពីរ​ចែង​យ៉ាង​ដូចម្តេច​ដែរ​? បទគម្ពីរ​ចែង​ថា៖ «លោក​អ័ប្រាហាំ​ជឿ​ព្រះជាម្ចាស់ ហើយ​ព្រះជាម្ចាស់​ក៏​រាប់​គាត់​ជា​សុចរិត ដោយសារ​​ជំនឿ​នោះ‍»។‍

សម្រាប់​អ្នក​ធ្វើ​ការ រង្វាន់​ដែល​គេ​ទទួល​នោះ ​ មិន​រាប់​ថា ​ជា​គុណ​ទេ ផ្ទុយទៅវិញ គឺជា​ថ្លៃ​ឈ្នួល​ រីឯ​អ្នក​ដែល​មិន​ប្រព្រឹត្ដ​ តែ​ជឿ​ព្រះអង្គ​ដែល​បាន​រាប់​មនុស្ស​មិនគោរព​​កោតខ្លាច​ព្រះជាម្ចាស់​ជា​សុចរិត នោះ​ព្រះជាម្ចាស់​នឹង​រាប់​គេ​ជា​សុចរិត​ ដោយ​សារ​​ជំនឿ​របស់​គេនោះឯង​ សូម្បីតែ​ស្ដេច​ដាវីឌ​ក៏​និយាយ​អំពី​ព្រះពរ​សម្រាប់​មនុស្ស​ ដែល​ព្រះជាម្ចាស់​បាន​រាប់​ជា​សុចរិត​ ដោយ​មិន​គិត​អំពី​ការ​ប្រព្រឹត្តិដែរ​ថា​៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ទទួល​បាន​ការ​លើកលែង​ទោស​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​ត្រូវ​បាន​គ្របបាំងឲ្យរួច​ពី​​បាបមាន​ពរ​ហើយ មនុស្ស​ណា​ ដែល​ព្រះអម្ចាស់​មិន​ប្រកាន់​​បាប​របស់​គេ‍»។​

ដូច្នេះតើ​ព្រះពរ​នេះ​សម្រាប់​ពួក​អ្នក​កាត់ស្បែក ឬ​មួយ​សម្រាប់​ពួក​អ្នក​មិន​កាត់ស្បែកដែរ​? ដ្បិត​យើង​និយាយ​ថា ព្រះជាម្ចាស់​ បាន​រាប់​លោក​អ័ប្រាហាំ​ជា​សុចរិត​ ដោយសារ​ជំនឿ​របស់​គាត់។ ១០តើ​រាប់​ជា​សុចរិត​​យ៉ាងដូចម្ដេច‍? តើ​នៅ​ក្រោយ​ពេល​កាត់​ស្បែក ឬ​មួយ​នៅ​​ពេល​​មិន​ទាន់​កាត់​ស្បែក‍​? មិនមែន​នៅ​ក្រោយ​ពេល​កាត់​ស្បែក​ទេ គឺ​នៅ​​ពេល​​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ។​

១១លោក​អ័ប្រាហាំ ​បាន​ទទួល​ទីសំគាល់នៃ​ការ​កាត់​ស្បែកនេះ ​ទុក​ជា​ត្រា​នៃ​សេចក្ដី​សុចរិត ដែលគាត់មានដោយ​​សារ​ជំនឿ​ពេល​​មិន​ទាន់​កាត់​ស្បែក​​នៅ​ឡើយ ដើម្បី​ឲ្យ​គាត់​ត្រលប់​ជា​ឪពុក​របស់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​បាន​កាត់​ស្បែក ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន‍រាប់​ជា​សុចរិត​ដែរ​ ១២ព្រមទាំង​ឲ្យ​ត្រលប់​ជា​​ឪពុក​របស់​ពួក​អ្នក​កាត់​ស្បែក​​ដែរ គឺ​មិន​ត្រឹមតែ​ អ្នក​កាត់​ស្បែកប៉ុណ្ណោះទេ ថែមទាំងអស់​អ្នក​ ដែល​ដើរ​តាម​លំអាន​នៃ​ជំនឿ​របស់​លោក​អ័ប្រាហាំ​ ដែល​ជា​ដូនតា​របស់​យើង គឺជា​ជំនឿ​ ដែល​គាត់​​មាន​ នៅ​ពេល​មិន​ទាន់​កាត់​ស្បែក​​នៅឡើយ‍។

