រ៉ូម ១៦
លោកប៉ូលសួរសុខទុក្ខមិត្ដភក្ដិ របស់គាត់
១៦ខ្ញុំសូមឲ្យអ្នករាល់គ្នាទទួលស្គាល់នាងភីបេ ជាបងប្អូនរបស់យើង នាងជាអ្នកបម្រើក្រុមជំនុំនៅក្រុងកេងគ្រា ២ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ ឲ្យស័ក្ដិសមជាពួកបរិសុទ្ធ ព្រមទាំងចាំជួយនាងក្នុងគ្រប់បញ្ហា ដែលនាងត្រូវការអ្នករាល់គ្នា ដ្បិតនាងបានជួយមនុស្សជាច្រើន ព្រមទាំងខ្ញុំដែរ។
៣សូមជម្រាបសួរដល់ នាងព្រីសីល និងលោកអ័គីឡា ជាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រិស្ដយេស៊ូ ៤ដ្បិតពួកគេបានប្រថុយជីវិតដោយព្រោះខ្ញុំ ហើយមិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ ដែលត្រូវអរគុណពួកគេ គឺក្រុមជំនុំសាសន៍ដទៃទាំងអស់ក៏អរគុណពួកគេដែរ។ ៥សូមជម្រាបសួរដល់ក្រុមជំនុំ ដែលជួបជុំគ្នានៅផ្ទះរបស់ពួកគេដែរ សូមជម្រាបសួរដល់លោកអេប៉ាយនេត ជាទីស្រឡាញ់របស់ខ្ញុំ ដែលជាផលដំបូងពីស្រុកអាស៊ីថ្វាយដល់ព្រះគ្រិស្ដ។ ៦សូមជម្រាបសួរដល់នាងម៉ារា ដែលបាននឿយហត់ច្រើនសម្រាប់អ្នករាល់គ្នា។ ៧សូមជម្រាបសួរដល់លោកអាន់ត្រូនីក និងនាងយូនាសជាសាច់ញាតិរបស់ខ្ញុំ និងជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំដែរ អ្នកទាំងពីរជាអ្នកដែលមានកេរិ៍្ដឈ្មោះ ក្នុងចំណោមពួកសាវក ព្រមទាំងបានជឿព្រះគ្រិស្ដមុនខ្ញុំទៀតផង។ ៨សូមជម្រាបសួរដល់លោកអាំភ្លាស ជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។ ៩សូមជម្រាបសួរដល់លោកអើបាន់ ជាអ្នករួមការងារជាមួយយើងក្នុងព្រះគ្រិស្ដ និងលោកស្តាគីសជាទីស្រឡាញ់របស់ខ្ញុំ។ ១០សូមជម្រាបសួរដល់លោកអ័ពេលេសជាអ្នកបានខ្ជាប់ខ្ជួនក្នុងព្រះគ្រិស្ដ និងសូមជម្រាបសួរដល់ក្រុមគ្រួសាររបស់លោកអើរិស្គូប៊ូល។ ១១សូមជម្រាបសួរដល់ លោកហេរ៉ូឌាន ជាសាច់ញាតិរបស់ខ្ញុំ និងសូមជម្រាបសួរដល់ក្រុមគ្រួសាររបស់លោកណើគីស នៅក្នុងព្រះអម្ចាស់។ ១២សូមជម្រាបសួរដល់នាងទ្រីភែន និងនាងទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់ និងសូមជម្រាបសួរដល់ នាងពើស៊ីសជាទីស្រឡាញ់ ដែលបានធ្វើការនឿយហត់យ៉ាងច្រើននៅក្នុងព្រះអម្ចាស់។ ១៣សូមជម្រាបសួរដល់លោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងម្តាយរបស់គាត់ដែលជាម្តាយរបស់ខ្ញុំដែរ។ ១៤សូមជម្រាបសួរដល់លោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហើម៉ាស លោកប៉ាត្រូបាស លោកហើមេស និងបងប្អូនទាំងឡាយដែលនៅជាមួយពួកគេដែរ។ ១៥សូមជម្រាបសួរដល់លោកភីឡូឡូក និងនាងយូលី លោកនេរើស និងប្អូនស្រីរបស់គាត់ ព្រមទាំងលោកអូលីមប៉ាស និងពួកបរិសុទ្ធទាំងអស់ដែលនៅជាមួយពួកគេ។ ១៦ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធ ហើយក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។
សេចក្ដីណែនាំចុងក្រោយរបស់លោកប៉ូល
១៧បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះពួកអ្នកដែលបង្កឲ្យមានការបែកបាក់ និងការជំពប់ដួលដែលផ្ទុយពីការបង្រៀន ដែលអ្នករាល់គ្នាបានទទួល គឺចូរនៅឲ្យឆ្ងាយពីពួកគេ ១៨ដ្បិតពួកមនុស្សបែបនេះមិនបម្រើព្រះគ្រិស្ដ ជាព្រះអម្ចាស់របស់យើងទេ គឺពួកគេបម្រើក្រពះរបស់ពួកគេប៉ុណ្ណោះ ហើយបញ្ឆោតមនុស្សស្លូតត្រង់ ដោយពាក្យសំដីផ្អែមល្ហែម និងពាក្យបញ្ជោរ។ ១៩ដោយសារមនុស្សទាំងអស់បានដឹង អំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ដូច្នេះហើយបានជាខ្ញុំត្រេកអរណាស់ចំពោះអ្នករាល់គ្នា តែខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការល្អ ហើយមិនពាក់ព័ន្ធខាងការអាក្រក់។
២០ព្រះជាម្ចាស់ នៃសេចក្ដីសុខសាន្តនឹងកម្ទេចអារក្សសាតាំង ឲ្យនៅក្រោមជើងរបស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗនេះ។ ដូច្នេះ សូមឲ្យអ្នករាល់គ្នាប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង។ ២១លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំ និងលោកលូគាស លោកយ៉ាសុន លោកសូសិប៉ាត្រុសជាសាច់ញាតិរបស់ខ្ញុំ ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ២២ខ្ញុំឈ្មោះទើទាស ជាអ្នកសរសេរសំបុត្ររបស់លោកប៉ូលនេះ ក៏សូមជម្រាបសួរដល់អ្នករាល់គ្នា នៅក្នុងព្រះអម្ចាស់ដែរ។ ២៣លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំ ព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នា ឯលោកអេរ៉ាស្ទុស ជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុង និងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ២៤[សូមឲ្យបងប្អូន បានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង អាម៉ែន។] ២៥ព្រះជាម្ចាស់មានសមត្ថភាព ធ្វើឲ្យអ្នករាល់គ្នារឹងមាំតាមរយៈដំណឹងល្អរបស់ខ្ញុំ គឺជាសេចក្ដីប្រកាសអំពីព្រះយេស៊ូគ្រិស្ដ ស្របតាមការបើកសំដែងអំពីអាថ៌កំបាំងដែលបានលាក់ទុកជាយូរមកហើយ ២៦ប៉ុន្ដែឥឡូវនេះ បានបើកសំដែងឲ្យជនជាតិទាំងអស់បានដឹង តាមរយៈបទគម្ពីររបស់អ្នកនាំព្រះបន្ទូល ស្របតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដ៏អស់កល្បជានិច្ចដើម្បីឲ្យគេស្ដាប់បង្គាប់ ដោយជំនឿ ២៧សូមឲ្យព្រះជាម្ចាស់ ដ៏មានប្រាជ្ញាតែមួយអង្គគត់ បានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្ដ អាម៉ែន៕