KCB - រ៉ូម ១៤


រ៉ូម ១៤

មនុស្សខ្សោយ និងមនុស្សខ្លាំង

១៤ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ កុំឈ្លោះ​ប្រ​កែក​ពី​គំ​និត​ខុស​ប្លែក​គ្នា​ឡើយ​​​ គឺ​ម្នាក់​ជឿ​ថា ខ្លួន​អាច​បរិភោគ​អាហារ​បាន​គ្រប់​មុខ ប៉ុន្ដែ​ចំពោះ​អ្នក​ខ្សោយ​វិញ​ បរិភោគ​តែ​បន្លែ​ នោះ​ចូរ​កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើលងាយ​​អ្នក​ដែល​មិន​បរិភោគ ហើយ​អ្នក​ដែល​មិន​បរិភោគ​ ក៏​មិន​ត្រូវ​ថ្កោល​ទោស​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះជាម្ចាស់​បាន​ទទួល​អ្នក​នោះ​ តើ​អ្នក​ជា​អ្វី បានជា​ហ៊ាន​ថ្កោលទោស​បាវ​​បម្រើ​របស់​គេ​? ទោះជា​អ្នក​បម្រើ​នោះ​ឈរ​ក្តី ដួល​ក្តី ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេតើ តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំ​ណាច​ជួយ​គេ​ឲ្យ​ឈរ​​បាន។​

ដ្បិត​ម្នាក់​គិត​ថា ថ្ងៃមួយ​​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​ នៅ​ក្នុង​​គំនិត​របស់​ខ្លួន​ចុះ​ ព្រោះ​អ្នក​ដែល​ប្រតិបត្ដិ​តាម​ថ្ងៃ គេ​ប្រតិបត្ដិ​សម្រាប់​ព្រះអម្ចាស់ ឯ​អ្នក​ដែល​បរិភោគ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ ដ្បិត​គេ​បាន​អរ​ព្រះគុណ​ព្រះជាម្ចាស់ ហើយ​អ្នក​ដែល​មិន​បរិភោគ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែរ​ ដ្បិត​ក្នុង​ចំណោម​យើង គ្មាន​អ្នក​ណា​ម្នាក់​រស់​នៅ​ដើម្បី​ខ្លួនឯង​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ស្លាប់​ដើម្បី​ខ្លួនឯង​ដែរ​ ព្រោះ​បើ​យើង​រស់​នៅ គឺ​រស់​នៅ​ដើម្បី​ព្រះអម្ចាស់ ហើយ​បើ​យើង​ស្លាប់ គឺ​ស្លាប់​ដើម្បី​ព្រះអម្ចាស់ ដូច្នេះ​ហើយទោះបី​យើង​រស់​ក្តី ស្លាប់​ក្តី យើង​ជា​របស់​ព្រះអម្ចាស់​ ហេតុនោះ​ហើយ បានជា​ព្រះគ្រិស្ដ​សោយទិវង្គត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះអម្ចាស់​លើ​ ទាំង​មនុស្ស​ស្លាប់ និង​មនុស្ស​​រស់។​

១០ចុះ​អ្នក​វិញ ហេតុអ្វី​បានជា​ថ្កោលទោស​បងប្អូន​របស់​ខ្លួន​ដូច្នេះ‍? ឬ​ហេតុអ្វី​បានជា​អ្នក​មើល​ងាយ​បងប្អូន​របស់​ខ្លួន​ដូច្នេះ? ដ្បិត​យើង​នឹង​ឈរ​នៅ​មុខ​ទីជំនុំជម្រះ​​ របស់​ព្រះជាម្ចាស់​ទាំង​អស់​គ្នា​ ១១ព្រោះ​មាន​សេចក្ដី​ចែង​ទុក​ថា ព្រះអម្ចាស់​មានបន្ទូល​ថា យើង​មាន​ព្រះជន្ម​រស់​ជានិច្ច ដូច្នេះជង្គង់​ទាំងអស់​ត្រូវ​លុត​ចុះ​នៅ​ចំពោះ​មុខ​យើង ហើយ​អណ្តាត​ទាំងអស់​ ត្រូវ​ប្រកាស​ទ​ទួល​ស្គាល់​​​ព្រះជាម្ចាស់។​ ១២ដូច្នេះយើង​ម្នាក់​ៗ​ នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​ ១៣ហេតុនេះ យើង​មិន​ត្រូវ​ថ្កោលទោស​គ្នា​ទៀត​ឡើយ ផ្ទុយ​ទៅវិញ ​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ដ​​ថា យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​បងប្អូន​ណា​ម្នាក់ ​ជំពប់​ដួល ឬ​រវាត​ចិត្ដ​​​ឡើយ។​

