រ៉ូម ២
ព្រះជាម្ចាស់កាត់ទោសបាប
២ដូច្នេះហើយ ឱ អ្នកគ្រប់គ្នាដែលថ្កោលទោសគេអើយ! អ្នកគ្មានសេចក្ដីដោះសាសម្រាប់ខ្លួនទេ ដ្បិតពេលអ្នកថ្កោលទោសគេ អ្នកក៏កំពុងកាត់ទោសខ្លួនឯងដែរ ព្រោះអ្នកផ្ទាល់ដែលកំពុងថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគ្នាដែរ ២ហើយយើងដឹងថា ព្រះជាម្ចាស់នឹងជំនុំជម្រះអស់អ្នក ដែលប្រព្រឹត្តបែបនេះទៅតាមសេចក្ដីពិត។ ៣ឱ មនុស្សដែលថ្កោលទោសពួកអ្នក ដែលបានប្រព្រឹត្តដូច្នេះ ហើយខ្លួនឯងក៏ប្រព្រឹត្តដូចគ្នាអើយ! តើអ្នកស្មានថា នឹងរួចខ្លួនផុតពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ឬ? ៤ឬមួយ អ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់ឱន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ?
៥ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃ ដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត ៦ដែលព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ។ ៧រីឯអ្នកដែលប្រព្រឹត្តល្អ ដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្ដិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច ៨រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។ ៩គ្រប់ព្រលឹងមនុស្ស ដែលប្រព្រឹត្តអាក្រក់នឹងមានសេចក្ដីវេទនា និងសេចក្ដីទុក្ខព្រួយ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក ១០ប៉ុន្ដែអស់អ្នកដែលប្រពឹ្រត្ដល្អ នោះនឹងបានសេចក្ដីរុងរឿង កិត្ដិយស និងសេចក្ដីសុខសាន្ដ មុនដំបូងជនជាតិយូដា បន្ទាប់មកជនជាតិក្រេក។ ១១ដ្បិតព្រះជាម្ចាស់ មិនមានសេចក្ដីលំអៀងឡើយ។
១២ចំពោះអស់អ្នក ដែលគ្មានគម្ពីរវិន័យធ្វើបាប នោះនឹងត្រូវវិនាសដោយគ្មានគម្ពីរវិន័យដែរ រីឯអស់អ្នកដែលនៅក្រោមគម្ពីរវិន័យធ្វើបាប នោះនឹងត្រូវជំនុំជម្រះតាមគម្ពីរវិន័យដែរ ១៣ដ្បិតអ្នកដែលព្រះជាម្ចាស់រាប់ជាសុចរិត មិនមែនជាអ្នកឮគម្ពីរវិន័យទេ តែជាអ្នកធ្វើតាមគម្ពីរវិន័យវិញ។ ១៤នៅពេលសាសន៍ដទៃ ដែលគ្មានគម្ពីរវិន័យបានធ្វើតាមសេចក្ដីនៅក្នុងក្រឹត្យវិន័យដោយឯកឯង នោះគេជាក្រឹត្យវិន័យសម្រាប់ខ្លួនគេហើយ ទោះបីគ្មានគម្ពីរវិន័យក៏ដោយ ១៥ព្រោះគេបានបង្ហាញពីកិច្ចការរបស់គម្ពីរវិន័យ ដែលបានកត់ទុកនៅក្នុងចិត្តរបស់គេ ហើយមនសិការរបស់គេក៏ធ្វើបន្ទាល់នៅក្នុងចិត្ដ ទាំងមានការចោទប្រកាន់ ឬដោះសានៅក្នុងគំនិតរបស់គេ ១៦នៅថ្ងៃមួយព្រះជាម្ចាស់នឹងជំនុំជម្រះ សេចក្ដីលាក់កំបាំងទាំងឡាយរបស់មនុស្ស តាមរយៈព្រះគ្រិស្ដយេស៊ូ ដែលស្របតាមដំណឹងល្អរបស់ខ្ញុំ។
ជនជាតិយូដា និងក្រឹត្យវិន័យ
១៧បើអ្នកមានឈ្មោះ ជាជនជាតិយូដា ដែលពឹងលើគម្ពីរវិន័យអួតអំពី ព្រះជាម្ចាស់ ១៨ស្គាល់បំណងរបស់ព្រះជាម្ចាស់ ដឹងការខុសត្រូវដោយបានរៀនពីគម្ពីរវិន័យ ១៩ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត ២០ជាអ្នកទូន្មានមនុស្សល្ងង់ ហើយជាគ្រូរបស់ក្មេងៗ ដោយព្រោះអ្នកមានចំណេះដឹងគ្រប់វិស័យ និងសេចក្ដីពិតនៅក្នុងគម្ពីរវិន័យ។ ២១អ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? អ្នកប្រកាសប្រាប់គេមិនឲ្យលួច ហេតុអ្វីក៏អ្នកលួច? ២២អ្នកប្រាប់គេមិនឲ្យផិតក្បត់ ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះ ហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ? ២៣អ្នកអួតអំពីគម្ពីរវិន័យ ហេតុអ្វីក៏អ្នកបង្អាប់ព្រះជាម្ចាស់ ដោយល្មើសនឹងគម្ពីរវិន័យ? ២៤ដូចមានសេចក្ដីចែងទុកស្រាប់គឺ «ព្រះនាមរបស់ព្រះជាម្ចាស់ ត្រូវបានប្រមាថនៅក្នុងចំណោមជនជាតិនានា ដោយព្រោះអ្នករាល់គ្នា»។
២៥ការកាត់ស្បែក ពិតជាមានប្រយោជន៍ បើអ្នកធ្វើតាមគម្ពីរវិន័យ ប៉ុន្ដែបើអ្នកល្មើសគម្ពីរវិន័យវិញ ការកាត់ស្បែករបស់អ្នកក្លាយដូចជា មិនកាត់ស្បែក ២៦ផ្ទុយទៅវិញ បើមនុស្សមិនកាត់ស្បែក កាន់តាមបញ្ញត្ដិរបស់គម្ពីរវិន័យ តើការមិនកាត់ស្បែករបស់គេ មិនចាត់ទុកជាការកាត់ស្បែកទេឬ? ២៧ឯអ្នកមិនកាត់ស្បែកខាងរូបកាយ ហើយធ្វើតាមគម្ពីរវិន័យ គេនឹងជំនុំជម្រះអ្នក ដែលមានគម្ពីរវិន័យសរសេរទុក និងការកាត់ស្បែក ហើយនៅតែល្មើសនឹងគម្ពីរវិន័យ។
២៨ជនជាតិយូដាមិនសំដៅលើអាការៈខាងក្រៅទេ ហើយការកាត់ស្បែកក៏មិនសំដៅលើ សាច់ឈាមខាងក្រៅដែរ ២៩ផ្ទុយទៅវិញ ជនជាតិយូដាពិតប្រាកដគឺខាងក្នុងចិត្ដឯណោះវិញ ហើយការកាត់ស្បែកពិតប្រាកដ ជាការកាត់ស្បែកចិត្ដ ដោយសារព្រះវិញ្ញាណ មិនមែនដោយសារអក្សរទេ ឯការសរសើររបស់គេ មិនមកពីមនុស្សឡើយ គឺមកពីព្រះជាម្ចាស់។