១៣​ព្រះបន្ទូល​សន្យា ​សម្រាប់​លោក​អ័ប្រាហាំ ឬ​ដល់​ពូជពង្ស​របស់​គាត់​ដែល​ថា​ គាត់​នឹង​បាន​ផែនដី​ជា​មរតក​នោះមិនមែន​តាមរយៈ​គម្ពីរ​វិន័យ​​ទេ គឺ​តាមរយៈ​សេចក្ដី​សុចរិតដែល​មកពី​ជំនឿ​វិញ​ ១៤​បើ​ពួក​អ្នក​ធ្វើ​តាម​​គម្ពីរ​វិន័យជា​អ្នក​ស្នង​មរតក នោះ​​ជំនឿ​ត្រលប់​ជា​គ្មាន​ប្រយោជ​ន៍ ហើយ​ព្រះបន្ទូល​សន្យា​ក៏​គ្មាន​តម្លៃ​ដែរ‍។​ ១៥រីឯ​​គម្ពីរ​​វិន័យ​​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ ដ្បិត​កន្លែង​ណា​គ្មាន​ក្រឹត្យវិន័យ កន្លែង​នោះ​ក៏​គ្មាន​ការ​ល្មើស​ដែរ។

១៦ដូច្នេះ​ហើយតាមរយៈ​ជំនឿ ស្រប​តាម​​ព្រះគុណ ដែល​​ព្រះបន្ទូល​សន្យា​ត្រលប់​ជា​ការ​ពិត ​សម្រាប់​ពូជពង្ស​ទាំងអស់​របស់​លោក​អ័ប្រាហាំ គឺ​មិន​មែន​សម្រាប់​តែ ​អស់​អ្នក​ធ្វើ​តាម​​គម្ពីរ​វិន័យ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែលមាន​ជំនឿ​របស់​លោក​អ័ប្រាហាំ​ដែរ ដ្បិតគាត់​ជា​ឪពុក​របស់​យើង​ទាំងអស់​គ្នា​ ១៧ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖ «យើង​បាន​តាំង​អ្នក ​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជន​ជាតិ​ជា​ច្រើន»។​ គាត់ជាឪពុក​របស់យើងនៅ​ក្នុង​ព្រះវត្ដមាន​របស់​ព្រះជាម្ចាស់ ដែល​​គាត់​បាន​ជឿ​ គឺ​ជា​​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ និង​​មានបន្ទូល​ឲ្យ​អ្វី​ដែល​គ្មាន​រូបរាង ​ត្រលប់​ជា​មាន​រូបរាង‍។​

១៨នៅ​ពេល​គាត់​អស់​សង្ឃឹម​ គាត់​បាន​មាន​សង្ឃឹម​ឡើង​វិញ​ដោយសារ​គាត់​មាន​​ជំនឿ​ ដូច្នេះ​ហើយ​គាត់​បាន​ត្រលប់​ជា​ឪពុក​របស់​ជន​ជាតិ​​ជា​ច្រើន ស្រប​តាម​សេចក្ដី​ដែល​បាន​សន្យា​ថា៖ «ពូជពង្ស​របស់​អ្នក​នឹង​បាន​ដូច្នេះ‍​»។​ ១៩ទោះបី​រូបកាយ​របស់​គាត់​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ដែល​ចាត់ទុក​ដូចជា​ស្លាប់ ហើយ​ផ្ទៃ​របស់​សារ៉ា​មិន​អាច​មាន​កូន​ក៏ដោយ ក៏​​ជំនឿ​របស់​គាត់​​មិន​ចុះ​ខ្សោយ​ឡើយ។​

២០​គាត់​មិនបាន​​សង្ស័យ​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់​ ដោយ​ចិត្ដ​មិនជឿ​នោះ​ដែរ​ គឺ​គាត់​កាន់តែ​មាន​ជំនឿ​ខ្លាំង​ឡើង​ថែម​ទៀត ទាំង​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ ២១ហើយ​គាត់​ជឿ​ប្រាកដ​ថា អ្វី​ដែល​ព្រះជាម្ចាស់​បាន​សន្យា ព្រះអង្គ​ក៏​អាច​ធ្វើ​បានដែរ​​ ២២ហេតុនេះ​ហើយ​ បានជា​ព្រះជាម្ចាស់​រាប់​គាត់​ជា​សុចរិត។​

២៣សេចក្ដី​ដែល​ចែង​ទុក​ថាព្រះជាម្ចាស់​បាន​រាប់​គាត់​ជាសុចរិត មិន​មែន​កត់ត្រា​ទុក​សម្រាប់​តែ​គាត់​ម្នាក់​ទេ ​២៤គឺ​សម្រាប់​យើង​គ្រប់​គ្នា​ដែរ ដែល​នឹងត្រូវ​បាន​​រាប់​ជា​សុចរិត ជា​អ្នក​​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ ដែល​បាន​ប្រោស​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ ឲ្យ​រស់​​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ ២៥ព្រះយេស៊ូ​ត្រូវ​បាន​ប្រគល់ទៅ​​ឲ្យ​​គេ​សម្លាប់​​ដោយសារ​ទោស​កំហុស​របស់​យើង តែ​​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដើម្បី​​រាប់​យើង​ជា​សុចរិត។

រ៉ូម ៤