១៤ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​នៅ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​ដោយ​ខ្លួនឯង​នោះ​ទេ លុះត្រា​តែ​មាន​អ្នក​ណា​ម្នាក់​ចាត់​ទុក​ថា វា​មិន​បរិសុទ្ធ ទើប​វា​ត្រលប់​ជា​ មិន​បរិសុទ្ធ​សម្រាប់​អ្នកនោះ​ ១៥ប៉ុន្ដែ បើ​អ្នក​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ព្រួយចិត្ដ​ ដោយសារ​តែ​រឿង​អាហារ នោះ​អ្នក​មិន​បាន​រស់នៅ ដោយ​សេចក្ដីស្រឡាញ់​ទៀត​ទេ ដូច្នេះ​កុំ​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ ដែល​ព្រះគ្រិស្ដ​បាន​សោយទិវង្គត​ជំនួស ​ត្រូវ​វិនាស​ដោយសារ​តែ​អាហារ​របស់​អ្នក​​ឡើយ។​ ១៦ដូច្នេះកុំ​ឲ្យ​គេ​និយាយ​បង្ខូច ​ការ​ល្អ​របស់​អ្នក​បានឡើយ។​

១៧ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​ មិន​មែន​ជា​​ការ​បរិភោគ​ និងការ​ផឹក​ឡើយ គឺ​ជា​សេចក្ដី​សុចរិត សេចក្ដី​សុខសាន្ត និង ​សេចក្ដី​អំណរ​នៅ​ក្នុង​ព្រះវិញ្ញាណ​បរិសុទ្ធ។ ១៨ព្រោះ​អ្នក​ដែល​បម្រើ​ព្រះគ្រិស្ដ​តាម​របៀប​នេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់​​​ណាស់ ហើយ​មនុស្សទាំង​ឡាយ ​​​ក៏​ទ​ទួល​ស្គាល់​អ្នកនោះ​ដែរ។​ ១៩ដូច្នេះ​ហើយ យើង​ត្រូវ​ដេញ​តាម​សេចក្ដី​ទាំងឡាយ​​ដែល​នាំឲ្យ​មាន​សេចក្ដី​សុខសាន្ត និង​​ការ​ស្អាង​ចិត្ត​ដល់​គ្នា​ទៅវិញ​​ទៅមក។​

២០កុំ​​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់​ដោយ​សារ​តែ​អាហារ​ឡើយ ដ្បិត​អាហារ​សុទ្ធតែ​បរិសុទ្ធ​ទេ ប៉ុន្ដែ​ជា​ការ​អាក្រក់​សម្រាប់​អ្នក​ដែល​បរិភោគ​ដោយ​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​ ២១ហើយ​ជា​ការ​ប្រសើរ បើ​មិន​បរិភោគ​សាច់ ឬ​ផឹក​ស្រា​ និង​អ្វី​ផ្សេងទៀត ​ដែល​ធ្វើ​ឲ្យ​បងប្អូន​របស់​អ្នក​ជំពប់​ដួល‍។​ ២២បើ​អ្នក​មាន​ជំនឿ​បែប​ណា ចូរ​ជឿ​បែប​នោះ​តែ​ម្នាក់​​ឯង ​នៅ​ចំពោះ​ព្រះជាម្ចាស់​ចុះ ដ្បិត​មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ថ្កោលទោស​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ថា ​ត្រឹម​ត្រូវ​ ២៣ផ្ទុយទៅ​វិញ បើ​អ្នក​ណា​បរិភោគ​ទាំង​សង្ស័យ អ្នក​នោះ​មាន​ទោស​ហើយ ព្រោះ​មិន​បាន​បរិភោគ​ដោយ‍ជំនឿ​ទេ ហើយ​អំពើ​ទាំងឡាយ​​ ដែល​មិន​មែន​មក​ពី​​ជំនឿ​ទេ នោះ​សុទ្ធ​តែ​ជា​បាប​ទាំងអស់‍។

រ៉ូម ១៤